Articles tagged with: math

សារសំខាន់នៃការសិក្សាអក្សរ និងលេខនៅថ្នាក់អប់រំកុមារតូច

on Thursday, 14 September 2017. Posted in Activities

Lyda and block math n letter

តើ​ការ​សិក្សា​អក្សរ និង​លេខ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​កុមារ​តូចៗ?

យើង​ធ្លាប់​គិត​ដល់​ការ​សិក្សា​អក្សរ​ដែល​មាន​ជំនាញ​ដូចជា អាន និង​សរសេរ​នៅ​ពេល​ដែល​កូនៗ​របស់​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀន។ បច្ចុប្បន្ន យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់​ការ​សិក្សា​អក្សរ​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ដំបូង​របស់​ក្មេង​តូចៗ ដូចជា​ពួក​គេ​អាច​ស្គាល់​នូវ​អ្វី​ដែល​ពួក​គេ​ឮ អ្វី​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជុំវិញ​ខ្លួន ពួកគេ​អាច​រៀន​ទន្ទេញ ឬ​ថា​តាម​អ្វី​ដែល​ពួកគេ​បាន​ឮ ហើយ​បន្ទាប់​មក​ទៀត​នឹង​រៀន​តាម​សៀវភៅ រឿង​និទាន ទូរទស្សន៍ ឬ​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​បច្ចេកវិទ្យា​នានា។   

ការ​ស្ដាប់ ការ​មើល និង​ការ​និយាយ​អំពី​រូបភាព និង​ការ​គូរ​សញ្ញា​សម្គាល់​នៅ​លើ​ដី​ខ្សាច់ ឬ​ក្រដាស គឺ​ជា​ជំនាញ​នៃ​ការ​សិក្សា​អក្សរ​ដំបូង។ តន្រ្តី និង​ភ្លេង គឺ​ជាផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​យើង​ទាំង​អស់​គ្នា​ ហើយវា​ក៏​មាន​សារសំខាន់​ផង​ដែរ​នៅ​ក្នុង​ការអភិវឌ្ឍ​ជំនាញ​សិក្សា​អក្សរ និង​លេខ​ដំបូង។

ការ​សិក្សា​លេខ គឺជា​ការសិក្សា​ដែល​លើស​ពី​ការ​ចេះ​ត្រឹមតែ​បូក ដក គុណ ចែក និង​ការ​ប្រើ​លេខ។ ក្នុង​ការ​សិក្សា​​វ័យ​តូចៗ ការ​អភិវឌ្ឍ​ការ​សិក្សា​លេខ ឬ​គណិតវិទ្យា​ជាប់​ពាក់​ព័ន្ធ​នឹង​ទារក​ដែល​អាច​ឮ​ការ​ប្រើ​គណិតវិទ្យា​នៅ​ក្នុង​ការ​លេង​របស់​ពួកគេ​ដោយ​មាន​ការ​ច្រៀង​ចម្រៀង​លេខ ចម្រៀង​ដែល​មាន​ពាក្យ​ទាក់​ទង​នឹង​ការ​រៀប​ចំ ការ​វាស់ ឬ​ការ​ប្រៀប​ធៀប ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ជំនាញ​គណិតវិទ្យា​ដំបូង​ដែល​យើង​គួរ​ជំរុញ​កូនៗ​ឱ្យ​អភិវឌ្ឍ​វា។

ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​អក្សរ និង​លេខ​នៅ​វ័យតូចៗ​មាន​សារ​សំខាន់?

