Articles in Category: Classes

តើកូនអ្នកអាចចូលរៀនបានហើយឬនៅ?

on Tuesday, 05 June 2018. Posted in Classes, Parenting Tips

Is Your Child Ready for School?

in year school place 0

តាម​ច្បាប់ កុមារ​ត្រូវ​តែ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា ឬ​ក្នុង​កម្មវិធីសិក្សា​ដែល​សម​ស្រប​ទៅ​តាម​អាយុ​របស់​ពួកគេ។ ក្នុង​ប្រទេស​ខ្លះ កុមារ​តម្រូវ​ឱ្យ​មាន​អាយុ ៥ ឆ្នាំ​សម្រាប់​ថ្នាក់​មត្តេយ្យ​សិក្សា និង ៦ ឆ្នាំ​សម្រាប់​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី ១។ ហើយ​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុ​មិន​ទាន់​គ្រប់​ ទោះបី​ជា​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​ដោយ ក៏​តម្រូវ​ឱ្យ​រង់​ចាំ​ឆ្នាំ​ក្រោយ​ទើប​អាច​ចូល​រៀន​បាន​។

គំនិត​នេះ​កើត​ឡើង​ព្រោះ​តែ​ថ្ងៃ​កំណើត​របស់​ពួក​គេ​ គឺ​សម្រាប់​តម្រូវ​ឱ្យ​ពួក​គេ​អាច​ចូល​រៀន​បាន ហើយ​សម្រាប់​កុមារ​ដទៃ​ទៀត​វិញ​ដែល​មិន​ទាន់​គ្រប់​អាយុ គឺ​ត្រូវ​បាន​បដិសេធ​មិន​អាច​ចូល​រៀន​បាន។ គ្រាន់​តែ​កុមារ​ចាប់​ផ្ដើម​ធ្វើ​ការ ឬ​និយាយ​នៅ​ក្នុង​អាយុ​ណា​មួយ ពួកគេ​ក៏​អាច​ចាប់​ផ្ដើម​អភិវឌ្ឍ​សមត្ថភាព​ផ្លូវ​ចិត្ត​ និង​សង្គម​ជា​ចាំបាច់​សម្រាប់​ចូល​រៀន​នៅ​អាយុ​ខុសៗ​គ្នា។

បន្ថែម​ពី​នេះ​ទៀត ឪពុក​ម្ដាយ និង​អ្នក​អប់រំ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា សាលា​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​សិស្ស​ផង​ដែរ។ ការ​បង្ហាញ​ថ្មី​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា កម្មវិធី​សិក្សា​របស់​សាលា​អាច​បង្កើត​ឡើង​ដើម្បី​ឱ្យ​កុមារ​ទាំង​អស់​គ្រប់​វ័យ​ចូល​រៀន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កម្មវិធី​សិក្សា​ទាំង​នោះ។ ជា​ការ​ពិត​ណាស់ ភាព​ជាក់ស្ដែង​ដែល​ត្រូវ​គ្នា​នឹង​ការ​អភិវឌ្ឍ​របស់​កូនៗ និង​ធនធាន​របស់​សាលា​ និង​ភាព​សម្រប​ខ្លួន​ប្រហែល​ជា​មិន​អាច​កើត​មាន​ឡើង​ឡើយ។

ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សម្រេច​ចិត្ត​ថា​គួរ​ឱ្យ​កូន​ចូល​រៀន​ពេល​ណា អ្នក​ត្រូវ​គិត​ពី​សមត្ថភាព​ពិសេស​របស់​កូន និង​ស្ថានភាព​ក្នុង​តំបន់។ អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​ត្រឹម​ត្រូវ​ពី​ការ​អភិវឌ្ឍ​របស់​កូន ជា​ពិសេស​ ជំនាញ​ទំនាក់​ទំនង រួម​ទាំង​ការ​អភិវឌ្ឍ​ភាសា និង​សមត្ថភាព​ស្ដាប់ ជំនាញ​សង្គម និង​ជំនាញ​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​ក្មេង​ដទៃ និង​មនុស្ស​ធំ និង​ជំនាញ​ចលនា ដូច​ជា​ការ​រត់ និង​ការ​លេង​ដោយ​ប្រើ​ខ្មៅ​ដៃ​ពណ៌ ឬ​គូល័រ​ទៀន។ អ្នក​អាច​និយាយ​ជាមួយ​នឹង​ពេទ្យ​កុមារ គ្រូ​មត្តេយ្យ​កម្រិត​ទាប និង​អ្នក​ជំនាញ​ផ្នែក​ថែទាំ​កុមារ​ដែល​អាច​ផ្ដល់​នូវ​យោបល់​មាន​ប្រយោជន៍ ការ​សង្កេត​មើល និង​ព័ត៌មាន​ផ្សេងៗ។

សាលា​ខ្លះ​ប្រហែល​ជា​តម្រូវ​ឱ្យ​សិស្ស​មាន​ការ​ធ្វើតេស្ត​មុន​ចូល​រៀន​ដើម្បី​វាយ​តម្លៃ​ពី​សមត្ថភាព​របស់​សិស្ស។ ការ​ធ្វើ​តេស្ដ​ដើម្បី​ត្រៀម​ចូល​រៀន​នេះ​ច្រើន​តែ​ផ្ដោត​សំខាន់​លើ​ជំនាញ​អប់រំ ប៉ុន្តែ ភាគ​ច្រើន​ត្រូវ​វាយ​តម្លៃ​លើ​ផ្នែក​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​របស់​ពួក​គេ។ បើ​ទោះបី​ជា​មាន​កុមារ​ខ្លះ​ធ្វើតេស្ត​បាន​លទ្ធផល​មិន​ល្អ ក៏​ពួក​គេ​អាច​ទទួល​ភាព​ជោគជ័យ​ក្នុងការ​សិក្សា​នៅ​សាលា​បាន​ដូចគេ​ដែរ។ យ៉ាង​ណា​មិញ អ្នក​ក៏​អាច​តាម​ដាន​ការ​លូត​លាស់ និង​អភិវឌ្ឍន៍​របស់​កូន​ប្រៀប​ជាមួយ​ក្មេង​ដទៃ​ដែល​មាន​អាយុ​ដូច​គ្នា​ដើម្បី​ឱ្យ​ដឹង​ថា​គេ​មាន​ភាព​វិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ។ ទូទៅ អ្នក​អាច​ប៉ាន់​ស្មាន​ខ្លួន​ឯង​បាន​ហើយ​ថា​ពួក​គេ​ត្រៀម​ខ្លួន​អាច​ចូល​រៀន​បាន​ហើយ​ឬ​នៅ។

ពេល​ដែល​អ្នក ឬ​សាលា​កត់​សម្គាល់​ឃើញ​នូវ​កន្លែង​ណាមួយ​ដែល​លាក់បាំង​នូវ​ភាព​អភិវឌ្ឍ​របស់​កូន​ សូម​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ជួយ​អ្នក និង​សាលា​សម្រាប់​រៀប​ចំ​គម្រោង​ក្នុង​ការ​ផ្ដល់​នូវ​អ្វី​ដែល​សិស្ស​ត្រូវ​ការ​។ តាម​រយៈ​​ការ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​គ្រូ​បង្រៀន​របស់​កូន និង​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​សាលា​របស់​គេ អ្នក​អាច​ជួយ​សាលា​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​កូន​អ្នក​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​កំពុង​តែ​បង្កើត​នូវ​ទំនាក់​ទំនង​ជា​ដៃ​គូ​ជាមួយ​នឹង​អ្នក​អប់រំ​បង្រៀន​កូនៗ​ក្នុង​រយៈ​ពេល​សិក្សា​របស់​ពួក​គេ។

ឪពុក​ម្ដាយ​អាច​លើក​ទឹក​ចិត្ត​កូនៗ​មាន​ការ​អភិវឌ្ឍ​ភាព​យល់​ដឹង ផ្នែក​រាង​កាយ និង​អារម្មណ៍​មុន​នឹង​ពួក​គេ​ចូល​រៀន។ ភាគ​ច្រើន​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​ចង់​បាន​សិស្ស​ដែល​ចូល​ចិត្ត​ចង់​ដឹង និង​ឆ្ងល់​គ្រប់​សកម្មភាព​ថ្មីៗ អាច​ធ្វើ​តាម​ការ​ណែនាំ ចេះ​យល់​អារម្មណ៍​អ្នក​ដទៃ និង​អាច​ចាំ​វេន និង​ចែក​រំលែក។ ជំនាញ​ជាក់លាក់​ខ្លះ​ដែល​នឹង​ធ្វើ​ឱ្យ​ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​របស់​កូនៗ​រលូន​ទៅ​មុខ​ត្រូវ​បាន​រួម​បញ្ចូល​សមត្ថភាព​របស់​ពួក​គេ​ដូច​ជា៖

  • លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​ដោយ​មាន​ការ​ឈ្លោះ​គ្នា ឬ​យំ​តិច​បំផុត​
  • រក្សា​ភាព​ប្រុង​ប្រយ័ត្ន និង​ស្ងប់​ស្ងាត់​ពេល​កំពុង​អាន​រឿង​
  • ចូល​បន្ទប់​ទឹក​ដោយ​ខ្លួន​ឯង​
  • ចេះ​រូត​ខោ ឬ​បិទ​ឡេវ​អាវ​ដោយ​ជោគ​ជ័យ
  • អាច​និយាយ​ឈ្មោះ​ខ្លួន​ឯង អាសយដ្ឋាន​រស់​នៅ និង​លេខ​ទូរស័ព្ទ

ក្នុងនោះ​ដែរ ការ​អាន​រឿង​ឱ្យ​កូន​ស្ដាប់​ក្នុង​ពេល​ពួក​គេ​នៅ​តូចៗ​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​ ដោយ​វា​អាច​ជួយ​ពួក​គេ​ក្នុង​ការ​សម្គាល់​នូវ​លេខ អក្សរ និង​ពណ៌​ជា​ដើម។ លោក​អ្នក​អាច​នាំ​ពួក​គេ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ ឬ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ ឬ​វិទ្យាសាស្ត្រ​នានា​ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ។ លើស​ពី​នេះ ដើម្បី​បណ្ដុះ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​សង្គម អ្នក​អាច​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចូល​រួម​ក្នុង​ការ​រៀប​ចំ​សកម្មភាព​សង្គម។

ឪពុក​ម្ដាយ​មួយ​ចំនួន​គិត​ពី​ការ​ពន្យារ​ពេល​កូន​ចូល​រៀន​ថ្នាក់​មត្តេយ្យ។ ពួក​គេ​ជឿ​ថា​កូន​របស់​ពួកគេ​អាច​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​បន្ថែម និង​អាច​នឹង​ជោគជ័យ​ក្នុង​ការ​សិក្សា អត្ត​ពលកម្ម ឬ​បរិបថ​សង្គម​នានា​ប្រសិន​បើ​គេ​មាន​អាយុ​ច្រើន​ថ្នាក់​ដែល​ពួក​គេ​សិក្សា។ ការ​ពន្យារ​ពេល​ចូល​រៀន​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍ គឺ​វា​មិន​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​ឈ្នះ​នេះ​ឡើយ។ បើ​ទោះ​បី​ជា​មាន​សម្អាង​ថា​ការ​ស្ថិត​ក្នុង​អាយុ​តិច​ជាង​គេ​ក្នុង​ថ្នាក់​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​សិក្សា តែ​បញ្ហា​ទាំង​នេះ​ប្រហែល​ជា​មិន​មាន​ទៀត​ទេ​ពេល​ដែល​ពួក​គេ​រៀន​ដល់​ថ្នាក់​ទី ៣ ឬទី ៤។ ផ្ទុយ​ទៅ​វិញ វា​ភស្ដុតាង​ថា​កុមារ​ដែល​មាន​អាយុ​ច្រើន​សម្រាប់​ថ្នាក់​ដែល​ពួក​គេ​កំពុង​រៀន​អាច​ប្រឈម​នឹង​បញ្ហា​ឫកពារ​ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ៕

អត្ថបទដើម៖ Is Your Child Ready for School?

