អត្ថប្រយោជន៍របស់សិល្បៈ និងហត្ថកម្មនៅក្នុងការអប់រំសម្រាប់កុមារតូច

on Wednesday, 18 October 2017. Posted in Classes, Parenting Tips, Activities

ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​សកម្មភាព​ថ្មីៗ​សម្រាប់​កូន នោះ​អ្នក​គួរ​តែ​ពិចារណា​លើ​ការ​ធ្វើ​របស់​សិល្បៈ​ ឬ​ហត្ថកម្ម​នានា។

អត្ថបទ​ដើម​ដោយ អាណាន់យ៉ា សាប្រាមេនៀន

craft activities for kids1

អ្នក​អាច​ចាប់​ផ្ដើម​ឱ្យ​យោបល់​ពួកគេ​ឱ្យ​ចាប់​ផ្ដើម​បង្កើត​រូប​ចម្លាក់​តូចៗ​ដោយ​ប្រើ​ដី​ឥដ្ឋ ឬ​លាប​ពណ៌​ដោយ​ប្រើ​គូល័រ​ទៀន​ជា​ដើម បត់​ក្រដាស​ធ្វើ​រូប​សត្វ ឬ​រូបរាង​ផ្សេងៗ ធ្វើ​បណ្ណ​ជូនពរ​ខួប​កំណើត​ដោយ​ដៃ និង​មាន​វត្ថុ​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ និង​ចង់​បញ្ចេញ​សមត្ថភាព​។ លោក​អ្នក​អាច​បង្ហាញ​កូនៗ​ពី​វត្ថុ​ទាំង​នោះ ឬ​ជំរុញ​ពួកគេ​ឱ្យ​ទៅ​សាលារៀន​ នោះ​អ្នក​នឹង​ឃើញ​ការ​លូត​លាស់​របស់​គេ​ដូច​ជា ការ​លូត​លាស់​ផ្នែក​សរីរាង្គ សង្គម និង​ការ​យល់​ដឹង​ជា​ដើម។ ខាង​ក្រោម​នេះ​ គឺជា​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ទាំង​នោះ។

អត្ថប្រយោជន៍សម្រាប់រាងកាយ

អភិវឌ្ឍ​ជំនាញ​ការ​ប្រើ​ចលនា​សាច់​ដុំ៖ ស្ទើរ​តែ​គ្រប់​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​ត្រូវ​ការ​ការ​ប្រើ​ចលនា​ដៃ និង​ម្រាម​ដៃ ពួក​វា​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ចលនា​សាច់ដុំ។ សូម្បី​តែ​សកម្មភាព​សាមញ្ញៗ​ខ្លះ​ដូច​ជា​ផាត់​ពណ៌​ដោយ​ប្រើ​ខ្មៅ​ដៃ ឬ​ជក់​សុទ្ធ​តែ​ជួយ​ពង្រឹង​សាច់​ដុំ និង​បង្កើន​ការ​គ្រប់គ្រង​សាច់​ដុំ។

បង្កើន​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​អាច​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ទី និង​ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ​របស់​កុមារ។ ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្រើន​ដង ការ​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ប្រើ​ចលនា​សាច់​ដុំ ជំនាញ​ក្នុង​ការ​ប្រើ​ម្រាម​ដៃ ឬ​ដៃ ជំនាញ​នៃ​ការ​ប្រើ​ល្បឿន និង​សិល្បៈ​នឹង​អភិវឌ្ឍ​ដូច​គ្នា។

អភិវឌ្ឍ​ការ​ប្រើ​ដៃ​ និង​ភ្នែក៖ ការ​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​តាំង​ពី​វ័យ​នៅ​តូចៗ​ អាច​នាំ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ប្រើ​ដៃ និង​ភ្នែក​បាន​ល្អ ហើយ​វា​នឹង​ជួយ​កុមារ​ក្នុង​ពេល​អនាគត​សម្រាប់​ថ្នាក់​បឋមសិក្សា​របស់​ពួក​គេ​ពេល​ដែល​ពួកគេ​សរសេរ​អក្សរ និង​ដកឃ្លា​ពាក្យ​នីមួយៗ។

អត្ថប្រយោជន៍សង្គម និងអារម្មណ៍

ជំរុញ​ឱ្យ​ចេះ​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន៖ ការ​ចូល​ក្នុង​សកម្មភាព​ដូចជា​សិល្បៈ និង​ហត្ថកម្ម​ជួយ​កុមារ​ឱ្យ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​ន័យ​ អាច​មើល​ឃើញ និង​ប្រកប​ដោយ​ភាព​វិជ្ជមាន។ គេ​ក៏​អាច​មាន​អារម្មណ៍​រីករាយ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ។ 

ជួយ​បង្កើន​ទំនាក់​ទំនង៖ ការ​នៅ​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅក្នុង​ថ្នាក់​សិល្បៈ​ផ្ដល់​ឱ្យ​កុមារ​នូវ​ឱកាស​ក្នុង​ការ​ទាក់​ទង និង​រាប់​អាន​ជាមួយ​នឹង​កុមារ​ផ្សេង​ទៀត​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា។ ហើយ​នៅ​ពេល​ដែល​ឪពុកម្ដាយ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​កូន​កំពុង​ធ្វើ​ ​វា​ក៏​អាច​រិត​ចំណង​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយ និង​កូន​ផង​ដែរ។

បង្កើន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​​ឯង៖ សកម្មភាព​សិល្បៈ និង​ហត្ថកម្ម​បង្កើត​នូវ​អារម្មណ៍​មោទនភាព និង​សមិទ្ធិផល​ដល់​កុមារ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួកគេ​មាន​ការ​ឱ្យ​តម្លៃ​លើ​ខ្លួន​ឯង។

អត្ថប្រយោជន៍នៃការយល់ដឹង

បង្កើន​ការ​បង្កើត​ថ្មី និង​សមត្ថភាព​ច្នៃ​ប្រឌិដ្ឋ៖ ឱកាស​ក្នុងការ​បង្កើត​អ្វី​ដែល​កុមារ​ចង់​បង្កើត​សម្រាប់​ការ​ច្នៃប្រឌិដ្ឋ និង​សមត្ថភាព​ក្នុង​ការ​គិត និង​ដោះ​ស្រាយ​បញ្ហា​ដែល​គេ​អាច​ជួប​ប្រទះ​ក្នុង​ពេល​បង្កើត​អ្វី​ដែល​ថ្មី​នោះ។

បង្កើន​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត៖ ការ​ប្រឈម​មុខ និង​​ការ​ដោះ​ស្រាយ​បញ្ហា​សិល្បៈ​នឹង​ជួយ​កុមារ​ឱ្យ​រៀន​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រឹម​ត្រូវ។ ជំនាញ​នេះ​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​ឥរិយាបថ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ​នា​ពេល​អនាគត។

បង្កើន​ការ​សិក្សា និង​ការ​ចងចាំ​ឱ្យ​ប្រសើរ​ឡើង៖ តាម​រយៈ​សិល្បៈ និង​ហត្ថកម្ម កុមារ​មិន​ត្រឹម​តែ​សិក្សា​ពី​រូបរាង និង​ពណ៌ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ក្លាយ​ជា​រូបរាង​ប្លែក​ជាង​នេះ​ទៀត។ សកម្មភាព​ដូចជា​ការ​បង្កើត​គ្រឿង​អលង្ការ ឬ​រូប​សំណាក​​ក៏​ត្រូវ​ការ​ការបង្ហាញ​ជា​រូបរាង និង​ការទន្ទេញ​ឱ្យ​ចាំ​នូវ​ការ​រចនា​ដ៏​សាំញ៉ាំ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។

អត្ថប្រយោជន៍​ផ្សេងៗ​នៃ​សិល្បៈ និង​ហត្ថកម្ម​ក៏​អាច​ពង្រីក​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ និង​លទ្ធផល​ក្នុង​ការ​សិក្សាក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការ​សិក្សា និង​ការ​ធ្វើ​វត្ថុ​សិល្បៈ និង​កិច្ចការ​ហត្ថកម្ម​យ៉ាង​ច្រើន​នេះ​ហើយ រួម​ជា​មួយ​នឹង​ភាព​សប្បាយ​រីករាយ​ និង​រំភើប​ហើយ​នោះ ហើយអី​ក៏​អ្នក​មិន​អនុញ្ញាត​ឱ្យ​កូន​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ? 

