Articles in Category: Parenting Tips

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការសិក្សាពីរភាសា

on Thursday, 14 March 2019. Posted in Classes, Parenting Tips, Curriculum

​ការ​សិក្សា​ពីរ​ភាសា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ? ការ​ជ្រើស​រើស​កន្លែង​ដែល​ជា​សាលា​សម្រាប់​កូន​ទៅ​រៀន​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​។ ការ​អប់រំ​របស់​កូន​អ្នក​អាច​ជា​សាលា​ដែល​សិក្សា​តែ​មួយ​ភាសា ឬ​ក៏​ពីរ​ភាសា​ ដែល​ជា​បញ្ហា​សំខាន់​បំផុត​ដែល​អ្នក​នឹង​ត្រូវ​គិត​ពិចារណា​សម្រាប់​ពួកគេ។

Bilingual kids

មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ពីរ​ភាសា។ ប្រសិន​បើ​កូន​របស់​អ្នក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ចូល​រៀន ការ​សិក្សា​នៅ​សាលា​ដែល​ផ្ដល់​ការ​អប់រំ​ពីរ​ភាសា​អាច​ពង្រឹង​ភាសា​របស់​ពួកគេ​។ ប្រសិន​បើ​កូន​របស់​អ្នក​អាច​និយាយ​បាន​តែ​មួយ​ភាសា​វិញ​នោះ ការ​ផ្ដល់​ការ​សិក្សា​ភាសា​ទីពីរ​អាច​ជួយ​ពួកគេ​ឱ្យ​ចាប់​យក​ភាសា​បន្ថែម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ការ​ឱ្យ​កូនៗ​ទៅ​រៀន​ភាសា​មួយ​ផ្សេង​ទៀត​ជា​រៀងរាល់​ថ្ងៃ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ពួកគេ​មាន​ភាព​ស្ទាត់​ក្នុង​ភាសានោះ​ទេ ប៉ុន្តែ ពួកគេ​នឹង​អាច​មាន​ឱកាស​ក្នុង​ចាប់​យក​នូវ​ផល​ប្រយោជន៍​នានា​ដែល​អាច​កើត​មាន​នា​ពេល​អនាគត។

ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ពីរ​ភាសា

1. ភាព​យល់​ដឹង

ការ​សិក្សា​ពីរ​ភាសា​អាច​ពង្រឹង​មុខងារ​ប្រតិបត្តិការ​របស់​ខួរ​ក្បាល។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ សិស្ស​ដែល​សិក្សា​ពីរ​ភាសា ហើយ​តែង​ប្រើ​ភាសា​ទាំង​នោះ​ជា​ប្រចាំ ពួកគេ​អាច​អភិវឌ្ឍ​ជំនាញ​នៃ​មុខងារ​ផ្សេងៗ​ដូច​ជា​ការ​វិនិច្ឆ័យ ការ​គ្រប់គ្រង​ស្មារតី និង​ការ​ចងចាំ​។

ចំពោះ​សិស្ស​ដែល​កំពុង​សិក្សា​ពីរ​ភាសា​តែង​ធ្វើកិច្ចការ​ដែល​ត្រូវ​ឱ្យ​មាន​ការ​ធ្វើ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​ ការ​បង្កើត​ការ​សម្រេច​ចិត្ត និង​ការ​ដោះស្រាយ​បញ្ហា​បាន​ល្អ បើ​ទោះបី​ជា​ពួកគេ​មិន​មាន​ធ្វើ​ត្រូវ​ធ្វើ​ជាមួយ​ភាសា​ទាំង​នោះ​ក៏​ដោយ។

2. ទទួល​បាន​ជម្រើស​ច្រើន​ក្នុង​ការ​បន្ត​ការ​សិក្សា

មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ពីរ​ភាសា គឺ​ថា កុមារ​ដែល​មិន​ត្រឹម​តែ​ធំ​ឡើង​ដោយ​ចេះ​ពីរ​ភាសា​នោះ​ទេ តែ​ពួក​គេ​ក៏​អាច​ប្រើ​ភាសា​ទាំង​នោះ​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ការ​សិក្សា​នេះ​អាច​ផ្ដល់​ជម្រើស​ច្រើន​ដល់​កូន​របស់​អ្នក​ពេល​ដែល​ដល់​ពេល​ត្រូវ​ជ្រើសរើស​ការ​សិក្សា​បន្ត​នា​ពេល​អនាគត។ ពួក​គេ​នឹង​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល​ពេល​ចង់​ទៅ​រៀន នៅ​ប្រទេស​ដែល​គេ​ចង់​រស់​នៅ ដោយ​អាស្រ័យ​លើ​ភាសា​ដែល​គេនិយាយ។

វា​នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួកគេ​ក្នុង​ការ​ចូលរួម​វគ្គសិក្សា​នានា​នៅ​បរទេស ឬ​កម្មវិធី​សិក្សា​ណា​មួយ​ដែល​ពួកគេ​អាច​រៀន​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត ដែល​ភាសា​ដែល​គេ​ប្រើ​នោះ​ជួយ​ពួក​គេ​ប្រកប​ដោយ​ប្រសិទ្ធផល។

3. ការ​សិក្សា​ពីរ​ភាសា​ពង្រីក​ឱកាស​ការងារ

ការ​ចេះ​ភាសា​បរទេស​ស្ទាត់​ជំនាញ​អាច​ជួយ​ឱ្យ​បេក្ខជន​មាន​ភាព​លេចធ្លោ​ចំពោះ​អ្នក​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ។ វា​ក៏​អាច​បើក​ផ្លូវ​ឱ្យ​យើង​ទទួល​យក​នូវ​ឱកាស​បន្ថែម​លើស​ពី​បេក្ខជន​ដែល​មិន​សូវ​ចេះ​ភាសាបរទេស​។

ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​កំពុង​ស្វែង​រក​បុគ្គលិក​ដែល​ចេះ​ពីរ​ភាសា ហើយអ្នក​ដែល​ចេះ​ពីរ​ភាសា​នោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មុន​គេ។​ បេក្ខជន​ដែល​មាន​ទទួល​បាន​ការ​អប់រំ​ភាសា​ទីពីរ​តាំង​ពី​តូចៗ​នឹង​ក្លាយ​ជា​បុគ្គលិក​ដ៏​មាន​អានុភាព។

4. ​ការ​អប់រំ​ពីរ​ភាសា​ភាគ​ច្រើន​មាន​ភាព​បត់បែន​គ្រប់​កាលៈទេសៈ

ភាសា​មិន​ត្រឹមតែ​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​រៀន​ពាក្យ និង​វេយ្យាករណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​សិក្សា​អំពី​វប្បធម៌ និង​ការ​រស់​នៅ​របស់​មនុស្ស និង​ប្រទេស​ដទៃ​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ពីរ​ភាសា​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​មើល​ឃើញ​ធំ​ទូលាយ​ជាង​មុន និង​នាំ​ពួកគេ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​មនុស្ស​ចម្រុះ​ជាតិ​សាសន៍។

ចំពោះ​ពិភព​លោក​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​វិញ ទំនាក់​ទំនង​កំពុង​ក្លាយ​ជា​វិធី​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ជុំវិញ​សកលលោក។ កុមារ​ដែល​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ដែល​មក​ពី​វប្បធម៌​ផ្សេងៗ​គ្នា​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។

5. ការ​សិក្សា​ពីរ​ភាសា​បង្កើត​ឱកាស​សម្រាប់​វប្បធម៌​ចម្រុះ

អត្ថប្រយោជន៍​ដ៏​មហិមា​នៃ​ការ​ចូលរៀន​នៅ​សាលា​ដែល​ផ្ដល់​ការ​សិក្សា​ពីរ​ភាសា គឺ​ថា​អ្នក​អាច​ជួប​ជាមួយ​មនុស្ស​ដែល​មាន​ប្រភព​ខុសៗ​គ្នា។ ការ​សិក្សា​ពី​វប្បធម៌​ដទៃ​ទៀត គឺ​ពិត​ជា​មាន​សារ​សំខាន់​សម្រាប់​កុមារ​ និង​ជួយ​ពួកគេ​ឱ្យ​យល់​ពី​ពិភព​ជុំវិញ​ពួកគេ។ វា​ជួយ​ពួកគេ​ឱ្យ​លូតលាស់​ដោយ​មាន​ចិត្ត​ទូលាយ និង​ទទួល​យក​ភាព​ខុស​គ្នា។

ការ​សម្រេច​ចិត្ត​ពេល​ដែល​ពិចារណា​លើ​ការ​សិក្សា​ពីរ​ភាសា

ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នក​មាន​ការ​សម្រេចចិត្ត​ពេល​ដែល​ត្រូវ​ពិចារណា​លើ​ការ​សិក្សា​ពីរ​ភាសា។ ជម្រើស​របស់​អ្នក​អាច​ត្រូវ​កំណត់​ដោយ​កត្តា​ច្រើន ដូច​ជា ទី​កន្លែង​ដែល​អ្នក​រស់​នៅ និង​សាលា​ដែល​នៅ​ក្បែរ​នោះ។

តើ​អ្នក​នឹង​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​អន្តរជាតិ ឬ​សាលា​ភាសា?