អត្ថបទផ្សេងទៀត៖

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

សារសំខាន់នៃការសិក្សាពីរភាសា

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

on Monday, 07 May 2018. Posted in Classes, Parenting Tips, Activities

Brain Development (Preschool, 3 - 5 years old)

ការ​អភិវឌ្ឍ​ខួរ​ក្បាល​បង្ហាញ​ថា​កុមារ​សមត្ថភាព​កើន​ឡើង​ក្នុង​ការ​យល់​ដឹង​ពី​បរិស្ថាន​ជុំវិញ​របស់​ពួក​គេ​។ ខណៈពេល​ដែល​កុមារ​លូតលាស់ និង​អភិវឌ្ឍ ពួកគេ​នឹង​រៀន​ពី​វត្ថុ​ថ្មីៗ និង​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​រាល់​ថ្ងៃ។

Lyda and block math n letter
សម្រាប់​កុមារ​ដែល​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (អាយុ ៣ ទៅ ៤ ឆ្នាំ) ជំនាញ​ខាង​ក្រោម​នឹង​ចាប់​ផ្ដើមអភិវឌ្ឍ៖

  1. កុមារ​ចាប់​ផ្ដើម​រាប់​វត្ថុ​ជុំវិញ​ខ្លួន​ពួកគេ​ដោយ​ប្រើ​លេខ​សម្គាល់​លើ​វត្ថុ​នីមួយៗ។
  2. កុមារ​ចាប់​ផ្ដើម​សម្គាល់​ពី​លក្ខណៈ​របស់​វត្ថុ (វែង ខ្លី ក្រហម ខៀវ ។ល។) និង​ចាប់​ផ្ដើម​ចេះ​បែង​ចែង និង​ពណ៌នា​ពី​ពួក​វា។
  3. កុមារ​ចាប់​ផ្ដើម​ប្រើ​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពេល​ធ្វើ​សកម្មភាព​នានា ដូច​ជា​កំពុង​រៀបចំ និង​សាងសង់​របស់​លេង​ជាដើម។ល។
  4. កុមារ​ចាប់​អារម្មណ៍​លើ​ការ​សិក្សាពី​រាងកាយ​របស់​ពួកគេ និង​ធាតុ​មាន​ជីវិត​នានា​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ដូច​ជា​សត្វ​ចិញ្ចឹម និង​រុក្ខជាតិ។
  5. កុមារ​​ចាប់​​ផ្ដើម​​យល់​​ពី​​​លំដាប់​​ព្រឹត្តិការណ៍​​សម្រាប់​​ថ្ងៃ​​នីមួយៗ។
  6. កុមារ​ចាប់​ផ្ដើម​រីករាយ​នឹង​ដក ឬ​បំបែក​វត្ថុ​អ្វី​មួយ និង​ព្យាយាម​ដាក់ ឬ​ផ្គុំ​វត្ថុ​នោះ​រួម​បញ្ចូល​គ្នា​វិញ​ជា​ដើម។


តើ​អ្នក​អាចធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​កូន​តូច​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ​បាន?

  1. អនុញ្ញាត​ឱ្យ​ពួកគេ​ជួយ​រៀ​ប​ចំ​តុ​អាហារ រៀប​ចាន​លើ​តុ​សម្រាប់​សមាជិក​នីមួយៗ​នៅ​ក្នុង​គ្រួសារ បន្ទាប់​មក​រៀប​កែវ​ជា​ដើម។ រួច​ត្រូវ​រាប់​មើល​ចំនួន​ចាន និង​កែវ​ឡើង​វិញ​ថា​គ្រប់​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ហើយ​ឬ​នៅ។
  2. និយាយ​ប្រាប់​ពួក​គេ​ពី​ទម្លាប់​ប្រចាំថ្ងៃ និង​ប្រើ​ពាក្យ​បរិយាយ​ដូចជា ដើម​ឈើ​ខ្ពស់ កូន​ឆ្កែ​រោម​ស្រម៉ូវ ជាដើម។
  3. ឱ្យ​កូន​ជួយ​ធ្វើ​កិច្ចការ​ស្រាលៗ​ពេល​កំពុង​ធ្វើ​ម្ហូប និង​សួរ​សំណួរ​ងាយៗ​ដូច​ជា “តើ​កូន​គិត​ថា​នឹង​មាន​អ្វីកើត​ឡើង​នៅ​ពេល​យើង​ដាក់​អង្ករ​ដាំ​ក្នុង​ឆ្នាំង​ដោយ​ប្រើ​ភ្លើង?” ពួកគេ​អាច​នឹង​ស្គាល់​ថា​វា គឺ​ជា​បាយ។
  4. ឱ្យ​ពួកគេ​ជួយ​កិច្ចការ​ផ្ទះស្រាលៗ​ដូច​ជា​ចាក់​ទឹក​ចូល​ក្នុង​ចាន​សម្រាប់​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ ​ឬ​ស្រោច​ផ្កា​ជា​ដើម។ រួច​ហើយ​ត្រូវ​ពន្យល់​ពួកគេ​ពី​មូល​ហេតុ​ដូច​ជា៖ ស្រោច​ទឹក​ឱ្យ​រុក្ខជាតិ និង​រក្សា​វា​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ ដូច្នេះ វា​នឹង​លូត​លាស់។
  5. ព្យាយាម​តាម​ដាន​ពី​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​នឹង​កូន ហើយ​រំលឹក​ពួកគេ​ពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង​នា​ពេល​បន្ទាប់៖ “បន្ទាប់​ពី​កូន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ កូន​នឹង​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​នា​ពេល​បន្ទាប់។”។
  6. ឱ្យ​ពួក​គេ​លេង​ដុំ​សង់ ដោយ​ត្រូវដក​ចេញ ឬ​ផ្គុំឡើង​វិញ។


សម្រាប់​កុមារ​ដែល​មាន​វ័យ ៤ ទៅ ៥ ឆ្នាំ​វិញ នឹង​អភិវឌ្ឍ​នូវ​ជំនាញ​ដូច​ខាង​ក្រោម៖

  1. ពួកគេ​ចាប់​ផ្ដើម​រាប់លេខ​ច្រើន​ជាង​មុន និង​អាច​ឆ្លើយ​សំនួរ “ប៉ុន្មាន” នៅ​ពេល​ដែល​មាន​របស់​របរ​មួយ​ចំនួន​ដែល​ពួកគេ​កំពុង​ឃើញ។
  2. ពួកគេ​អាច​បែងចែង​វត្ថុ​ជា​ក្រុម ដូច​ជា ពែង និង​ចាន។ល។
  3. ពួកគេ​ចាប់ផ្ដើម​វាស់វត្ថុ​ដែល​ពួកគេ​កំពុង​ប្រើ ដូចជា​ខ្សែ​ស្បែក​ជើង ឬ​ប្រវែង​ជើង​របស់​គេ​ជា​ដើម​។
  4. ពួកគេ​យល់​នូវ​ពាក្យ​បង្ហាញ​ទិស (លើ ក្រោម ឆ្វេង ស្ដាំ មុខ ក្រោយ) និង​ពាក្យ​បង្ហាញ​រូប​រាង​ (មូល ត្រីកោណ)។
  5. ពួកគេ​ចាប់​ផ្ដើម​ដឹង​​​ថា​យើង​ប្រើ​ញាណ​ទាំង​អស់​របស់​យើង​ដើម្បី​សិក្សា​ពី​បរិស្ថាន​ជុំ​វិញ​ដូច​ជា​ ការ​សម្គាល់​សត្វ ឬ​ការ​ស្ដាប់​ឮ​សំឡេង​ខ្យល់​បក់​ថា​វា​មាន​ប្រភព​មក​ពី​ណា​ជាដើម។
  6. ពួកគេ​ប្រើ​វត្ថុ​សិល្បៈ​ដើម្បី​បង្កើត​វត្ថុ​អ្វី​មួយ​ដែល​ជំនួស​ឱ្យ​ការ​លេង​វត្ថុ​ទាំង​នោះ។


តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ?

