ភាពវៃឆ្លាតទាំង 8 ប្រភេទដែលអ្នកមិនដឹង

on Friday, 24 November 2017. Posted in Parenting Tips, Activities

ពេល​វេលា​ដែល​កុមារ​ត្រូវ​បាន​ដាក់​ឱ្យ​អង្គុយ​រៀន​តែ​មួយ​កន្លែង​យ៉ាង​ស្ងាត់​ស្ងៀម​ជាមួយ​នឹង​សៀវភៅ និង​ការ​ទន្ទេញ​មេរៀន​បាន​កន្លង​ផុត​ទៅ​ហើយ។ ដូចនេះ ភាព​វៃ​ឆ្លាត​របស់​កុមារ​អាច​បង្ហាញ​បាន​តែ​តាម​រយៈ​សមត្ថភាព​ក្នុង​ការ​អាន និង​សរសេរ​យ៉ាង​ងាយ ឬ​ធ្វើ​លំហាត់​គណិតវិទ្យា​បាន​ដោយ​មិន​ចាំ​បាច់​ប្រឹង។ បច្ចុប្បន្ន​នេះ យើង​ទទួល​ស្គាល់​ថា​ភាព​វៃឆ្លាត​បង្ហាញ​តាម​រយៈ​វិធី​ផ្សេងៗ។

ca3893793745eff5c2c2e13e9ae7716c children with adhd young children

កាល​ពី​អំឡុង​ឆ្នាំ 1980 អ្នក​ចិត្ត​វិទូ Howard Garder បាន​សម្គាល់​ភាព​ឆ្លាត​វៃ​មាន​ច្រើន​ប្រភេទ។ ទ្រឹស្ដី​នេះ​បាន​បង្ហាញ​ថា មនុស្ស​គ្រប់​គ្នា​មាន​ភាព​ខ្លាំង និង​ភាព​ខ្សោយ​ខុសៗ​គ្នា។

ជា​លទ្ធផល ភាព​ឆ្លាតវៃ​ត្រូវ​បាន​គេ​គិត​ថា​មាន​ចំនួន ៨ ប្រភេទ​ផ្សេងៗ​គ្នា។

1. ភាពឆ្លាតវៃផ្នែកភាសា

អ្នក​ដែល​មាន​ភាព​ខ្លាំង​ផ្នែក​ភាសា​តែង​ចូល​ចិត្ត​ធ្វើ​ការ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យ ហើយ​ពួកគេ​នឹង​រៀន​ភាសា​ដែល​ពាក់​ព័ន្ធ​ថ្មីៗ​បាន​យ៉ាង​ឆាប់​រហ័ស និង​ងាយ​ស្រួល​ផង​ដែរ។

2. ភាពឆ្លាតវៃបែបគណិតវិទ្យាតក្ក

កុមារ​ដែល​មាន​ភាព​ខ្លាំង​ផ្នែក​គណិតវិទ្យា​តក្ក​នឹង​ចូលចិត្ត​រៀន​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ហើយ​ពួក​គេ​នឹង​ងាយ​ចាប់​បាន និង​ឆាប់​យល់​នូវ​មុខ​វិជ្ជា​ដទៃ​ទៀត​ដូច​ការ​រៀន​គណិត​ផង​ដែរ។

3. ភាពឆ្លាតវៃផ្នែកតន្ត្រី

កុមារ​ដែល​មាន​ភាព​ឈ្លាស​វៃ​ផ្នែក​តន្រ្តី​ងាយ​ចាប់​បាន​ចង្វាក់​ភ្លេង ហើយ​ពួកគេ​នឹង​បង្កើត​តន្រ្តី​ថ្មីៗ​ដូច​ដែល​ពួក​គេ​ស្ដាប់​ផង​ដែរ។

4. ភាព​ឆ្លាត​វៃ​លើ​ការ​ប្រើ​សារពាង្គកាយ​ដើម្បី​ធ្វើ​បំលាស់​ទី​

ភាព​ឆ្លាត​វៃ​លើ​ការ​ប្រើ​សារពាង្គកាយ​ដើម្បី​ធ្វើ​បំលាស់​ទី​អាច​ជួយ​ឱ្យ​មនុស្ស​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង​កីឡា និងការ​ប្រើ​ចលនា​រាង​កាយ។

5. ភាព​ឆ្លាត​វៃ​លើ​ការ​និម្មិត​រូប​តាម​រយៈ​ការ​ស្រមៃ

កុមារ​ដែល​មាន​ភាព​ឆ្លាត​វៃ​លើ​ការ​ស្រមៃ​ដល់​រូប​អាច​និម្មិត​រូប​ផ្សេងៗ​ជុំវិញ​ពួក​គេ​បាន​យ៉ាង​ច្បាស់ និង​អាច​គិត​ដល់​រូប​ទាំង​នោះ​ជា​លក្ខណៈ 3D ផង​ដែរ។

6. ភាពឆ្លាតវៃលើជំនាញអន្តរបុគ្គល

មនុស្ស​ដែល​មាន​ភាព​ខ្លាំង​ផ្នែក​ទំនាក់​ទំនង​អន្តរ​បុគ្គល​អាច​យល់ និង​ងាយ​ចុះ​សម្រុង​ជាមួយ​បុគ្គល​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ​រលូន។

7. មានភាពឆ្លាតវៃផ្នែកទំនាក់ទំនងខាងក្នុងខ្លួន

កុមារ​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ទំនាក់​ទំនង​ខាង​ក្នុង​ខ្លួន​មាន​សមត្ថភាព​ចេះ​បង្ការ​បញ្ហា​ផ្ទាល់​ខ្លួន និង​អាច​គិត​ពី​អារម្មណ៍ និង​គំនិត​របស់​ខ្លួន​ឯង​ទៀត​ផង។

8. ភាពឆ្លាតវៃផ្នែកធម្មជាតិ

អ្នក​ជំនាញ​ផ្នែក​សួន​ច្បារ​បាន​អនុវត្ត​ទ្រឹស្ដី​ធម្មជាតិ​ដោយ​ពួក​គេ​មាន​សមត្ថភាព​អាច​គិត​បាន​យ៉ាងងាយ​ពី​ធម្មជាតិ និង​អាច​សម្គាល់​រូប​រាង និង​ប្រព័ន្ធ​ផ្សេងៗ​ដែល​មាននៅ​ក្នុង​ពិភព​ធម្មជាតិ។

អនុញ្ញាតឱ្យពួកគេរៀន

មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​ជា​របៀប​រៀន​សូត្រ ហើយ​ពួកគេ​មាន​គំនិត​ផ្ទុយ​គ្នា​ថា ឧទាហរណ៍ កុមារ​ដែល​មាន​ភាពវៃឆ្លាត​បែប​រូបនិម្មិត ជា​អ្នក​រៀន​បែប​រូប​និម្មិត​តែ​ប៉ុណ្ណោះ។ ឬ​ក៏​មនុស្ស​ដែល​មាន​ចំណុច​ខ្លាំង​ផ្នែក​តន្ត្រី គឺ​ច្រើន​តែ​ជា​អ្នក​ស្ដាប់​ភ្លេង។

ពួក​យើង​សុទ្ធ​តែ​អាន ស្ដាប់ និង​មើល​រូប​ភាព។ អ្នក​ដែល​មិន​មាន​ភាព​វៃ​ឆ្លាត​ផ្នែក​ធម្មជាតិ ក៏​អាច​ចូល​ចិត្ត​ទីកន្លែង​ដែល​មាន​ពណ៌​បៃតង អ្នក​ដែល​ខ្សោយ​ផ្នែក​ប្រើ​សកម្មភាព​រាង​កាយ​ក៏​អាច​ចូល​ចិត្ត​រត់ និង​លេង​កីឡា​បាន​ផង​ដែរ បើ​ទោះ​បី​ជា​ពួក​គេ​មិន​មែន​ជា​អ្នក​ពូកែលើស​គេ​នៅ​ក្នុង​ថ្នាក់​ក៏​ដោយ ហើយ​អ្នក​ដែល​មាន​ភាព​ខ្សោយ​ផ្នែក​គំនិត​តក្ក ក៏​អាច​នឹង​រៀន​ភាសា​យ៉ាង​ពូកែ​ផង​ដែរ។

ដូច្នេះ ឪពុក​ម្ដាយ​គួរ​តែ​គិត​ពី​វិធី​ដែល​អាច​ធ្វើឱ្យ​កូនៗ​ចូល​ចិត្ត​រៀន​តាម​រយៈ​ការ​គូរ​គំនូរ ទន្ទេញ រូប​ភាព​ ឬ​តាម​រយៈ​ការ​សម្ដែង​ជាដើម។ល៕