សាលា​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា។ សាលា​អន្តរជាតិ បង្រៀន​សិស្ស​ដោយ​អនុវត្ត​តាម​កម្មវិធី​សិក្សា​លក្ខណៈ​អន្តរជាតិ ហើយ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា នឹង​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ចំណែកឯ សាលា​សិក្សា​ភាសា​វិញ គេ​អនុវត្ត​ការ​សិក្សា​តាម​កម្មវិធី​សិក្សា​របស់​ជាតិ ឬ​ក្នុង​ស្រុក។ ក្នុង​លក្ខខណ្ឌ​ខ្លះ មិន​មែន​គ្រប់​ថ្នាក់​ទាំង​អស់​សុទ្ធ​តែ​អាច​ឱ្យ​សិស្ស​រៀន​ពីរ​ភាសា​បាន​ស្មើគ្នា​នោះ​ទេ។

តើ​ភាសា​អ្វី​នឹង​ត្រូវ​បង្រៀន?

តើ​ភាសា​អ្វី​ដែល​កូន​របស់​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពេល​ដែល​រៀន? គ្រប់​ភាសា​ទីពីរ​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ប្រយោជន៍។ យ៉ាង​ណា​មិញ ការ​ជ្រើសរើស​ភាសា​ដែល​កូន​អ្នក​អាច​ប្រើ​បាន​នៅ​ក្រៅ​សាលា​គឺ​កាន់​តែ​មាន​ផល​ប្រយោជន៍។

តើ​អ្នក​នឹង​ជួយ​បង្រៀន​កូន​បន្ថែម​លើ​កិច្ចការ​ផ្ទះ​ដែល​មាន​ជាភាសាទីពីរនោះ?

ការបញ្ជូន​កូន​ឱ្យ​ទៅ​សិក្សា​នៅ​សាលា​ដែល​មាន​ភាសា​បន្ថែម​នោះ​ មាន​ន័យ​ថា​កិច្ចការ​ផ្ទះ​របស់​ពួក​គេ​នឹង​មាន​ជា​ភាសា​ទីពីរ​នោះ​ផង​ដែរ។ ប្រសិន​បើ​អ្នក​មិន​អាច​និយាយ​ភាសា​ដែល​គេ​ត្រូវ​រៀន​នោះ​ទេ តើ​អ្នក​អាច​នឹង​ជួយ​កូន​ក្នុង​កិច្ចការ​ផ្ទះ​បាន​ដោយ​របៀប​ណា? ដំណោះស្រាយ​ដែល​កំពុង​ពេញ​និយម​សម្រាប់​ឪពុក​ម្ដាយ​ដែល​មិន​ចេះ​ភាសា​នោះ គឺ​ការ​ជួល​គ្រូ​បង្រៀន​ក្រៅ​ម៉ោង​មក​ជួយ​បង្រៀន​បន្ថែម។

តើ​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ការ​អប់រំ​ពីរ​ភាសា​សម​តម្លៃ​ដែរ​ឬ​ទេ?

ប្រាកដ​ណាស់! ពេល​ដែល​អ្នក​បាន​អាន មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ពីរ​ភាសា ហើយ​កុមារ​នឹង​មាន​ផល​ប្រយោជន៍​ក្នុង​ជីវិត​រៀន​នៅ​របស់​ពួក​គេ ហើយ​កំពុង​ទទួល​ការ​សិក្សា​ពី​ភាសា​៕

អត្ថបទដើម​៖ 5 Amazing Benefits of a Bilingual Education

ការបង្រៀនកូនពីភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្ត

on Thursday, 24 January 2019. Posted in Parenting Tips, Activities

ពេលដែល​យើង​និយាយ​ពី​ការ​បង្រៀន​កុមារ​ពី​ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​តាំង​ចិត្ត យើង​មិន​និយាយ​ពី​គំនិត​ថា​នឹង​ធ្វើ​ឱ្យ​កូនៗ​ពិបាក​ឡើយ និង​មិន​អាណិត​ពួក​គេ​ឡើយ។ យើង​និយាយ​ពី​ការ​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន និង​ភាព​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ដើម្បី​បន្ត​ក្ដី​សុបិន​របស់​ពួក​គេ សម្រេច​គោលដៅ​ដែល​ពួកគេ​កំណត់​ដើម្បី​សម្រេច និង​ដើម្បី​មាន​ឱកាស​ក្នុង​ការ​​បន្ត​ការ​បង្រៀន​នេះ​ទោះ​បី​ជា​មាន​អ្វី​ពិបាក​ក៏​ដោយ។

102716381

ការ​បង្រៀន​កុមារ​ពី​ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​តាំង​ចិត្ត​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មីៗ ការ​លើក​ទឹក​ចិត្ត​ពួកគេ​តាម​រយៈ​ការ​ខិតខំ​ប្រឹង​របស់​ពួកគេ ការ​ជួយ​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពេល​ដែល​គេ​ជួប​បញ្ហា និង​ការ​ផ្ដល់​នូវ​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ច្បាស់លាស់​ណា​មួយ​ជា​ជាង​ការ​ផ្ដល់​តែ​ការ​លើក​ទឹកចិត្ត​ចំពោះ​លទ្ធផល​តែ​មួយ​មុខ​នោះ។

ការ​ចិញ្ចឹម​កូន​ជួន​កាល​មាន​អារម្មណ៍​ថា​វា​ជា​ដំណាក់កាល​នៃ​ពេល​វេលា​ណា​មួយ ជំហាន​ដំបូង ពាក្យ​ដំបូង ឬ​ថ្ងៃ​ដំបូង​នៅ​សាលា។ នេះ​ហើយ​ទើប​វា​មាន​សារ​សំខាន់​ក្នុង​ការ​ចាំ​ថា​ការ​លើក​ទឹកចិត្ត​មិន​ត្រឹម​តែ​ត្រូវ​ធ្វើ​សម្រាប់​លទ្ធផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​ការ​ខិតខំ និង​ការ​តាំង​ចិត្ត​ដែល​មាន​នៅ​ចំពោះ​ពួកគេ។

ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តាំង​ចិត្ត មាន​គុណ​តម្លៃ​សំខាន់​ក្នុង​ការ​បង្រៀន​កុមារ និង​ការ​ទទួល​បាន​នូវ​ផល​ប៉ះពាល់​ដល់​សមត្ថភាព ទំនុកចិត្ត និង​សុភមង្គល​របស់​ពួកគេ​នា​ពេល​អនាគត។ ការ​បង្រៀន​កូនៗ​តូចៗ​ឱ្យ​បន្ត​ជានិច្ច​ពេល​ដែល​មាន​ភាព​លំបាក​កើត​ឡើង និង​ការ​ខិតខំ​ព្យាយាម​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ពួក​គេ និង​កម្លាំងចិត្ត​ដែល​ជា​ផ្នែក​មួយ​ដ៏​មាន​សារ​សំខាន់​ដែល​កូន​របស់​យើង​អាច​រៀន។

ខាង​ក្រោម​នេះ គឺ​ជា​វិធី ៨ យ៉ាង​ដែល​អ្នក​អាច​បង្រៀន​កូន​របស់​អ្នក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​តាំង​ចិត្ត​៖

1. សរសើរ​ចំពោះ​ការ​ព្យាយាម​ធ្វើ​ច្រើន​ជាង​ការ​សម្រេច​សមិទ្ធិផល

ជាធម្មតា កុមារ​នឹង​ចង់​បន្ត​សកម្មភាព​ដែល​គាំទ្រ​ដោយ​វិជ្ជមាន​ដោយ​មនុស្ស​ពេញវ័យ​នៅ​ជុំវិញ​ពួក​គេ។ ប្រសិនបើ​ពួកគេ​ត្រូវ​បាន​សរសើរ​សម្រាប់​ការ​រុញ​រទេះ​បាន​ល្អ​ជាង​ពួកគេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​តោង​លេង​លើ​របា​ដែក​បាន ពួក​គេ​កំពុង​រៀន​លទ្ធផល​ប្រសើរ​មួយ​ពី​ការ​ធ្វើអ្វី​ដែល​ងាយ​ស្រួល​សម្រាប់​ពួក​គេ។ អ្នកត្រូវ​សរសើរ​កូន​ពេល​ដែល​គេ​ព្យាយាម​ហើយ​តែ​មិន​បាន​សម្រេច ឬ​ពេល​ដែល​អ្នក​ឃើញ​គេ​កំពុង​អនុវត្ត​ជំនាញ​ណា​មួយ​ម្ដង​ហើយ​ម្ដង​ទៀត។ វិធី​នេះ​នឹង​ជួយ​កូន​របស់​អ្នក​ឱ្យ​ខំ​ព្យាយាម និង​អនុវត្ត​ឱ្យ​បាន​កាន់​តែ​ច្រើន។

2. ការសរសើរច្បាស់លាស់

ការ​និយាយ “ល្អណាស់!” “ធ្វើបានល្អ!” មិន​អាច​ឱ្យ​កូន​អ្នក​នូវ​ព័ត៌មាន​សំខាន់​ទេ ពួកគេ​ត្រូវ​ការ​សកម្មភាព​របស់​ពួក​គេ​ដើម្បីរៀ​ន។ ពេល​ដែល​អ្នក​សរសើរ​កូន​របស់​អ្នក ត្រូវ​ប្រាប់​គេ​ឱ្យ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ឃើញ​ និង​អ្វី​ដែល​អ្នក​ចូលចិត្ត​ឱ្យ​គេ​បន្ត​ទៀត​នៅ​ពេល​អនាគត។