អត្ថបទដើម៖ Benefits Of Arts And Craft In Early Education

សារសំខាន់នៃការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូន

on Tuesday, 10 October 2017. Posted in Classes, Parenting Tips, Activities

ការ​ចូលរួម​របស់​ឪពុក​ម្ដាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​សិក្សា​របស់​កូន។ វា​អាច​បង្កើត​នូវ​ភាព​ខុស​ប្លែក​ក្នុង​ជីវិត​សិក្សា​របស់​កូន​របស់​អ្នក ទាំង​ក្នុង​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការ​រីករាយ​នៅ​សាលា​រៀន។

large thumb 001parent teach

ហេតុអ្វីបានជាត្រូវមានការចូលរួម?

ការ​ចូលរួម​របស់​ឪពុកម្ដាយ​ត្រូវ​បាន​គេ​សម្គាល់​ដោយ​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ឥរិយាបថ វត្តមាន​ទៀងទាត់​នៅ​សាលា និង​អាកប្បកិរិយា​វិជ្ជមាន។ បន្ថែម​ពី​នេះ​ទៀត ការ​ចូលរួម​របស់​អ្នក​អាច​បង្ហាញ​កូន​របស់​អ្នក​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ។ មូលហេតុនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កូនៗ​ឱ្យ​តម្លៃ​លើ​សារ​សំខាន់​នៃ​ការ​សិក្សា និង​អាច​ឱ្យ​ពួក​គេ​យល់​ពី​គោល​បំណង​ដែល​ពួកគេ​កំពុង​ធ្វើអ្វី​មួយ​ថែម​ទៀត​ផង។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​ផ្ដល់​នូវ​បណ្ដាញ​គាំ​ទ្រ​សម្រាប់​​កូន​ដែល​មាន​សារ​សំខាន់​ពេល​ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​សិក្សា ឬ​បញ្ហា​នានា​ទាក់​ទង​នឹង​មិត្តភាព ឬ​ក៏​សកម្មភាព​សិក្សា​បន្ថែម​ជាដើម​។ នេះ​មាន​ន័យថា​អ្នក​ដឹង​ច្បាស់​ថាវិថី​អប់រំ​ណា​ដែល​កូន​លោក​អ្នក​កំពុង​ដើរ និង​អាច​ចូល​រួម​ចំណែក​ពេល​គេ​មាន​បញ្ហា ឬ​ទទួល​ជោគជ័យ​ទៀត​ផង។

សរុប​មក កុមារ​ណា​ដែល​មាន​ឪពុកម្ដាយ​ចូលរួម​ក្នុង​ការ​សិក្សា​អប់រំ​ជាមួយ ច្រើនតែ​មាន​ការ​គោរព​ខ្លួន​ឯង​ច្រើន មាន​វិន័យ​ល្អ មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ខ្ពស់ អាច​ទទួល​បាន​និទ្ទេស​ល្អ​ក្នុង​ការ​សិក្សា​ដោយ​មិន​ចាំ​បាច់​ត្រូវ​គិត​ពី​ជីវភាព ស​ង្គម ឬ​សញ្ជាតិ​អ្វី​ឡើយ។

អត្ថប្រយោជន៍សម្រាប់អ្នក

ដូចគ្នា​នឹង​ការ​បង្កើត​កម្លាំង​ជំរុញ​ទឹក​ចិត្ត និង​ការ​ផ្ដល់​នូវ​វិន័យ​ដល់​កូនៗ​ដែរ ការ​ចូលរួម​ចំណែក​របស់​លោក​អ្នក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក។ ការ​ដែល​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​របស់​កូន អ្នក​នឹង​ដឹង​ថា​តើកូន​មាន​តម្រូវ​ការ​ផ្នែក​អារម្មណ៍ និង​ផ្នែក​សង្គម​អ្វី​ខ្លះ។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​បង្កើត​នូវ​ចំណង​ដ៏​រឹង​មាំ​ជាមួយ​កូនៗ និង​អាច​បង្កើន​ទំនុកចិត្ត​នៃ​ភាព​ជា​ឪពុក​ម្ដាយ​កាន់​តែ​ខ្លាំង ព្រម​ទាំង​អាច​សម្រេច​ចិត្ត​បាន​គ្រប់​រឿង​ពេល​ដែល​ទាក់ទង​នឹង​ការ​សិក្សា​របស់​កូន។

វាក៏​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​អ្នក​នឹង​ខាង​សាលារៀន​កាន់​តែ​ល្អ អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​គ្រូ ឪពុក​ម្ដាយ និង​សិស្ស​កាន់​តែ​ជិត​ដិត។ ចំណុច​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ជំនឿ​ចិត្ត​ច្រើន​ជាង​មុន​នៅ​សាលា​រៀន​ចំពោះ​ការ​សិក្សា​អប់រំ​របស់​កូន។ សាលា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ឪពុក​ម្ដាយ​សិស្ស​ក្នុង​កម្រិត​ខ្ពស់​តែងតែ​មាន​ការ​ជួយគាំទ្រ​សហគមន៍​បាន​ល្អ និង​មាន​កិត្តិនាម​វិជ្ជមាន។ ជាង​នេះ​ទៀត​ ពេល​ដែល​កូន​របស់​អ្នក​ឃើញ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​សាលា​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ ពួកគេ​នឹង​យល់​ពីសារសំខាន់​នៃ​ការ​សិក្សា​របស់​ពួក​គេ។

អត្ថប្រយោជន៍សម្រាប់កូនរបស់អ្នក

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា 2/3 នៃ​គ្រូ​បង្រៀន​ជឿ​ថា​ការ​ចូល​រួម​ពី​ឪពុកម្ដាយ​ចំពោះ​ការ​សិក្សា​របស់​កូន​អាច​ឱ្យ​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា។ ដូចការ​រៀបរាប់​ខាង​លើ កុមារ​នឹង​ទទួល​បាន​ពិន្ទុ​ល្អ​ជាង​មុន និង​មាន​ចិត្ត​ចង់​រៀន​ជាង​មុន​ពេល​ដែល​ឪពុក​ម្ដាយ​គេ​មាន​ការ​ចូល​រួម​ជាមួយ​ពួក​គេ។ ក្នុង​នោះ​មាន​ហេតុផល​មួយ​ចំនួន​សម្រាប់​ការ​អះ​អាង​នេះ។

ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចូលរួម​របស់​ឪពុកម្ដាយ​ជួយ​ឱ្យ​កូន​មាន​ស្មារតី និង​អាច​ឱ្យ​ពួកគេ​​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​ គឺ​ជា​ចំណាប់​អារម្មណ៍​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ធំ។ ព្រោះ​តែ​កុមារ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ យើងជា​ឪពុក​ម្ដាយ​ត្រូវ​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា​របស់​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​រៀន​ពី​សារ​សំខាន់​នៃ​ការ​សិក្សា និង​ព្យាយាម​ធ្វើ​តាម​ឪពុក​ម្ដាយ​របស់​ពួក​គេ។ វា​ក៏​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​មិន​មែន​សម្រាប់​តែ​ពួក​គេ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​កិច្ច​សហការ​របស់​សិស្ស គ្រូ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។ ពេល​ដែល​អ្នក​ទាំង ៣ សហការ​គ្នា​នោះ​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​នា​ពេល​អនាគត។ កុមារ​ដែល​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គេ​នឹង​មាន​អារម្មណ៍​ចង់​រៀន​ខ្លាំង ហើយ​វត្តមាន​នៅ​សាលា​ក៏​កាន់​តែ​សំខាន់​សម្រាប់​ពួក​គេ។

ការ​ចូលរួម​ពី​អ្នក​ក៏​អាច​ជំរុញ​សុខភាព​ផ្លូវចិត្ត​កូន​ផង​ដែរ។ វា​ជួយឱ្យ​មាន​ទំនាក់​ទំនង​រវាង​កូន និង​ឪពុកម្ដាយ ដែល​អាច​បង្កើត​នូវ​ការ​គោរព​ខ្លួនឯង និង​ភាព​ជឿជាក់​ខ្ពស់។ វា​ក៏​អាច​ជួយ​កុមារ​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយនឹង​មិត្ត​របស់​ពួក​គេ និង​បង្កើត​ជំនាញ​​ទំនាក់​​ទំនង​​ក្នុង​​សង្គម​​ជា​ដើម។

ដោយ​សារ​​តែ​​ការ​​ចូល​រួម​​​ពី​​ឪពុក​ម្ដាយ​​មាន​សារ​សំខាន់​ច្រើន​សម្រាប់​អ្នក គ្រូ​បង្រៀន និង​កូន​ហើយ​នោះ​  អ្នក​ត្រូវ​ជួយ​គាត់​ដោយ​គិត​ថា​អ្នក​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​អាច​ចូល​រួម​ជាមួយ​ពួក​គេ​បាន៕