  1. សួរ​សំណួរ​បង្ហាញ​ពី​បរិមាណ​ដូចជា “តើ​មាន​មើម​ការ៉ុត​ប៉ុន្មាន​នៅ​ក្នុង​ចាន?” ឬ “តើ​កូន​ត្រូវ​ដើម​ប៉ុន្មាន​ជំហាន​ពី​ឡាន​ទៅ​ដល់​មាត់​ទ្វារ​ថ្នាក់​រៀន?”
  2. ឱ្យ​កូនៗ​ជួយ​រៀប​ចំ​ស្រោម​ជើង​ដែល​មាន​គូ និង​បែង​ចែង​សម្លៀក​បំពាក់​តាម​ប្រភេទ​សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ​ដើម្បី​បោក​សម្អាត។
  3. ប្រើ​សំណួរ​សួរ​ចោទ “អ្នកណា​មាន​ដៃ​ធំ​ជាង​គេ?” ឬ “អ្នកណា​មាន​កម្ពស់​ទាប​ជាង​គេ?” ជា​ដើម​។
  4. លេង​ហ្គេម​ស្វែង​រក​កំណប់ ហើយ​ឱ្យ​ផែន​ទី​បង្ហាញ​ទិស​ដល់​ពួក​គេ​ក្នុង​ការ​ស្វែង​រក ដោយ​ប្រើ​ពាក្យ​បង្ហាញ​ទិស​ដូច​ជា នៅ​ខាង​ក្នុង នៅ​ខាង​ក្រោយ ឬ​នៅ​ខាង​ក្រោម​ជា​ដើម។ល។
  5. ចាក់​បំពេញ​ដប​ប្លាស្ទិច​ដោយ​ប្រើ​ដី​ខ្សាច់ អង្ករ គ្រាប់​ក្រួស ស្លាប​បក្សី និង​វត្ថុ​ផ្សេងៗ​ទៀត ហើយ​ក្រឡុក​ដប​នោះ​ដើម្បី​ប្រៀប​ធៀប​សំឡេង។
  6. ធ្វើ​កិច្ចការ​ជាមួយ​កូនៗ​ដោយ​បង្កើត​នូវ​រូប​ភាព​ជា​ផ្ទាំង គូរ​គំនូរ ឬ​ស្មូន​ក្អម​ឆ្នាំង​ជា​ដើម៕

អត្ថបទដើម៖ Brain Development (Preschool, 3 - 5 Years)

សាលា​អន្តរជាតិ លីបឺធី ទទួល​បង្រៀន​សិស្ស​ចាប់​ពី​អាយុ ១ ឆ្នាំ​កន្លះ​ឡើង​ទៅ និង​មាន​ថ្នាក់​សិក្សា​ចាប់​ពី​ថ្នាក់​ថែទាំ​កុមារ​តូច (Nursery) ដល់​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសា​អង់គ្លេស និង​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ដល់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសាខ្មែរ។ ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 095712165។

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

on Monday, 05 February 2018. Posted in Classes, Parenting Tips, Activities

170921161253 1 540x360

បទ​ពិសោធន៍​របស់​កុមារ​តូចៗ​មាន​ឥទ្ធិពល និង​កំណត់​ពី​វិធី​ដែល​ខួរ​ក្បាល​អភិវឌ្ឍ។

សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​វិធី​ដែល​អាច​ជួយ​កូនៗ​អាច​រំញោច​ការ​វិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​តាំង​ពី​វ័យ​តូចៗ​របស់​កូន និង​ជួយ​ពួក​គេ​ឱ្យ​ឈាន​ដល់​ចំណុច​ដែល​ជា​សក្ដា​នុភាព​សម្រាប់​អនាគត​របស់​ពួក​គេ។

ខួរ​ក្បាល​របស់​កុមារ

តើ​យើង​នឹង​នៅ​កន្លែង​ណា​បើ​សិន​ជា​យើង​មិន​មាន​ខួរ​ក្បាល?

យន្តការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​គ្រប់គ្រង​រាល់​ទង្វើ​ដែល​យើង​ធ្វើ ផ្ដើម​ចេញ​ពី​ការ​ញ៉ាំ និង​ផឹក ដល់​ការ​គិត​ ការ​រៀន និង​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ផ្នែក​អារម្មណ៍​ជា​ដើម។

កុមារ​ម្នាក់​មាន​កោសិកា​ខួរ​ក្បាល 100 ពាន់​លាន និង​មាន​ទំនាក់​ទំនង 5 ពាន់​កោរដិ។ អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង ចំនួន​នៃ​ទំនាក់​ទំនង​នេះ​កើន​ឡើង​គុណ​នឹង 20 ដង។ កោសិកា​ខួរ​ក្បាល​នីមួយៗ​អាច​ភ្ជាប់​ជាមួយ​នឹង​កោសិកា​ផ្សេងៗ​ទៀត​បាន​ច្រើន​ជាង 15000។

កុមារ​អាយុ 3 ឆ្នាំ​ម្នាក់​មាន​ការ​ភ្ជាប់​រវាង​ខួរ​ក្បាល​មាន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ 2 ដង ហើយ​ប្រសិន​បើ​គេ​មិន​ប្រើ​វា​ទេ វា​នឹង​បាត់​បង់។ ពេល​ដែល​កុមារ​ចាប់​ផ្ដើម​មាន​អាយុ 5 ឆ្នាំ ទំនាក់​ទំនង​ខួរ​ក្បាល 90% នឹង​ចាប់​ផ្ដើម​ចង​ជា​បណ្ដុំ។

កុមារ​នឹង​មិន​មាន​ពេល​សាក​ល្បង​ទទួល​យក​បទ​ពិសោធន៍ និង​ឱកាស​នានា​ដែល​មាន​សារ​សំខាន់​ជាង​ពេល​ដែល​ពួក​គេ​នៅ​តូច​ឡើយ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​នៅ​វ័យ​តូចៗ
ខួរ​ក្បាល​ជា​ផ្នែក​គ្រប់គ្រង​កណ្ដាល​នៃ​រាង​កាយ​របស់​យើង ប៉ុន្តែ​ តើ​យើង​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​ខួរ​ក្បាល​កូនៗ​ឱ្យ​ឈាន​ដល់​ចំណុច​សក្ដានុពល​នោះ?

 
បទ​ពិសោធន៍​នៃ​ការ​ប្រើ​ញាណ​នៅ​វ័យ​ដំបូង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​ថ្មី​រវាង​កោសិកា​ខួរ​ក្បាល និង​បទ​ពិសោធន៍​ដែល​ជំរុញ​ការ​អភិវឌ្ឍ។

ចំនួន​នៃ​ការ​ភ្ជាប់​រវាង​កោសិកា​ខួរ​ក្បាល កើន​ឡើង ឬ​ថយ​ចុះ អាស្រ័យ​លើ​បរិយាកាស និង​បទ​ពិសោធន៍​ដែល​កុមារ​ទទួល​យក។

កុមារ​បន្ត​រៀន​សូត្រ​ពេញ​មួយ​ជីវិត ប៉ុន្តែ ពួក​គេ​មិន​ចាប់​យក​ជំនាញ​ថ្មី​បាន​លឿន​ដូច​ជា​កាល​ពី​ពួក​គេ​នៅ​តូចៗ​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​សំខាន់​ក្នុង​ការ​ផ្ដល់​​ឱកាស​ដ៏​អស្ចារ្យ​​សម្រាប់​​ការ​​សិក្សា និង​អភិវឌ្ឍ​ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​ពេល​ដែល​ចិត្ត​របស់​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ទទួល​យក​ព័ត៌មាន​ថ្មីៗ។

វិធី 9 យ៉ាងក្នុងការរំញោចការអភិវឌ្ឍខួរក្បាលរបស់កុមារ

កុមារ​ត្រូវ​ការ​បង្ហាញ​ផ្លូវ​ដែល​អាច​ស្វែង​រក​នូវ​ព័ត៌មាន​ថ្មី និង​បទ​ពិសោធន៍​ថ្មី​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ និង​អាច​ឱ្យ​គេ​ពង្រីក​ការ​គិត និង​ការ​យល់​ដឹង។

ពួក​គេ​គួរ​តែ​សាកល្បង​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​រៀន ដូច​នឹង​ឱកាស​ដែល​ទាក់​ទង​ជាមួយ​នឹង​ប្រភព​នៃ​ការ​សិក្សា​ផ្សេងៗ​ជា​ដើម។
ឧទាហរណ៍៖

1. ការលេង

ការ​លេង​មិន​ត្រឹម​តែ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មូលដ្ឋានគ្រឹះ​អាច​ឱ្យ​កុមារ​រៀន​បាន​ផង​ដែរ។

ប្រើ​ហ្គេម ប្រដាប់​លេង និង​សម្ភារ​សិក្សា​ដែល​កុមារ​អាច​ប្រើ​សម្រាប់​រៀន។

កុមារ​នឹង​ផ្សារ​ភ្ជាប់​ការ​លេង​កាន់​តែ​យូរ​ជាមួយ​នឹង​ប្រភព​ធនធាន​ដែល​ស្រដៀង​នឹង​បរិយាកាស​ដែល​ពួក​គេ​កំពុង​រស់​នៅ។

2. ការនិយាយ

ដើម្បី​ឱ្យ​កោសិកា​ខួរ​ក្បាល​មាន​ចលនា ចាប់​ផ្ដើម​និយាយ។ កុមារ​តូចៗ​ចាប់​យក​គ្រប់​ពាក្យ។ ពេល​ដែល​អ្នក​ចែក​រំលែក​ទៅ​ពួក​គេ​កាន់​តែ​ច្រើន ពួក​គេ​រៀន​កាន់​តែ​ច្រើន​ដូច​គ្នា។

អ្វី​ដែល​អ្នក​និយាយ​មិន​សំខាន់​ដូច​របៀប​ដែល​អ្នក​និយាយ និង​សំឡេង​ដែល​អ្នក​ប្រើ​នោះ​ទេ។

កុមារ​តូចៗ​ត្រូវ​ការ​ឮ​ប្រយោគ​ឃ្លា​ពេញ​ដើម្បី​​អភិវឌ្ឍ​ពាក្យ​របស់​ពួក​គេ។

លោក​អ្នក​អាច​ជួយ​កូនៗ​របស់​លោក​អ្នក​ក្នុង​ការ​ប្រើ​ពាក្យ​ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​យល់​ដឹង​ពី​ពិភព​ជុំវិញ​ពួក​គេ ក្នុង​នោះមាន​ដូច​ជា​ពាក្យ​ដែល​រៀប​រាប់​ពី​អារម្មណ៍ វត្ថុ​នានា និង​សម្ភារ​ប្រើ​ប្រចាំ​ថ្ងៃ។

ជំនួស​ឱ្យ​ការ​និយាយ​ថា “នោះ! មើល​ទៅ​មេឃ!” លោក​អ្នក​ត្រូវ​និយាយ​ថា “នោះ​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ។” វិញ។

ព្យាយាម​ឆ្លើយ​សំណួរ​ដែល​អ្នក​សួរ។ ប្រសិន​បើ​អ្នក​មិន​អាច​ឆ្លើយ​ទេ អ្នក​គួរ​តែ​នាំ​គេ​ស្វែង​រក​ចម្លើយ​ទាំង​អស់​គ្នា​តាម​រយៈ​ការ​អាន​សៀវភៅ ឬ​ប្រើ​អ៊ិនធើណែត តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​បាន។

3. ការអាន

ការ​អាន ឬ​ការ​ស្វែង​រក​អ្វី​មួយ​តាម​រយៈ​សៀវភៅ​ជាមួយ​កូន​របស់​អ្នក​ពិត​ជា​សំខាន់ ប៉ុន្តែ ការ​សួរ​សំណួរ​ និង​ការ​បង្កើត​ការ​ពិភាក្សា​លើ​អ្វី​ដែល​អ្នក​បាន​អាន និង​រូបភាព​ដែល​អ្នក​បាន​ឃើញ គឺ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ពង្រីក​ការ​គិត និង​ការ​រៀន​របស់​កូនៗ។

តើ​អ្នក​គួរ​អាន​ឱ្យ​កូនៗ​ទើប​កើត ឬ​ក្មេង​តូចៗ​ស្ដាប់​ដែរ​ទេ? ចម្លើយ​នោះ គឺ​ពិត​ជា​ត្រូវ​អាន ព្រោះ​ថា​កុមារ​មិនមែន​ក្មេង​ពេក ឬ​ចាស់​ពេក​ក្នុង​ការ​ស្ដាប់​ការ​អាន​របស់​អ្នក​ឡើយ​។