“កូន​ខំព្យាយាម​ក្នុង​ការ​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​របាយការណ៍​របស់​កូន! ម៉ាក់/ប៉ា​គិត​ថា​វា​ល្អ​ណាស់​ដែល​កូន​បាន​កត់ត្រា​ពេល​ដែល​កូន​បាន​អាន​នោះ​កូន​នឹង​ចាំ​នូវ​ព័ត៌មាន​សំខាន់​ដែល​កូន​ចង់​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​របស់​កូន។”

ការ​សរសើរ​ដោយ​ចំៗ ជា​ពិសេស​ការ​សរសើរ​សម្រាប់​ការ​ព្យាយាម​ក្នុង​កិច្ចការ​ច្បាស់លាស់​ណា​មួយ ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ដឹង​ថា​អ្នក​សង្កេត​មើល​ពួកគេ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើកិច្ចការ​ណា​មួយ​ប្រកប​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​។

3. មិនត្រូវមើលងាយកូនរបស់អ្នកទេ

រាល់​សកម្មភាព​ទាំងអស់​សុទ្ធ​តែ​មាន “អាយុ​សមរម្យ” ប៉ុន្តែ ក្នុង​នាម​ជា​ឪពុក​ម្ដាយ ជួល​កាល​យើង​ភ្លេច​ក្នុង​ការ​ថ្លឹងថ្លែង​ថា​វា​គ្រប់គ្រាន់​ពេល​ដែល​កូន​កាន់​តែ​ធំ​ទៅៗ​។ មាន​ឪពុក​ម្ដាយ​មួយ​ចំនួន​មើល​ស្រាល​លើ​សមត្ថភាព​កូន​របស់​ពួក​គេ។ មុន​នឹង​ចូល​កាត់​ចង្វាក់​ពេល​ដែល​កូន​កំពុង​ធ្វើអ្វី​មួយ អ្នក​ត្រូវ​នៅ​ឱ្យ​ស្ងៀម​សិន (លុះ​ត្រា​តែ​ស្ថានភាព​នោះ​គ្រោះថ្នាក់ ទើប​អ្នក​អាច​ចូល​ជួយ​បាន) ហើយ​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា វា​ជាអ្វី​ដែល​កូន​របស់​អ្នក​ប្រហែល​ជា​អាច​ធ្វើ​បាន ឬ​ក៏​ប្រសិន​បើ​គេ​អាច​ធ្វើ​បាន​ដោយ​បំណែក​ខ្លះ។ ត្រូវ​ចាំ​ថា វា​អាច​ធ្វើ​ឱ្យ​កូន​រប​ស់​អ្នក​មាន​ទំនុ​ក​ចិត្ត និង​ជំនឿ ដោយ​ការ​ស្វែង​រក​វិធី​ជួយ​ពួកគេ​ក្នុង​ការ​សម្រេច​គោល​ដៅ ជា​ជាង​ចូល​ជួយ​ពួក​គេ​ទាំង​កណ្ដាល​ទី។

4. បង្រៀនកូនជាជាងការធ្វើតែម្នាក់ឯង

ការងារ​បង្រៀន​កូនៗ​ គឺ​ត្រូវ​ជួយ​បង្កើន និង​សំលៀង​ជំនាញ​នានា​ដែល​កូន​មាន​ឱ្យ​កាន់​តែ​ច្បាស់​ជាង​មុន​។ ជំនួស​ឱ្យ​ការ​ចូល​ទៅ​ជួយ​ជួសជុល​របស់​អ្វី​មួយ ឬ​បញ្ចប់​ការងារ​ជំនួស​គេ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​តស៊ូ​ដោះ​ស្រាយ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​ឧបករណ៍​អ្វី គំនិត​មួយ​ណា ឬ​ឆន្ទៈ​ណា​ដែល​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​បញ្ចប់​នូវ​អ្វី​ដែល​គេ​កំពុង​ព្យាយាម​ធ្វើ។

អ្នក​ត្រូវ​ពិចារណា​ថា ប្រសិន​បើ​កូន​របស់​អ្នក​កំពុង​ព្យាយាម​ពាក់​ខ្សែ​ក្រវ៉ាត់​ឡាន ប៉ុន្តែ​គេ​មិន​អាច​ចុច​បិទ​គន្លឹះ​ទំពក់​នោះ​ទាល់​តែ​សោះ ព្រោះ​តែ​វា​ទាក់​នឹង​អាវ​របស់​គេ។

ការ​ឆ្លើយ​តប​ដែល​មិន​គួរ​ឆ្លើយ៖ “មក​នេះ ចាំ​ម៉ាក់/ប៉ា​ដាក់​ឱ្យ។”

ការ​ធ្វើ​នេះ​បង្ហាញ​ទៅ​កាន់​កូន​របស់​អ្នក​ថា​អ្នក​មិន​គិត​ថា​គេ​អាច​ពាក់​ខ្សែក្រវ៉ាត់​កៅអី​អង្គុយ​នោះ​បាន​ដោយ​ខ្លួន​ឯង​ទេ។

ការ​ឆ្លើយ​តប​ដែល​អាច​ទទួល​យក​បាន​គួរ​សម៖ “កូន​ត្រូវ​ដក​អាវ​ចេញ​ជា​មុន​សិន​ដើម្បី​ដាក់​គន្លឹះ​បាន។”

អ្នក​អាច​សម្គាល់​បញ្ហា​របស់​កូន​ជាមុន និង​ប្រាប់​ពួកគេ​ពី​របៀប​ដោះស្រាយ​បញ្ហា​នោះ។

ការ​ឆ្លើយ​តប​ល្អ៖ “មើល​ទៅ​មើល​ថា​តើ​អាវ​របស់​កូន​មាន​បាំង​គន្លឹះ​ខ្សែ​ក្រវ៉ាត់​ឬ​ក៏អត់? កូន​មិន​អាច​ដាក់​គន្លឹះ​ខ្សែ​ក្រវ៉ាត់​បាន​ទេ​ប្រសិន​បើ​មាន​អី​បាំង​វា​នោះ។”

អ្នក​អាច​សម្គាល់​ពី​បញ្ហា​សម្រាប់​កូន ប៉ុន្តែ អនុញ្ញាត​ឱ្យ​គេ​ស្វែង​យល់​ពី​វិធី​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង។

ការ​ឆ្លើយ​តប​ដ៏​ល្អ៖ “ម៉ាក់​គិត​ថា​កូន​កំពុង​មាន​បញ្ហា​ជាមួយ​ការ​ដាក់​ខ្សែ​ក្រវ៉ាត់​កៅអី​ហើយ។ កូន​គួរ​តែ​មើល​ខ្សែ​ក្រវ៉ាត់​នោះ​ឱ្យ​ជិត​ថា​តើ​មាន​អ្វី​បាំង​វា​មិន​ឱ្យ​កូន​ដាក់​គន្លឹះ​ខ្សែ​ក្រវ៉ាត់​បាន​ទាល់​តែ​សោះ​នោះ។”

បង្រៀន​កូន​ឱ្យ​ចេះ​សង្កេត​មើល​ឱ្យ​ច្បាស់​ពី​ការ​សម្គាល់​បញ្ហា បន្ទាប់​មក​ទៀត​ជំរុញ​ពួកគេ​ឱ្យ​ព្យាយាម​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។

5. ត្រូវមានការអត់ធ្មត់

មែន​ហើយ វា​អាច​នឹង​ចំណាយ​ពេល​ច្រើន​សម្រាប់​កូន​របស់​អ្នក​ដើម្បី​ធ្វើអ្វី​មួយ​ដោយ​ខ្លួន​ឯង​ជា​ជាង​ការ​ដែល​អ្នក​ធ្វើ​វា​ជំនួស​ពួក​គេ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង​ទេ នោះ​គេ​នឹង​មិន​អាច​ធ្វើ​វា​បាន​ប្រសើរ ឬ​លឿន​ជាង​មុន​នោះ​ឡើយ។ អ្នក​ក៏​ត្រូវ​ចាំ​ថា រាល់​ពេល​ដែល​អ្នក​ចូល​ទៅ​ជួយ​ពួក​គេ នោះ​ក៏​ដូច​ជា​អ្នក​កំពុង​ផ្ដល់​សញ្ញា​ថា​អ្នក​មិន​ជឿ​លើ​សមត្ថភាព​របស់​ពួកគេ​ឡើយ។ កូន​របស់​អ្នក​ចង់​បាន​ក្ដី​ស្រឡាញ់ ការ​អនុញ្ញាត និង​ជំនឿ​ពី​លោក​អ្នក​ជាង​អ្វីៗ​ទាំង​អស់។ ដូច​នេះ​ហើយ​អ្នក​ត្រូវ​ជឿ​លើ​ពួក​គេ! ឧទាហរណ៍ កូន​កំពុង​ព្យាយាម​បិទ​ឡេវ​អាវ អ្នក​ត្រូវ​រង់​ចាំ​ដោយ​អត់​ធ្មត់ និង​ជួយ​ជំរុញ​ទឹក​ចិត្ត​គេ​ពី​ក្រោយ​ថា​គេ​ប្រាកដ​ជា​អាច​បិទ​ឡេវ​អាវ​បាន​ដោយ​ខ្លួន​ឯង។ ពេល​ដែល​គេ​អាច​បិទ​ឡេវ​អាវ​ដោយ​ខ្លួន​ឯង​ហើយ នោះ​គេ​នឹង​បង្ហាញ​ទឹក​មុខ​សប្បាយ និង​មាន​មោទនភាព​ចំពោះ​ការ​បញ្ចប់​កិច្ចការ​ដោយ​ខ្លួន​ឯង។