អត្ថបទដើម៖ The Importance of Parental Involvement in Your Child's Education

កុមារ និងសារសំខាន់នៃមិត្តភាព

on Tuesday, 26 September 2017. Posted in Parenting Tips, Activities

Traits Of Kids Whove Been Disciplined 640x400

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង​ចាំ​នូវ​មិត្ត​ដំបូង​បំផុត​របស់​យើង។ ពួកគេ​ជា​អ្នក​ដែល​យើង​ចង់​ជួប​ជាង​គេ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​នោះ ជា​អ្នក​ដែល​យើង​ចង់​ជួប​នៅ​ក្នុង​សាលា លេង​ជាមួយគ្នា​ដោយ​ភាព​ជឿ​ជាក់​ និង​សប្បាយ​រីករាយ។ សូម្បី​តែ​ឥឡូវ ខណៈ​យើង​ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ មិត្តភក្ដិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ តាំង​ពី​ការ​ចែក​រំលែក​បញ្ហា ការ​សួរ​រក​ដំបូន្មាន ការ​ចែក​រំលែក​សំណើច​ និង​ពេល​វេលា​ល្អៗ ការ​ចែក​រំលែក​ព្រឹត្តិការណ៍​ក្នុង​ជីវិត ព្រឹត្តិការណ៍​ដែល​មាន​មោទនភាព​បំផុត នោះ​មិត្ត​ភក្ដិ​របស់​យើង​ជួយ​កំណត់​ឱ្យ​យើង​ទៅ​វិញ​ទៅ​មក​ថា​យើង​ជា​នរណា។  

សម្រាប់​កុមារ​វិញ ការ​រាប់​អាន​មិត្ត គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​លូត​លាស់ និង​ផ្នែក​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​សង្គម និង​អារម្មណ៍។ លក្ខណៈ​សំខាន់​ផ្សេងៗ​ដូច​ជា ការ​យល់​ដឹង​ផ្នែក​ទំនាក់​ទំនង​សង្គម ការ​ចេះ​គិត​គូរ​ពី​អ្នក​ដទៃ ការ​គោរព​ខ្លួន​ឯង និង​ការ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​សុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ​ដោយ​មាន​ការ​ទាក់​ទង​នឹង​ការមាន​មិត្ត។ តាម​រយៈ​ការ​សិក្សា​មួយបាន​បង្ហាញ​ថា មិត្តភាព​អាច​ធ្វើ​ឱ្យកុមារ​មាន​សមត្ថភាព​ស្វែង​យល់​ពី​ខ្លួន​ឯង និង​អភិវឌ្ឍ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន។ ជាង​នេះ​ទៀត ភាព​ចាស់​ទុំ​របស់​កុមារ មិត្តភក្ដិ​អាច​ជួយ​អ្នក​កាត់​បន្ថយ​ភាព​តាន​តឹង និង​ចង្អុរ​បង្ហាញ​ពី​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ ជា​ពិសេស​ក្នុង​អំឡុង​ពេល​យុវវ័យ។

ប៉ុន្តែ វា​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​ទំនាក់​ទំនង​សង្គម និង​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​មិត្តភក្ដិ​ក៏​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​លើ​សុខភាព​របស់​កុមារ​ផង​ដែរ។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា កុមារ​ដែល​លេង​ជាមួយ​មិត្តភក្ដិ​ដែល​សកម្ម​ញឹកញាប់​ហាក់​ដូច​ជា​មិន​មែន​ជា​បញ្ហា​ឡើយ​ពេល​ដែល​ពួកគេ​មិន​បាន​ធ្វើការ​ហាត់​ប្រាណ ឬ​ក៏​បញ្ចេញ​សកម្មភាព​ដែល​បង្ហាញ​ពី​ស្មារតី​ស្វាហាប់ ឬ​ខ្វះ​ភាព​សប្បាយ​រីករាយ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​មែន​ងាយ​ស្រួល​រហូត​ឡើយ​សម្រាប់​កុមារ​ក្នុង​ការ​ដឹង​ថា​គួរ​គ្រប់​គ្រង​មិត្តភាព​យ៉ាង​ដូច​ម្ដេច និង​ការ​សិក្សា​ថា​តើ​គួរ​រក្សា និង​រាប់អាន​មិត្ត​ថ្មី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំនាញ​ដែល​កុមារ​ត្រូវ​ការ​រៀន និង​អភិវឌ្ឍ។ សម្រាប់​កុមារ​ខ្លះ ជំនាញ​ទាំង​នោះ​មាន​ស្រាប់​សម្រាប់​ពួក​គេ ដែល​ធ្វើឱ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ក្រុម​មិត្ត​ភក្ដិ ការ​ចែក​រំលែកបទ​ពិសោធន៍​ផ្ទាល់​ខ្លួន និង​ការ​បើក​ចិត្ត​ទទួល​មិត្ត​ថ្មី​ជា​ដើម។

សម្រាប់​មនុស្ស​ខ្លះ​ទៀត ការ​បង្កើត​មិត្តភាព​អាច​នឹង​ពិបាក​ក្នុង​ការ​ចាប់​ផ្ដើម។

វា​មាន​សារប្រយោជន៍​សម្រាប់​កុមារ​ដើម្បី​គ្រប់​គ្រង់ និង​បង្កើត​ទំនាក់​ទំនង​ដោយ​ខ្លួន​ឯង ទោះបី​ជា​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ចង់​ទទួល​ខុស​ត្រូវ ឬ​ជ្រៀតជ្រែក​ក៏​ដោយ។ ប៉ុន្តែ មាន​វិធី​ផ្សេង​ទៀត​ដែល​យើង​​អាច​ជួយ​កុមារ​ឱ្យចេះប​ង្កើត​មិត្តភាព ក្លាយជា​ក្មេង​ដែល​មាន​ភាព​ទុកចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន និង​ជួយ​ពួក​គេ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ជំនាញ​សង្គម​របស់​ពួកគេ។

  • ជួយ​កូន​ឱ្យ​ចេះ​អភិវឌ្ឍ​ជំនាញ​សង្គម​វិជ្ជមាន​តាំង​ពី​តូច។ ជួយ​ពួកគេ​ឱ្យ​យល់​ពី​សារសំខាន់​នៃ​ការ​ចែក​រំលែក ការ​យល់ពី​អារម្មណ៍​របស់​អ្នក​ដទៃ និង​ការ​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ទាំង​នេះ​សុទ្ធ​តែ​អាច​ប្រើ​ដើម្បី​រៀប​ចំ​ឱកាស​សម្រាប់​កូន​របស់​អ្នក​ក្នុង​ការ​ជួយ​មនុស្ស​ប្លែកៗ​គ្នា​ជា​ច្រើន។
  • បង្ហាញ​កូន​របស់​អ្នក​ថា​តើ​មិត្តភាព​វា​យ៉ាងម៉េច​ដោយ​ឱ្យ​គេ​ឃើញ​ពី​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​ទៅ​លើ​មិត្ត​ភក្ដិ​របស់​អ្នក។
  • ជួយ​កូនៗ​ឱ្យ​ចេះ​ស្វែង​យល់​ពី​កុមារ​ផ្សេង​ទៀត​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រដៀង​គ្នា ដូច​ជា​តាម​រយៈ​ក្លឹប​ហែល​ទឹក ក្រុម​ទាត់​បាល់ ឬ​ក្រុម​សម្ដែង ដែល​កុមារ​អាច​ជ្រើសរើស​មិត្តភក្ដិ​ដោយ​អាស្រ័យលើ​ទម្លាប់ និង​ចំណង់ចំណូលចិត្ត​ស្រដៀង​គ្នា។
  • សម្រាប់​កុមារ​ធំៗ​ដែល​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន ឬ​តាន​តឹង​វិញ​នោះ សូម​ចាប់​ផ្ដើម​បង្កើត​ការ​សន្ទនា​ឱ្យ​ពួក​គេ​ជាមួយ​អ្នក​ដទៃ និង​ការ​សម្ដែង​មួយ​ដែល​បង្ហាញ​ថា​ពួកគេ​នឹង​និយាយ​អ្វី​ទៅ​កាន់​អ្នក​ដទៃ។
  • ជួយ​ពួក​គេ​ឱ្យ​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ថ្មី ឬ​ជួយ​ពួក​គេ​ឱ្យ​ចេះ​បង្កើត​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ស្ថានភាព​ប្រចាំថ្ងៃ។