4. តន្រ្តី

តន្រ្តី​​ផ្សារ​ភ្ជាប់​គ្រប់​ចំណុច​ទាំង​អស់​នៃ​ខួរ​ក្បាល និង​រំញោច​ដល់​តួនាទី​ខួរ​ក្បាល​ជា​ច្រើន​ឱ្យ​មាន​ចលនា​។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​បទពិសោធន៍​ពី​តន្រ្តី​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ជា​ពិសេស​បទ​ភ្លេង និង​ការ​ច្រៀង​តាម​តន្រ្តី ឬ​ចម្រៀង។

5. សិល្បៈ

សិល្បៈ​ផ្សារ​ភ្ជាប់​ចំណុច​នានា​នៃ​ខួរ​ក្បាល​ដែល​ជួយ​ដល់​ការ​ពង្រីក​ការ​សិក្សា​ញាណ ការ​យល់​ដឹង​ អារម្មណ៍ និង​កាយ​សម្បទា​របស់​កុមារ។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​ឱកាស​ច្រើន​ក្នុង​ការ​គូរ លាប​ពណ៌ សាង​សង់ និង​បង្កើត​វត្ថុ​សិល្បៈ​នានា។

6. ចលនា/ការហាត់ប្រាណ

ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ជាង​មុន គឺ​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កាយ​សម្បទា​របស់​កុមារ និង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បន្ទាប់​ពី​កុមារ​បាន​ធ្វើ​ការ​ហាត់​ប្រាណ រាង​កាយ​របស់​ពួកគេ​ចាប់​ផ្ដើម​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​អនុញ្ញាត​ឱ្យ​ខួរ​ក្បាល​របស់​ពួកគេ​មាន​ការ​សិក្សា​ប្រសើរ​ជាង​មុន។

សកម្មភាព និង​ចលនា​រាង​កាយ​ជំរុញ​ឱ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា​កាន់​តែ​លូត​លាស់។

ការ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ផ្សេងៗ​មាន​សារ​សំខាន់​ក្នុង​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សុខភាព​ខួរ​ក្បាល​របស់​កុមារ​ល្អ។

7. ក្ដីស្រឡាញ់

ទំនាក់​ទំនង​ដែល​មាន​ការ​គាំទ្រ និង​ការ​ស្រឡាញ់ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​លូតលាស់​របស់​ខួរ​ក្បាល​របស់​កុមារ។

កុមារ​រៀន​ពី​ការ​ខ្វាយ​ខ្វល់ និង​វិធី​ទទួល​យក​អារម្មណ៍​តាន​តឹង​ដែល​អ្នក​ផ្ដល់​ឱ្យ ដូច្នេះ ប្រសិន​បើ​អ្នក​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត កូន​របស់​អ្នក​នឹង​មាន​ដូច​គ្នា។

កូន​របស់​អ្នក​ត្រូវ​ការ​ឱ្យ​អ្នក​ស្រឡាញ់​ពួក​គេ ថ្នាក់​ថ្នម​ពួក​គេ និង​លើក​ទឹក​ចិត្ត​ពួក​គេ។

តាម​ការ​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​ខួរ​ក្បាល​ពី 30 ទៅ 60 ភាគ​រយ​អាស្រ័យ​លើ​ទំនាក់​ទំនង​ជាមួយ​នឹង​បរិយាកាស និង​មនុស្ស​ជុំវិញ។

8. អាហារូបត្ថម្ភ

អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​ខួរ​ក្បាល​ ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា បន្លែ​ពណ៌​បៃតង គ្រាប់​សណ្ដែកដី ត្រី ផ្លែ​ឈើ​ស្រស់ សាច់​សត្វ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ។

ចំណែក​ឯ​វីតាមីន និងជាតិរ៉ែ​ចាំ​បាច់​ប្រចាំថ្ងៃ​ក៏​មាន​ចំណែក​ក្នុង​ការ​វិវឌ្ឍ​របស់​ខួរ​ក្បាល​ផង​ដែរ។

សូម​លើក​ទឹក​ចិត្ត​កូនៗ​របស់​អ្នក​ឱ្យ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វា​អាច​ជួយ​កូនៗ​អ្នក​ឱ្យ​មាន​ស្មារតី​ល្អ ​ព្រម​ទាំង​គ្រប់​គ្រង​កម្រិត​ថាមពល​ក្នុង​រាង​កាយ​របស់​ពួកគេ​បាន​ទៀត​ផង។

9. ការគេង

ពេល​ដែល​កុមារ​គេង​លក់ ខួរ​ក្បាល​របស់​ពួកគេ​ដំណើរ​ការ​រាល់​នូវ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ថ្ងៃ។

ក្នុង​អំឡុង​ពេល​នេះ ការ​ចង​ចាំ​របស់​កុមារ​មាន​ភាព​ខ្លាំង និង​អាច​ចាប់​យក​ជំនាញ និង​កិច្ចការ​ថ្មីៗ​បាន​យ៉ាង​រហ័ស។

ដូច្នេះ វា​ពិត​ជា​ចាំបាច់​សម្រាប់​កុមារ​ក្នុង​ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​តម្រូវ​ការ​គេង​នោះ គឺ​ចន្លោះ​ពី 9 ទៅ 10 ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ គឺ​ជា​គន្លឹះ​សម្រាប់​អនាគត​របស់​ពួក​គេ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​កំណើត​របស់​ពួកគេ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ ទោះ​បី​ជា​ឆ្នាំ​ទាំង​នោះ​កន្លង​ទៅ​ឆាប់​រហ័ស​ក៏​ដោយ។

ចូរ​ចំណាយ​ពេល​លេង និយាយ អាន ច្រៀង សើច រាំ បង្កើត និងសប្បាយ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន។

ជំរុញ​កូនៗ​ឱ្យ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ គេង​បាន​គ្រប់​គ្រាន់ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កូន​របស់​អ្នក​នឹង​មាន​ជីវិត​ពោរ​ពេញ​ទៅ​ដោយ​សក្ដានុពល​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក៕

អត្ថបទដើម៖ Early brain development & learning

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

on Tuesday, 23 January 2018. Posted in Classes, Parenting Tips, Activities

គ្រប់​ពាក្យ​ដែល​កុមារ​រៀន គ្រប់​អាកប្បកិរិយា​ដែល​កុមារ​បញ្ចេញ និង​គ្រប់​បទពិសោធន៍​ថ្មីៗ​ដែល​កុមារ​ជួប​ប្រទះ គឺ​ជា​ការ​បណ្ដាក់​ទុន​សម្រាប់​អនាគត​របស់​ពួក​គេ។ ការ​អប់រំ​កុមារ​តូច គឺជា​ការ​សំលៀង និង​បង្កើត​រូបរាង​ឱ្យ​កុមារ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរ​ជីវិត​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ដែល​បាន​ផ្ដល់​ដោយ​ការ​អប់រំ​កុមារ​តូច។

nursery edu to primary with diana

ការរៀនសហការ

ការ​​អប់រំ​​កុមារ​​តូច​​អនុញ្ញាត​​កុមារ​​​ឱ្យ​រៀន​ពី​ការ​​សហការ ចែក​​រំលែក ខំ​​ព្យាយាម និង​​ផ្លាស់​​ប្ដូរ​​វេន​​ក្នុង​​បរិយាកាស​​កន្លែង​​ដែល​​មាន​​សុវត្ថិភាព​​ក្នុង​​ការ​​រៀន​​ដែល​​មាន​​អ្នក​​ជំនាញ​​​ចាំ​ណែនាំ​​ពួក​​គេ។ បើ​​ទោះ​​បី​ជា​​វា​​អាច​​នឹង​​​ជា​​មេរៀន​​​ដ៏​​ពិបាក វា​​ក៏​​អាច​​ជា​​ការ​​ចាំបាច់​​សម្រាប់​​កុមារ​​ក្នុង​​ការ​​រៀន​​សហការ​​ជាមួយ​​អ្នក​​ដទៃ​​តាំង​​​ពី​​វ័យ​​ក្មេង។

ការយល់ដឹងពីការចូលក្នុងសង្គម

ការ​​ចូល​​ចំណោម​​ជាមួយ​​អ្នក​​ដទៃ​​ក្រៅ​ពី​​គ្រួសារ​​ដែល​​ជា​​តំបន់​​មាន​​សុវត្ថិភាព​​ដល់​​កុមារ​នោះ​ គឺ​​ជា​មូលដ្ឋានគ្រឹះ​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​កុមារ។ ឪពុក​ម្ដាយ​យល់​ពី​ភាព​សំខាន់​នៃ​ការ​ណែនាំ​កូនៗ​ឱ្យ​ក្មេង​ដទៃ និង​គាំទ្រ​ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ​នៅ​ក្នុង​ក្រុម​ផ្ទាល់​ខ្លួន។ ការ​អនុញ្ញាត​កូនៗ​ឱ្យ​រាប់​អាន​ជាមួយ​ក្មេង​ដទៃ​អាច​ជួយ​ពួក​គេ​ឱ្យ​ជំនះ​ភាព​ខ្មាស់​អៀន និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ការ​អភិវឌ្ឍជាមូលដ្ឋានសម្រាប់ផ្នែកសំខាន់ៗ

ការ​អភិវឌ្ឍ​ជាមូលដ្ឋាន គឺ​ជា​ការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម រាង​កាយ​ ចិត្ត​សាស្ត្រ និង​អារម្មណ៍។ គ្រូ​បង្រៀន​កុមារ​តូច​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ជំនួយ​សម្រាប់​គ្រប់​កុមារ និង​បង្កើត​សកម្មភាព និង​កម្មវិធី​សម្រាប់​ពួក​គេ។ ជាមួយគ្នា​នេះ​ផង​ដែរ មិត្ត​ភក្ដិ​ក៏​មាន​សារ​សំខាន់​សម្រាប់​ករណី​នេះ​ដែរ ព្រោះ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សកម្មភាព​ដែល​មាន​ការ​សហការ​គ្នា និង​អាច​ជួយ​បាន។

មានភាពរីករាយ និងកម្លាំងក្នុងការរៀនមិនឈប់ឈរ

មេរៀន​ត្រូវ​តែ​ផ្ដល់​ជូន​សម្រាប់​កុមារ​ក្នុង​លក្ខណៈ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​សប្បាយៗ​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កុមារ​ឱ្យ​ក្លាយ​ជា​អ្នក​រៀន​សូត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព។ វា​ជា​ការ​ពិត​ក្នុង​ការ​ធ្វើ​ជា​គំរូ​សម្រាប់​កុមារ​ទាំង​នេះក្នុង​ការ​រៀន​សូត្រ​ប្រកប​ដោយ​ភាព​រីករាយ និង​ចំណង់។ ក្ដី​ស្រឡាញ់​របស់​កុមារ​ដែល​មាន​ចំពោះ​ការ​សិក្សា​ត្រូវ​ចាក់​គ្រឹះ​តាំង​ពី​ពេល​ពួក​គេ​ដល់​វ័យ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប។