អត្ថបទដើម៖ 8 types of intelligence you didn’t know about

អត្ថប្រយោជន៍នៃការលេងបាល់សម្រាប់កុមារ

on Monday, 13 November 2017. Posted in Parenting Tips, Activities

សូម​តាម​ដាន​ថា​កូនៗ​របស់​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​លើ​ការ​អភិវឌ្ឍ​អ្វីខ្លះ​ពី​ការ​លេង​បាល់។

 DSC2532

នៅ​ពេល​ដែល​កុមារ​ទៅ​សាលា ការ​រៀន​លេង​សកម្មភាព​ផ្សេងៗ​ក្នុង​ការ​លេង​បាល់ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​រូបរាងកាយ​ពួកគេ​ឱ្យ​សម​សួម បង្កើន​ទំនាក់​ទំនង និង​លេង​កម្សាន្ដ។ អត្ថប្រយោជន៍​ដ៏​ធំ​ដែល​បាន​ពី​ការ​លេង​បាល់ គឺ​ថា​អ្នក​អាច​រត់​បាន​ច្រើន​គីឡូម៉ែត្រ​ដោយ​មិន​បាន​ដឹង​ខ្លួន​សោះ ព្រោះ​តែ​ចិត្ត​របស់​អ្នក​កំពុង​ផ្ដោត​លើ​សកម្មភាព និង​មិន​មែន​កម្លាំង​កាយ​នោះ​ទេ។

ដូច្នេះ តើ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​បាន​ពី​ការ​លេង​កីឡា​បាល់​ទាត់?

  • អាចជួយឱ្យមានការសហការ និងការគ្រប់គ្រងពេលវេលា។
  • អាច​ជួយ​ឱ្យ​កូនៗ​របស់​អ្នក​រក្សា​ទម្ងន់​ដ៏​មាន​សុខភាព​ល្អ​មួយ និង​ក្នុង​កម្រិត​រូបរាង​សម​សួន និង​ល្អ​សម្រាប់​ការ​ធ្វើ​ឱ្យ​សាច់ដុំ និង​ឆ្អឹង​រឹង​មាំ។
  • ជា​វិធី​ដ៏​ល្អ​សម្រាប់​មេរៀន​បំណិន​ជីវិត​ដូចជា ការ​ទទួល​ស្គាល់​ភាព​ជោគជ័យ និង​ភាព​បរាជ័យ ការ​បង្កើត​មិត្តភក្ដិ និង​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​ដើម្បី​សម្រេច​គោល​ដៅរួ​ម។
  • អាចជួយកុមារឱ្យមានទំនុកចិត្ត និងបង្កើនជំនាញសង្គម។
  • ល្អសម្រាប់ការបង្ហាត់កុមារឱ្យផ្ចង់ស្មារតី និងរៀនជំនាញថ្មី។

ការយល់ពីភាពខុសគ្នារបស់ក្មេងម្នាក់ៗ

កុមារ​គ្រប់​រូប​សុទ្ធ​តែ​មាន​សមត្ថភាព​ខុស​គ្នា ហើយ​យើង​ដឹង​ថា​កុមារ​ដែល​មាន​សមត្ថភាព​លេង​កីឡា​គ្រប់​ប្រភេទ​ពី​កំណើត​អាច​លេង​កីឡា​គ្រប់​ប្រភេទ​បាន​យ៉ាង​ស្ទាត់​ជំនាញ និង​អាច​ចាប់ ឬ​ទាត់បាល់​បាន​ដោយ​មិន​បាច់​ប្រឹង ខណៈ​កុមារ​ដទៃ​ទៀត​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ដូច​គ្នា។

ប៉ុន្តែ អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​នោះ​ទេ​ប្រសិន​បើ​កូន​របស់​អ្នក​មិន​មាន​ជំនាញ​លេង​បាល់​ពី​ធម្មជាតិ​នោះ។ កុមារ​ភាគ​ច្រើន​អាច​រៀន​ជំនាញ​ថ្មី​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​រីករាយ និង​ធូរ​ស្រាល​នៅ​កន្លែង​ដែល​ពួក​គេ​កំពុង​រស់​នៅ។ គ្រូ​បង្វឹក​ត្រូវ​បាន​បង្ហាត់​ដើម្បី​ជួយ​កុមារ​ឱ្យ​រៀន​បោះ​ជំហាន​តូចៗ​លើ​ជំនាញ​បឋម​ដែល​ជា​តម្រូវ​ការ​សំខាន់​ក្នុង​ការ​លេង​កីឡា​គ្រប់​ប្រភេទ និង​ដើម្បី​បង្កើន​ភាព​ជឿជាក់​របស់​គេ។

អ្នក​គួរ​តែ​សម្គាល់​ផង​ដែរ​ថា​គ្រប់​កុមារ​រៀន​បាន​ក្នុង​កម្រិត​ផ្សេង​គ្នា។ កុមារ​ខ្លះ​ត្រូវ​តស៊ូ​ជាមួយ​នឹង​ការ​សហការ និង​ការ​គ្រប់គ្រង​ពេល​វេលា​ក្នុង​កំឡុង​ពេល​ដំបូង និង​បន្ទាប់​មក​ទៀត​ក្នុង​កាលៈទេសៈ​ខ្លះ​នៅ​កន្លែង​ណា​មួយ។ ហេតុនេះ​ហើយបាន​ជា​វា​មិនមែន​ធម្មតា​សម្រាប់​កុមារ​ដែល​ជា​អ្នក​លេង​ខ្សោយ​នៅក្នុង​វ័យ 7 ឆ្នាំ​ដើម្បី​អភិវឌ្ឍ​ឱ្យ​ទៅ​ជា​សមាជិក​ដ៏​ពូកែ​ក្នុង​ក្រុម​ពេល​ដែល​គេ​មាន​អាយុ 14 ឆ្នាំ ដូច​នេះ​វា​ពិត​ជា​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​លេង​បាល់ ឬ​កីឡា​នានា។

សូម​កុំ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ពី​កីឡា​ណាមួយ​ដែល​ពួក​គេ​ចង់​លេង ព្រោះ​ការ​ចូល​ចិត្ត គឺ​ជា​របស់ និង​ជំនាញ​ដ៏​សំខាន់​ដែល​អាច​ផ្ទេរ​ពី​សមាជិក​មួយ​ទៅ​សមាជិក​មួយ​ទៀត៕

អត្ថបទដើម៖ The Benefits of Ball Sport

វិធី 9 យ៉ាងជំរុញកូនឱ្យចាប់ផ្ដើមអាន

on Friday, 10 November 2017. Posted in Parenting Tips, Activities

ការ​រៀន​អាន គឺ​ជា​ជំនាញ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ជំនាញ​សំខាន់​ផ្សេងៗ​ទៀត​ដែល​កូន​របស់​អ្នក​នឹង​រៀន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  ការ​ដែល​មិន​ដឹង​វិធី​នោះ​អាច​នឹង​មាន​ភាព​ពិបាក​ដល់​ឪពុក​ម្ដាយ ឬ​អ្នក​ថែ​ទាំ​ដើម្បី​យល់​ពី​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ជួយ​បណ្ដុះ​ជំនាញ​អក្ខរកម្ម​តាំង​ពី​តូច​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​លក្ខណៈ​សប្បាយ ពាក់​ព័ន្ធ និង​មាន​ន័យ​ជាមួយ​នឹង​កូនៗ។

reading

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ទាំង 9 ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​អាន​របស់​កូនៗ។

1. ការចែករំលែកគឺជាគន្លឹះ

សូម​ចែក​រំលែក​ការ​អាន​តាម​ដែល​អាច​ធ្វើ​ទៅ​តាម​ជាមួយ​នឹង​កូនៗ។ វា​អាច​ជា​ការ​អាន​បែប​ងាយៗ​ដូច​ជា​ការ​អាន​រឿង​និទាន​មុន​ចូល​គេង  ការ​អាន​ស្លាក​សញ្ញា​ពេល​កំពុង​ធ្វើ​ដំណើរ ឬ​អាន​សញ្ញា​នានា​ក្នុង​ផ្សារ​ទំនើប។ លោក​អ្នក​អាច​អាន​បាន​គ្រប់​កន្លែង​ដែល​មាន​ពាក្យ​ទៅ​ដល់​ពួក​គេ។

2. ដាក់សៀវភៅឱ្យពេញផ្ទះ!