មិត្តភាព​របស់​កុមារ​តែងតែ​មាន​ភាព​រង្គោះ​រង្គើ និង​សប្បាយ​រីករាយ។ ជួន​កាល អ្នក​ប្រហែល​ជា​ត្រូវ​ប្រឈម​មុខ​នឹង​កូន​ដែល​បែក​បាក់​ជាមួយ​មិត្តភក្ដិ។ ជម្លោះ​វិញ គឺ​ជា​ផ្នែក​ធម្មតា​មួយ​នៃ​មិត្តភាព ទោះ​បី​ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​សម្រាប់​កុមារ និង​មនុស្ស​វ័យ​ក្មេង​ក្នុង​ការ​គ្រប់គ្រង និង​យល់​ពី​វា។ ជួន​កាល​ ជម្លោះ​ទាំង​នេះ​មើល​ទៅ​ដូច​ជា​តូច​ទេ ប៉ុន្តែ វា​អាច​បំបាក់​ភាព​ជឿជាក់​របស់​កុមារ ហើយ​ធ្វើ​ឱ្យ​ពួក​គេ​បន្ទោស​ខ្លួន​ឯង​បាន។

ប្រសិន​បើ​កូន​អ្នក​ឈ្លោះ​ជាមួយ​មិត្តភក្ដិ សូម​រក​ពេល​និយាយ​ជាមួយ​ពួកគេ​ពី​អារម្មណ៍​របស់​ពួក​គេ និង​អារម្មណ៍​របស់​មិត្ត​គេ​យ៉ាង​ណា។ អ្នក​ត្រូវ​ផ្ដល់​យោបល់ និង​ជួយ​ពួក​គេឱ្យ​យល់​ថា​មិត្តភាព​តែងតែ​មាន​ភាព​រង្គោះរង្គើ​ខ្លះ​ហើយ។ អ្នក​ត្រូវ​ប្រាប់​ពួកគេ​ថា​ពួកគេ​ត្រូវ​ធ្វើអ្វី​ទៀត​ពេល​ដែល​ពួក​គេ​ត្រូវ​ចូល​រៀន​វិញ​នោះ។

ក្នុង​ការ​អប់រំ​ជីវិត យើង​ជួយ​កូនៗ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង ការ​គោរព​ខ្លួន​ឯង សារសំខាន់​នៃ​មិត្តភាព និង​ការ​ជួយ​គាំទ្រ និង​វិធីគ្រប់គ្រប់​ជម្លោះ​រវាង​មិត្ត និង​មិត្ត៕

អត្ថបទដើម៖ Children and the Benefits of Friendship

ជំនាញជីវិតសំខាន់ៗដើម្បីបង្រៀនកូនៗ

on Monday, 25 September 2017. Posted in Parenting Tips

teachersmotivate2

នៅក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស វិធី​ចិញ្ចឹម​កូនៗ​នឹង​ក្លាយ​ជា​បញ្ហា​ខុស​ប្លែក​គ្នា​ពី​វិធី​ដែល​ឪពុកម្ដាយ​យើង​ចិញ្ចឹម​យើង។ អ្វី​ដែល​ខុស​ប្លែកគ្នា​ច្រើន​អាច​ទាក់ទង​នឹង​តម្រូវ​ការ​ក្នុង​ការ​រៀប​ចំ​អនាគត​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​រស់​នៅ​ក្នុង​ពិភពលោក​ថាមវន្ដ និង​សាកល​ភាវូបនីយកម្ម​ជាង​មុន។ 

ក្នុង​ពន្លឺ​នៃ​អនាគត​បែប​ថាមវន្ដ និង​មិន​អាច​ទាយ​បាន​នោះ លោកអ្នក​ត្រូវ​ឱ្យ​កូនៗ​មាន​ជំនាញ​សំខាន់​ខាង​ក្រោម​ទាំង ៥ ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទោះបី​ជា​ពួកគេ​មាន​វ័យ​នៅ​តូចៗ​ក៏ដោយ។

1. វិធីគ្រប់គ្រងលុយកាក់

ដោយ​ផ្អែក​លើ​អាយុ​របស់​កូន​អ្នក អ្នក​ចាំបាច់​ត្រូវ​មាន​ជំនាញ ៣ សម្រាប់​បង្ហាញ​ពួក​គេ​ក្នុង​ការ​គ្រប់​គ្រង​លុយ​ដូច​ជា សន្សំ រក និង​ចំណាយ។

ជាទូទៅ មាន​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ថា​អ្នកគួរ​តែ​ឱ្យ​កូនៗ​មាន​ទំនួល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។ ចូរ​ឱ្យ​ពួកគេ​សិក្សា​ពី​ផលវិបាក​ដែល​ពួកគេ​ទទួល​បាន​ប្រសិន​បើ​ពួកគេ​ចាយ​លុយ​លើស​កម្រិត​ក្នុង​ពេល​ឥឡូវ ដើម្បី​ឱ្យ​ពួកគេ​ជៀសវាង​ក្នុង​ការ​ចាយ​លុយ​ខុស​ក្នុង​ឆ្នាំ​បន្ទាប់​ដើម្បី​ឱ្យ​ពួកគេ​យក​លុយ​ដែល​នៅ​សល់​ពី​ការ​ចាយ​វាយ​ប្រាក់​ប្រចាំ​របស់​ពួកគេ​សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ ដែល​នេះ​មាន​ន័យ​ថា ពួកគេ​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត។

2. វិធីដោះស្រាយជាមួយនឹងភាពតានតឹង (stress)

ភាព​តានតឹង​មិនមែន​សុទ្ធតែ​អាក្រក់​នោះ​ទេ។ មាន​ភាព​តាន​តឹង​ខ្លះ​បាន​ដើរ​តួ​ជា​អ្នក​ជម្រុញ​ទឹក​ចិត្ត​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ។ ពេល​ដែល​អ្នក​គ្រប់គ្រង​វា​មិន​បាន​ត្រឹម​ត្រូវ ភាព​តាន​តឹង​អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​។

អ្នកគួរ​តែណែនាំ​កូនៗ​ឱ្យ​ចេះ​ហាត់​ប្រាណ និង​ទទួលទាន​អាហារ​ផ្ដល់​នូវ​សុខភាព​ល្អ​ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​តបត​នឹង​ភាព​តាន​តឹង។ ត្រូវ​ព្យាយាម​ផ្ដល់​ឧទាហរណ៍​នៃ​គំនិត​ដ៏​វិជ្ជមាន​ជានិច្ច ព្រោះ​ចុងក្រោយ អ្វីៗ​នឹង​មាន​ភាព​ល្អ​ឡើង​វិញ ហើយ​បើ​ទោះ​បី​ជា​គ្មាន​ការ​បញ្ចប់​ដ៏​ល្អ​តាម​ការ​គិត​នោះ ក៏​មិន​មែន​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ដែរ។

3. វិធីសម្របនឹងការផ្លាស់ប្ដូរ

នៅ​ក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រហូត​នោះ ការ​ផ្លាស់​ប្ដូរ​ដូច​ជា​មាន​តែ​ការ​ប្រឈម​នឹង​ការ​រីក​លូត​លាស់​របស់​កូនៗ​តែ​ប៉ុណ្ណោះ។ តើ​យើង​គួរ​រៀប​ចំ​ពួក​គេ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួកគេ​សម្រប​ខ្លួន​បាន​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់ឈរ​នេះ?

ចម្លើយ​គឺ​សាមញ្ញ​បំផុត នោះ​គឺ​ការ​ដឹកនាំ​ដោយ​ឧទាហរណ៍។ ជា​ឧទាហរណ៍ ពេល​ដែលមាន​កាល​វិភាគ​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​ជៀស​មិន​រួច​កើត​ឡើង ត្រូវ​ឱ្យ​កូនៗ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះ។ មិន​ត្រូវ​ប្រតិកម្ម​ហួស​ហេតុ​ទេ​ពេល​កាល​វិភាគ​កិច្ចការ​ប៉ះពាល់​ដល់​គម្រោង​ប្រចាំថ្ងៃ​នោះ។ គេ​អាច​បង្ហាញ​ភាព​ខក​ចិត្ត​បាន តែ​ត្រូវ​តែ​រក​ដំណោះស្រាយ​ជា​ដាច់​ខាត។ ឧទាហរណ៍ អ្នក​អាច​និយាយ​ទៅ​កាន់​កូនៗ​ថា​ “ម៉ាក់​អត់​សូវ​សប្បាយ​ចិត្ត​សោះ​ដែល​ពិធី​ជប់លៀង​ត្រូវ​បាន​រំសាយ ហើយ​ម៉ាក់​ដឹង​ថា​ពួក​យើង​សុទ្ធ​តែ​រង់​ចាំ​ចូល​រួម​កម្មវិធី​នោះ។ ចឹង​ពួក​យើង​មើល​តុក្កតា ឬ​ទៅ​លេង​ទោង​បាន​ទេ?” ការ​ផ្ដល់​នូវ​ជម្រើស​ដល់​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​អាច​អភិវឌ្ឍ​វិន័យ និង​ភាព​បត់បែន​តាម​កាលៈ​ទេសៈ។