កុមារ​ដែល​មិន​រៀន​អាន សរសេរ និង​ធ្វើ​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្រិត​សិក្សា​ដំបូង​ទេ​នោះ​ ពួក​គេ​ច្រើន​តែ​ឆាប់​បោះ​បង់​ការ​សិក្សា​ចោល អាច​នឹង​គ្មាន​ការងារ​ធ្វើ​នា​ពេល​អនាគត ឬ​ទទួល​បាន​ការ​ងារ​ដែល​មាន​ជំនាញ​ទាប (ឧ. កម្មករ) មាន​សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​ខ្សោយ និង​អាច​ឈាន​ទៅ​ដល់​ការ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ឬ​ក៏​អាច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ជាប់​គុក​ជា​ដើម។ 

ភាព​ពិបាក​នៃ​ការ​សិក្សា​អក្សរ​ផ្សារ​ភ្ជាប់​ទៅ​ដល់​ការ​គេច​សាលា ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​សង្គម​ដូច​ជា​សេព​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​ញៀន​ជា​ដើម ចំណែក​ឯ​សុខភាព​វិញ​ក៏​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ និង​អាច​មាន​សុខភាព​ទ្រុឌទ្រោម​ជា​ដើម។ ផល​ប៉ះពាល់​ក្នុង​សង្គម​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ក​ផល​អវិជ្ជមាន​ដល់​សមិទ្ធិផល​របស់​កុមារ​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​ដ៏​មាន​សក្ដានុពល​ពេញ​លេញ​នោះទៀត​ផង។ 

ការ​អភិវឌ្ឍ​ទំនាក់​ទំនង និង​ជំនាញ​នៃ​ការ​ប្រើ​ភាសា​និយាយ​របស់​កុមារ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ភាសា និង​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​គំនិត និង​ភាសា​គណិតវិទ្យា​បាន​ឆាប់​រហ័ស។

ជា​ធាតុផ្សំ​នៃ​ការ​អប់រំ​ជា​លក្ខណៈ​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​ដ៏​យូរ​អង្វែង ជំនាញ​អក្សរ ឬ​ភាសា គឺជា​គន្លឹះ​មួយ​ដែល​អាច​ពង្រឹង​សមត្ថភាព​របស់​មនុស្ស និង​ការ​ទទួល​បាន​សិទ្ធិ​នានា​ជាច្រើន​ទៀត។ សរុប​មក អក្សរ ឬភាសា និង​លេខ ឬ​គណិតវិទ្យា​នាំ​យក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​ត្រឹម​តែ​ដល់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំង​មូល​ផង​ដែរ៕

យោងតាម៖ French, G (2012) Early Literacy and Numeracy Matters: Enriching Literacy and Numeracy Experiences in Early Childhood. Dublin: Barnardos.

English version: The importance of literacy and numeracy in early childhood

ហេតុអ្វីបានជាគណិតវិទ្យាមានសារសំខាន់សម្រាប់កុមារក្នុងការសិក្សា?

on Wednesday, 05 April 2017. Posted in Activities

9331

កុមារ​ជា​ច្រើន​សួរ​គ្រូ​របស់​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ការ​រៀន​ទ្រឹស្ដី​គណិតវិទ្យា និង​ជំនាញ​គណិតវិទ្យា​មាន​សារសំខាន់។ ពេល​ដែល​ឪពុក​ម្ដាយ​ក្មេងៗ​ជួយ​កូនៗ​ធ្វើ​លំហាត់​គណិតវិទ្យា ពួក​គាត់​ក៏​មាន​ចម្ងល់​ដូច​គ្នា​ដែរ។ លោក Mark H. Karwan ព្រឹទ្ធ​បុរស​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ពិត នៃ​សាកលវិទ្យាល័យ​បាហ្វាឡូ បាន​ឱ្យ​ដឹង​ថា ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​អាច​ជា​ឥទ្ធិពល​ដល់​ការ​សម្ដែង​ចេញ​របស់​កុមារ​ពី​គណិតវិទ្យា។ អ្នក​ត្រូវ​ជម្រុញ​កូនៗ​ឱ្យ​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​លើ​មុខវិជ្ជា​នេះ នោះ​ពួកគេ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ជីវិត និង​មុខរបរ​នាពេល​អនាគត​របស់​ពួកគេ។