ត្រូវ​រៀប​ចំ​សៀវភៅ​ក្នុង​ផ្ទះ​ឱ្យ​កូនៗ​ចាប់​តាំង​ពី​ពួក​គេ​នៅ​វ័យ​តូចៗ និង​សម្ភារ​សម្រាប់​ការ​អាន​ផ្សេងៗ​ទៀត​។ ការ​រៀប​ចំ​នេះ​មិន​ត្រឹម​តែ​ជួយ​ពួក​គេ​ឱ្យ​មាន​ទំនុក​ចិត្ត និង​ចូលចិត្ត​សៀវភៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​នាំ​ពួក​គេ​ទៅ​កាន់​ពិភព​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្រមើ​ស្រមៃ និង​រីករាយ។

3. អានឡើងវិញម្ដងហើយម្ដងទៀត

អ្នក​នឹង​ដឹង​ថា​កូនៗ​របស់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​មួយ​ចំនួន​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មិន​ខាន​ឡើយ។ ការ​អនុញ្ញាត​ឱ្យ​ពួកគេ​អាន ឬ​ស្ដាប់​សៀវភៅ​ដែល​ពួក​គេ​ពេញ​ចិត្ត ឬ​សៀវភៅ​ថ្មី​ដែល​សម​នឹង​កម្រិត​នៃ​ការ​អាន​របស់​ពួក​គេ នឹង​ជួយ​កសាង​ទំនុក​ចិត្ត និង​ភាព​ស្ទាត់​ជំនាញ​នៃ​ការ​អាន។

4. ធ្វើឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ

បង្កើត​សកម្មភាព​អាន​សៀវភៅ​ជាមួយ​កូន​ឱ្យ​ក្លាយ​ជាទម្លាប់​ជា​រៀងរាល់​ថ្ងៃ។ ការ​អាន​ជា​ប្រចាំ ការ​បង្ហាញ​សៀវភៅ​ច្រើន និង​ការ​រៀន​តាម​បច្ចេកវិទ្យា​នានា​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​ពិតៗ​សម្រាប់​ការ​អភិវឌ្ឍ​ការ​អាន​របស់​កូន​នៅ​ផ្ទះ។

5. ចូលបណ្ណាល័យ

បង្ហាញ​កូន​របស់​អ្នក​ពី​សៀវភៅ និង​ប្រភព​នៃ​ការ​អាន​ដោយ​ចុះ​ឈ្មោះ​ជា​សមាជិក​​នៅ​ក្នុង​បណ្ណាល័យ។ បន្ថែម​ពី​នេះ​ទៀត ការ​អនុញ្ញាត​ឱ្យ​កូនៗ​ជ្រើសរើស​សៀវភៅ​ប្រឌិដ្ឋ​អាច​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​តាម​រយៈ​ការ​អាន។

6. ធ្វើជាគំរូ

កូនៗ​តែង​តែ​សំឡឹង​មើល​ឪពុក​ម្ដាយ ឬ​អ្នក​មើល​ថែ​របស់​ពួកគេ​ដើម្បី​ដឹង​ថា​អ្នក​ទាំង​នោះ​រំពឹង​ថា​ពួក​គេ​នឹង​ធ្វើអ្វី​ខ្លះ។ ពេលណា​ដែល​អ្នក​មាន​ពេល​កាន់​សៀវភៅ កាសែត ទស្សនាវដ្ដី ឬ​សៀវភៅ​អេឡិច​ត្រូនិច​ កូន​អ្នក​នឹង​មើល​ឃើញ​ថា​ការ​អាន គឺ​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​នៅ​ពេល​ទំនេរ ហើយ​ពួកគេ​នឹង​ធ្វើ​តាម​អ្នក​។

7. ការសួរសំណួរជាសញ្ញាណល្អ!

ប្រើ​សំណួរ​ដើម្បី​ជួយ​កូន​ឱ្យ​អភិវឌ្ឍ​ការ​យល់​ដឹង​នៃ​រឿង។ វា​ពិត​ជា​សំខាន់​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​ចូល​សាលារៀន។ វា​នឹង​ឱ្យ​កុមារ​តូចៗ​ទាំង​នោះ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង និង​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដើម្បី​កំណត់​យក​នូវ​បញ្ហា​នៅ​ក្នុង​ជំនាញ​អាន​របស់​ពួក​គេ។

8. ចាប់ផ្ដើមអានបែបឌីជីថល

នៅ​ក្នុង​ប្រព័ន្ធ​អនឡាញ​មាន​សៀវភៅ​រាប់​លាន​ក្បាល ប្រភព​គេហទំព័រ​រាប់​រយ​រាប់​ពាន់​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​កូន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​អាន​របស់​កូនៗ​របស់​អ្នក។

9. តាមឃ្លាំមើល

ប្រសិន​បើ​អ្នក​មាន​កង្វល់ ឬ​សំណួរ​ពី​ការ​អភិវឌ្ឍ​ការ​អាន​របស់​កូន អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូ​បង្រៀន ឬ​សាលា​របស់​គេ​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត៕

អត្ថបទដើម៖ 9 Ways to Get Your Child Reading

ការអភិវឌ្ឍការនិយាយរបស់កុមារ

on Friday, 10 November 2017. Posted in Parenting Tips, Activities

treatment for rett syndrome

ការ​ស្រាវជ្រាវ​បង្ហាញ​ថា កុមារ​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ឬ Preschool ប្រហែល 14 ទៅ 20 ភាគរយ និង​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​ប្រហែល 5 ភាគ​រយ អាច​ជួប​នឹង​បញ្ហា​និយាយ​ស្ដី ឬ​ភាសា​ខ្លះៗ។

ភាព​ពិបាក​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ ក៏​ដូច​ជា​ការ​សិក្សា​ផង​ដែរ។

ការ​សិក្សា​ភាសា​ជា​ធម្មតា

ពេល​ដែល​កុមារ​ចូល​ដល់​វ័យ 4 ឆ្នាំ ផ្នែក​មួយ​នៃ​ភាសា​និយាយ​ត្រូវ​បាន​បង្កើត​ឡើង។ អត្រា និង​លក្ខណៈ​នៃ​ការ​អភិវឌ្ឍ​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា។ ឧទាហរណ៍ ការ​អភិវឌ្ឍ​របស់​កុមារ​អាច​មាន​លក្ខណៈ​ស្ថិត​ស្ថេរ ដោយ​ការ​អភិវឌ្ឍ​ត្រូវ​បាន​កំណត់​ដោយ​រយៈ​ផ្លាស់​ប្ដូរ​ក្នុង​រយៈ​ពេល​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ ដោយ​ធ្វើ​តាម​ដំណាក់​កាល​ដែល​ការ​អភិវឌ្ឍ​មាន​លក្ខណៈ​យឺត​ក្នុង​ការ​ចាប់​ផ្ដើម (អាច​នឹង​ពន្យារ​ពេល​លូត​លាស់​នៃ​ការ​និយាយ​ក៏​ថា​បាន) ប៉ុន្តែ​ពួក​គេ​ក៏​អាច​អភិវឌ្ឍ​ខ្លាំង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ផង​ដែរ។


កុមារ​តូចៗ​អាច​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ការ​អភិវឌ្ឍ​ជំនាញ​និយាយ និង​ជំនាញ​ភាសា។ ការ​និយាយ​សំដៅ​ទៅ​លើ​ការ​បញ្ចេញ​សំឡេង​ច្បាស់​ ហើយ​ភាសា​សំដៅ​ទៅ​លើ​ឃ្លា ឬ​ប្រយោគ​ដែល​ត្រូវ​បាន​ប្រើ ​និង​យល់។ កុមារ​ខ្លះ​មាន​ការ​បញ្ចេញ​សំឡេង​ច្បាស់ តែ​និយាយ​ស្ដី​តិច​តួច ខណៈ​កុមារ​ខ្លះ​និយាយ​ច្រើន​ ប៉ុន្តែ​អត់​ច្បាស់ និង​ពិបាក​យល់។ ភាព​ខុស​គ្នា​ទាំង​នេះ​សុទ្ធ​តែ​ស្ថិត​ក្នុង​ចន្លោះ​នៃ​ការ​អភិវឌ្ឍ​ធម្មតា។ ទោះជា​យ៉ាងណា​ក៏​ដោយ កុមារ​ខ្លះ​ក៏​មាន​ផល​វិបាក​ក្នុង​ការ​និយាយ​ផង​ដែរ។

តើបញ្ហាទាំងនោះមានអ្វីខ្លះ?

