7 វិធីក្នុងការបង្រៀនកូនឱ្យចេះគ្រប់គ្រងខ្លួនឯង
កិច្ចការចម្បងដែលកុមារត្រូវចេះ គឺការអភិវឌ្ឍវិន័យផ្ទាល់ខ្លួន។ ចំណែកឯកិច្ចការចម្បងដែលឪពុកម្ដាយត្រូវធ្វើគឺ បង្រៀនកូនឱ្យចេះគ្រប់គ្រងខ្លួនឯង។
កុមារជាច្រើន ពិសេសកុមារតូចៗ មានចរិតឆេវឆាវ និងពិបាកក្នុងការគ្រប់គ្រង។ ដំណោះស្រាយសម្រាប់កុមារទាំងនេះ គឺបណ្ដុះវិន័យផ្ទាល់ខ្លួន។ កុមារត្រូវដែលអាចគ្រប់គ្រងខ្លួនឯងបាន និងចេះរៀបចំវិន័យផ្ទាល់ខ្លួនបាន មានសមត្ថភាពអាចជំនះរាល់ឧបសគ្គទាំងឡាយក្នុងជីវិតរបស់ពួកគេបាន។ ដូច្នេះហើយទើបពួកគេអាចគេចចេញពីបញ្ហាផ្សេងៗ និងបញ្ហាផ្ទាល់ខ្លូននៅពេលដែលពួកគេចេះគ្រប់គ្រងខ្លួនឯង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង 7 ក្នុងការបង្រៀនកូនៗរបស់លោកអ្នកឱ្យចេះគ្រប់គ្រងខ្លួនឯង។
1. បង្រៀនពួកគេឱ្យបង្ហាញខ្លួន នៅពេលដែលមានគេហៅឈ្មោះ
នៅពេលដែលឪពុកម្ដាយហៅកូន កូនមិនត្រូវស្រែកឆ្លើយពីកន្លែងឆ្ងាយនោះទេ។ ពួកគេត្រូវតែដើរមកកាន់ឪពុកម្ដាយដើម្បីដឹងថាពួកគាត់ចង់បានអ្វីពីពួកគេ។ វិធីនេះអាចធ្វើឱ្យពួកគេដឹងថាការចេះគ្រប់គ្រងខ្លួនឯងមានន័យថា មិនអាចបោះបង់អ្វីចោលពាក់កណ្ដាលទីឡើយ គឺត្រូវដឹងថាគួរធ្វើអ្វីដើម្បីសម្រេចបានគោលបំណងអ្វីមួយ។
2. បង្រៀនកូនឱ្យចេះឆ្លើយតបដោយភាពវិជ្ជមានចំពោះការកែលម្អណាមួយពីអ្នកដទៃ
កុមារជាច្រើនមិនចូលចិត្តឱ្យគេកែតម្រូវឡើយ ហើយតែងតែព្យាយាមឆ្លើយតបទៅវិញដោយភាពអវិជ្ជមាន ឬបង្ហាញលក្ខណៈឆេវឆាវ និងអាកប្បកិរិយាមិនល្អជាដើម។ ទង្វើទាំងនេះ គឺពិតជាមិនគួរឱ្យទទួលយកបានទេ ហើយលោកអ្នកគួរតែបង្រៀនពួកគេឱ្យចេះមានវិន័យផ្ទាល់ខ្លួន។ ភាពពិតមួយនៃជីវិត គឺថា មនុស្សភាគច្រើនតែត្រូវដើរតាមគន្លងដែលខ្លួនមិនចូលចិត្ត។ លោកអ្នកត្រូវបង្រៀនកូនឱ្យចេះឆ្លើយតបទៅអ្នកដទៃប្រកបដោយអាកប្បកិរិយាថ្លៃថ្នូរ និងទង្វើត្រឹមត្រូវ។ ការបង្ហាត់នេះទាមទារឱ្យមានការគ្រប់គ្រងខ្លួនឯង និងការជួយកុមារឱ្យចេះគ្រប់គ្រងភាពចចេសរបស់ពួកគេ។ ការឆ្លើយតបដ៏ល្អក្នុងការកែតម្រូវពិតជាពិបាកក្នុងការរៀន ប៉ុន្តែ វានឹងជួយកុមារក្នុងការអភិវឌ្ឍជំនាញមួយដែលអាចជួយពួកគេបានជារៀងរហូត។
3. ជំនាញទំនាក់ទំនងក្នុងសង្គមជាច្រើនត្រូវការការចេះគ្រប់គ្រងខ្លួនឯង
លោកអ្នកត្រូវតែសរសើរកុមារនៅពេលដែលពួកគេបង្ហាញលោកអ្នកពីទង្វើត្រឹមត្រូវដែលពួកគេកំពុងធ្វើ។ ការស្ដាប់ និងដឹងនៅពេលគួរ និងវិធីរំខាន គ្រប់គ្រងកំហឹង និងរាយការណ៍ពីអ្វីដែលពួកគេបានបញ្ចប់ គឺសុទ្ធតែត្រូវការវិន័យផ្ទាល់ខ្លួន។
4. លើកទឹកចិត្តកុមារឱ្យប្រព្រឹត្តទង្វើដែលជួយពួកគេក្នុងការបង្កើតវិន័យផ្ទាល់ខ្លួន