ក្នុងនាម​ជា​ឪពុក​ម្ដាយ យើង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​កូនៗ​ក្នុង​ការ​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ។ ជំនួស​ពីការ​ជជែក​វែកញែក​ពី​អ្វី​ដែល​កើត​ឡើង​ខុស​ពី​ការ​គ្រោង​ទុក ដោយ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត និង​ត្រូវ​ចង​ចាំ​ជានិច្ច​ក្នុង​ការ​ធ្វើ​ជា​គំរូ​ថា​វា​គ្មាន​អ្វី​កើត​ឡើង​ទេ​ពេល​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ វា​គឺ​ជា​ការ​ឆ្លើយ​តប​របស់​យើង​ក្នុង​ការ​ផ្លាស់ប្ដូរ​ដើម្បី​កំណត់​ពី​ភាព​រីករាយ និង​សុភមង្គល​របស់​យើង។

4. វិធីបង្កើតនូវជម្រើសដ៏ត្រឹមត្រូវ

ដូច​ជំនាញ​ដែល​យើង​បាន​រៀបរាប់​ខាង​លើ កុមារ​អាច​ជ្រើសរើស​យក​នូវ​ទម្លាប់​ជា​អចិន្ត្រៃយ៍​ដោយ​ធ្វើ​ចុះ​ធ្វើ​ឡើង​ពី​អ្វី​ដែល​ពួក​គេ​សង្កេត​ក្នុង​ពេល​កំពុង​លូត​លាស់។ ទម្លាប់​ទាំង​នេះ​ក៏​អាច​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ និង​ការ​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ 

ប្រសិន​បើ​កូន​អ្នក​ឃើញ​អ្នក​កំពុង​កាន់​ធុង​ការ៉េម​ទៅ​ញ៉ាំ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង វា​នឹង​ផ្ដល់​គំរូ​ដល់​កូន​អ្នក​ដើម្បី​ធ្វើ​រឿង​ដូច​គ្នា។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ខ្លួន​យើង​ផង និង​សម្រាប់​កូន​យើង​ផង។ ដើម្បី​បង្កើត​នូវ​ជម្រើស​អាហារ​ដ៏​មាន​សុខភាព​ល្អ​ដូច​ជា​ការ​ញ៉ាំ​ផ្លែឈើ​ជា​ជាង​ការ​ញ៉ាំ​នំ​ឃុកឃី។ ទម្លាប់ទាំង​នេះ​នឹង​ផ្ដល់​សញ្ញា​ថា​ផ្លែឈើ​ស្រស់ៗ​មាន​ឥទ្ធិពល​ល្អ​សម្រាប់​រាង​កាយ។ សរុប​មក​ នេះ​ជា​ទម្លាប់​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ទទួល​ទាន​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ​កាន់​តែ​ក្មេង កាន់​តែ​ល្អ​។

5. វិធីទទួលយកនូវភាពខុសប្លែកគ្នា

កុមារ​ម្នាក់ៗ​តែង​មាន​ការ​លូតលាស់​ក្នុង​តំបន់​ផ្សេងគ្នា ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​រូបរាង ពណ៌​សម្បុរ និង​ទម្លាប់​ខុស​គ្នា ដែល​អាច​ផ្ដល់​នូវ​ភាព​មិន​សូវ​មិន​ចុះ​សម្រុង​គ្នា ឬ​ក៏​បង្កើត​ជា​ភាព​ភ័យ​ខ្លាច​ភ្ញាក់​ផ្អើល​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។

ការ​បង្ហាញ​កូនៗ​តាំងពី​តូច​ពី​មនុស្ស​ជុំវិញ​ខ្លួន មិនថា​ពួកគេ​មាន​សាសនា​អ្វី ឬ​ក៏​មាន​សញ្ជាតិ​អ្វី និង​វប្បធម៌​បែប​ណា​នោះ​ទេ។ អ្នក​ត្រូវ​រំឭក​ពួក​គេ​ពី​សារសំខាន់​នៃ​ការ​បើក​ចិត្ត​ទូលាយ​ជានិច្ច។ មិនមែន​គ្រាន់​តែ​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​ខុស​ពី​យើង មាន​ន័យ​ថា​ពួកគេ​ខុស​នោះ​ឡើយ។ អ្នក​ត្រូវ​បង្ហាញ​ពួក​គេ​នូវ​ភាព​ខុស​ប្លែក​គ្នា​ដែល​អាច និង​គួរ​តែប្រព្រឹត្ត​យ៉ាង​ដូចម្ដេច។ ភាព​ខុស​ប្លែក​គ្នា គឺ​ជា​អ្វី​ដែលធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ស្រស់​ស្អាត។

វា​ប្រហែល​ជា​ពិបាក​ដើម្បី​ឱ្យ​ជំនាញ​សំខាន់ៗ​ទាំង​នោះ​អាច​ឱ្យ​កូនៗ​របស់​យើង​ត្រូវ​ប្រើ​ក្នុង​ជីវិត​រ​បស់​ពួក​គេ ដោយ​យើង​អាច​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជំរុញ​ពួក​គេ​ឱ្យ​ចេះ​គ្រប់​គ្រង​ជីវិត​ដែល​មិន​អាច​ទាយ​បាន និង​ដំណើរ​ជីវិត​ដ៏​ស្រស់​ស្អាត​នា​ពេល​អនាគត៕

អត្ថបទដើម៖ Essential Life Skills to Impart Your Child

វិធីចិញ្ចឹមកូនឱ្យស្រឡាញ់ការសរសេរ

on Thursday, 14 September 2017. Posted in Parenting Tips, Activities

មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ផ្ដោត​លើ​វិធីណា​ដែល​អាច​ឱ្យ​កូន​របស់​ពួកគេ​ចាប់​ផ្ដើម​​អាន​មុន​ដំបូង​បង្អស់​ ​ដោយ​សន្មត់​ថា​ជំនាញ​អក្ខរកម្ម​ផ្សេង​ទៀត ដូចជា​ការ​ស្វែងយល់​​ពី​វេយ្យាករណ៍ ការប្រកប និង​ការ​និយាយ​នឹង​ចាប់​ផ្ដើម​ដោយ​ស្វ័យប្រវត្តិ។ ឪពុក​ម្ដាយ​គួរ​តែ​ចាប់​ផ្ដើម​ណែនាំ​កូនៗ​ពួកគេ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការសរសេរ​ក្នុង​ពេល​ដែល​ពួកគេ​នៅ​វ័យ​តូចៗ​នៅ​ឡើយ។

GettyImages 581697287 56d79ae95f9b582ad5033932

1. តើក្មេងអាចចាប់ផ្ដើមរៀនសរសេរនៅអាយុប៉ុន្មាន?  

កុមារ​អាច​ចាប់​ផ្ដើម​សរសេរ​​នៅ​ពេល​ដែល​ពួកគេ​បាន​អភិវឌ្ឍ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា​អក្សរ​បាន​ខ្លាំង​ និង​មាន​សមត្ថភាព​អាច​សម្គាល់​សំឡេង​បាន ដែល​រួម​បញ្ចូល​នូវ​ចំណេះដឹង​ផ្នែក​សំឡេង (ដំបូង​ កណ្ដាល និង​បញ្ចប់) និង​ទិសដៅ​នៃ​អត្ថបទ (ពី​ឆ្វេង​ទៅ​ស្ដាំ)។ កុមារ​ក៏​អាច​យល់​ថា​អត្ថបទ​ដែល​ពួកគេ​អាន និង​សរសេរ​បញ្ជាក់​ពី​សារ​អ្វី​មួយ។

គ្មាន​រូបមន្ដ​ណាមួយ​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ត្រូវ​ចេះ​គ្រប់​មុខ​នោះ​ទេ។ ក្មេង​គ្រប់​រូប​មាន​វិធី​រៀន​ផ្សេងៗ​គ្នា​ ហើយ​នឹង​ត្រៀម​ខ្លួន​នៅ​ក្នុង​ដំណាក់​កាល​ផ្សេង​គ្នា។ អ្នក​មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​កូន​ឱ្យ​សរសេរ​មុន​នឹង​ពួក​គេ​ត្រៀម​លក្ខណៈ​ក្នុង​ការ​សរសេរ​ដោយ​ខ្លួន​គេ​នោះ​ឡើយ។ វា​ពិត​ជា​សំខាន់​សម្រាប់​ឪពុក​ម្ដាយ​ដើម្បី​ដឹង​ថា​ការ​បង្កើត​កំហុស​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​រៀន​សរសេរ ដូច្នេះ កុំ​បង្អាក់​ទឹក​ចិត្ត​កូន​ក្នុង​ការ​ព្យាយាម​នោះ។

2. រវាង​អាន និង​សរសេរ តើ​មួយ​ណា​ត្រូវ​ធ្វើ​មុន?