6. អនុញ្ញាត​ឱ្យ​គេ​បរាជ័យ​ចុះ

មិនមាន​អ្នក​ចង់​ឃើញ​កូន​ទទួល​បរាជ័យ​នោះ​ទេ ប៉ុន្តែ សូម្បី​តែ​ភាព​បរាជ័យ​នេះ​ក៏​អាច​ជា​បទពិសោធន៍​រៀន​សូត្រ​ដ៏​សំខាន់​សម្រាប់​កូន​របស់​អ្នក​ផង​ដែរ។ វា​ក៏​ជា​ពេល​សំខាន់​មួយ​រវាង​អ្នក និង​កូន​របស់​អ្នក។ អនុញ្ញាត​ឱ្យ​គេ​បង្កើត​កំហុស និង​បន្ទាប់​មក​ទៀត​ត្រូវ​និយាយ​ពី​កំហុស និង​ចំណុច​ត្រូវ​កែ​លំអ។

អ្នកត្រូវ​ឱ្យ​គេ​ដឹង​ថា​អ្នក​មាន​មោទនភាព​ចំពោះ​ពួកគេ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្វី​ដែល​ពិបាក​ ឬ​ថ្មី និង​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើ​ការ​សរសើរ​ច្បាស់លាស់​ចំពោះ​ការ​ខិតខំ​របស់​ពួកគេ។

ប្រសិនបើ​កូន​របស់​អ្នក​មាន​អារម្មណ៍​ម៉ួម៉ៅ អ្នក​អាច​រំលឹក​ពួក​គេ​ថា គ្មាន​អ្នកណា​ចាប់​ផ្ដើម​ដោយ​ការ​ដឹង​ថា​ត្រូវ​ធ្វើអ្វី​មួយ​ដោយ​មិន​ចាំបាច់​អនុវត្ត​ជា​មុន​នោះ​ឡើយ។ ពេលខ្លះ វា​ក៏មាន​ប្រយោជន៍​ក្នុង​ការ​ប្រើ​ឧទាហរណ៍​បែប​កំប្លែងៗ ដូច​ជា “តើ​នីតា​ចេះ​ដើរ​តាំង​ពី​កើត​មក​មែន​ទេ? ទេៗ! នាង​ត្រូវ​អនុវត្ត​ជា​មុន​សិន​។ កូន​ចាំ​ទេ​ថា​នាង​បាន​ដើរ​ដួល​ជា​ញឹកញាប់​នោះ! ប៉ុន្តែ យើង​មិន​បោះបង់​ឡើយ! យើង​នៅ​តែ​ព្យាយាម​ជួយ​នាង​ក្នុង​ការ​អនុវត្ត​រាល់​ពេល ហើយ​នាង​ក៏​អាច​ដើរ​បាន​ដូច​រាល់​ថ្ងៃ។”

5. ផ្លាស់​ប្ដូរ​បរិយាកាស​តានតឹង​ឱ្យ​ទៅ​ជា​ហ្គេម

ប្រសិន​បើ​កូន​របស់​អ្នក​មាន​អារម្មណ៍​មួម៉ៅ និង​ចង់​បោះបង់​ចោល ពេល​ខ្លួន​អ្នក​ដែល​ជា​ឪពុកម្ដាយ​ក៏​អាច​ចូល​ជួយ​ដោយ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​ច្នៃប្រឌិដ្ឋ​ដើម្បី​រក្សា​ការ​កំពុង​ព្យាយាម​ធ្វើអ្វី​មួយ​របស់​កូន​នោះ​ក្លាយ​ជា​ការ​រៀន​សូត្រ​ដ៏​សប្បាយ។ តើ​កូន​របស់​អ្នក​កំពុង​មួម៉ៅ​រាល់​ពេល​ដែល​ត្រូវ​សម្អាត​បន្ទប់​គេង​មែន​ទេ? អ្នក​ត្រូវ​បង្រៀន​គេ​ពី​ភាព​ច្នៃ​ប្រឌិដ្ឋ និង​ការ​តាំង​ចិត្ត​បន្តិច​បន្តួច​ដោយ​ផ្លាស់ប្ដូរ​កិច្ចការ​នោះ​ទៅ​ជា​កម្មវិធី​ប្រកួត​សម្អាត​បន្ទប់​អូឡាំពិក ដែល​មាន​ដូចជា​ការ​សម្អាត​បាល់​កខ្វក់ ការ​ប្រកួត​បត់​ខោអាវ និង​ការ​ប្រកួត​រៀប​ចំ​គ្រែ។ ជួល​កាល ការ​លេង​សើច និង​សំណើចតិចៗ​អាច​ជួយ​កូន​អ្នក​បង្កើន​ភាព​ចង់​បញ្ចប់​ការងារ​ដោយ​ជោគ​ជ័យ។

6. ធ្វើជាគំរូឱ្យកូនមើល

អ្នក​កំពុង​បង្រៀន​កូន​អ្នក​ដោយ​ផ្ដល់​ជា​គំរូ​ជា​រៀងរាល់​ថ្ងៃ មិន​ថាអ្នក​បាន​សម្គាល់ ឬ​ក៏​អត់​នោះ​ទេ។ ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​យ៉ាង​ម៉ត់ចត់ ឬ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដោយ​ចេតនា អាច​បង្រៀន​ពួក​គេ​ថា​សូម្បី​តែ​មនុស្ស​ធំ​ក៏​ត្រូវ​សម្រេច​គោល​បំណង​ផង​ដែរ។

7. និយាយ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ព្យាយាម​ធ្វើ

និយាយ​ទៅ​កាន់​កូន​របស់​អ្នក​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​នៅ​ថ្ងៃ​នេះ​ពេល​ដែល​អ្នក​គិត​ថា​អ្នក​នឹង​បោះ​បង់​ចោល ប៉ុន្តែ ក៏​សម្រេច​ចិត្ត​ធ្វើ​វា​បន្ត​ជា​ថ្មី។ អ្នក​ត្រូវ​ប្រាប់​គេ​ពី​កំហុស​ដែល​អ្នក​បាន​ធ្វើ និង​ពី​វិធី​ដែល​អ្នក​បាន​ដោះស្រាយ​ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​ឡើង។ អ្នក​ត្រូវ​ប្រាប់​កូនៗ​ពី​អ្វី​ដែល​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​សមិទ្ធិផល។ លើក​ទឹកចិត្ត​កូន​ឱ្យ​និយាយ​មក​កាន់​អ្នក​ពី​អ្វី​ដែល​កើត​មាន​ឡើង​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​ជីវិត​ពួក​គេ។ កិច្ច​សន្ទនា​ទាំង​នេះ​ជួយ​បណ្ដុះការ​គិត​នា​នា​នៅ​ក្នុង​ការ​ឧស្សាហ៍​ព្យាយាម និង​ការ​តាំង​ចិត្ត។

8. អានសៀវភៅ

សៀវភៅ​​អាច​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ​ក្នុង​ការ​បង្រៀន​កូនៗ​ពី​មេរៀន​ជីវិត។ វា​ផ្ដល់​ឱ្យ​កូនៗ​នូវ​ឱកាស​ដែល​ទាក់​ទង​នឹង​ការ​រៀន​សូត្រ​ពី​អាកប្បកិរិយា និង​មើល​ឃើញ​ពី​គុណ​តម្លៃ​នៃ​ការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ​ងាយ​យល់។ ក្នុង​នោះ​ដែរ មាន​សៀវភៅ​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​បង្រៀន​ពី​ការ​តាំង​ចិត្ត​ និង​ភាព​ឧស្សាហ៍​ព្យាយាម មាន​ដូចជា The Most Magnificent Thing ដោយ Ashely Spires, Flight School ដោយ Lita Judge, Little One Step ដោយ Simon Jame និង Thank You, Mr. Falker ដោយ Patricia Palacco ជាដើម។

ចំពោះ​អ្នក​វិញ តើ​អ្នក​មាន​វិធីសាស្ត្រ​អ្វី​ក្នុង​ការ​បង្រៀន​កូន​ឱ្យ​មាន​ភាព​ឧស្សាហ៍​ព្យាយាម និង​មាន​ការ​តាំង​ចិត្ត​ដែរ​ឬ​ទេ?

ប្រភពអត្ថបទ៖ Teaching Hard Work & Determination

វិធី ៥០ យ៉ាងដែលអាចឱ្យកូនបង្ហាញពីភាពខ្លាំងរបស់ពួកគេ

on Wednesday, 16 January 2019. Posted in Classes, Parenting Tips, Activities

900525

ដោយ​លោក​បណ្ឌិត ថូម៉ាស អាម​ស្ត្រង by Thomas Armstrong, Ph.D.