កិច្ចការទាំងនេះអាចមាន កីឡា ការសិក្សាតន្រ្តី អានកាសែតព័ត៌មាន ទទួលខុសត្រូវជួយមើលថែសត្វចិញ្ចឹម សម្អាតបន្ទប់ ឬកិច្ចការផ្សេងទៀតជាដើម។
5. នៅពេលដែលពួកគេទទួលរង្វាន់លើកទឹកចិត្តដូចជា បានលុយកាក់ពីការធ្វើកិច្ចការអ្វីមួយ ផ្កាយរង្វាន់ ឬអំណោយផ្សេងៗ លោកអ្នកត្រូវតែនិយាយពីវិន័យផ្ទាល់ខ្លួនជានិច្ច។
រង្វាន់លើកទឹកចិត្តបន្ថែមពីខាងក្រៅផ្ដល់នូវឱកាសដ៏ល្អមួយដើម្បីនិយាយជាមួយកូនៗពីរង្វាន់ផ្នែកខាងក្នុង។ អត្ថប្រយោជន៍ដែលពួកគេទទួលបាន គឺមិនត្រឹមតែជារង្វាន់លុយកាក់ប៉ុណ្ណោះទេ តែជាការបណ្ដុះវិន័យផ្ទាល់ខ្លួន។
6. ប្រើពេលវេលាចូលគេងដើម្បីបង្រៀងពួកគេពីវិន័យផ្ទាល់ខ្លួន
កុមារមួយចំនួនមានភាពលំបាកក្នុងការចូលគេង ហើយនេះគឺជាពេលវេលាដ៏ល្អសម្រាប់លោកអ្នកក្នុងការបង្រៀនពួកគេពីទម្លាប់ និងវិន័យផ្ទាល់ខ្លួន។ លោកអ្នកត្រូវបង្រៀនពួកគេឱ្យចេះគ្រប់គ្រងខ្លួនឯង ដោយរក្សាភាពស្ងៀមស្ងាត់ពេលចូលគេងខណៈដែលឪពុកម្ដាយមិនទាន់ចូលគេងនៅឡើយ។ លោកអ្នកត្រូវកំណត់ពេលវេលាចូលគេងដើម្បីអភិវឌ្ឍទម្លាប់មួយដែលអាចគ្រប់គ្រងពេលវេលាគេងរបស់ក្មេងៗទោះបីជាគ្មានម្ដាយនៅក្បែរក៏ដោយ។
7. ទម្លាប់នៅពេលព្រឹក ទម្លាប់ធ្វើកិច្ចការផ្ទះ និងកាលវិភាគសម្រាប់គ្រួសារបង្កើតឱកាសសម្រាប់កុមារក្នុងការសិក្សាពីទំនួលខុសត្រូវ និងវិន័យផ្ទាល់ខ្លួន។
ទំនួលខុសត្រូវ គឺជាការធ្វើអ្វីដែលត្រូវ បើទោះបីជាគ្មានអ្នកណាកំពុងមើលក៏ដោយ។ រង្វាន់សម្រាប់ការចេះទទួលខុសត្រូវ គឺជាសិទ្ធិពិសេស។ កុមារដែលអាចរៀបចំខ្លួន និងទទួលទានអាហារពេលព្រឹកបានមុនម៉ោងត្រូវទៅរៀន គឺជាកុមារម្នាក់ដែលអាចមានសិទ្ធិពិសេសក្នុងការទទួលរង្វាន់ពីឪពុកម្ដាយ។
ឪពុកម្ដាយមួយចំនួនព្យាយាមផ្ដល់ជីវិតដ៏ប្រសើរសម្រាប់កូនរបស់ពួកគេដើម្បីឱ្យកូនៗរបស់ពួកគេមានអារម្មណ៍ល្អចំពោះការបង្ហាញអាកប្បកិរិយាល្អ។ ប៉ុន្តែគួរឱ្យស្ដាយ នេះក៏អាចជាការបើកសិទ្ធិសេរីភាពច្រើនពេក ដែលធ្វើឱ្យកូនៗបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ឪពុកម្ដាយដែលឆ្លាត នឹងប្រើភាពជាកុមារដើម្បីរៀបចំអនាគតរបស់កូនពួកគេឱ្យជោគជ័យ។ វិន័យផ្ទាល់ខ្លួន គឺជាគុណភាពនៃអាកប្បកិរិយាដ៏សំខាន់បំផុតដែលកុមារអាចអភិវឌ្ឍបានដោយខ្លួនឯង។ និយាយរួម កុមារដែលទម្រើស គឺជាកុមារដែលមិនសប្បាយចិត្ត ហើយកុមារដែលមានវិន័យផ្ទាល់ខ្លួន គឺជាកុមារដែលតែងតែសប្បាយចិត្ត។
វិន័យផ្ទាល់ខ្លួន គឺជាគុណភាពដ៏ចម្បងមួយដែលជួយកុមារទទួលបានភាពជោគជ័យក្នុងជីវិត។
តើលោកអ្នកមានគំនិតអ្វីពិសេសៗក្នុងការបង្រៀនកូនៗរបស់លោកអ្នកឱ្យមានវិន័យផ្ទាល់ខ្លួនដែរឬទេ?
ប្រែសម្រួលពីអត្ថបទរបស់លោក Scott Turansky