ការយល់ដឹងពីគុណតម្លៃនៃការសិក្សាតាមរយៈបទពិសោធន៍

អ្នក​អប់រំ​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​ធ្វើ​ជា​គំរូ និង​ផ្ដល់​​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែងដើម្បី​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​តម្លៃ​នៃ​ការ​សិក្សា និង​ការ​រៀន​សូត្រ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ទោះបី​ជា​ឪពុកម្ដាយ គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​សម្រាប់​កុមារ ក៏​ប៉ុន្តែ ការ​ឱ្យ​ពួក​គេ​ចូល​រៀន​នៅ​សាលារៀន​ក៏​អាច​ផ្ដល់​នូវ​បរិយាកាស​ថ្មី​នៅ​ក្នុង​ការ​អប់រំ​ដែល​នៅ​ជាមួយ​គេ​ក្នុង​ដំណើរ​ជីវិត​នៃ​ការ​សិក្សា​ទៅ​អនាគត។

ការរៀនអំពីគុណតម្លៃនៃការគោរព

ថ្នាក់​រៀន​មតេយ្យ​កម្រិត​ទាប​បង្រៀន​កុមារ​ឱ្យ​ចេះ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​គោរព​សម្រាប់​អ្នក​ដទៃ។ នេះ​រួម​បញ្ចូល​ទាំង​មនុស្ស កម្មសិទ្ធិ និង​បរិស្ថាន។ សកម្មភាព​នេះ​នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀន​នៅ​សាលា​ដែល​កុមារ​ចែក​រំលែក​របស់​ផ្សេងៗ និង​គ្រូ​បង្រៀន​បង្រៀន​ពី​របៀប​របប និង​កាតព្វ​កិច្ច​របស់​ប្រជាជន។

ការដឹងពីរបៀបធ្វើការជាក្រុម

ការ​អប់រំ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​បង្ហាញ​ពី​សារសំខាន់​នៃ​ការងារ​ក្រុម​ដែល​អាច​បង្រៀន​ឱ្យ​ពួក​គេ​ចេះ​គោរព​គំនិត ឬ​មតិ​របស់​អ្នក​ដទៃ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ វា​ក៏​អាច​បង្រៀន​ពី​គុណ​តម្លៃ​នៃ​ការ​ស្ដាប់ និង​សមភាព។ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ជា​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ក្រុម ពី​ព្រោះ​បុគ្គល​ដែល​អាច​រៀន​ពី​វិធី​ធ្វើការ​ក្នុង​ក្រុម​ពេល​ដែល​ពួកគេ​មាន​វ័យ​តូចៗ​នឹង​ងាយ​ស្រួល​ក្នុង​ការ​សម្រប​តាម​ស្ថានភាព​ផ្សេងៗ និង​អាច​ទទួល​បាន​ការងារ​រហ័ស។

ការអភិវឌ្ឍភាពអំណត់

ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជួយ​កូនៗ​ឱ្យ​អាច​អភិវឌ្ឍ​ភាព​អត់​ធ្មត់​តាំង​ពី​នៅតូច។ ដោយ​ការ​អភិវឌ្ឍ​នូវ​បរិយាកាស​មួយ​ដែលមាន​សុវត្ថិភាព យុត្តិធម៌ និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ គឺ​ជា​ការ​បង្កើត​នូវ​ការ​រំពឹង​ទុក​ដ៏​ប្រាកដ ហើយ​ក្មេងៗ​ក៏​អាច​មាន​សមត្ថភាព​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ និង​ខ្លួន​ពួក​គេ។

គ្រូ​បង្រៀន​ត្រូវ​តែ​ផ្ដល់​នូវ​បរិយាកាស​ដ៏​ប្រកួត​ប្រជែង​មួយ​ដែល​កុមារ​អាច​រៀន​តាម​រយៈ​ការ​អនុវត្ត​តាំង​ពី​លើក​ដំបូង។ បើ​ទោះបី​ជា​កុមារ​មាន​ការ​វាយ​តប់​គ្នា ឬ​ធ្លាប់​ចាញ់​ហ្គេម​ជា​ញឹកញាប់​ក៏​ដោយ​ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​បង្កើត​នូវ​វិធីសាស្ត្រ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ។

ការអភិវឌ្ឍជំនាញដើម្បីផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ

ក្នុង​អំឡុង​ពេល​រៀន​ថ្នាក់​អប់រំ​កុមារ​តូច កុមារ​អាច​រុក​រក​គ្រប់​ឱកាស​ទាំង​អស់​ដែល​អាច​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​បទពិសោធន៍​ថ្មីៗ បរិយាកាស​ថ្មី និង​មិត្ត​ភក្ដិ​ថ្មី​ជា​ដើម។ ពួកគេ​មាន​ចិត្ត​ស្រមើ​ស្រមៃ និង​ប្រកប​ដោយ​ថាមពល។

ការអនុវត្តភាពអត់ធ្មត់

ជា​រៀងរាល់​ថ្ងៃ មនុស្ស​ពេញវ័យ​ត្រូវ​ឆ្លង​ការ​នូវ​ស្ថានភាព​គ្រប់​បែប​យ៉ាង​ដែល​ភាព​អត់ធ្មត់​របស់​ពួកគេ​ត្រូវ​បាន​គេ​យក​មក​សាក​ល្បង។ កុមារ​ត្រូវ​ការ​ឱកាស​ដើម្បី​ប្រឡូក​ចូល​ក្នុង​បទពិសោធន៍​សង្គម​យ៉ាង​ច្រើន​ដែល​បទពិសោធន៍​ទាំង​នោះ​អាច​ឱ្យ​ពួកគេ​ស្វែង​រក និង​អនុវត្ត​ភាព​អត់ធ្មត់​របស់​ពួក​គេ។ ការ​បង្រៀន​តាម​រយៈ​ការ​ផ្ដល់​ជា​គំរូ បទ​ពិសោធន៍​សង្គម និង​ឧទាហរណ៍​នឹង​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ភាព​អំណត់​របស់​ពួក​គេ និង​ស្វែង​យល់​ពី​សារ​សំខាន់​នៃ​ការ​រង់ចាំ​ដើម្បី​ដល់​វេន​របស់​ពួក​គេ។ នៅ​ក្នុង​សាលា​ដែល​មាន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប មាន​ការ​រៀប​ចំ​ទោង​ឱ្យ​កុមារ​ជិះ​លេង​កម្សាន្ត ហើយ​កុមារ​ត្រូវ​តែ​ចែក​រំលែក​កន្លែង​លេង​តាម​លំដាប់​លំដោយ៕

អត្ថបទដើម៖ How Early Childhood Education Helps a Child Develop his Life Skills

អត្ថប្រយោជន៍នៃតន្រ្តីសម្រាប់កុមារវ័យតូចៗ

on Thursday, 11 January 2018. Posted in Classes, Parenting Tips, Activities

Ly Lang and drum

ទស្សនវិទូ ប្លាតូ បាននិយាយថា “តន្ត្រីគឺជាច្បាប់នៃសីលធម៌។ វាផ្ដល់នូវព្រលឹងដល់ភពផែនដី ស្លាបដល់ចិត្ត ការហោះហើរដល់ការស្រមើមៃ និងមន្ដស្នេហ៍ និងភាពរីករាយដល់ជីវិត និងអ្វីៗគ្រប់យ៉ាង។” ការផ្ដល់ឱកាសដល់កូនៗក្នុងការរៀនលេងឧបករណ៍តន្រ្តី ឬរៀនចម្រៀង អាចផ្ដល់នូវអត្ថប្រយោជន៍ដល់ពួកគេយ៉ាងច្រើន។

  • ការអភិវឌ្ឍខួរក្បាល
    តន្រ្តីមិនត្រឹមតែធ្វើឱ្យយើងរីករាយប៉ុណ្ណោះទេ តែវាថែមទាំងជួយអភិវឌ្ឍខួរក្បាលទៀតផង។ ចាប់ផ្ដើមចាក់ចម្រៀងឱ្យកូនស្ដាប់ពេលដែលពួកគេនៅតូចៗអាចបង្កើនភាពវៃឆ្លាតរបស់ពួកគេ។ ការសិក្សាបានបង្ហាញថា កុមារដែលលេងឧបករណ៍តន្រ្តីច្រើនតែរៀនពូកែជាងអ្នកដែលមិនលេងឧបករណ៍តន្រ្តីសោះ។ ការលេងឧបករណ៍តន្រ្តីជួយឱ្យខួរក្បាលបង្កើតនូវជំហានថ្មីៗ។ តន្រ្តី និងចម្រៀងក៏អាចជួយកូនៗរបស់លោកអ្នកមានការចងចាំល្អ។ តន្រ្តីមិនត្រឹមតែជួយពួកគេក្នុងពេលបច្ចុប្បន្ននោះទេ តែក៏អាចជួយពួកគេពេលដែលពួកគេរីកលូតលាស់ពេញវ័យផងដែរ។
  • វិន័យ និងទំនួលខុសត្រូវ
    ការលេងឧបករណ៍តន្រ្តី និងការរៀនច្រៀងអាចបង្រៀនកូនរបស់អ្នកពីវិន័យ និងទំនួលខុសត្រូវ ដែលនេះគឺជាចរិតលក្ខណៈដែលពួកគេនឹងត្រូវការពេលដែលពួកគេពេញវ័យ។ កូនរបស់អ្នកនឹងរៀនពីវិធីចំណាយពេលវេលាឱ្យឆ្លាតវៃពេលដែលពួកគេអនុវត្ត និងរៀនថាតើត្រូវចំណាយការខំប្រឹងប៉ុន្មាន បើខំប្រឹងកាន់តែច្រើន កាន់តែល្អ។ កូនៗរបស់អ្នកមិនត្រឹមតែរៀនពីការគោរពវិន័យ និងការទទួលខុសត្រូវប៉ុណ្ណោះទេ តែពួកគេក៏អាចរៀនពីការស្ដាប់យ៉ាងប្រុងប្រយ័ត្ន និងផ្ចង់ស្មារតីលើអ្វីដែលពួកគេកំពុងធ្វើទៀតផង។
  • ភាពអំណត់
    គុណប្រយោជន៍មួយទៀតដែលតន្រ្តីមានឥទ្ធិពលលើកុមារនោះគឺ វាបង្រៀនពួកគេឱ្យមានភាពអត់ធ្មត់ខ្ពស់។ ការរៀនច្រើនតាមបច្ចេកទេសត្រឹមត្រូវ ឬរៀនលេងឧបករណ៍តន្រ្តីណាមួយចាំបាច់ត្រូវចំណាយពេលរៀន។ ភាពល្អឥតខ្ចោះមិនមែនកើតឡើងត្រឹមតែមួយថ្ងៃនោះទេ។ កូនៗរបស់អ្នកនឹងរៀនពីការខំធ្វើការងារ និងអត់ធ្មត់ពេលដែលពួកគេរៀនអ្វីថ្មី។
  • កាត់បន្ថយភាពតានតឹង និងបង្ហាញពីខ្លួនឯង
    មនុស្សយើងកាន់តែចាស់ កាន់តែមានភាពតានតឹង។ ពួកគេត្រូវបែងចែកគ្នាឱ្យដាច់រវាងកន្លែងធ្វើការ សាលារៀន និងការរីករាយក្នុងសង្គម ហើយវាពិតជាពិបាកក្នុងការស្វែងរកសេចក្ដីសុខ​ឱ្យខ្លួនឯង។ ការចាក់តន្រ្តីស្ដាប់ ឬច្រៀងអាចជួយកូនៗរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹងពេលដែលពួកគេធំឡើង។ តន្រ្តីអាចជួយមនុស្សឱ្យគ្រប់គ្រងអារម្មណ៍ពេលដែលពួកគេមានអារម្មណ៍ពិបាកចិត្ត។ កូនៗរបស់អ្នកអាចប្រើសំឡេង ឬសមត្ថភាពរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍ដែលពិបាកចិត្ត។ ដូចដែលតន្រ្តីអាចជួយមនុស្សឱ្យឆ្លងកាត់ពេលវេលាមិនល្អ តន្រ្តីក៏ជួយឱ្យពួកគេបង្ហាញភាពវិជ្ជមានរបស់ខ្លួនឯងផងដែរ។
  • ជំនាញសង្គម
    តន្រ្តីគឺជាសិល្បៈមួយដែលពិតជាអាចឱ្យមនុស្សអាចរាប់អានគ្នា។ វាគឺជាភាសាមួយដែលមនុស្សអាចយល់។ ការផ្ដល់ឱកាសឱ្យកូនៗច្រៀងចម្រៀង ឬលេងឧបករណ៍តន្រ្តីអាចជួយពួកគេរាប់អានមិត្តភក្ដិ និងបង្រៀនពួកគេពីវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ ការចូលក្នុងក្រុមដែលចូលចិត្តតន្រ្តីអាចបង្រៀនកូនៗរបស់អ្នកឱ្យចេះធ្វើការជាមួយកុមារដែលមានវ័យប្រហាក់ប្រហែលនឹងពួកគេ។