បង្រៀនពីការគិតបែបតក្កៈ និងត្រឹះរិះ

គណិតវិទ្យា​បង្រៀន​ពី​តក្កភាព និង​ភាព​តាម​លំដាប់។ អ្នក​អាច​រំពឹង​ទុក​ពី​ផល​ស្មើ​របស់​គណិតវិទ្យា​ថា​នឹង​មាន​លទ្ធផល​តាម​ការ​គិត​ទុក និង​ជំហាន​នានា​ដែល​ត្រូវ​អនុវត្ត​ដើម្បី​បង្ហាញ​ពី​លទ្ធផល​នោះ។ វិន័យ​នៃ​ការ​គិត​ដែល​កុមារ​អភិវឌ្ឍ​ក្នុង​ថ្នាក់​រៀន​គណិតវិទ្យា​អាច​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ មាន​ក្រុម​ហ៊ុន​ជា​ច្រើន ជាពិសេស​ក្នុង​របរ​ធុរកិច្ច​មួយ​ចំនួន​យល់​ច្បាស់​ពី​បញ្ហា​នេះ ពួកគេ​នឹង​ជួល​បុគ្គលិក​ណា​ដែល​ធ្លាប់​ជា​សិស្ស​ពូកែ​មុខវិជ្ជា​គណិតវិទ្យា​ដែល​មាន​សមត្ថភាព​គិត​បាន​រហ័ស។ គណិតវិទ្យា​ក៏​អាច​ផ្ដល់​ឱ្យ​សិស្ស​នូវ​យាន​ក្នុង​ជំនាញ​នៃ​ការ​គិត​បែប​ស្មុគ្រស្មាញ​តាម​រយៈ​ការ​អនុវត្ត និង​ចម្រាញ់។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ​ដែល​បង្ហាញ​ពីការ​គិត គឺ​នៅ​ពេល​ដែល​សិស្ស​ត្រូវ​តម្រូវ​ឱ្យ​ពន្យល់​ពី​របៀប​ដែល​ពួក​គេ​អាច​មក​ដល់​សាលា​ដែល​អាច​បង្ហាញ​ពី​គន្លឹះ​សំខាន់ ឬ​ប្រើ​រូបមន្ដ​ណា​មួយ​នោះ។

បង្រៀនពីបំនិនជីវិត

ជីវិត​នឹង​មាន​ភាព​លំបាក​ប្រសិន​អ្នក​មិន​ចេះ​សូម្បី​គណិតវិទ្យា​មូលដ្ឋាន។ កុមារ​ចាប់​ផ្ដើម​សិក្សា​ពី “លុយ” នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា និង​បន្ត​ការ​គិត​ភាគ​រយ និង​ប្រភាគ​នៅ​ថ្នាក់​ខ្ពស់​បន្តិច។ មនុស្ស​ទូទៅ​ត្រូវ​តែ​មាន​ជំនាញ​នេះ​ដើម្បី​ធ្វើ​តាម​ក្បូន វាយ​តម្លៃ​ពី​ចំនួន​ពិត ឬ​ក៏អត់ គ្រប់​គ្រង​ថវិកា ឬ​អ្វី​ចាំ​បាច់​ផ្សេងៗ​ទៀត។ លោក Mike Walker អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​កុមារ​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ដើម្បី​ទិញ​អ្វី​មួយ​ឱ្យ​បាន​ប្រាកដ និង​មិន​ខុស។