(ត្រូវ​បាន​បោះ​ពុម្ព​ដំបូង​នៅ​ក្នុង​ទស្សនាវដ្ដី Family Circle ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៩៣)

រីឆាត​ចូល​ចិត្ត​លេង​ជាមួយ​នឹង​ឧបករណ៍​នានា​ដែល​ទាក់​ទង​នឹង​គ្រឿង​ម៉ាស៊ីន។ នៅ​អាយុ ៦ ឆ្នាំ គាត់​បាន​ដោះ​នាឡិកា​ជា​បំណែកៗ​។ នៅ​អាយុ ៩ ឆ្នាំ គាត់​បាន​ជួយ​ឪពុក​របស់​គាត់​ជួសជុល​ម៉ាស៊ីន​កាត់ស្មៅ​។ ពេល​ដែល​គាត់​រៀន​ថ្នាក់​វិទ្យាល័យ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ដោះ​ម៉ាស៊ីន​ចាក់​ភ្លេង​ និង​ផ្គុំ​វា​សារ​ថ្មី។ បច្ចុប្បន្ន គាត់​ជា​យុវជន​វ័យ​ក្មេង​ម្នាក់​ដែល​ធ្វើ​ការ​ជា​អ្នក​បច្ចេកទេស​សំឡេង​របស់​រោងភាពយន្ដ​​​ដ៏​​ល្បី​មួយ។ ឪពុក​ម្ដាយ​របស់​រីឆាត​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​ឱ្យ​មាន​ចំណង់​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​ច្បាស់​លាស់​តាំង​ពី​ក្មេង​ដែល​ជា​មូល​ហេតុ​អាច​ឱ្យ​គាត់​ក្លាយ​ជា​មនុស្ស​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ រី​ឆាត​មិន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ឡើយ។ ជា​ការ​ពិត​ណាស់ គាត់​មាន​រៀន​គណិតវិទ្យា​មិន​សូវ​ពូកែ​ឡើយ។ និយមន័យ​នៃ “កូន​ដែល​មាន​ទេពកោសល្យ” ត្រូវ​បាន​សង្កត់​ន័យ​តៗ​គ្នា​ថា​វា​ត្រូវ​ការ​ជំនាញ​នា​នា​ទាក់​ទង​នឹង​ការ​រៀន​សូត្រ​នៅ​សាលា និង​ត្រូវ​កំណត់​ថា​សិស្ស​ដែល​មាន ៥ ទៅ ១០ ភាគ​រយ​ដែល​មាន​ពិន្ទុ​ប្រឡង​ខ្ពស់​បំផុត សរសេរ​ល្អ​បំផុត និង​អាច​រៀន​សូត្រ​ដោយ​មិន​មាន​ចំណុច​ខ្សោយ​ទាល់​តែ​សោះ។ ទាំង​នេះ​ពិត​ជា​មាន​សារ​សំខាន់​ណាស់ ប៉ុន្តែ នៅ​មាន​វិធី​រាប់​រយ​ទៀត​ដែល​អាច​បង្ហាញ​ពី​ទេព​កោសល្យរបស់​​កូនៗ​របស់​លោក​អ្នក។ តាម​សម្ដី​របស់​បណ្ឌិត ដេវីដ ជី មេយ័រ សាស្ត្រាចារ្យ​ចិត្តសាស្ត្រ​នៃ​មហាវិទ្យាល័យ Hope in Holland នៃ​រដ្ឋ​មីឈីខេន​ បាន​ឱ្យ​ដឹង​ថា “អ្នក​ប្រាជ្ញ​នា​នា​ពេល​បច្ចុប្បន្ន​បង្ហាញ​ថា​ស្ទើរ​តែ​គ្រប់​កុមារ​ទាំង​អស់ មិន​មែន​មាន​ត្រឹម​តែ​កុមារ ៥ ភាគ​រយ​នោះ​ទេ​អាច​បង្ហាញ​នូវ​ទេព​កោសល្យ ពិសេស​របស់​ខ្លួន។ ចំណែក​ឯ​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ហាវ៉ាដ ក៏​បាន​ចូល​រួម​បង្ហាញ​មតិ​របស់​ខ្លួន​ដែរ​ថា កុមារ​អាច​បង្ហាញ​ភាព​ឆ្លាត​វៃ​របស់​ខ្លួន​ក្នុង​ទម្រង់​ផ្សេងៗ​តាម​រយៈ​ពាក្យ លេខ តន្រ្តី រូប​ភាព កាយ​វប្បកម្ម ឬ​សមត្ថភាព​ដែល​ប្រើ​ដៃ និង​ការ​អភិវឌ្ឍ​សង្គម និង​អារម្មណ៍។ ជាមួយ​គ្នា​នេះ​ដែរ មាន​អ្នក​សង្កេត​អនាមិក​ម្នាក់​បាន​និយាយ​ថា “កុមារ​ទាំង​អស់​សុទ្ធ​តែ​មាន​ទេព​កោសល្យ គ្រាន់តែ​កុមារ​ខ្លះ​បង្ហាញ​យឺត​ជាង​កុមារ​ផ្សេង​ទៀត។” ក្នុង​នាម​ជា​មាតា​បិតា លោក​អ្នក​អាច​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ដាស់​ទេព​កោសល្យរបស់​កូន​ឱ្យ​លេច​ឡើង ឬ​ក៏​អភិវឌ្ឍ​ភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​បទ​ពិសោធន៍​នានា​ដែល​អ្នក​ឱ្យ​កូន​របស់​អ្នក​នៅ​ផ្ទះ។

ខាង​ក្រោម​នេះ​ជា​វិធី ៥០ យ៉ាង​សម្រាប់​ជួយ​កូនៗ​ឱ្យ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ពួកគេ​ដើម្បី​ដឹង​ថា​ទេពកោសល្យ​របស់​ពួក​គេ​មាន​កម្រិត​ណា៖

1. ឱ្យ​កូន​របស់​អ្នក​ស្វែង​រក​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។ អ្នក​ត្រូវ​ផ្តោត​ស្មារតី​ទៅ​លើ​សកម្មភាព​ដែល​ពួក​គេ​ជ្រើស​រើស​ធ្វើ។ ការ​លេង​ទាំង​នេះ​អាច​បង្ហាញ​ពី​ទេពកោសល្យ​របស់​ពួកគេ​បាន​ផង​ក៏​មិន​ដឹង។

2. បង្ហាញ​កូន​អ្នក​ឱ្យ​ចាប់​យក​បទពិសោធន៍​ធំៗ។ ពួកគេ​អាច​នឹង​បង្ហាញ​នូវ​ទេពកោសល្យ រាង​យឺត​បន្តិច​។ ដូច្នេះ កុំ​ទាល់​អាន​សន្និដ្ឋាន​ថា​ពួកគេ​មិន​មាន​ទេពកោសល្យ ព្រោះ​ថា​គាត់​អាចនឹង​មិន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​នៅ​ឡើយ​ទេ។

3. ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​បង្កើត​កំហុស។ ប្រសិន​បើ​គេ​ត្រូវ​ធ្វើ​កិច្ចការ​ណា​មួយ​ឱ្យ​ល្អ​ឥត​ខ្ចោះ​ នោះ​គេ​នឹង​មិន​ប្រថុយ​គ្រោះថ្នាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ស្វែង​រក និង​បង្កើត​ទេពកោសល្យ។

4. សួរ​សំណួរ។ ការ​ជួយ​កូន​អ្នក​ឱ្យ​បើក​ចិត្ត​ស្វែង​យល់​ចម្ងល់​នានា​ដែល​មាន​នៅ​ជុំវិញ​ពួកគេ​ដោយ​ការ​សួរ​សំណួរ​នានា​ដូច​ជា “ហេតុអ្វី​បាន​ជា​មេឃ​មាន​ពណ៌​ខៀវ?” រួច​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​ជាមួយ​គ្នា។

5. បង្កើត​គម្រោង​ពិសេស​ជាមួយ​គ្រួសារ។ តាម​រយៈ​ការ​ចែក​រំលែក​ភាព​ច្នៃ​ប្រឌិដ្ឋ​អាច​ដាស់ និង​បង្កើត​ទេព​កោសល្យឱ្យ​កើត​មាន​ឡើង។

6. មិន​ត្រូវ​ដាក់​សម្ពាធ​កូន​ក្នុង​ការ​រៀន។ ប្រសិន​បើ​អ្នក​បញ្ជូន​កូន​ឱ្យ​ទៅ​រៀន​មេរៀន​ពិសេសៗ​រាល់​ថ្ងៃ​ដើម្បី​សង្ឃឹម​ថា​ពួក​គេ​អាច​អភិវឌ្ឍ​ទេព​កោសល្យ​របស់​ពួក​គេ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ឬ​ភាព​ហត់​នឿយ​នឹង​កើត​មាន​លើ​រូប​ពួក​គេ។ ដូច្នេះ អ្នក​គួរ​តែ​លើក​ទឹក​ចិត្ត​ពួក​គេ និង​មិន​ត្រូវ​បង្ខំ​នោះ​ឡើយ។

7. មាន​ការ​រំពឹង​ខ្ពស់ តែ​ត្រូវ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត។

8. ចែក​រំលែក​ជីវិត​ការងារ​របស់​អ្នក។ បង្ហាញ​កូន​អ្នក​ពី​រូបភាព​​នៃ​ភាព​ជោគ​ជ័យ​ដោយ​ការ​យក​ពួក​គេ​ទៅ​ធ្វើការ​​​ជាមួយ។ បង្ហាញ​ឱ្យ​គេ​​ឃើញ​ថា​អ្នក​​កំពុង​ធ្វើ​កិច្ចការ​ដ៏​មាន​ន័យ​សម្រាប់​ជីវិត ហើយ​ឱ្យ​ពួក​គេ​ចូល​រួម​ជាមួយ។