សូមផ្ដល់ឱកាសដល់កូនៗឱ្យទទួលយកនូវអត្ថប្រយោជន៍ពីការច្រៀង និងលេងឧបករណ៍តន្រ្តី។ ផ្ដល់ឱកាសឱ្យពួកគេក្នុងការរៀនអ្វីដែលថ្មីនៅថ្ងៃនេះ។ លោកអ្នកអាចចុះឈ្មោះពួកគេឱ្យរៀនជាមួយនឹងគ្រូភ្លេង ឬគ្រូបង្រៀនច្រៀង៕

អត្ថបទដើម៖ Benefits of Music at a Young Age

សារសំខាន់នៃការសិក្សាពីរភាសា

on Wednesday, 08 November 2017. Posted in Classes, Parenting Tips, Activities, Curriculum

ការ​ចាប់​ផ្ដើម​ឱ្យ​កូន​របស់​អ្នក​សិក្សា​ពីរ​ភាសា

ការ​អប់រំ​របស់​កូន​អ្នក គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ពិចារណា​សម្រាប់​ជីវិត​របស់​ពួក​គេ។ ការ​ជ្រើសរើស​សាលា​ដែល​ពួកគេ​ត្រូវ​ចូលរៀន គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ស្មុគ្រ​ស្មាញ និង​ធំ​មួយ។ មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​បាន​មក​ពីការ​សិក្សា​ពីរ​ភាសា។ ប្រសិន​បើ​កូន​របស់​អ្នក​ គឺ​ជា​កុមារ​ដែល​អាច​ស្គាល់​ភាសា​ចំនួន​ពីរ​ដែល​កំពុង​ប្រើ​នៅ​ផ្ទះ​ហើយ​ដល់​វ័យ​ចូល​រៀន នោះ​ការ​ជ្រើសរើស​សាលា​ដែល​ផ្ដល់​នូវ​ការ​សិក្សា​ភាសា​ចំនួន​ពីរ​ប្រាកដ​ជា​អាច​ជំរុញ​ភាសា​របស់​ពួកគេ​ឱ្យ​កាន់​តែ​ស្ទាត់​ជំនាញ។ ប្រសិន​បើ​កូន​របស់​អ្នក​អាច​និយាយ​បាន​តែ​មួយ​ភាសា នោះ​ការ​ចុះ​ឈ្មោះ​ចូលរៀន​សាលា​ភាសា​អាច​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​ភាសា​ថ្មី​មួយ​ទៀត​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ពួកគេ​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​ភាសា​នោះ​ទេ តែ​ថែម​ទាំង​អាច​បង្កើត​ឱកាស​ផ្សេងៗ​ឱ្យ​ពួកគេ​នា​ពេល​អនាគត​ផង​ដែរ។

Eric concentrating

 

អត្ថប្រយោជន៍នៃការយល់ដឹងក្នុងការសិក្សាពីរភាសា

ការ​សិក្សា​ពីរ​ភាសា​អាច​បង្កើន​មុខងារ​ប្រតិបត្តិ​របស់​ខួរ​ក្បាល។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា សិស្ស​ដែល​មាន​ជំនាញ​ពីរ​ភាសា​អាច​ប្រើ​ភាសា​ពីរ​បាន​ក្នុង​ពេល​តែ​មួយ អាច​ផ្លាស់​ប្ដូរ​ភាសា​បាន​ភ្លាម ហើយ​វា​ក៏​អាច​អភិវឌ្ឍ​មុខងារ​ជំនាញ​ផ្សេងៗ​ទៀត​ដូចជា ជំនាញ​ទប់​ស្កាត់ ផ្លាស់​ប្ដូរ​ការ​ផ្ចង់ និង​ការ​ធ្វើ​ការ​របស់​ខួរ​ក្បាល​។ ហេតុ​ដូចនេះ​ហើយ សិស្ស​ដែល​កំពុង​ទទួល​ការ​អប់រំ​ពីរ​ភាសា ច្រើន​តែ​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​តម្រូវ​ឱ្យ​ធ្វើ​ច្រើន​ប្រភេទ​ក្នុង​ពេល​តែ​មួយ ការ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ការ​ដោះស្រាយ​បញ្ហា​បាន​ល្អ​ប្រសើរ​ បើ​ទោះបី​ជា​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ប្រើ​ភាសា​នោះ​ដើម្បី​អ្វី​ក៏​ដោយ។

មានជម្រើសច្រើនសម្រាប់ការសិក្សានាពេលអនាគត

អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​សំខាន់​ដទៃ​ទៀត​នៃ​ការ​សិក្សា​ពីរ​ភាសា គឺ​ថា​កុមារ​មិន​ត្រឹមតែ​ត្រូវ​បាន​ចិញ្ចឹម​ដើម្បី​ចេះ​ពីរ​ភាសា​នោះ​ទេ តែ​ថែម​ទាំង​អាច​ប្រើ​ភាសា​ទាំង​ពីរ​នោះ​យ៉ាង​ច្បាស់​ផង​ដែរ។ ហេតុផល​នេះ​អាច​ឱ្យ​កូន​របស់​លោក​អ្នក​មាន​ជម្រើស​ច្រើន​ពេល​ដែល​ពួកគេ​ដល់​ពេល​ត្រូវ​ជ្រើស​រើស​ការ​សិក្សា​ផ្ទាល់​ខ្លួន​នា​ពេល​អនាគត​។ ពួកគេ​នឹង​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល​គេ​ចង់​ចូល​រៀន​នៅ​ប្រទេស​ណា​មួយ​ដោយ​អាស្រ័យ​លើ​ភាសា​ដែល​ពួកគេ​និយាយ។

វា​នឹង​ងាយ​ស្រួល​ជាង​មុន​សម្រាប់​ពួកគេ​ក្នុង​ការ​ចូល​រៀន​សាលា​នៅ​បរទេស ឬ​ក៏​ក្នុង​កម្មវិធី​សិក្សា​ខ្លី​ជា​ដើម​ដែល​ពួកគេ​អាច​សិក្សា​នៅ​ប្រទេស​ដទៃ​ដោយ​មាន​វប្បធម៌​មួយ​ដែល​មាន​ការ​ប្រើ​ភាសា​ទីពីរ​ជា​ជំនួយ​ក្នុង​សមត្ថភាព​យល់​ដឹង​របស់​ពួក​គេ។

ការ​សិក្សា​ពីរ​ភាសា​អាច​ពង្រីក​ឱកាស​អាជីព​នា​ពេល​អនាគត

ការ​ចេះ​ភាសា​ផ្សេង​មួយ​ទៀត​ស្ទាត់ អាច​ធ្វើ​ឱ្យ​បេក្ខជន​លេច​ធ្លោ​ជាង​គេ​​ដោយ​អាច​ឱ្យ​និយោជក​ងាយ​មើល​ឃើញ។ វា​ក៏​អាច​បើក​ទ្វារ​ដើម្បី​ចាប់​យក​ឱកាស​ផ្សេង​ទៀត​លើស​អ្នក​ដែល​គ្មាន​ជំនាញ​ទាំង​នេះ។

នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​សកល​នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​កំពុង​ស្វែង​រក​បុគ្គលិក​ដែល​មាន​ជំនាញ​ភាសា​ពីរ។ សម្រាប់​អ្នក​ដែល​ចេះ​ពីរ​ភាសា​ប្រាកដ​ជា​មាន​ឱកាស​ច្រើន។ បេក្ខជន​ដែល​មាន​ការ​អប់រំ​ពីរ​ភាសា​មាន​ភាព​លេច​ធ្លោខ្លាំង​ជាង​បុគ្គលិក​ដទៃ​ទៀត។

កុមារ​ដែល​មាន​ការ​អប់រំ​ចំនួន​ពីរ​ភាសា​អាច​ធ្វើការ​សម្រប​សម្រួល​ខ្លួន​បាន​គ្រប់​កាលៈ​ទេសៈ

ភាសា​មិនមែន​គ្រាន់តែ​ជា​ការ​សិក្សា​ពាក្យ ឬ​វេយ្យាករណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​សិក្សា​ពី​វប្បធម៌ និង​ជីវភាព​រស់​នៅ​ក្នុង​លក្ខណៈ​ផ្សេង​មួយ​ទៀត​ផង​ដែរ។ អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ពីរ​ភាសា​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​មើល​ឃើញ​កាន់​តែ​ទូលំទូលាយ និង​នាំ​ពួកគេ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ដែល​មាន​សញ្ជាតិ​ និង​ជាតិ​សាសន៍​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​ពិភព​មួយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ជានិច្ចកាល​នោះ ទំនាក់​ទំនង​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ និង​សំខាន់​។ កុមារ​ដែលអាច​ធ្វើ​ទំនាក់​ទំនង​បាន​ជាមួយ​នឹង​មនុស្ស​ដែល​មាន​វប្បធម៌​ចម្រុះ​គ្នា នឹង​មាន​ផល​ប្រយោជន៍​សម្រាប់​ជីវិត​របស់​ពួកគេ​នា​ពេល​អនាគត។

ការសម្រេចចិត្តនៅពេលពិចារណាក្នុងការសិក្សាពីរភាសា

លោក​អ្នក​ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ដើម្បី​ពិចារណា​ក្នុង​ការ​សិក្សា​ពីរ​ភាសា។ ជម្រើស​របស់​អ្នក​អាច​ត្រូវ​កំណត់​ដោយ​កត្តា​ជា​ច្រើន​ដូច​ជា ទី​កន្លែង​ដែល​អ្នក​រស់​នៅ និង​សាលា​បើក​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន។

តើ​អ្នក​នឹង​បញ្ជូន​កូន​របស់​អ្នក​ឱ្យ​ទៅ​រៀន​នៅ​សាលា​អន្តរជាតិ ឬ​សាលា​ដែល​បង្រៀន​ពីរ​ភាសា?