ការពន្យារពេលនិយាយ និង/ឬប្រើភាសា

ការ​និយាយ និង​ប្រើ​ភាសា​របស់​កុមារ​ខ្លះ​មាន​លក្ខណៈ​ធម្មតា ប៉ុន្តែ​ជំនាញ​ទាំង​នេះ​មាន​ការ​ពន្យារ ឬ​យឺត​យ៉ាវ​ក្នុង​ការ​ចាប់​ផ្ដើម។ ការ​និយាយ ឬ​បញ្ចេញ​សំឡេង​របស់​ពួកគេ​ប្រហែល​ជា​មិន​សូវ​ច្បាស់ ឬ​ឃ្លា​និយាយ​របស់​គេ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​ដូច​ក្រុម​របស់​ពួក​គេ​ទេ។

ភាពពិបាកក្នុងការនិយាយជាក់ស្ដែង
កុមារ​មួយ​ចំនួន​តូច​ជួប​នឹង​ផល​លំបាក​ក្នុង​ការ​រៀន​ប្រើ​សំឡេង​ឱ្យ​បាន​ត្រឹមត្រូវ និង​សមរម្យ ហើយ​ពេល​ដែល​ពួក​គេ​មាន​អាយុ 6 ទៅ 7 ឆ្នាំ ឬ​ច្រើន​ជាង​នេះ ពួកគេ​ប្រហែល​ជា​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ក្រៅ​ពី​គ្រួសារ​របស់​ពួក​គេ​ឡើយ។

ពិបាក​ក្នុង​ការ​ប្រើ​ភាសា​ត្រឹម​ត្រូវ

កុមារ​ទាំង​នេះ​អាច​ជួប​នឹង​ផល​លំបាក​ក្នុង​ការ​រៀប​ចំ​ពាក្យ ចង​ចាំ​ឈ្មោះ​វត្ថុ​នានា និង​បែង​ចែក​សូរ​ស័ព្ទ​សំឡេង ឧ. “កា” “តា” ជា​ដើម។


ការនិយាយត្រដឹក ឬដាច់ៗ
កុមារ​ក្នុង​ចន្លោះ 2 ទៅ 5 ឆ្នាំ តែងតែ​និយាយ​ពាក្យ​ដដែលៗ និង​ចាប់​ផ្ដើម​និយាយ អឺ ឬ​អឺម ពេល​ដែល​ពួក​គេកំពុង​រក​នឹង​អ្វី​ដែល​ត្រូវ​និយាយ​បន្ទាប់។ 5% នៃ​កុមារ​និយាយ​ត្រដឹក​ក្នុង​រយៈ​ពេល​ណាមួយ​ដែល​ពួកគេ​កំពុង​រៀន​និយាយ។ ហើយ​កុមារ​មួយ​ចំនួន​ធំ​អាច​និយាយ​បាន​ស្រួល​ជាង​មុន​នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ធំ។ ចំណែក​ឯ កុមារ​ខ្លះ​ទៀត​បន្ត​ការ​និយាយ​ដោយ​ពិបាក និង​ជួន​កាល​មិន​អាច​និយាយ​បាន​តែ​ម្ដង។

ធ្វើយ៉ាងណាទើបអាចជួយពួកគេឱ្យនិយាយបាន

  • លើកទឹកចិត្តកូនឱ្យមើល និងស្ដាប់ពេលនិយាយគ្នា
  • កុំ​ឱ្យ​កូន​និយាយ​ប្រសិន​បើ​ពួក​គេ​និយាយ​មិន​ត្រួវ ដោយ​ព្យាយាម​សួរ​សំណួរ​ដើម្បី​ធ្វើ​ឱ្យ​អ្វី​ដែល​គេ​ចង់​និយាយ​ងាយ​ស្រួល​យល់​ជាង​មុន
  • មិន​ត្រូវ​បន្ត​សុំ​ឱ្យ​កូន​និយាយ​ឱ្យ​ត្រូវ ឬ​និយាយ​ពាក្យ​ដែល​ពួក​គេ​បាន​និយាយ​ឡើង​វិញ​នោះ​ទេ
  • ត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អ

ធ្វើយ៉ាងណាទើបអាចជួយក្នុងការយល់បាន

  • ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​កំពុង​ស្ដាប់ និង​មើល​អ្នក​ពេល​កំពុង​និយាយ
  • កំណត់​​ពាក្យ​គន្លឹះ​សំខាន់​ក្នុង​ប្រយោគ តែ​ត្រូវ​រក្សា​សំឡេង​ធម្មតា​
  • ប្រើប្រយោគខ្លីៗជាមួយនឹងន័យសាមញ្ញៗ
  • ប្រើ​ភាសា​កាយ​វិការ ឬ​រូបភាព​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​និយាយ​ជាមួយ​កូនៗ

ធ្វើយ៉ាងណាដើម្បីជួយក្នុងការនិយាយ

  • ធ្វើជាគំរូភាសាសម្រាប់កូនអ្នក
  • ជៀស​វាង​ការ​កែ​វេយ្យាករណ៍ ជំនួស​ដោយ​ការ​ប្រើ​ទម្រង់​ប្រយោគ​ត្រឹម​ត្រូវ​ជា​គំរូ
  • ចម្រៀង​កុមារ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​អនុវត្ត​ឡើង​វិញ​សម្រាប់​ការ​ប្រើ​ប្រយោគ
  • និយាយ​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ពេល​ដែល​អ្នក​កំពុង​ធ្វើ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កូន​របស់​អ្នក​រៀន​ពាក្យ​ថ្មី និង​ចេះ​ប្រើ​ឃ្លា​ប្រយោគ។

ធ្វើយ៉ាងណាទើបអាចជួយអ្នកនិយាយត្រដឹក?

  • ផ្ដល់​ឱកាស​ឱ្យ​កូន​របស់​អ្នក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​លេញ​ពី​អ្នក​ប្រហែល​ជា 3 សប្ដាហ៍។ នេះ​ជា​ការ​ផ្ដល់​នូវ​ពេល​វេលា​ពិសេស​សម្រាប់​ពួក​គេ​ពេល​ដែល​ពួក​គេ​មិន​ព្យាយាម​និយាយ​ជាមួយ​អ្នក​ដទៃ។ ពេល​ដែល​ដល់​វេន​កូន​អ្នក​និយាយ សូម​ផ្ដល់​ពេល​វេលា​ដល់​ពួក​គេ​ក្នុង​ការ​បញ្ចប់​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​និយាយ​ដោយ​មិន​មាន​ការ​រំខាន​អ្វី​ទាំង​អស់។
  • និយាយ​យឺតៗ​ពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន ដូច្នេះ​ពួក​គេ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​តាម​អ្នក។
  • បង្ហាញ​កូនអ្នក​ថា​អ្នក​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​និយាយ ហើយ​ព្យាយាម​សំឡឹង​មើល​ពួក​គេ​ពេល​កំពុង​និយាយ៕

អត្ថបទដើម៖ Children’s Speech Development

សារសំខាន់នៃការសិក្សាពីរភាសា

on Wednesday, 08 November 2017. Posted in Classes, Parenting Tips, Activities, Curriculum

ការ​ចាប់​ផ្ដើម​ឱ្យ​កូន​របស់​អ្នក​សិក្សា​ពីរ​ភាសា

ការ​អប់រំ​របស់​កូន​អ្នក គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ពិចារណា​សម្រាប់​ជីវិត​របស់​ពួក​គេ។ ការ​ជ្រើសរើស​សាលា​ដែល​ពួកគេ​ត្រូវ​ចូលរៀន គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ស្មុគ្រ​ស្មាញ និង​ធំ​មួយ។ មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​បាន​មក​ពីការ​សិក្សា​ពីរ​ភាសា។ ប្រសិន​បើ​កូន​របស់​អ្នក​ គឺ​ជា​កុមារ​ដែល​អាច​ស្គាល់​ភាសា​ចំនួន​ពីរ​ដែល​កំពុង​ប្រើ​នៅ​ផ្ទះ​ហើយ​ដល់​វ័យ​ចូល​រៀន នោះ​ការ​ជ្រើសរើស​សាលា​ដែល​ផ្ដល់​នូវ​ការ​សិក្សា​ភាសា​ចំនួន​ពីរ​ប្រាកដ​ជា​អាច​ជំរុញ​ភាសា​របស់​ពួកគេ​ឱ្យ​កាន់​តែ​ស្ទាត់​ជំនាញ។ ប្រសិន​បើ​កូន​របស់​អ្នក​អាច​និយាយ​បាន​តែ​មួយ​ភាសា នោះ​ការ​ចុះ​ឈ្មោះ​ចូលរៀន​សាលា​ភាសា​អាច​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​ភាសា​ថ្មី​មួយ​ទៀត​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ពួកគេ​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​ភាសា​នោះ​ទេ តែ​ថែម​ទាំង​អាច​បង្កើត​ឱកាស​ផ្សេងៗ​ឱ្យ​ពួកគេ​នា​ពេល​អនាគត​ផង​ដែរ។

Eric concentrating

 