9. ផ្ដល់​បរិយាកាស​ប្រកប​ដោយ​ញាណ​ចម្រុះ។ ការ​ដែល​មាន​សម្ភារ​ជុំវិញ​ផ្ទះ​ដែល​នឹង​ជម្រុញ​ដល់​ការ​ប្រើ​ញាណ​ដូច​ជា ថ្នាំ​លាប​ម្រាម​ដៃ ឧបករណ៍​ស្គរ និង​រូប​តុក្កតា​ជា​ដើម។

10. រក្សា​ចំណង់​ក្នុង​ការ​ចង់​រៀន​ជានិច្ច។ កូន​របស់​អ្នក​នឹង​ត្រូវ​បាន​ទទួល​ឥទ្ធិពល​ពី​គំរូ​របស់​អ្នក។

11. មិន​ត្រូវ​កំណត់​កូន​ជាមួយ​នឹង​ស្លាក​ឈ្មោះ​ឡើយ។ ពួក​គេ​អាច​នឹង​មាន​កេរិ៍្ត​​ឈ្មោះ​ដែល​មិន​ទាក់​ទង​នឹង​ទេព​កោសល្យ​ពី​ខាង​ក្នុង​របស់​គាត់​ឡើយ។

12. លេង​ហ្គេម​ជាមួយ​គ្នា​ជា​លក្ខណៈ​គ្រួសារ។

13. មាន​ពេល​ទៀង​ទាត់​សម្រាប់​គ្រួសារ​ដើម្បី​អាន ស្ដាប់​ចម្រៀង ឬ​និយាយ​គ្នា​លេង។

14. មាន​សម្ភារ​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​កូន​អាច​ស្វែង​យល់​ពី​ចំណេះដឹង​នានា​ទាក់ទង​នឹង​ពិភព​លោក។

15. អនុញ្ញាត​ឱ្យ​របស់​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ដែល​គេ​ចូល​ចិត្ត។

16. ប្រើ​ភាព​កំប្លែង ឬ​រឿង​សប្បាយៗ​នានា​ដើម្បី​ជំរុញ​ដល់​ការ​បង្កើត​ភាព​ច្នៃ​ប្រឌិដ្ឋ​របស់​កូន។

17. មិន​ត្រូវ​រិះ​គន់ ឬ​វាយ​តម្លៃ​លើ​អ្វី​ដែល​កូន​របស់​អ្នក​ធ្វើ​ឡើយ។ ពួក​គេ​អាច​នឹង​បោះបង់​ទេព​កោសល្យ​របស់​ពួក​គេ​ប្រសិន​បើ​គេ​មាន​អារម្មណ៍​ថា​មាន​អ្នក​ដទៃ​វាយ​តម្លៃ​ពួកគេ។

18. លេង​ជាមួយ​កូន​ដើម្បី​បង្ហាញ​ពួកគេ​ឱ្យ​ដឹងពី​ការ​ចូលចិត្ត​លេង​របស់​អ្នក។

19. ចែក​រំលែក​ភាព​ជោគជ័យ​ជាលក្ខណៈ​គ្រួសារ។ អ្នក​អាច​និយាយ​ពីអ្វី​ល្អៗ​ដែល​បាន​កើត​ឡើង​ដើម្បី​ជំរុញ​មោទកភាព​សម្រាប់​ខ្លួន​ឯង។

20. ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កូនៗ​ក្នុង​ការ​ប្រើ​កុំព្យូទ័រ​ទាំង​នៅផ្ទះ នៅ​សាលារៀន ឬនៅ​តាម​ហាង​កុំព្យូទ័រ​ជាដើម។

21. ស្ដាប់​កូន​និយាយ។ អ្វី​ដែល​កូន​របស់​អ្នក​ខ្វល់​បំផុត គឺ​ប្រហែល​ជា​ការ​ផ្ដល់​គន្លឹះ​ខ្លះៗ​ដល់​ឪពុក​ម្ដាយ​ពី​ជំនាញ​ទេពកោសល្យ​របស់​ពួក​គេ។

22. ទុក​ពេល​ពិសេស​ណាមួយ​សម្រាប់​កូន​នៅ​ផ្ទះ​ដើម្បី​ឱ្យ​គេ​អាច​បង្កើត​ភាព​ច្នៃប្រឌិដ្ឋ​បាន។

23. សរសើរ​កូន​ពី​ស្មារតី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​នៅផ្ទះ​ពេលដែល​ពួកគេ​បាន​បញ្ចប់​កិច្ចការ​ក្នុង​ផ្ទះ​ណាមួយ​ដែល​អ្នក​បាន​ដាក់​ឱ្យ​គេធ្វើ។

24. ទៅ​ទស្សនា​កន្លែងថ្មីៗ​ជា​លក្ខណៈ​គ្រួសារ។

25. ផ្ដល់​សម្ភារ​លេង​យ៉ាង​ទូលំទូលាយ ដែល​កូន​អាច​លេង​បាន​ជាលក្ខណៈ​ច្រើន​យ៉ាង។ សម្ភារ​លេង​ទាំងនោះ​មាន​ដូចជា ឧបករណ៍​ផ្គុំ និង​តុក្កតា​និយាយ​ជាដើម ដើម្បី​ឱ្យ​ពួកគេ​អាច​លេង​ដោយ​ប្រើ​ការ​ស្រមៃ​បាន។

26. ផ្ដល់​ពេលវេលា​សេរី​ដោយ​មិនមាន​ការ​គ្រប់គ្រង​ឱ្យ​កូន​លេង​ដើម្បី​ឱ្យ​ពួកគេ​អាច​ស្រមៃ និង​ឆ្ងល់​បាន​យ៉ាង​ងាយ។

27. ចែករំលែក​រឿង​ដែល​ជំរុញ​ទឹកចិត្ត​របស់​នរណាម្នាក់​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ។

28. មិនត្រូវ​ផ្ដល់​សំណូក​ដល់​កូន​ជាមួយ​នឹង​រង្វាន់​ឡើយ។ ការផ្ដល់​ប្រយោជន៍​ដល់​កូន​ដោយ​ការ​ផ្ដល់​សារ​ថា​ការ​រៀន​សូត្រ​មិនមែន​ជា​ការ​ត្រូវ​ទទួល​រង្វាន់​ឡើយ។

29. ណែនាំ​ឱ្យ​កូន​ចូលរួម​ក្រុម​នានា​ដែល​ផ្ដោត​សំខាន់​លើ​ទេពកោសល្យ​របស់​ពួក​គេ។

30. ពិភាក្សា​ព័ត៌មាន​នានា​ដើម្បី​បណ្ដុះ​ចំណង់​ចំណូល​ចិត្ត។

31. លើក​ទឹកចិត្ត​មិន​ឱ្យ​មាន​ការ​លំអៀង​ភេទ។ ត្រូវ​បង្ហាញ​កូន​របស់​អ្នក​ពី​សកម្មភាព ឬ​សម្ភារ​លេង​ដែល​អាច​លេង​បាន​ទាំង​កូន​ប្រុស និង​កូន​ស្រី។

32. ជៀសវាង​ការ​ប្រៀបធៀប​កូន​របស់​ខ្លួន​ជាមួយ​នឹង​កូន​អ្នក​ដទៃ។ អ្នក​ត្រូវ​ជួយ​កូន​ដោយ​ការ​ប្រៀបធៀប​គេ​ទៅ​នឹង​លទ្ធផល​ដែល​គេ​ទទួល​បាន។

33. អ្នក​ត្រូវ​ធ្វើ​ជា​ឪពុក ឬ​ម្ដាយ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត។

34. ប្រើ​ព្រឹត្តិការណ៍​សង្គម​នានា​ដើម្បី​ធ្វើ​ឱ្យ​ចំណាប់​អារម្មណ៍​របស់​កូន​ដំណើរ​ការ។ អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ណាល័យ សារមន្ទីរ ការ​ប្រគុំតន្រ្តី ឬ​ល្ខោន​ជាដើម។

35. ផ្ដល់​អំណោយ​ដើម្បី​បង្កើន​កម្លាំង​ដល់​កូនៗ។

36. លើក​ទឹកចិត្ត​កូន​ឱ្យ​ចេះ​គិត​ពី​អនាគត​របស់​ពួក​គេ។ គាំទ្រ​ទស្សនវិស័យ​របស់​ពួកគេ​ដោយ​មិន​ចាំ​បាច់​កំណត់​ទិសដៅ​ឱ្យ​គេ​ចាប់​យក​ផ្នែក​ណា​មួយ​ច្បាស់​លាស់​ឡើយ។

37. ណែនាំ​កូន​របស់​អ្នក​ឱ្យ​ស្គាល់​មនុស្ស​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​មាន​សមត្ថភាព។

38. ត្រូវ​គិតថា​ផ្ទះ​របស់​អ្នក​ជា​កន្លែង​រៀន​សូត្រ។ ផ្ទះ​បាយ គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​តាម​រយៈ​ការ​ចម្អិន​អាហារ។