សាលា​ទាំង​ពីរ​នេះ​ពិត​ជា​ខុស​គ្នា។ សាលា​អន្តរជាតិ នឹង​បង្រៀន​សិស្ស​ទៅ​តាម​កម្មវិធី​សិក្សា​លក្ខណៈ​អន្តរជាតិ ហើយ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នឹង​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ចំណែក​ឯ​សាលា​ភាសា​វិញ ពួកគេ​នឹង​បង្រៀន​សិស្ស​ទៅ​តាម​កម្មវិធី​សិក្សា​ជាតិ ដោយ​នៅ​ក្នុង​ថ្នាក់​ខ្លះ​វិញ​មិន​មាន​ការ​បង្រៀន​ភាសា​ទាំង​ពីរ​ត្រឹម​ត្រូវ និង​មាន​តុល្យភាព​នោះ​ទេ។

តើភាសាអ្វីខ្លះដែលនឹងត្រូវបង្រៀន?

តើ​ភាសា​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​បង្រៀន​ដល់​កូន​របស់​អ្នក​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​សិក្សា​នោះ? គ្រប់​ភាសា​ទី 2 ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ប្រយោជន៍។ យ៉ាង​ណា​ក៏​ដោយ ការ​ជ្រើស​រើស​ភាសា​មួយ​ដែល​កូន​អ្នក​អាច​អនុវត្ត​បាន​ក្រៅ​ពី​នៅ​សាលា គឺ​ពិត​ជា​កាន់​តែ​ល្អ។

តើ​អ្នក​នឹង​ត្រូវ​ការ​គ្រូ​បង្រៀន​ភាសា​តាម​ផ្ទះ​ដើម្បី​ជួយ​កូន​ក្នុង​ការ​ធ្វើ​លំហាត់​កិច្ចការ​ផ្ទះ​ដែរ​ឬ​ទេ?

ការ​ផ្ដល់​នូវ​ការ​សិក្សា​ពីរ​ភាសា​ដល់​កូន មាន​ន័យ​ថា​លំហាត់​កិច្ចការ​ផ្ទះ​នឹង​មាន​ពីរ​ភាសា​ដូច​គ្នា។ ប្រសិន​បើ​អ្នក​មិន​អាច​និយាយ ឬ​ប្រើ​ភាសា​ដែល​គេ​កំពុង​រៀន​នោះ​ទេ ធ្វើ​យ៉ាង​ណា​ទើប​អ្នក​អាច​ជួយ​ណែនាំ​កូន​ក្នុង​ការ​ធ្វើ​លំហាត់​នោះ? ការ​ជួល​គ្រូ​បង្រៀន​តាម​ផ្ទះ គឺ​ជម្រើស​ដ៏​ពេញ​និយម​មួយ។

តើ​ការ​សិក្សា​ពីរ​ភាសា​ពិត​ជា​ស័ក្តិសម​នឹង​រៀន​ដែរ​ឬ​ទេ?

ពិត​ណាស់! ការ​សិក្សា​ពីរ​ភាសា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ហើយ​កុមារ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នោះ​យ៉ាង​ច្បាស់​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ៕

អត្ថបទដើម៖ The Benefits of a Bilingual Education 

អត្ថប្រយោជន៍របស់សិល្បៈ និងហត្ថកម្មនៅក្នុងការអប់រំសម្រាប់កុមារតូច

on Wednesday, 18 October 2017. Posted in Classes, Parenting Tips, Activities

ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​សកម្មភាព​ថ្មីៗ​សម្រាប់​កូន នោះ​អ្នក​គួរ​តែ​ពិចារណា​លើ​ការ​ធ្វើ​របស់​សិល្បៈ​ ឬ​ហត្ថកម្ម​នានា។

អត្ថបទ​ដើម​ដោយ អាណាន់យ៉ា សាប្រាមេនៀន

craft activities for kids1

អ្នក​អាច​ចាប់​ផ្ដើម​ឱ្យ​យោបល់​ពួកគេ​ឱ្យ​ចាប់​ផ្ដើម​បង្កើត​រូប​ចម្លាក់​តូចៗ​ដោយ​ប្រើ​ដី​ឥដ្ឋ ឬ​លាប​ពណ៌​ដោយ​ប្រើ​គូល័រ​ទៀន​ជា​ដើម បត់​ក្រដាស​ធ្វើ​រូប​សត្វ ឬ​រូបរាង​ផ្សេងៗ ធ្វើ​បណ្ណ​ជូនពរ​ខួប​កំណើត​ដោយ​ដៃ និង​មាន​វត្ថុ​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ និង​ចង់​បញ្ចេញ​សមត្ថភាព​។ លោក​អ្នក​អាច​បង្ហាញ​កូនៗ​ពី​វត្ថុ​ទាំង​នោះ ឬ​ជំរុញ​ពួកគេ​ឱ្យ​ទៅ​សាលារៀន​ នោះ​អ្នក​នឹង​ឃើញ​ការ​លូត​លាស់​របស់​គេ​ដូច​ជា ការ​លូត​លាស់​ផ្នែក​សរីរាង្គ សង្គម និង​ការ​យល់​ដឹង​ជា​ដើម។ ខាង​ក្រោម​នេះ​ គឺជា​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ទាំង​នោះ។

អត្ថប្រយោជន៍សម្រាប់រាងកាយ

អភិវឌ្ឍ​ជំនាញ​ការ​ប្រើ​ចលនា​សាច់​ដុំ៖ ស្ទើរ​តែ​គ្រប់​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ត្រូវ​ការ​ការ​ប្រើ​ចលនា​ដៃ និង​ម្រាម​ដៃ ពួក​វា​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ចលនា​សាច់ដុំ។ សូម្បី​តែ​សកម្មភាព​សាមញ្ញៗ​ខ្លះ​ដូច​ជា​ផាត់​ពណ៌​ដោយ​ប្រើ​ខ្មៅ​ដៃ ឬ​ជក់​សុទ្ធ​តែ​ជួយ​ពង្រឹង​សាច់​ដុំ និង​បង្កើន​ការ​គ្រប់គ្រង​សាច់​ដុំ។

បង្កើន​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​អាច​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ទី និង​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ​របស់​កុមារ។ ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្រើន​ដង ការ​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ប្រើ​ចលនា​សាច់​ដុំ ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ ជំនាញ​នៃ​ការ​ប្រើ​ល្បឿន និង​សិល្បៈ​នឹង​អភិវឌ្ឍ​ដូច​គ្នា។

អភិវឌ្ឍ​ការ​ប្រើ​ដៃ​ និង​ភ្នែក៖ ការ​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​តាំង​ពី​វ័យ​នៅ​តូចៗ​ អាច​នាំ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ប្រើ​ដៃ និង​ភ្នែក​បាន​ល្អ ហើយ​វា​នឹង​ជួយ​កុមារ​ក្នុង​ពេល​អនាគត​សម្រាប់​ថ្នាក់​បឋមសិក្សា​របស់​ពួក​គេ​ពេល​ដែល​ពួកគេ​សរសេរ​អក្សរ និង​ដកឃ្លា​ពាក្យ​នីមួយៗ។

អត្ថប្រយោជន៍សង្គម និងអារម្មណ៍

ជំរុញ​ឱ្យ​ចេះ​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន៖ ការ​ចូល​ក្នុង​សកម្មភាព​ដូចជា​សិល្បៈ និង​ហត្ថកម្ម​ជួយ​កុមារ​ឱ្យ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​ន័យ​ អាច​មើល​ឃើញ និង​ប្រកប​ដោយ​ភាព​វិជ្ជមាន។ គេ​ក៏​អាច​មាន​អារម្មណ៍​រីករាយ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ។ 

ជួយ​បង្កើន​ទំនាក់​ទំនង៖ ការ​នៅ​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅក្នុង​ថ្នាក់​សិល្បៈ​ផ្ដល់​ឱ្យ​កុមារ​នូវ​ឱកាស​ក្នុង​ការ​ទាក់​ទង និង​រាប់​អាន​ជាមួយ​នឹង​កុមារ​ផ្សេង​ទៀត​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា។ ហើយ​នៅ​ពេល​ដែល​ឪពុកម្ដាយ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​កូន​កំពុង​ធ្វើ​ ​វា​ក៏​អាច​រិត​ចំណង​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយ និង​កូន​ផង​ដែរ។

បង្កើន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​​ឯង៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​បង្កើត​នូវ​អារម្មណ៍​មោទនភាព និង​សមិទ្ធិផល​ដល់​កុមារ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួកគេ​មាន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​ឯង។

អត្ថប្រយោជន៍នៃការយល់ដឹង

បង្កើន​ការ​បង្កើត​ថ្មី និង​សមត្ថភាព​ច្នៃ​ប្រឌិដ្ឋ៖ ឱកាស​ក្នុងការ​បង្កើត​អ្វី​ដែល​កុមារ​ចង់​បង្កើត​សម្រាប់​ការ​ច្នៃប្រឌិដ្ឋ និង​សមត្ថភាព​ក្នុង​ការ​គិត និង​ដោះ​ស្រាយ​បញ្ហា​ដែល​គេ​អាច​ជួប​ប្រទះ​ក្នុង​ពេល​បង្កើត​អ្វី​ដែល​ថ្មី​នោះ។