អត្ថប្រយោជន៍នៃការយល់ដឹងក្នុងការសិក្សាពីរភាសា

ការ​សិក្សា​ពីរ​ភាសា​អាច​បង្កើន​មុខងារ​ប្រតិបត្តិ​របស់​ខួរ​ក្បាល។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា សិស្ស​ដែល​មាន​ជំនាញ​ពីរ​ភាសា​អាច​ប្រើ​ភាសា​ពីរ​បាន​ក្នុង​ពេល​តែ​មួយ អាច​ផ្លាស់​ប្ដូរ​ភាសា​បាន​ភ្លាម ហើយ​វា​ក៏​អាច​អភិវឌ្ឍ​មុខងារ​ជំនាញ​ផ្សេងៗ​ទៀត​ដូចជា ជំនាញ​ទប់​ស្កាត់ ផ្លាស់​ប្ដូរ​ការ​ផ្ចង់ និង​ការ​ធ្វើ​ការ​របស់​ខួរ​ក្បាល​។ ហេតុ​ដូចនេះ​ហើយ សិស្ស​ដែល​កំពុង​ទទួល​ការ​អប់រំ​ពីរ​ភាសា ច្រើន​តែ​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​តម្រូវ​ឱ្យ​ធ្វើ​ច្រើន​ប្រភេទ​ក្នុង​ពេល​តែ​មួយ ការ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ការ​ដោះស្រាយ​បញ្ហា​បាន​ល្អ​ប្រសើរ​ បើ​ទោះបី​ជា​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ប្រើ​ភាសា​នោះ​ដើម្បី​អ្វី​ក៏​ដោយ។

មានជម្រើសច្រើនសម្រាប់ការសិក្សានាពេលអនាគត

អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​សំខាន់​ដទៃ​ទៀត​នៃ​ការ​សិក្សា​ពីរ​ភាសា គឺ​ថា​កុមារ​មិន​ត្រឹមតែ​ត្រូវ​បាន​ចិញ្ចឹម​ដើម្បី​ចេះ​ពីរ​ភាសា​នោះ​ទេ តែ​ថែម​ទាំង​អាច​ប្រើ​ភាសា​ទាំង​ពីរ​នោះ​យ៉ាង​ច្បាស់​ផង​ដែរ។ ហេតុផល​នេះ​អាច​ឱ្យ​កូន​របស់​លោក​អ្នក​មាន​ជម្រើស​ច្រើន​ពេល​ដែល​ពួកគេ​ដល់​ពេល​ត្រូវ​ជ្រើស​រើស​ការ​សិក្សា​ផ្ទាល់​ខ្លួន​នា​ពេល​អនាគត​។ ពួកគេ​នឹង​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល​គេ​ចង់​ចូល​រៀន​នៅ​ប្រទេស​ណា​មួយ​ដោយ​អាស្រ័យ​លើ​ភាសា​ដែល​ពួកគេ​និយាយ។

វា​នឹង​ងាយ​ស្រួល​ជាង​មុន​សម្រាប់​ពួកគេ​ក្នុង​ការ​ចូល​រៀន​សាលា​នៅ​បរទេស ឬ​ក៏​ក្នុង​កម្មវិធី​សិក្សា​ខ្លី​ជា​ដើម​ដែល​ពួកគេ​អាច​សិក្សា​នៅ​ប្រទេស​ដទៃ​ដោយ​មាន​វប្បធម៌​មួយ​ដែល​មាន​ការ​ប្រើ​ភាសា​ទីពីរ​ជា​ជំនួយ​ក្នុង​សមត្ថភាព​យល់​ដឹង​របស់​ពួក​គេ។

ការ​សិក្សា​ពីរ​ភាសា​អាច​ពង្រីក​ឱកាស​អាជីព​នា​ពេល​អនាគត

ការ​ចេះ​ភាសា​ផ្សេង​មួយ​ទៀត​ស្ទាត់ អាច​ធ្វើ​ឱ្យ​បេក្ខជន​លេច​ធ្លោ​ជាង​គេ​​ដោយ​អាច​ឱ្យ​និយោជក​ងាយ​មើល​ឃើញ។ វា​ក៏​អាច​បើក​ទ្វារ​ដើម្បី​ចាប់​យក​ឱកាស​ផ្សេង​ទៀត​លើស​អ្នក​ដែល​គ្មាន​ជំនាញ​ទាំង​នេះ។

នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​សកល​នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​កំពុង​ស្វែង​រក​បុគ្គលិក​ដែល​មាន​ជំនាញ​ភាសា​ពីរ។ សម្រាប់​អ្នក​ដែល​ចេះ​ពីរ​ភាសា​ប្រាកដ​ជា​មាន​ឱកាស​ច្រើន។ បេក្ខជន​ដែល​មាន​ការ​អប់រំ​ពីរ​ភាសា​មាន​ភាព​លេច​ធ្លោខ្លាំង​ជាង​បុគ្គលិក​ដទៃ​ទៀត។

កុមារ​ដែល​មាន​ការ​អប់រំ​ចំនួន​ពីរ​ភាសា​អាច​ធ្វើការ​សម្រប​សម្រួល​ខ្លួន​បាន​គ្រប់​កាលៈ​ទេសៈ

ភាសា​មិនមែន​គ្រាន់តែ​ជា​ការ​សិក្សា​ពាក្យ ឬ​វេយ្យាករណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​សិក្សា​ពី​វប្បធម៌ និង​ជីវភាព​រស់​នៅ​ក្នុង​លក្ខណៈ​ផ្សេង​មួយ​ទៀត​ផង​ដែរ។ អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ពីរ​ភាសា​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​មើល​ឃើញ​កាន់​តែ​ទូលំទូលាយ និង​នាំ​ពួកគេ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ដែល​មាន​សញ្ជាតិ​ និង​ជាតិ​សាសន៍​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​ពិភព​មួយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ជានិច្ចកាល​នោះ ទំនាក់​ទំនង​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ និង​សំខាន់​។ កុមារ​ដែលអាច​ធ្វើ​ទំនាក់​ទំនង​បាន​ជាមួយ​នឹង​មនុស្ស​ដែល​មាន​វប្បធម៌​ចម្រុះ​គ្នា នឹង​មាន​ផល​ប្រយោជន៍​សម្រាប់​ជីវិត​របស់​ពួកគេ​នា​ពេល​អនាគត។

ការសម្រេចចិត្តនៅពេលពិចារណាក្នុងការសិក្សាពីរភាសា

លោក​អ្នក​ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ដើម្បី​ពិចារណា​ក្នុង​ការ​សិក្សា​ពីរ​ភាសា។ ជម្រើស​របស់​អ្នក​អាច​ត្រូវ​កំណត់​ដោយ​កត្តា​ជា​ច្រើន​ដូច​ជា ទី​កន្លែង​ដែល​អ្នក​រស់​នៅ និង​សាលា​បើក​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន។

តើ​អ្នក​នឹង​បញ្ជូន​កូន​របស់​អ្នក​ឱ្យ​ទៅ​រៀន​នៅ​សាលា​អន្តរជាតិ ឬ​សាលា​ដែល​បង្រៀន​ពីរ​ភាសា?

សាលា​ទាំង​ពីរ​នេះ​ពិត​ជា​ខុស​គ្នា។ សាលា​អន្តរជាតិ នឹង​បង្រៀន​សិស្ស​ទៅ​តាម​កម្មវិធី​សិក្សា​លក្ខណៈ​អន្តរជាតិ ហើយ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នឹង​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ចំណែក​ឯ​សាលា​ភាសា​វិញ ពួកគេ​នឹង​បង្រៀន​សិស្ស​ទៅ​តាម​កម្មវិធី​សិក្សា​ជាតិ ដោយ​នៅ​ក្នុង​ថ្នាក់​ខ្លះ​វិញ​មិន​មាន​ការ​បង្រៀន​ភាសា​ទាំង​ពីរ​ត្រឹម​ត្រូវ និង​មាន​តុល្យភាព​នោះ​ទេ។

តើភាសាអ្វីខ្លះដែលនឹងត្រូវបង្រៀន?

តើ​ភាសា​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​បង្រៀន​ដល់​កូន​របស់​អ្នក​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​សិក្សា​នោះ? គ្រប់​ភាសា​ទី 2 ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ប្រយោជន៍។ យ៉ាង​ណា​ក៏​ដោយ ការ​ជ្រើស​រើស​ភាសា​មួយ​ដែល​កូន​អ្នក​អាច​អនុវត្ត​បាន​ក្រៅ​ពី​នៅ​សាលា គឺ​ពិត​ជា​កាន់​តែ​ល្អ។

តើ​អ្នក​នឹង​ត្រូវ​ការ​គ្រូ​បង្រៀន​ភាសា​តាម​ផ្ទះ​ដើម្បី​ជួយ​កូន​ក្នុង​ការ​ធ្វើ​លំហាត់​កិច្ចការ​ផ្ទះ​ដែរ​ឬ​ទេ?