39. ចែក​រំលែក​អារម្មណ៍។ ទេពកោសល្យ​របស់​កូន​អាច​នឹង​ពិបាក​បង្ហាញ​ប្រសិន​បើ​មាន​ការ​សង្កត់​ផ្នែក​អារម្មណ៍​។

40. លើក​ទឹកចិត្ត​កូន​ឱ្យ​ចេះ​អាន។

41. កោត​សរសើរ​ចំពោះ​ការ​បង្កើត​នានា​របស់​កូនៗ។

42. ធ្វើអ្វី​មួយ​ជាមួយ​កូន​ចំពោះ​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍។

43. បង្រៀន​កូន​ឱ្យ​ជឿជាក់​លើ​ប្រាជ្ញា​របស់​ពួកគេ និង​ជឿលើ​សមត្ថភាព​របស់​ពួកគេ។

44. ផ្ដល់​ជម្រើស​ឱ្យ​កូនៗ​ជ្រើសរើស។ វា​អាច​បណ្ដុះ​នូវ​ការ​ប្ដេជ្ញា​ចិត្ត និង​កម្លាំង​នៃ​ការ​គិត។

45. បង្ហាញ​កូន​របស់​អ្នក​ក្នុង​ការ​ប្រើ​សៀវភៅ​ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍។ ឧទាហរណ៍ សៀវភៅ​ពី​វិធី​នានា​សម្រាប់​អ្នក​ស្វ័យ​សិក្សា។

46. រៀបចំ​ទីតាំង​មួយ​ក្នុង​ផ្ទះ​ដើម្បី​ដាក់​តាំង​ការ​បង្កើតថ្មី និង​រង្វាន់​របស់​កូន។

47. លើក​ទឹក​ចិត្ត​កូន​ឱ្យដើរ​លើ​ផ្លូវ​ពិបាក​មួយ រួច​ជួយ​ពួកគេ​ឱ្យ​រៀន​ពី​ការ​គ្រប់គ្រង​ដែន​កំណត់។

48. ត្រូវ​ធ្វើ​ជា​អ្នក​ទំនាក់ទំនង​រវាង​ទេពកោសល្យ​ពិសេស​របស់​កូន និង​ពិភពលោក​ជាក់​ស្ដែង។ អ្នក​អាច​ជួយ​ពួកគេ​ឱ្យ​ស្វែង​រក​ចំណុច​ណាមួយ​សម្រាប់​ទេពកោសល្យ​របស់​ពួកគេ។

49. ណែនាំ​កូន​ពី​អក្សរសាស្ត្រ​សម្រាប់​កុមារ​ដែល​មាន​តម្លៃ និង​អាច​បណ្ដុះ​ទេពកោសល្យ​កូន​របស់​អ្នក​។ សៀវភៅ​ទាំងនោះ​មាន​ដូចជា Little Engine ដែល​អាច​ជា​សៀវភៅ​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ពាក្យ​ថា “អាចធ្វើ​បាន” ដល់​កូនរបស់​អ្នក។

50. ទទួល​ស្គាល់​ពីអ្វីដែល​កូន​របស់អ្នក​អាច​ធ្វើ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន Thomas Armstrong, In Their Own Way: Discovering and Encouraging Your Child’s Multiple Intelligences, and Awakening Genius in the Classroom ៕

 

អត្ថបទដើម៖ 50 Ways to Bring out Your Child’s Best

ត្រៀមខ្លួនសម្រាប់ថ្នាក់មត្តេយ្យកម្រិតទាប៖ តើអាយុប៉ុន្មានទើបសមនឹងឱ្យកូនចូលរៀនបំផុត?

on Thursday, 15 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​រៀប​ចំ​ឱ្យ​កូន​តូចៗ​របស់​អ្នក​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប? នេះ គឺ​ជា​សំណួរ​មួយ​ដែល​អាច​ផ្ញើ​ទៅ​ដល់​បេះដូង​ឪពុក​ម្ដាយ​ថ្មី​ថ្មោង។ ហើយ​តើ​ឪពុក​ម្ដាយ​ណា​ចង់​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​កូន​តូច​ជា​ទី​ស្រឡាញ់​នោះ? ឪពុក​ម្ដាយ​ខ្លះ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រហែល ២ ឆ្នាំម្ល៉េះ ហើយ​ឪពុក​ម្ដាយ​ខ្លះ​ទៀត​បាន​បញ្ជូន​កូន​ទៅ​រៀន​រាង​យឺត​បន្តិច​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

preschool20boys20painting

តាម​ប្រសាសន៍​របស់​អ្នក​ស្រី ធីណា ហ្សាម៉ូរ៉ា នាយិកា​នៃ​សាលា​នេស​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​បាន​ឱ្យ​ដឹង​ថា “កុមារ​មិន​តម្រូវ​ឱ្យ​ទៅ​សាលា​មុន​ពួក​គេ​មាន​អាយុ ៥ ឆ្នាំ​ដាច់​ខាត​នោះ​ទេ។ ប៉ុន្តែ មាន​កម្មវិធី​សិក្សា​ល្អៗ​សម្រាប់​កុមារ​តូចៗ​ដែល​អ្នក​ចាប់​ផ្ដើម​ឱ្យ​កូន​រៀន​តាំង​ពី​អាយុ​ជាង ១ ឆ្នាំ។ កម្មវិធី​នេះ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​សង្គម និង​ការ​ប្រើ​ចលនា​សាច់​ដុំ។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ២ ដល់ ៤ ឆ្នាំ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប គឺ​មាន​ប្រយោជន៍​សម្រាប់​ជំនាញ​សង្គម និង​អារម្មណ៍ ព្រោះ​វា​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត ឬ​ក៏​បង​ប្អូន​របស់​គេ​ជា​ដើម។ ជំនាញ​អាន​អក្សរ​កម្រិត​មូលដ្ឋាន​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​អភិវឌ្ឍ។ អ្វី​ដែល​សំខាន់​នោះ គឺ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​ផ្ដល់​នូវ​បទពិសោធន៍​ដែល​សប្បាយ​រីករាយ​ដល់​កូន​របស់​អ្នក​ក្នុង​ការ​ជួប​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត ដោយ​ពួក​គេ​អាច​ស៊ាំ​នឹង​ទម្លាប់​ល្អៗ និង​អភិវឌ្ឍ​គ្រប់​ជំនាញ​ដែល​ពួក​គេ​កំពុង​ចាប់​ផ្ដើម​សិក្សា និង​ស្វែង​យល់។”

អ្នកស្រី​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កុមារ​នីមួយៗ​អាច​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ប៉ុន្តែ​ សាលា​មួយ​ចំនួន​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រៀន​ចូល​បន្ទប់​ទឹក​ជា​មុន​សិន ឬ​ក៏​អាច​នឹង​ចង់​ដឹង​ប្រសិន​បើ​មិន​មាន​តម្រូវ​ការ​ពិសេស​ខ្លះ​ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ពេទ្យ​កុមារ​ជាមុន​ដូច​ជា​ការ​ពន្យារ​ពេល​និយាយ (កុមារ​មិន​អាច​និយាយ​បាន​ដូច​ក្មេង​ដទៃ​ក្នុង​អាយុ​ប្រហាក់​ប្រហែល​គ្នា) ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដូច​ជា​អង្គុយ ឈរ ដើរ ចាប់​កាន់​របស់ ។ល។ ឬ​ក៏​មាន​បញ្ហា​នានា​ដែល​ត្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ក្មេង​ដទៃ​ជាដើម។ ប្រសិន​បើ​ពួក​គេ​មិន​មាន​បញ្ហា​ទាំង​អស់​នេះ​ទេ ពួក​គេ​អាច​ចូល​រៀន​ដោយ​រីក​រាយ។”

ទន្ទឹម​នឹង​នេះ​ដែរ មិន​មាន​ក្បួន​ច្បាប់​ពិបាក​ពេក ឬ​រហ័ស​ពេក​សម្រាប់​អាយុ​ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នោះ​ទេ។ ប៉ុន្តែ មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ពិចារណា​ក្នុង​ការ​កំណត់​ការ​ត្រៀម​ខ្លួន​ចូល​រៀន​ដើម្បី​ឱ្យ​ពួក​គេ​ទម្លាប់​នឹង​សាលា​រៀន​។ អ្នក​ត្រូវ​ចាំ​ថា កូន​របស់​អ្នក​អាច​នឹង​យល់​ថា​ទម្លាប់​នៃ​ការ​សិក្សា​នៅ​សាលា​ខុស​គ្នា​ពី​ទម្លាប់​ដែល​ពួកគេ​រស់​នៅ​ឯ​ផ្ទះ។

1- ឯករាជ្យ​ភាព៖ តើ​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ប៉ុន្មាន​រាល់​ថ្ងៃ? ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិត​ទាប​តម្រូវ​ឱ្យ​សិស្ស​យល់​ដឹង​ដោយ​ខ្លួន​ឯង ជា​ពិសេស គឺ​ការ​យល់​ដឹង​ពី​អនាម័យ និង​ការ​ថែ​រក្សា​ខ្លួន។ កូន​របស់​អ្នក​ត្រូវ​ចេះ​បន្ទោបង់​ដោយ​ខ្លួន​ឯង ចេះ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ដោយ​ខ្លួន​ឯង ចេះ​សម្អាត និង​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ចេះ​រៀបចំ​ទុក​ដាក់​របស់​លេង​រួច​ដោយ​ខ្លួន​ឯង និង​ចេះចូល​គេង​ដោយ​ខ្លួន​ឯង ដែល​ទាំង​នេះ គឺ​ជា​ជំនាញ​ខ្លះៗ​ដែល​ពួក​គេ​ត្រូវ​មាន​។