ជា​ទូទៅ ការ​អាន និង​ការ​សរសេរ​កើត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា។ ពេល​ដែល​កុមារ​រៀន​សូរ​ស័ព្ទ​សំឡេង​ដែល​តំណាង​ដោយ​អក្សរ​ណា​មួយ ពួក​គេ​កំពុង​ចាប់​ផ្ដើម​រៀន​អាន​ពាក្យ។

3. តើ​ជំនាញ​មូលដ្ឋាន​គ្រឹះ​ណា​ខ្លះ​ដែល​ចាំ​បាច់​សម្រាប់​ការ​សរសេរ?

ចំណុច​ទី ១ ដែល​ត្រូវ​ធ្វើ​នោះ គឺ​ឪពុក​ម្ដាយ​អាន​ឱ្យ​កូន​ស្ដាប់ ឬ​អាន​ជាមួយ​កូន។ ការ​អាន​នេះ​បង្ហាញ​កុមារ​ពី​អត្ថបទ និង​វិធី​ដែល​ពាក្យ​នីមួយៗ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​លក្ខខណ្ឌ​ណា​មួយ។ ការ​អនុវត្ត​ការ​ប្រើ​ជំនាញ​នៃ​ការ​ប្រើ​ចលនា​ក៏​មាន​សារ​សំខាន់​ផង​ដែរ ដូចជា​ការ​ចាប់​កាន់​ខ្មៅ​ដៃ​សរសេរ​ឱ្យ​បាន​ត្រឹម​ត្រូវ។ កុមារ​ត្រូវ​តែ​អភិវឌ្ឍ​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​ខ្មៅដៃ​ដើម្បី​ចាប់​ផ្ដើម​សរសេរ​អក្សរ ឬ​ពាក្យ។

4. តើមានវិធីអ្វីខ្លះក្នុងការលើកទឹកចិត្តកុមារឱ្យចូលចិត្តសរសេរ?

ការ​ផ្ដល់​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​ជួយ​កូនៗ​ចេះ​បំផុស​ការ​ស្រមើ​ស្រមៃ និង​គំនិត​ថា​ត្រូវ​សរសេរ​ពី​អ្វី។ ជាឧទាហរណ៍ អ្នក​អាច​រៀប​ចំ​គម្រោង​ទៅ​លេង​សួន ឬ​ឆ្នេរ​សមុទ្រ​ ហើយ​និយាយ​ជាមួយ​ពួក​គេ​ថា​តើ​ពួក​គេ​បាន​ស្រមៃ​ឃើញ​អ្វីខ្លះ និង​តើ​ការ​ស្រមើ​ស្រមៃ​នោះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា? បង្ហាញ​កូនៗ​ពី​ពាក្យ​ថ្មី​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ពណ៌នា​ពី​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ និង​លើក​ទឹកចិត្ត​ពួក​គេឱ្យ​ប្រើ​ពាក្យ​ទាំង​នោះ​ទៅ​សរសេរ​បើ​សិន​ជា​ពួក​គេ​ត្រៀម​ខ្លួន​ក្នុង​ការ​សរសេរ​ហើយ​នោះ។

ក្នុង​នាម​ជា​ឪពុក ឬ​ម្ដាយ អ្នក​គួរ​តែ​ធ្វើ​ជា​គំរូ​ក្នុង​ការ​សរសេរ​នៅ​ផ្ទះ​ជាមួយ​កូន។ ឱ្យ​ពួក​គេ​មើល​អ្នក​សរសេរ​ ហើយ​ពន្យល់​ថា​អ្នក​បាន​សរសេរ​អ្វី​ខ្លះ។ ឧទាហរណ៍ បង្ហាញ​ពួក​គេ​នូវ​បញ្ជី​គ្រឿង​ទេស​ដែល​ត្រូវ​ទិញ ឬ​ក៏​អាន​អត្ថបទ​ផ្នែក​ណា​មួយ​នៃ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​អ្នក។ សម្រាប់​កុមារ​ដែល​បាន​ចាប់​ផ្ដើម​សរសេរ​នូវ​ប្រយោគ​សាមញ្ញៗ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ព្យាយាម​សរសេរ​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ។ ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​សរសេរ​ដូច​តែង​សេចក្ដី​វែងៗ​នោះ​ទេ គឺ​គ្រាន់​តែសរសេរ​អត្ថបទ​ពីរ​បី​ប្រយោគ​ដើម្បី​បរិយាយ​ពី​ព្រឹត្តិការណ៍​ដែល​គួរ​ឱ្យ​ចង​ចាំ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ៕

អត្ថបទដើម  How to Raise a Child Who Loves Writing

សារសំខាន់នៃការសិក្សាអក្សរ និងលេខនៅថ្នាក់អប់រំកុមារតូច

on Thursday, 14 September 2017. Posted in Activities

Lyda and block math n letter

តើ​ការ​សិក្សា​អក្សរ និង​លេខ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​កុមារ​តូចៗ?

យើង​ធ្លាប់​គិត​ដល់​ការ​សិក្សា​អក្សរ​ដែល​មាន​ជំនាញ​ដូចជា អាន និង​សរសេរ​នៅ​ពេល​ដែល​កូនៗ​របស់​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀន។ បច្ចុប្បន្ន យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់​ការ​សិក្សា​អក្សរ​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ដំបូង​របស់​ក្មេង​តូចៗ ដូចជា​ពួក​គេ​អាច​ស្គាល់​នូវ​អ្វី​ដែល​ពួក​គេ​ឮ អ្វី​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជុំវិញ​ខ្លួន ពួកគេ​អាច​រៀន​ទន្ទេញ ឬ​ថា​តាម​អ្វី​ដែល​ពួកគេ​បាន​ឮ ហើយ​បន្ទាប់​មក​ទៀត​នឹង​រៀន​តាម​សៀវភៅ រឿង​និទាន ទូរទស្សន៍ ឬ​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​បច្ចេកវិទ្យា​នានា។   

ការ​ស្ដាប់ ការ​មើល និង​ការ​និយាយ​អំពី​រូបភាព និង​ការ​គូរ​សញ្ញា​សម្គាល់​នៅ​លើ​ដី​ខ្សាច់ ឬ​ក្រដាស គឺ​ជា​ជំនាញ​នៃ​ការ​សិក្សា​អក្សរ​ដំបូង។ តន្រ្តី និង​ភ្លេង គឺ​ជាផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​យើង​ទាំង​អស់​គ្នា​ ហើយវា​ក៏​មាន​សារសំខាន់​ផង​ដែរ​នៅ​ក្នុង​ការអភិវឌ្ឍ​ជំនាញ​សិក្សា​អក្សរ និង​លេខ​ដំបូង។

ការ​សិក្សា​លេខ គឺជា​ការសិក្សា​ដែល​លើស​ពី​ការ​ចេះ​ត្រឹមតែ​បូក ដក គុណ ចែក និង​ការ​ប្រើ​លេខ។ ក្នុង​ការ​សិក្សា​​វ័យ​តូចៗ ការ​អភិវឌ្ឍ​ការ​សិក្សា​លេខ ឬ​គណិតវិទ្យា​ជាប់​ពាក់​ព័ន្ធ​នឹង​ទារក​ដែល​អាច​ឮ​ការ​ប្រើ​គណិតវិទ្យា​នៅ​ក្នុង​ការ​លេង​របស់​ពួកគេ​ដោយ​មាន​ការ​ច្រៀង​ចម្រៀង​លេខ ចម្រៀង​ដែល​មាន​ពាក្យ​ទាក់​ទង​នឹង​ការ​រៀប​ចំ ការ​វាស់ ឬ​ការ​ប្រៀប​ធៀប ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ជំនាញ​គណិតវិទ្យា​ដំបូង​ដែល​យើង​គួរ​ជំរុញ​កូនៗ​ឱ្យ​អភិវឌ្ឍ​វា។

ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​អក្សរ និង​លេខ​នៅ​វ័យតូចៗ​មាន​សារ​សំខាន់?