ការ​ផ្ដល់​នូវ​ការ​សិក្សា​ពីរ​ភាសា​ដល់​កូន មាន​ន័យ​ថា​លំហាត់​កិច្ចការ​ផ្ទះ​នឹង​មាន​ពីរ​ភាសា​ដូច​គ្នា។ ប្រសិន​បើ​អ្នក​មិន​អាច​និយាយ ឬ​ប្រើ​ភាសា​ដែល​គេ​កំពុង​រៀន​នោះ​ទេ ធ្វើ​យ៉ាង​ណា​ទើប​អ្នក​អាច​ជួយ​ណែនាំ​កូន​ក្នុង​ការ​ធ្វើ​លំហាត់​នោះ? ការ​ជួល​គ្រូ​បង្រៀន​តាម​ផ្ទះ គឺ​ជម្រើស​ដ៏​ពេញ​និយម​មួយ។

តើ​ការ​សិក្សា​ពីរ​ភាសា​ពិត​ជា​ស័ក្តិសម​នឹង​រៀន​ដែរ​ឬ​ទេ?

ពិត​ណាស់! ការ​សិក្សា​ពីរ​ភាសា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ហើយ​កុមារ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នោះ​យ៉ាង​ច្បាស់​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ៕

អត្ថបទដើម៖ The Benefits of a Bilingual Education 

តើការធ្វើទស្សនកិច្ចសិក្សាមានអត្ថប្រយោជន៍អ្វីខ្លះដល់កុមារ?

on Wednesday, 01 November 2017. Posted in Activities

ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ផ្ដល់​នូវ​បទពិសោធន៍​ផ្នែក​អប់រំ​ដល់​សិស្ស​ពី​កន្លែង​មួយ​ឆ្ងាយ​ពី​សាលារៀន​របស់​ពួក​គេ។ តំបន់​ដែល​មាន​ប្រជាប្រិយ​សម្រាប់​ការ​ធ្វើដំណើរ​ទស្សន​កិច្ច​សិក្សា​មាន​ដូច​ជា សួន​សត្វ មជ្ឈមណ្ឌល​ធម្មជាតិ ទីកន្លែង​នានា​របស់​រដ្ឋ ដូចជា មជ្ឈមណ្ឌល​ពន្លត់​អគ្គីភ័យ មន្ទីរ​ពេទ្យ ទីស្នាក់ការ​រដ្ឋាភិបាល មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សារមន្ទីរ​វិទ្យាសាស្ត្រ​ជាដើម។ ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​ការ​សិក្សា​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​បាន​ទៀត​ផង ប្រសិន​បើ​ពួក​គេ​មាន​ឱកាស​ចូលរួម​ក្នុង​កិច្ចការ​សង្គម។

17807542 1287228131345313 4958486251927351489 o

ការសិក្សាដោយអនុវត្តផ្ទាល់

សិស្ស​ដែល​ទស្សនា​ទីកន្លែង​អប់រំ​នានា​អាច​សិក្សា​ច្រើន​បាន​តាម​រយៈ​ការ​អនុវត្ត​ដោយ​ផ្ទាល់ និង​ភ្ជាប់​សកម្មភាព​នានា​ជាង​នៅ​សាលារៀន។ ឧទាហរណ៍ សារ​មន្ទីរ​វិទ្យាសាស្ត្រ​ភាគ​ច្រើន​តាំង​បង្ហាញ​វត្ថុ​នានា​ដែល​កុមារ​អាច​ប៉ះ​បាន ដែល​ជួយ​ពួក​គេ​ឱ្យ​យល់​ពី​វត្ថុ​ធាតុផ្សំ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​វត្ថុ​មួយ​នោះ។ ចំណែក​ឯ​សួន​សត្វ មជ្ឈមណ្ឌល​ធម្មជាតិ សួន​រុក្ខសាស្ត្រ​វិញ បង្ហាញ​នូវ​សត្វ និង​រុក្ខជាតិ​ដល់​កុមារ​ក្នុង​ចម្ងាយ​ដ៏​ជិត និង​កៀក ហើយ​ច្រើន​តែ​មាន​តំបន់​ដែល​កុមារ​អាច​ប៉ះ​វត្ថុ​តាង​បាន​ដូច​ជា សត្វ​ចិញ្ចឹម​ក្នុង​សួន​សត្វ និង​កម្មវិធី​កុំព្យូទ័រ​ជា​ដើម។

ប្រភេទផ្សេងៗនៃដំណើរទស្សនកិច្ច

ដំណើរ​កម្សាន្ត​ទស្សនកិច្ច​សិក្សា​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​លំហែ​អារម្មណ៍។ កុមារ​អាច​សង្ឃឹម និង​រៀប​ចំ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ក្នុង​រយៈ​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍​ជាមុន។ បន្ទាប់​ទៀត ពួកគេ​ចាប់​ផ្ដើម​ចំណាយ​ពេល​ក្នុង​បរិយាកាស​ប្លែក ហើយ​អាច​បញ្ចប់​មេរៀន​នៅ​ក្នុង​ប្រធានបទ​ដែល​ទាក់ទង​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​របស់​ពួកគេ​បាន​បញ្ចប់។ ការ​សិក្សា​ក្នុង​វិធី​ផ្សេងៗ​អាច​បង្ហាញ​ពីវិធី​រៀន​ច្រើន​ប្រភេទ ការ​ជួយ​កុមារ​ដើម្បី​ទទួល​ជោគជ័យ​តាម​រយៈ​ការ​មើល​ឃើញ ការ​ឮ ឬ​ការ​ចាប់​កាន់។

បទពិសោធន៍ថ្មី

កុមារ​សិក្សា​ពី​អាជីព គំនិត និង​ឱកាស​ផ្សេងៗ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​នៅ​ខាង​ក្រៅ។ ដំណើរ​កម្សាន្ត​ទស្សកិច្ច​មួយ​អាច​ធ្វើ​ពញ្ញាក់​កុមារ​ឱ្យ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ដោយ​ការ​សាកល្បង​របស់​ថ្មី និង​បន្ត​ចាប់​យក​សុបិន​ដែល​គេ​មិន​ទាន់​បាន​គិត​ដល់។ ដំណើរ​កម្សាន្ត​ទស្សនកិច្ច​ក៏​អាច​បង្ហាញ​កុមារ​ពី​ឱកាស​ការងារ និង​អាច​បង្កើត​នូវ​ចំណាប់​អារម្មណ៍​ថ្មី​សម្រាប់​ពួក​គេ​ផង​ដែរ។

ផ្ដល់សេវាកម្មដល់អ្នកដទៃ

ក្នុង​អំឡុង​ពេល​នៃ​ការ​ណែនាំ​ពី​ការ​ផ្ដល់​សេវាកម្ម​ក្នុង​ដំណើរ​កម្សាន្ត​ទស្សនកិច្ច កុមារ​អាច​រៀន​ពី​ការ​ជួយ​អ្នក​ដទៃ​ក្នុង​សហគមន៍។ សហគមន៍​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការងារ​ដែល​កុមារ​បាន​ធ្វើ​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ផង​ដែរ ហើយពី​ការ​ជួយ​ជ្រោមជ្រែង​ពី​ការ​ស្ម័គ្រចិត្ត​ដែល​កុមារ​បាន​ធ្វើ​ផង​ដែរ។

ទទួលបាននិទ្ទេស និងការយល់ដឹងល្អប្រសើរ

ដំណើរ​កម្សាន្ត​ទស្សនកិច្ច​អាច​ផ្ដល់​លទ្ធផល​ល្អ​ខ្លាំង​ក្នុង​មុខ​វិជ្ជា​សិក្សា​នានា។ ដោយ​ការ​មើល​ឃើញ​ពី​មេរៀន​ដែល​ប្រើ​ក្នុង​ជីវិត​ពិត​ដែល​កុមារ​កំពុង​រៀន​នៅ​ក្នុង​សាលារៀន កុមារ​អាច​យល់ និង​ឱ្យតម្លៃ​លើ​សារ​សំខាន់​ចំពោះ​អ្វី​ដែល​ពួក​គេ​កំពុង​រៀន៕

អត្ថបទដើម៖ What are the benefits of field trips for children

វិធីចិញ្ចឹមកូនឱ្យក្លាយជាមនុស្សជោគជ័យ

on Friday, 20 October 2017. Posted in Parenting Tips, Activities

Happy child playing with toy airplane 600x400

តើ​អ្នក​អាច​ប្រាកដ​បាន​ទេ​ថា​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ​ក្នុង​ជីវិត​នា​ពេល​អនាគត? នេះ​គឺ​ជា​គុណ​តម្លៃ និង​បំណិន​ជីវិត​ខ្លះៗ​ដែល​នឹង​ក្លាយ​ជា​ចំណែក​មួយ​នៃ​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