សមត្ថភាព​កូន​របស់​អ្នក​ត្រូវ​ផ្ដោត​សំខាន់ និង​គ្រប់គ្រង​ខ្លួន​ឯង​សម្រាប់​ពេល​ណា​មួយ​ដែល​ត្រូវ​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ខ្លះ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​ផ្ចង់​ស្មារតី​ដើម្បី​បញ្ចប់។

​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​បែកគ្នា​អាច​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​ជូន​គេ​ដល់​មុខ​សាលា ជា​ពិសេស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​នោះ។

ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​បញ្ហា​នេះ អ្នក​អាច​ជួយ​បាន​ដោយ​អនុញ្ញាត​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​ទំនុក​ចិត្ត និង​ការ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង។ អ្នក​ត្រូវ​តាម​ដាន​តើ​អ្វី​ដែល​អាច​ឱ្យ​ពួក​គេ​លេង​ដោយ​ខ្លួន​ឯង​។ អ្នក​អាច​បង្ហាញ​នូវ​សកម្មភាព​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ស័ក្ដិសម​សម្រាប់​អាយុ​របស់​ពួក​គេ​ឱ្យ​គេ​លេង​ពេល​ដែល​អ្នក​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​នោះ។ វិធី​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​សម្រាប់​ភាព​ឯករាជ្យ​បន្តិច​ម្ដងៗ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ឃ្លាត​គ្នា និង​បញ្ហា​ចម្លែកៗ អ្នក​ត្រូវ​ឱ្យគេ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចំណាយ​ពេល​ជាមួយ​នឹង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ក៏​អាច​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ដែរ។ កុមារ​ដែល​មាន​អ្នក​មើល​ថែ​ច្រើន​ជាង​ម្នាក់ ឬ​ទម្លាប់​រស់​នៅ​ជាមួយ​មនុស្ស​ឯ​ទៀត​ពេល​ដែល​អ្នក​មិន​នៅក្បែរ ច្រើន​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​នឹង​មនុស្ស​ថ្មីៗ និង​កន្លែង​ថ្មីៗ។

2- ស្មគ្រចិត្ត​ក្នុង​ការ​ចូល​រួម៖ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ច្រើន​តែ​មាន​ដូច​ជា​ការ​ច្រៀង​ជា​ក្រុម ការ​និទាន​រឿង ដែល​តម្រូវ​ឱ្យ​កុមារ​ត្រូវ​អង្គុយ​ស្ងៀម​ដើម្បី​ស្ដាប់ និង​រៀន​ជាមួយ​គ្នា។ កុមារ​ដែល​រពឹស​តាំង​ពី​កំណើត អាច​នឹង​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​នូវ​ការ​អភិវឌ្ឍ​ចំណុច​នេះ​ដែល​តម្រូវ​ឱ្យ​គេ​ត្រូវ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នោះ។

ការ​ណែនាំ​​កូន​របស់​អ្នក​បន្តិច​ម្ដងៗ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នានា​ក៏​អាច​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ។ ហើយ​ការ​លេង​ជា​ក្រុម​ជាមួយ​នឹង​បង​ប្អូន​ជីដូន​មួយ​របស់​ពួក​គេ ឬ​ក៏​កូន​មិត្ត​របស់​អ្នក​ក៏​អាច​ចូលរួម​ចំណែក​ឱ្យ​ពួកគេ​ងាយ​ក្នុងការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​សាលា​ផង​ដែរ។

3- ការ​ត្រៀម​ខ្លួន​សម្រាប់​ទម្លាប់​នានា៖ ភាព​តាន​តឹង​របស់​កុមារ​នឹង​ត្រូវ​កាត់​បន្ថយ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​មាន​ទំនុកចិត្ត។ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​អនុវត្ត​តាម​កាល​វិភាគ​ធម្មតា​ដែល​កុមារ​ដឹង​ថា​ត្រូវ​រំពឹង​អ្វីខ្លះ​ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង។ ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ទម្លាប់​បាន​ទេ​ អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​ក្នុង​ការ​ធ្វើកិច្ចការ​ដដែល​ក្នុង​ម៉ោង និង​ពេល​ដដែល​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​កំណត់ នោះ​អ្នក​កំពុង​ទទួល​បាន​ជោគជ័យ​ហើយ។

4- ថាមពល​ក្នុង​ម៉ោង​សិក្សា៖ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​នឹង​ត្រូវ​ឱ្យ​សិស្ស​សិក្សា​ពី៣ ទៅ ៤ ម៉ោង​ ដល់​ពេញ​មួយ​ថ្ងៃ។ ការ​កំណត់​នេះ​ត្រូវ​ប្រើ​សម្រាប់​កុមារ​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សិក្សា និង​កុមារ​ដែល​កំពុង​តែ​សម្រប​ខ្លួន​តាម​ទម្លាប់​ថ្មី មនុស្ស​ថ្មី និង​បរិយាកាស​ថ្មី។ សកម្មភាព​ដែល​បាន​រៀបចំ​ទាំងឡាយ​ត្រូវ​ប្រើ​ដើម្បី​ឱ្យ​សិស្ស​ប្រើ​កម្លាំង និង​ថាមពល​របស់​ពួកគេ​ឱ្យ​ដល់​ចប់​ម៉ោង​សិក្សា។ ត្រូវ​សង្កេត​មើល​ឱ្យ​ម៉ត់ចត់​ប្រសិន​បើ​កូនងាយ​នឹង​ហត់ ហើយ​ចង់​គេង​ច្រើន​ខុស​ពី​ធម្មតា។ អ្នក​អាច​ជួយ​កូន​ឱ្យ​គេង​ពេល​យប់​ឱ្យ​បាន​ទៀង​ទាត់ និង​គេង​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច។ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​រយៈ​ពេល​ខ្លី​ប្រាកដ​ជា​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង​ដែល​អាច​ឱ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​មាន​មេរៀន​ច្រើនៗ​នោះ។

5- ហេតុ​ផល​របស់​អ្នក៖ ចំណុច​បញ្ចប់ គឺ​អ្នក​ត្រូវ​គិត​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ឱ្យ​កូន​ចូល​រៀន។ តើ​នេះ​ព្រោះ​តែ​អ្នក​មាន​អារម្មណ៍​ថា​កូន​គួរ​តែ​ចូល​រៀន​ដើម្បី​ឱ្យ​ស៊ាំ​ជាមួយ​នឹង​បរិយាកាស​របស់​សាលា ឬ​ក៏​អ្នក​គ្រាន់តែ​ស្វែងរក​សេវាកម្ម​មើល​ថែ​កូន​ប៉ុណ្ណោះ? តើ​អ្នក​បារម្ភ​ថា​កូន​របស់​អ្នក​អាច​នឹង​ត្រូវ​ទុក​ចោល​ទេ?

អ្នក​ត្រូវ​ចាំ​ថា ក្ដី​ស្រឡាញ់ ផ្ទះ​ដ៏​កក់​ក្ដៅ គ្រួសារ និង​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ល្អ​សម្រាប់​កូន​របស់​អ្នក​នា​ពេល​អនាគត​។ ហើយ​ក៏​មាន​ជម្រើស​ច្រើន​ដើម្បី​ជ្រើសរើស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ដើម្បី​ឱ្យ​បាន​វត្តមាន​ពេញ​នោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ។

យ៉ាង​ណា​មិញ ប្រសិន​បើ​ហេតុ​ផល​សំខាន់​របស់​អ្នក គឺ​ជា​ហេតុផល​ដែល​អ្នក​ចង់​ឃើញ​គេ​ចង់​រៀន និង​ស្វែង​យល់​ពី​អ្វី​ថ្មីៗ​ដែល​កូន​មាន និង​ការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត នោះ​អាច​នឹង​ដល់ពេល​ត្រូវ​ឱ្យ​កូន​ចូល​រៀន​ហើយ៕

អត្ថបទដើម៖ Preschool Readiness: What's the Best Age to Get Your Child to School?

 

អត្ថបទផ្សេងទៀត៖

ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

សារសំខាន់នៃការសិក្សាពីរភាសា

 

សាលា​អន្តរជាតិ លីបឺធី បាន​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​អប់រំ​កុមារ​តូច​ដែល​មាន​គុណភាព​ដ៏​ល្អ​ដោយ​មាន​ការ​សិក្សា​នូវ​កម្មវិធី​សិក្សា​ជា​លក្ខណៈ​អន្តរជាតិ។ ទទួល​ចុះ​ឈ្មោះ​ជា​រៀង​រាល់​ថ្ងៃ។ សូម​មក​កាន់​សាលា​ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​បន្ថែម។

Liberty has an established, mature Early Childhood Education program complete with an international preschool curriculum. Enrollment is ongoing, please drop by the school for more information.
______________________________
សាលា​អន្តរជាតិ លីបឺធី | Liberty International School
Tel: 023 631 2857 / 095 712 165
# 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh
Googly maps: https://goo.gl/maps/Jp2c2icBi8R2
www.libertycambodia.com
#internationalschool #phnompenh

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.