បង្កើន​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត៖ ការ​ប្រឈម​មុខ និង​​ការ​ដោះ​ស្រាយ​បញ្ហា​សិល្បៈ​នឹង​ជួយ​កុមារ​ឱ្យ​រៀន​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រឹម​ត្រូវ។ ជំនាញ​នេះ​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​ឥរិយាបថ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ​នា​ពេល​អនាគត។

បង្កើន​ការ​សិក្សា និង​ការ​ចងចាំ​ឱ្យ​ប្រសើរ​ឡើង៖ តាម​រយៈ​សិល្បៈ និង​ហត្ថកម្ម កុមារ​មិន​ត្រឹម​តែ​សិក្សា​ពី​រូបរាង និង​ពណ៌ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ក្លាយ​ជា​រូបរាង​ប្លែក​ជាង​នេះ​ទៀត។ សកម្មភាព​ដូចជា​ការ​បង្កើត​គ្រឿង​អលង្ការ ឬ​រូប​សំណាក​​ក៏​ត្រូវ​ការ​ការបង្ហាញ​ជា​រូបរាង និង​ការទន្ទេញ​ឱ្យ​ចាំ​នូវ​ការ​រចនា​ដ៏​សាំញ៉ាំ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។

អត្ថប្រយោជន៍​ផ្សេងៗ​នៃ​សិល្បៈ និង​ហត្ថកម្ម​ក៏​អាច​ពង្រីក​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ និង​លទ្ធផល​ក្នុង​ការ​សិក្សាក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការ​សិក្សា និង​ការ​ធ្វើ​វត្ថុ​សិល្បៈ និង​កិច្ចការ​ហត្ថកម្ម​យ៉ាង​ច្រើន​នេះ​ហើយ រួម​ជា​មួយ​នឹង​ភាព​សប្បាយ​រីករាយ​ និង​រំភើប​ហើយ​នោះ ហើយអី​ក៏​អ្នក​មិន​អនុញ្ញាត​ឱ្យ​កូន​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ? 

អត្ថបទដើម៖ Benefits Of Arts And Craft In Early Education

សារសំខាន់នៃការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូន

on Tuesday, 10 October 2017. Posted in Classes, Parenting Tips, Activities

ការ​ចូលរួម​របស់​ឪពុក​ម្ដាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​សិក្សា​របស់​កូន។ វា​អាច​បង្កើត​នូវ​ភាព​ខុស​ប្លែក​ក្នុង​ជីវិត​សិក្សា​របស់​កូន​របស់​អ្នក ទាំង​ក្នុង​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការ​រីករាយ​នៅ​សាលា​រៀន។

large thumb 001parent teach

ហេតុអ្វីបានជាត្រូវមានការចូលរួម?

ការ​ចូលរួម​របស់​ឪពុកម្ដាយ​ត្រូវ​បាន​គេ​សម្គាល់​ដោយ​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ឥរិយាបថ វត្តមាន​ទៀងទាត់​នៅ​សាលា និង​អាកប្បកិរិយា​វិជ្ជមាន។ បន្ថែម​ពី​នេះ​ទៀត ការ​ចូលរួម​របស់​អ្នក​អាច​បង្ហាញ​កូន​របស់​អ្នក​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ។ មូលហេតុនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កូនៗ​ឱ្យ​តម្លៃ​លើ​សារ​សំខាន់​នៃ​ការ​សិក្សា និង​អាច​ឱ្យ​ពួក​គេ​យល់​ពី​គោល​បំណង​ដែល​ពួកគេ​កំពុង​ធ្វើអ្វី​មួយ​ថែម​ទៀត​ផង។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​ផ្ដល់​នូវ​បណ្ដាញ​គាំ​ទ្រ​សម្រាប់​​កូន​ដែល​មាន​សារ​សំខាន់​ពេល​ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​សិក្សា ឬ​បញ្ហា​នានា​ទាក់​ទង​នឹង​មិត្តភាព ឬ​ក៏​សកម្មភាព​សិក្សា​បន្ថែម​ជាដើម​។ នេះ​មាន​ន័យថា​អ្នក​ដឹង​ច្បាស់​ថាវិថី​អប់រំ​ណា​ដែល​កូន​លោក​អ្នក​កំពុង​ដើរ និង​អាច​ចូល​រួម​ចំណែក​ពេល​គេ​មាន​បញ្ហា ឬ​ទទួល​ជោគជ័យ​ទៀត​ផង។

សរុប​មក កុមារ​ណា​ដែល​មាន​ឪពុកម្ដាយ​ចូលរួម​ក្នុង​ការ​សិក្សា​អប់រំ​ជាមួយ ច្រើនតែ​មាន​ការ​គោរព​ខ្លួន​ឯង​ច្រើន មាន​វិន័យ​ល្អ មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ខ្ពស់ អាច​ទទួល​បាន​និទ្ទេស​ល្អ​ក្នុង​ការ​សិក្សា​ដោយ​មិន​ចាំ​បាច់​ត្រូវ​គិត​ពី​ជីវភាព ស​ង្គម ឬ​សញ្ជាតិ​អ្វី​ឡើយ។

អត្ថប្រយោជន៍សម្រាប់អ្នក

ដូចគ្នា​នឹង​ការ​បង្កើត​កម្លាំង​ជំរុញ​ទឹក​ចិត្ត និង​ការ​ផ្ដល់​នូវ​វិន័យ​ដល់​កូនៗ​ដែរ ការ​ចូលរួម​ចំណែក​របស់​លោក​អ្នក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក។ ការ​ដែល​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​របស់​កូន អ្នក​នឹង​ដឹង​ថា​តើកូន​មាន​តម្រូវ​ការ​ផ្នែក​អារម្មណ៍ និង​ផ្នែក​សង្គម​អ្វី​ខ្លះ។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​បង្កើត​នូវ​ចំណង​ដ៏​រឹង​មាំ​ជាមួយ​កូនៗ និង​អាច​បង្កើន​ទំនុកចិត្ត​នៃ​ភាព​ជា​ឪពុក​ម្ដាយ​កាន់​តែ​ខ្លាំង ព្រម​ទាំង​អាច​សម្រេច​ចិត្ត​បាន​គ្រប់​រឿង​ពេល​ដែល​ទាក់ទង​នឹង​ការ​សិក្សា​របស់​កូន។

វាក៏​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​អ្នក​នឹង​ខាង​សាលារៀន​កាន់​តែ​ល្អ អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​គ្រូ ឪពុក​ម្ដាយ និង​សិស្ស​កាន់​តែ​ជិត​ដិត។ ចំណុច​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ជំនឿ​ចិត្ត​ច្រើន​ជាង​មុន​នៅ​សាលា​រៀន​ចំពោះ​ការ​សិក្សា​អប់រំ​របស់​កូន។ សាលា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ឪពុក​ម្ដាយ​សិស្ស​ក្នុង​កម្រិត​ខ្ពស់​តែងតែ​មាន​ការ​ជួយគាំទ្រ​សហគមន៍​បាន​ល្អ និង​មាន​កិត្តិនាម​វិជ្ជមាន។ ជាង​នេះ​ទៀត​ ពេល​ដែល​កូន​របស់​អ្នក​ឃើញ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​សាលា​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ ពួកគេ​នឹង​យល់​ពីសារសំខាន់​នៃ​ការ​សិក្សា​របស់​ពួក​គេ។

អត្ថប្រយោជន៍សម្រាប់កូនរបស់អ្នក

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា 2/3 នៃ​គ្រូ​បង្រៀន​ជឿ​ថា​ការ​ចូល​រួម​ពី​ឪពុកម្ដាយ​ចំពោះ​ការ​សិក្សា​របស់​កូន​អាច​ឱ្យ​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា។ ដូចការ​រៀបរាប់​ខាង​លើ កុមារ​នឹង​ទទួល​បាន​ពិន្ទុ​ល្អ​ជាង​មុន និង​មាន​ចិត្ត​ចង់​រៀន​ជាង​មុន​ពេល​ដែល​ឪពុក​ម្ដាយ​គេ​មាន​ការ​ចូល​រួម​ជាមួយ​ពួក​គេ។ ក្នុង​នោះ​មាន​ហេតុផល​មួយ​ចំនួន​សម្រាប់​ការ​អះ​អាង​នេះ។

ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចូលរួម​របស់​ឪពុកម្ដាយ​ជួយ​ឱ្យ​កូន​មាន​ស្មារតី និង​អាច​ឱ្យ​ពួកគេ​​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​ គឺ​ជា​ចំណាប់​អារម្មណ៍​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ធំ។ ព្រោះ​តែ​កុមារ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ យើងជា​ឪពុក​ម្ដាយ​ត្រូវ​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា​របស់​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​រៀន​ពី​សារ​សំខាន់​នៃ​ការ​សិក្សា និង​ព្យាយាម​ធ្វើ​តាម​ឪពុក​ម្ដាយ​របស់​ពួក​គេ។ វា​ក៏​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​មិន​មែន​សម្រាប់​តែ​ពួក​គេ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​កិច្ច​សហការ​របស់​សិស្ស គ្រូ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។ ពេល​ដែល​អ្នក​ទាំង ៣ សហការ​គ្នា​នោះ​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​នា​ពេល​អនាគត។ កុមារ​ដែល​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គេ​នឹង​មាន​អារម្មណ៍​ចង់​រៀន​ខ្លាំង ហើយ​វត្តមាន​នៅ​សាលា​ក៏​កាន់​តែ​សំខាន់​សម្រាប់​ពួក​គេ។

ការ​ចូលរួម​ពី​អ្នក​ក៏​អាច​ជំរុញ​សុខភាព​ផ្លូវចិត្ត​កូន​ផង​ដែរ។ វា​ជួយឱ្យ​មាន​ទំនាក់​ទំនង​រវាង​កូន និង​ឪពុកម្ដាយ ដែល​អាច​បង្កើត​នូវ​ការ​គោរព​ខ្លួនឯង និង​ភាព​ជឿជាក់​ខ្ពស់។ វា​ក៏​អាច​ជួយ​កុមារ​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយនឹង​មិត្ត​របស់​ពួក​គេ និង​បង្កើត​ជំនាញ​​ទំនាក់​​ទំនង​​ក្នុង​​សង្គម​​ជា​ដើម។

ដោយ​សារ​​តែ​​ការ​​ចូល​រួម​​​ពី​​ឪពុក​ម្ដាយ​​មាន​សារ​សំខាន់​ច្រើន​សម្រាប់​អ្នក គ្រូ​បង្រៀន និង​កូន​ហើយ​នោះ​  អ្នក​ត្រូវ​ជួយ​គាត់​ដោយ​គិត​ថា​អ្នក​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​អាច​ចូល​រួម​ជាមួយ​ពួក​គេ​បាន៕

អត្ថបទដើម៖ The Importance of Parental Involvement in Your Child's Education

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.