អត្ថបទដើមដោយ វេជ្ជបណ្ឌិត ព្រីស្កាឡា

ពួកយើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចង់​ឱ្យ​កូនៗ​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ដើម្បី​សម្រេច​គោល​បំណង​របស់​ពួកគេ​ ដើម្បី​ដឹក​នាំ​ជីវិត​ពួក​គេ​ឱ្យ​មាន​ន័យ និង​មាន​តម្លៃ ហើយ​ប្រហែល​ជា​អាច​បន្សល់​ទុក​នូវ​ស្នាដៃ​ខ្លះៗ​ផង​ដែរ។ ក៏​ប៉ុន្តែ ក្នុង​នាម​ជា​ឪពុក​ម្ដាយ តើ​យើង​បាន​ខិត​ខំ​ធ្វើអ្វី​ខ្លះ​ដើម្បី​ពួក​គេ​ដូច​ជា និយាយ​គ្នា កំណត់​សេចក្ដី​រំពឹង​ឱ្យ​ខ្ពស់ ជំរុញ និង​ណែនាំ​កូន​ឱ្យ​ធ្វើ​កាន់​តែ​ល្អ? ចំណុច​ទាំង​នេះ​សុទ្ធ​តែ​អាច​ជោគជ័យ​ក្នុង​ពេល​ណា​មួយ ប៉ុន្តែ វា​អាច​នឹង​បរាជ័យ​ផង​ដែរ។ សរុប​មក អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ គឺ​ផ្ដល់​នូវ​គុណ​តម្លៃ​ល្អ និង​បំណិន​ជីវិត​ដល់​ពួក​គេ។

គុណតម្លៃទាំង ៣

  • ស្មោះត្រង់៖

ភាព​ស្មោះត្រង់​ត្រូវ​បាន​ចាត់​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​ធាតុ​ផ្សំ​នៃ​ភាព​ជោគ​ជ័យ។ ភាព​ពិត សុចរិតភាព និង​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ និង​ស្មើ​ភាព​នឹង​ផ្ដល់​នូវ​វិថី​នៃ​ភាព​ជោគ​ជ័យ​សម្រាប់​កូន​របស់​អ្នក។

  • សេចក្ដីព្យាយាមក្នុងការងារ៖

“ភាព​ជោគជ័យ​មិនមែន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ឡើយ។ វា​ត្រូវ​ការ​ការ​ព្យាយាម ការ​ខិត​ខំ ការ​សិក្សា​រៀន​សូត្រ ការ​លះបង់ និង​ការ​ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ឬ​កំពុងរៀន​ធ្វើ។” នេះ​គឺ​ជា​ពាក្យ​សម្ដី​របស់​កីឡាករ​ទាត់​បាល់​ដ៏​ល្បី​លំដាប់​ពិភពលោក ប៉េលេ។ ចូរ​បង្រៀន​កូន​របស់​អ្នក​ថា​គ្មាន​អ្វី​ងាយ​ស្រួល​ឡើយ គឺ​មាន​តែ​សេចក្ដី​ព្យាយាម​ដែល​អ្នក​ខិតខំ​ប៉ុណ្ណោះ​ទើប​អាច​កំណត់​ពី​ភាព​ជោគ​ជ័យ​របស់​អ្នក​បាន​។ ម្យ៉ាង​វិញ​ទៀត ចូរ​បង្រៀន​កូន​កុំ​ឱ្យ​ងាយ​បោះ​បង់ ប៉ុន្តែ​ត្រូវ​បន្ត​ការ​ខិត​ខំ​ជានិច្ច​ដើម្បី​ទទួល​បាន​ផ្លែផ្កា។ ហើយ​ប្រសិន​បើ​កូន​របស់​អ្នក​ធ្វើ​ខុស ឬ​ចាញ់ សូម​បង្ហាញ​គេ​ពី​សុភាសិត​ចាស់ៗ​ថា “បរាជ័យ គឺ​ជា​ជំហាន​ទៅ​រក​ភាព​ជោគ​ជ័យ។” ឱ្យ​គេ​រៀន​បន្ត​ការ​ខិតខំ​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​គោល​បំណង​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

  • ការដាក់ខ្លួន៖

បើ​កូន​របស់​អ្នក​រៀន​លះ​បង់​ភាព​អាត្មា​និយម​របស់​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​គិត​អ្នកដទៃ​ជា​មុន ពួក​គេ​នឹង​កាន់​តែ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​កាន់​តែ​ច្រើន។ មោទនភាព​លើ​ខ្លួន​ឯង និង​ការ​មើល​ងាយ​អ្នក​ដទៃ​នឹង​នាំ​ពួក​គេ​ទៅ​រក​ភាព​បរាជ័យ។

ជំនាញក្នុងជីវិតសំខាន់ទាំង ៥

  • ការគ្រប់គ្រងមនុស្ស៖

អភិវឌ្ឍ​ជំនាញ​ដែល​មនុស្ស​ប្រើ​ដល់​កូនៗ​របស់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាំង​ពី​ពួក​គេ​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ​សិក្សា។ បង្រៀន​ពួក​គេ​ឱ្យ​មាន​អត្តចរិត​សុភាព​រាបសា និង​មាន​អាកប្បកិរិយា​ល្អ និង​ថ្លៃថ្នូរ។ ផ្ដល់​ឱកាស​ឱ្យ​គេ​រៀន​គោរព​មនុស្ស​គ្រប់​គ្នា និង​រាប់​អាន​ពួក​គេ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។ ភាព​ជោគជ័យ​នឹង​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​ពួក​គេ​ប្រសិន​បើ​អ្នក​បង្ហាញ​ជំនាញ​ល្អៗ​ដែល​ពួក​គេ​គួរ​ប្រើ។ ទំនាក់​ទំនង​ដែល​អ្នក​បង្កើត​ឡើង​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ក៏​អាច​សន្មត​ពី​វិថី​នៃ​ភាព​ជោគជ័យ​ផង​ដែរ។

  • ការគ្រប់គ្រងការស្វែងរក៖

អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មាន​អាទិភាព​ដ៏​ត្រឹម​ត្រូវ។ បង្រៀន​ពួក​គេ​ឱ្យ​ចេះ​កំណត់​គោល​ដៅ និង​សម្រេច​គោល​ដៅ។ ភាគ​ច្រើន ភាព​ជោគជ័យ​បាន​គេច​ចេញ​ពី​អ្នក​ដោយ​សារ​តែ​អ្នក​ស្វែង​រក​វា​មិន​បាន​ត្រឹម​ត្រូវ​តាម​គម្រោង។ អនុញ្ញាត​ឱ្យ​ពួក​គេ​ផ្ដោត​សំខាន់​លើ​វិថី​ដែល​ពួក​គេ​ចង់​ដើរ នោះ​ពួក​គេ​នឹង​អាច​ស្វែក​រក​ភាព​ជោគ​ជ័យ​បាន។

  • ការគ្រប់គ្រងធនធាន៖

ប្រសិន​បើ​នរណា​ម្នាក់​គ្រប់​គ្រង​ធន​ធាន​បាន វា​នឹង​កំណត់​ពី​កម្រិត​ភាព​ជោគជ័យ​របស់​គេ។ ភាព​ខ្សោយ​នៃ​ការ​គ្រប់​គ្រង​ធន​ធាន នឹង​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ភាព​ជោគជ័យ។ ចូរ​បង្រៀន​កូន​ពី​មេរៀន​ដ៏​សំខាន់​នេះ អាច​ថា​ជា​លុយ កម្លាំង​មនុស្ស ពេល​វេលា ឬ​អ្វី​ផ្សេង​ទៀត​ដើម្បី​ឱ្យ​ពួក​គេ​រៀន​ប្រើ​វា​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ។

  • ការគ្រប់គ្រងភាពតានតឹង៖

ប្រសិន​បើ​កូន​របស់​អ្នក​មាន​អារម្មណ៍​តាន​តឹង នោះ​ពួក​គេ​ពិបាក​នឹង​សម្រេច​កិច្ចការ​អ្វី​មួយ។ ចូរ​បង្រៀន​ពួក​គេ​កុំ​ឱ្យ​រស់​នៅ​ក្រោម​សម្ពាធ នេះ​ហើយ​ជា​គន្លឹះ​នៃ​ភាព​ជោគ​ជ័យ។

  • ការគ្រប់គ្រងពេលវេលា៖

“ពេល​វេលា​មិន​រង់ចាំ​នរណា​ម្នាក់​ឡើយ។” នេះ​ជា​ប្រយោគ​ដែល​អ្នក​គួរ​បង្រៀន​កូនៗ។ សូម​ផ្ដល់​ឱកាស​ឱ្យពួក​គេ​រៀន​ពី​គុណ​តម្លៃ​នៃ​ពេល​វេលា ហើយ​មិន​ខ្ជះខ្ជាយ​ពេល​វេលា​សូម្បី​មួយ​នាទី។” លើស​ពី​នេះ​ សូម​បង្រៀន​ពួក​គេ​ថា ប្រសិន​បើ​គេ​ធ្វើ​កិច្ចការ​មួយ​ដែល​គ្មាន​គម្រោង និង​​កាល​វិភាគ​ច្បាស់​លាស់​ទេនោះ​ គេ​​ក៏​មិន​អាច​ទទួល​ភាព​ជោគជ័យ​នោះ​ឡើយ។ ហើយ​អ្នក​ត្រូវ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​កំណត់​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ នោះ​គេ​ប្រាកដ​ជា​អាច​សម្រេច​កិច្ចការ​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ។