កុមារ​ដែល​មិន​រៀន​អាន សរសេរ និង​ធ្វើ​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្រិត​សិក្សា​ដំបូង​ទេ​នោះ​ ពួក​គេ​ច្រើន​តែ​ឆាប់​បោះ​បង់​ការ​សិក្សា​ចោល អាច​នឹង​គ្មាន​ការងារ​ធ្វើ​នា​ពេល​អនាគត ឬ​ទទួល​បាន​ការ​ងារ​ដែល​មាន​ជំនាញ​ទាប (ឧ. កម្មករ) មាន​សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​ខ្សោយ និង​អាច​ឈាន​ទៅ​ដល់​ការ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ឬ​ក៏​អាច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ជាប់​គុក​ជា​ដើម។ 

ភាព​ពិបាក​នៃ​ការ​សិក្សា​អក្សរ​ផ្សារ​ភ្ជាប់​ទៅ​ដល់​ការ​គេច​សាលា ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​សង្គម​ដូច​ជា​សេព​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​ញៀន​ជា​ដើម ចំណែក​ឯ​សុខភាព​វិញ​ក៏​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ និង​អាច​មាន​សុខភាព​ទ្រុឌទ្រោម​ជា​ដើម។ ផល​ប៉ះពាល់​ក្នុង​សង្គម​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ក​ផល​អវិជ្ជមាន​ដល់​សមិទ្ធិផល​របស់​កុមារ​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​ដ៏​មាន​សក្ដានុពល​ពេញ​លេញ​នោះទៀត​ផង។ 

ការ​អភិវឌ្ឍ​ទំនាក់​ទំនង និង​ជំនាញ​នៃ​ការ​ប្រើ​ភាសា​និយាយ​របស់​កុមារ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ភាសា និង​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​គំនិត និង​ភាសា​គណិតវិទ្យា​បាន​ឆាប់​រហ័ស។

ជា​ធាតុផ្សំ​នៃ​ការ​អប់រំ​ជា​លក្ខណៈ​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​ដ៏​យូរ​អង្វែង ជំនាញ​អក្សរ ឬ​ភាសា គឺជា​គន្លឹះ​មួយ​ដែល​អាច​ពង្រឹង​សមត្ថភាព​របស់​មនុស្ស និង​ការ​ទទួល​បាន​សិទ្ធិ​នានា​ជាច្រើន​ទៀត។ សរុប​មក អក្សរ ឬភាសា និង​លេខ ឬ​គណិតវិទ្យា​នាំ​យក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​ត្រឹម​តែ​ដល់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំង​មូល​ផង​ដែរ៕

យោងតាម៖ French, G (2012) Early Literacy and Numeracy Matters: Enriching Literacy and Numeracy Experiences in Early Childhood. Dublin: Barnardos.

English version: The importance of literacy and numeracy in early childhood

ហេតុអ្វីបានជាការទាក់ទាញកុមារឱ្យសិក្សាវិទ្យាសាស្ត្រពិតជាមានសារសំខាន់?

on Friday, 08 September 2017. Posted in Activities

educatingkidsthroughscience

តាម​រយៈ​ប្រសាសន៍​របស់​លោក Steve Spangler ដែល​ជា​គ្រូ​បង្រៀន វាគ្មិន អ្នក​និពន្ធ និង​អ្នក​ឈ្នះពាន​រង្វាន់​ក្នុង​កម្មវិធី​ទូរទស្សន៍ Emmy៖ “សម្រាប់​សិស្ស​វ័យ​ក្មេងៗ វិទ្យាសាស្ត្រ​គ្រាន់​តែ​ជា​ផ្នែក​បន្ថែម​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ប៉ុណ្ណោះ។ យើង​មិន​ចាំ​បាច់​ត្រូវ​បង្រៀន​កុមារ​តូចៗ​ក្នុង​ការ​ឆ្ងល់ ​ស្រាវជ្រាវ ឬ​រុករក​តាម​រយៈ​ការ​លេង​ទេ ព្រោះ​ពួក​គេ​បាន​ធ្វើ​វា​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ។”

ការ​អាន និង​មូលដ្ឋាន​នៃ​គណិត​វិទ្យា​ គឺ​ជា​ជំនាញ​សិក្សា​ដំបូង​សម្រាប់​ការ​អប់រំ​កុមារ​តូច​ក្នុង​ហេតុ​ផល​ជាក់​លាក់​មួយ​ចំនួន។ ខណៈ​ការ​អាន និង​គណិតវិទ្យា​មិនមែន​ជា​បញ្ហា​នោះ​ទេ​សម្រាប់​ពួក​គេ តែ​កង្វះ​ការ​សិក្សា​វិទ្យាសាស្ត្រ​អាច​បង្កើត​ជា​ឱនភាព ឬ​គម្លាត​មួយ​ដែល​ផ្ដល់​ផល​វិបាក​ដល់​ជីវិត​របស់​ពួក​គេ​នា​ពេល​អនាគត ជា​ពិសេស​សម្រាប់​សិស្ស​ដែល​មិន​មាន​ការ​សិក្សា​បន្ថែម​នៅ​ផ្ទះ។ ដូច​នេះ​ហេតុ​អ្វី​បាន​ជា​វា​មាន​សារ​សំខាន់​សម្រាប់​ពួក​យើង​ក្នុង​ការ​សម្គាល់​គម្លាត​នោះ ហើយ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នានា​ក្នុង​ការ​អប់​រំ​ផ្នែក​វិទ្យាសាស្រ្ត​លើ​កុមារ​តូចៗ? ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ពិចារណា​ដើម្បី​ធ្វើ​ឱ្យ​កុមារ​អាច​ទទួល​យក​ការ​សិក្សា​វិទ្យាសាស្ត្រ​បាន។