គុណ​តម្លៃ និង​ជំនាញ​ជីវិត ឬ​បំណិន​ជីវិត​ទាំង​នេះ​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យទាំង​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​អាជីព​របស់​ពួក​គេ៕

អត្ថបទដើម៖ How to Raise Successful Children

អត្ថប្រយោជន៍របស់សិល្បៈ និងហត្ថកម្មនៅក្នុងការអប់រំសម្រាប់កុមារតូច

on Wednesday, 18 October 2017. Posted in Classes, Parenting Tips, Activities

ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​សកម្មភាព​ថ្មីៗ​សម្រាប់​កូន នោះ​អ្នក​គួរ​តែ​ពិចារណា​លើ​ការ​ធ្វើ​របស់​សិល្បៈ​ ឬ​ហត្ថកម្ម​នានា។

អត្ថបទ​ដើម​ដោយ អាណាន់យ៉ា សាប្រាមេនៀន

craft activities for kids1

អ្នក​អាច​ចាប់​ផ្ដើម​ឱ្យ​យោបល់​ពួកគេ​ឱ្យ​ចាប់​ផ្ដើម​បង្កើត​រូប​ចម្លាក់​តូចៗ​ដោយ​ប្រើ​ដី​ឥដ្ឋ ឬ​លាប​ពណ៌​ដោយ​ប្រើ​គូល័រ​ទៀន​ជា​ដើម បត់​ក្រដាស​ធ្វើ​រូប​សត្វ ឬ​រូបរាង​ផ្សេងៗ ធ្វើ​បណ្ណ​ជូនពរ​ខួប​កំណើត​ដោយ​ដៃ និង​មាន​វត្ថុ​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ និង​ចង់​បញ្ចេញ​សមត្ថភាព​។ លោក​អ្នក​អាច​បង្ហាញ​កូនៗ​ពី​វត្ថុ​ទាំង​នោះ ឬ​ជំរុញ​ពួកគេ​ឱ្យ​ទៅ​សាលារៀន​ នោះ​អ្នក​នឹង​ឃើញ​ការ​លូត​លាស់​របស់​គេ​ដូច​ជា ការ​លូត​លាស់​ផ្នែក​សរីរាង្គ សង្គម និង​ការ​យល់​ដឹង​ជា​ដើម។ ខាង​ក្រោម​នេះ​ គឺជា​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ទាំង​នោះ។

អត្ថប្រយោជន៍សម្រាប់រាងកាយ

អភិវឌ្ឍ​ជំនាញ​ការ​ប្រើ​ចលនា​សាច់​ដុំ៖ ស្ទើរ​តែ​គ្រប់​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ត្រូវ​ការ​ការ​ប្រើ​ចលនា​ដៃ និង​ម្រាម​ដៃ ពួក​វា​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ចលនា​សាច់ដុំ។ សូម្បី​តែ​សកម្មភាព​សាមញ្ញៗ​ខ្លះ​ដូច​ជា​ផាត់​ពណ៌​ដោយ​ប្រើ​ខ្មៅ​ដៃ ឬ​ជក់​សុទ្ធ​តែ​ជួយ​ពង្រឹង​សាច់​ដុំ និង​បង្កើន​ការ​គ្រប់គ្រង​សាច់​ដុំ។

បង្កើន​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​អាច​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ទី និង​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ​របស់​កុមារ។ ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្រើន​ដង ការ​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ប្រើ​ចលនា​សាច់​ដុំ ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ ជំនាញ​នៃ​ការ​ប្រើ​ល្បឿន និង​សិល្បៈ​នឹង​អភិវឌ្ឍ​ដូច​គ្នា។

អភិវឌ្ឍ​ការ​ប្រើ​ដៃ​ និង​ភ្នែក៖ ការ​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​តាំង​ពី​វ័យ​នៅ​តូចៗ​ អាច​នាំ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ប្រើ​ដៃ និង​ភ្នែក​បាន​ល្អ ហើយ​វា​នឹង​ជួយ​កុមារ​ក្នុង​ពេល​អនាគត​សម្រាប់​ថ្នាក់​បឋមសិក្សា​របស់​ពួក​គេ​ពេល​ដែល​ពួកគេ​សរសេរ​អក្សរ និង​ដកឃ្លា​ពាក្យ​នីមួយៗ។

អត្ថប្រយោជន៍សង្គម និងអារម្មណ៍

ជំរុញ​ឱ្យ​ចេះ​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន៖ ការ​ចូល​ក្នុង​សកម្មភាព​ដូចជា​សិល្បៈ និង​ហត្ថកម្ម​ជួយ​កុមារ​ឱ្យ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​ន័យ​ អាច​មើល​ឃើញ និង​ប្រកប​ដោយ​ភាព​វិជ្ជមាន។ គេ​ក៏​អាច​មាន​អារម្មណ៍​រីករាយ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ។ 

ជួយ​បង្កើន​ទំនាក់​ទំនង៖ ការ​នៅ​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅក្នុង​ថ្នាក់​សិល្បៈ​ផ្ដល់​ឱ្យ​កុមារ​នូវ​ឱកាស​ក្នុង​ការ​ទាក់​ទង និង​រាប់​អាន​ជាមួយ​នឹង​កុមារ​ផ្សេង​ទៀត​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា។ ហើយ​នៅ​ពេល​ដែល​ឪពុកម្ដាយ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​កូន​កំពុង​ធ្វើ​ ​វា​ក៏​អាច​រិត​ចំណង​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយ និង​កូន​ផង​ដែរ។

បង្កើន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​​ឯង៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​បង្កើត​នូវ​អារម្មណ៍​មោទនភាព និង​សមិទ្ធិផល​ដល់​កុមារ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួកគេ​មាន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​ឯង។

អត្ថប្រយោជន៍នៃការយល់ដឹង

បង្កើន​ការ​បង្កើត​ថ្មី និង​សមត្ថភាព​ច្នៃ​ប្រឌិដ្ឋ៖ ឱកាស​ក្នុងការ​បង្កើត​អ្វី​ដែល​កុមារ​ចង់​បង្កើត​សម្រាប់​ការ​ច្នៃប្រឌិដ្ឋ និង​សមត្ថភាព​ក្នុង​ការ​គិត និង​ដោះ​ស្រាយ​បញ្ហា​ដែល​គេ​អាច​ជួប​ប្រទះ​ក្នុង​ពេល​បង្កើត​អ្វី​ដែល​ថ្មី​នោះ។

បង្កើន​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត៖ ការ​ប្រឈម​មុខ និង​​ការ​ដោះ​ស្រាយ​បញ្ហា​សិល្បៈ​នឹង​ជួយ​កុមារ​ឱ្យ​រៀន​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រឹម​ត្រូវ។ ជំនាញ​នេះ​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​ឥរិយាបថ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ​នា​ពេល​អនាគត។

បង្កើន​ការ​សិក្សា និង​ការ​ចងចាំ​ឱ្យ​ប្រសើរ​ឡើង៖ តាម​រយៈ​សិល្បៈ និង​ហត្ថកម្ម កុមារ​មិន​ត្រឹម​តែ​សិក្សា​ពី​រូបរាង និង​ពណ៌ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ក្លាយ​ជា​រូបរាង​ប្លែក​ជាង​នេះ​ទៀត។ សកម្មភាព​ដូចជា​ការ​បង្កើត​គ្រឿង​អលង្ការ ឬ​រូប​សំណាក​​ក៏​ត្រូវ​ការ​ការបង្ហាញ​ជា​រូបរាង និង​ការទន្ទេញ​ឱ្យ​ចាំ​នូវ​ការ​រចនា​ដ៏​សាំញ៉ាំ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។

អត្ថប្រយោជន៍​ផ្សេងៗ​នៃ​សិល្បៈ និង​ហត្ថកម្ម​ក៏​អាច​ពង្រីក​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ និង​លទ្ធផល​ក្នុង​ការ​សិក្សាក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការ​សិក្សា និង​ការ​ធ្វើ​វត្ថុ​សិល្បៈ និង​កិច្ចការ​ហត្ថកម្ម​យ៉ាង​ច្រើន​នេះ​ហើយ រួម​ជា​មួយ​នឹង​ភាព​សប្បាយ​រីករាយ​ និង​រំភើប​ហើយ​នោះ ហើយអី​ក៏​អ្នក​មិន​អនុញ្ញាត​ឱ្យ​កូន​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ? 

អត្ថបទដើម៖ Benefits Of Arts And Craft In Early Education