  1. កុមារ​តូច​កើត​មក​ដើម្បី​រៀន៖ ពេល​ដែល​អ្នក​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ជាមួយ​នឹង​ក្មេងៗ​ដែល​កំពុង​សិក្សា​​ថ្នាក់​បឋម​សិក្សា អ្នក​នឹង​ទទួល​បាន​នូវ​សំណួរ​ជា​ច្រើន​ដែល​ពួក​គេ​ឆ្ងល់​ដូច​ជា “ហេតុអ្វី​បាន​ជា​មេឃ​មាន​ពណ៌​ខៀវ?” “ហើយ​ធ្វើ​ម៉េច​ទើប​អាច​ទៅ​ដល់​វា​បាន?” ជា​ដើម។ សម្រាប់​សិស្ស​ដែល​មាន​វ័យ​កំពុង​លូត​លាស់​វិញ ការ​សិក្សា​មិនមែន​ជា​អ្វី​ដែល​កើត​ឡើង​តែ​ពី​ជញ្ជាំង​ទាំង​បួន​របស់​សាលា​ទៀត​ឡើយ។ ពួក​គេ​ចាប់​ផ្ដើម​យល់​ថា ការ​សិក្សា គឺ​ជា​ជីវិត។ ជុំ​វិញ​ខ្លួន​ពួក​គេ​សុទ្ធ​តែ​ជា​ចម្ងល់ ហើយ​ពួក​គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​សួរ “របៀប​ណា?” និង “ហេតុ​អ្វី?” ឡើយ។ នៅ​ពេល​ដែល​យើង​មិន​បាន​ចំណាយ​ពេល​លើ​វិទ្យាសាស្ត្រ​ក្នុង​ឆ្នាំ​មុនៗ​ទេ​នោះ ពួក​យើង​នឹង​បាត់​ព័ត៌មាន ហើយ​ក្មេងៗ​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ​ក្នុង​ការ​សួរ​សំណួរ​នានា​ក្នុង​រយៈ​ពេល​ដែល​យើង​មិន​បាន​សិក្សា​ពី​វិទ្យាសាស្ត្រ​នោះ។ ដូច្នេះ យើង​គួរ​តែ​ក្ដាប់​យក​ពេល​វេលា​នេះ​ដើម្បី​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ​ដើម្បី​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ​នៅ​ពេល​ដែល​មាន​ការ​សួរ​ពី​ពួក​គេ។
  2. កុមារ​តូច​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សិក្សា និង​អនុវត្ត៖ ការ​សិក្សា​តាម​លក្ខណៈ​គម្រោង​ក្នុង​ការ​អនុវត្ត​សកម្មភាព​អ្វី​មួយ។ មិន​ត្រឹម​តែ​កុមារ​តូច​ប៉ុណ្ណោះ​ទេ​ដែល​ចង់​ប្រឡូក​ក្នុង​ការ​លេង ប៉ុន្តែ​ពួកគេ​ក៏​អាច​រៀន​បាន​យ៉ាង​រហ័ស​ពី​ការ​លេង​នោះ។ ការ​សិក្សា​តាម​រយៈ​ការ​លេង គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស​ដែល​ចូលចិត្ត​រៀន​ដោយ​ប្រើ​សកម្មភាព​នានា​ជាង​ការ​សិក្សា​តាម​មេរៀន​ដើម្បី​ធ្វើ​ការ​ពិសោធន៍​មេរៀន​វិទ្យាសាស្ត្រ​ដូចជា​ការ​សិក្សា​ពី​ហេតុ និង​ផល។
  3. វិទ្យាសាស្ត្រ​អនុញ្ញាត​ឱ្យ​កុមារ​តូចៗ​អភិវឌ្ឍ​បំណិន​ជីវិត៖ យោង​តាម​គេហទំព័រ School A to Z បាន​ចុះ​ផ្សាយ​ថា “វិទ្យាសាស្ត្រ​បាន​រួម​បញ្ចូល​នូវ​ការ​និយាយ​ជាមួយ​អ្នក​ដទៃ និង​ការ​ស្ដាប់​អ្នក​ដទៃ ដែល​នេះ​ជា​ការ​អភិវឌ្ឍ​ភាព​អត់​ធ្មត់​របស់​កុមារ ហើយ​ពេល​វេលា​របស់​អ្វី​ដែល​ទាក់​ទង​នឹង​វិទ្យាសាស្ត្រ​មិន​កើត​ឡើង​នៅ​ពេល​យប់​ជ្រៅ​នោះ​ឡើយ។” ការ​សិក្សា​វិទ្យាសាស្ត្រ​តម្រូវ​ឱ្យ​មាន​ទំនាក់​ទំនង ការ​តស៊ូ ការ​រៀបចំ និង​ការ​ចូល​រួម​ក្នុង​សកម្មភាព​នានា ហើយ​សកម្មភាព​ទាំង​នេះ​សុទ្ធ​តែ​ជា​ជំនាញ​ដែល​អ្នក​អប់រំ​កុមារ​តូចៗ​បាន​បណ្ដុះ​សិស្ស​របស់​ពួក​គេ។ លើស​ពី​នេះ ជំនាញ​ទាំង​នេះ​អាច​អភិវឌ្ឍ​បាន​តាម​រយៈ​ការ​សិក្សា​វិទ្យាសាស្រ្ត ហើយ​ដើម្បី​ឱ្យ​កុមារ​មាន​ការ​សិក្សា​កាន់​តែ​មាន​ប្រសិទ្ធភាព ហេតុ​អ្វី​ក៏​អ្នក​មិន​ចាប់​ផ្ដើម​ជួយ​ពួក​គេ​ក្នុងការ​សិក្សា និង​អនុវត្ត​ទម្លាប់​យល់​ដឹង​ពី​វិទ្យាសាស្ត្រ​ក្នុង​កម្មវិធី​សិក្សា?  
  4. ចំណាប់​អារម្មណ៍​របស់​កុមារ​តូច​ក្នុង​ពេល​បច្ចុប្បន្ន​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួក​គេ​នា​ពេល​អនាគត៖ តាម​រយៈ​សកម្មភាព​ក្នុង​កត្តា​សង្គម និង​កត្តា​ធម្មជាតិ ក្មេងៗ​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ខ្លួន​របស់​ពួក​គេ។ ការ​ចាប់​ផ្ដើម​សិក្សា​វិទ្យាសាស្ត្រ​តាំង​ពី​វ័យតូចៗ​បញ្ជាក់​ថា​ការ​ចូល​ចិត្ត​វិទ្យាសាស្រ្ត​មាន​កម្រិត​ខ្ពស់​ពេល​ដែល​ក្មេងៗ​ទាំង​នេះ​ចាប់​ផ្ដើម​អភិវឌ្ឍ​ចំណង់​នៃ​ការ​សិក្សា និង​ការ​យល់​ដឹង​ដោយ​ខ្លួន​ឯង។ ក្រុម​អ្នក​ជំនាញ STEM បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ពួក​គេ​បាន​រក​ឃើញ​ថា​អំឡុង​ពេល​នៃ​ការ​សិក្សា​ថ្នាក់​បឋមសិក្សា គឺ​ជា​ពេល​ដែល​សិស្ស​ចាប់​ផ្ដើម​កំណត់​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ​ពី​ការ​សិក្សា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) និង​មុខ​របរ​អនាគត​ខ្លាំង​ជាង​ក្មេង​ធម្មតា។ មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ក៏​ក្លាយ​ជាមុខ​វិជ្ជា​សំខាន់​មួយ​ក្នុង​ថ្នាក់​បឋម​សិក្សា។” សូម្បី​មាតា​បិតា​សិស្ស​ក៏​អាច​ដឹង​ពី​កង្វះ​ខាត​នៃ​វិទ្យាសាស្ត្រ​ក្នុង​សាលារៀន​របស់​កូន​ពួក​គេ។ បើ​តាម​ការ​បោះឆ្នោត​សំឡេង​ដែល​រៀប​ចំ​ដោយ NPR វិញ​ បាន​ឱ្យ​ដឹង​ថា ស្ទើរ​តែ ¾ នៃ​ឱពុក​ម្ដាយ​សិស្ស​មិន​ជឿ​ថា​កូន​របស់​ពួក​គេ​ទទួល​បាន​ការ​សិក្សា​វិទ្យាសាស្ត្រ​នៅ​សាលា​គ្រប់​គ្រាន់​ឡើយ។ ជាមួយ​នឹង​ចំនួន​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់ STEM នៅ​កន្លែង​ធ្វើ​ការ កុមារ​ប្រាកដ​ជា​អាច​មាន​ឱកាស​ចាប់​យក​នូវ​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ។ ចំណែក​ឯ​ការ​អប់​រំ​កុមារ​តូច​វិញ គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ចង្អុរ​ពួក​គេ​ពី​អនាគត​ដ៏​សម្បូរ​បែប​នៃ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។ ការ​បង្ហាញ​ពី​កង្វះ​ខាត​នៃ​ការ​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ​នៅ​ក្នុង​សាលា​បឋម​សិក្សា គឺ​ជា​ពេល​ដ៏ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​សិក្សា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​សម្រាប់​អនាគត​ដ៏​ត្រចះ​ត្រចង់៕        

ប្រភព៖ Why attracting young children to science is important

អ្វីដែលកុមារអាចសិក្សាពីការដាំដំណាំផ្សេងៗ

on Monday, 07 August 2017. Posted in Parenting Tips

មនុស្ស​គ្រប់​វ័យ​អាច​រីករាយ​នឹង​ការ​ដាំ​ដំណាំ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​សម្រាប់​កុមារ​មួយ​ចំនួន​នឹង​ទទួល​បាន​ក្ដី​រីករាយ និង​អត្ថប្រយោជន៍​ជាក់​ស្ដែង​មួយ​ចំនួន។ ការ​ដាំ​ដំណាំ​ដោយ​ខ្លួន​ឯង គឺ​ជា​ជំនាញ​អប់រំ និង​អភិវឌ្ឍ​ថ្មី​មួយ​ដែល​មាន​បញ្ចូ​ល​នូវ៖

Cabbage seedlings by CIFOR

  • ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថែទាំ​រុក្ខជាតិ ដំណាំ​របស់​ខ្លួន
  • ការ​យល់​ដឹង​ពី​រុក្ខជាតិ ខណៈ​ដែល​ពួក​គេ​រៀន​ពី​ហេតុ និង​ផល (ឧទាហរណ៍ រុក្ខជាតិ​ងាប់​ដោយ​គ្មាន​ទឹក ស្មៅ​ធ្វើ​ឱ្យ​រុក្ខជាតិ និង​ដំណាំ​ខូច)
  • ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សម្រេច​នូវ​គោល​ដៅ និង​រីករាយ​ទទួល​ទាន​អាហារ​ពួក​គេ​បាន​ដាំ​ដោយ​ផ្ទាល់
  • ការ​ស្រឡាញ់​ធម្មជាតិ ដែល​ជា​ឱកាស​ក្នុង​ការ​សិក្សា​ពី​បរិស្ថាន​ខាង​ក្រៅ​ដែល​មាន​សុវត្ថិភាព និង​សុខសាន្ត
  • ការ​រុក​រក ដែល​ជា​ការ​សិក្សា​ពី​វិទ្យាសាស្ត្រ​នៃ​រុក្ខជាតិ សត្វ អាកាស​ធាតុ បរិស្ថាន សារធាតុ​ចិញ្ចឹម​ និង​សំណង់​សាមញ្ញៗ
  • សកម្មភាព​រាង​កាយ សំដៅ​លើ​ការ​ធ្វើអ្វី​មួយ​ដោយ​ក្ដី​សប្បាយ​រីករាយ និង​មាន​ផ្លែ​ផ្កា
  • កិច្ច​សហ​ប្រតិបត្តិការ ដែល​មាន​ការ​ចូល​រួម​ពី​មិត្តភក្ដិ ឬ​សមាជិក​ក្រុម
  • ភាព​ច្នៃប្រឌិដ្ឋ ដោយ​ការ​ស្វែង​រក​វិធី​ថ្មីៗ​ប្លែក​ដើម្បី​ដាំ​ដុះ​ដំណាំ​ធ្វើ​ជា​អាហារ
  • សារធាតុ​ចិញ្ចឹម ដោយ​សិក្សា​ពី​ប្រភព​នៃ​អាហារ​ដែល​កំពុង​ទទួល​ទាន៕
Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.