គាំទ្រការបន្តការសិក្សា និងអាជីព

ទោះបី​ជា​ជំនាញ​ការងារ​ថ្នាក់ទាបៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​គណិតវិទ្យា ក៏​ទាមទារ​ឱ្យ​មាន​ការ​ចេះជំនាញ​គណិតវិទ្យា​ផង​ដែរ។ អ្នក​គិត​លុយ​ត្រូវ​តែ​ចេះ​រាប់​លុយ​ស្ទាត់​ជំនាញ ខណៈ​អ្នក​បម្រើ​ការ​ផ្នែក​អតិថិជន​ត្រូវ​តែ​​មាន​សមត្ថភាព​ចេះ​ពិភាក្សា​បញ្ហា​ការ​គិត​លុយ​ជាមួយ​អតិថិជន។ សិស្ស​ដែល​មាន​ជំនាញ​គណិតវិទ្យា​ស្ទាត់​ជំនាញ និង​អ្នក​ដែល​ចង់​សិក្សា​ដល់​ថ្នាក់​ខ្ពស់ៗ ភាគ​ច្រើន​ជ្រើសរើស​យក​មុខ​វិជ្ជា​វិស្វកម្ម ពេទ្យ និង​ស្រាវជ្រាវ​ដើម្បី​សិក្សា។ ចំណែកឯ សិស្ស​ដែល​មិនមាន​ចំណាប់​អារម្មណ៍​ក្នុង​មុខវិជ្ជា​នេះ ​ភាគ​ច្រើន​មិន​ចាំបាច់​ត្រូវ​ចេះ​គណិតវិទ្យា​ស្ទាត់ជំនាញ​ដើម្បី​បញ្ចប់​ការ​សិក្សា​នោះ​ទេ។ សិស្ស​ដែល​មាន​ចំណេះដឹង​គណិតវិទ្យា​ខ្ពស់ អាច​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ដែល​ពួកគេ​អាច​ប្រើ​គណិតវិទ្យា​ក្នុង​ការ​ប្រឡង SAT និង ACT ជាដើម។

គណិតវិទ្យាប្រចាំថ្ងៃ

សិស្ស​ប្រហែល​ជា​អាច​សួរ​ថា​ហេតុអ្វី​បាន​ជា​គណិតវិទ្យា​មាន​សារសំខាន់ ប៉ុន្តែ​គុណភាព​នៃ​ការ​សិក្សា​គណិតវិទ្យា​ត្រូវ​ប្រាកដ​ថា​សំណួរ​នេះ​ត្រូវ​បាន​សួរ​​ជារឿយៗ​។ មេរៀន​ត្រូវតែ​ផ្គូប​ជាមួយ​នឹង​វិធីសាស្ត្រ​ដែលអាច​បង្ហាញ​សិស្ស​ពី​គណិតវិទ្យា​ដែល​ពួក​គេ​អាច​ប្រើ​ប្រចាំ​ថ្ងៃ និង​សម្រាប់​អនាគត​អាជីព​របស់​ពួក​គេ។ គ្រូបង្រៀន​គណិតវិទ្យា​ត្រូវ​ព្យាយាម​ផ្ដល់​នូវ​ការ​ពន្យល់​ជាក់ស្ដែង​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ពិភព​ជាក់ស្ដែង​៕

ប្រភព៖ Livingstrong

ការសិក្សាគណិតវិទ្យាតាំងពីវ័យតូចៗចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់សិស្ស

on Wednesday, 22 March 2017. Posted in Activities

maths

ប្រែសម្រួលពី៖ DreamBox Learn

ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ចាំ​បាច់​ជា​ច្រើន​ទៀត​ដើម្បី​ទទួល​ភាព​ជោគជ័យ​ក្នុង​សតវត្ស​ទី ២១ នេះ គឺ​ជំនាញ​គណិតវិទ្យា ដែល​ជា​មុខ​វិជ្ជា​ដែល​កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​សិក្សា​អប់រំ​របស់​កុមារ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ ជំនាញ​គណិតវិទ្យា​ដែល​កុមារ​សិក្សា​ក្នុង​ខណៈ​ដែល​ពួក​គេ​មាន​វ័យ​ក្មេង គឺ​ជា​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ដើម្បី​សម្រេច​បំណង​នា​ពេល​អនាគត និង​អាច​ជា​មគ្គុទេសន៍​ត្រួស​ត្រាយ​ផ្លូវ ឬ​ក៏​ពួក​គេ​អាច​បង្កើត​មូលដ្ឋាន​គ្រឹះ​ដោយ​ខ្លួន​ឯង​ដើម្បី​ជួប និង​ជម្នះ​រាល់​ការ​ប្រកួត​ប្រជែង​ថ្មីៗ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ។

តាម​ការ​បក​ស្រាយ​របស់​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ ណតវេស្ទឺន លោក ហ្គ្រេក ដុនខេន បាន​ឱ្យ​ដឹង​ថា៖ “ភាព​ស្ទាត់​ជំនាញ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា​មិន​ត្រឹម​តែ​អាច​ដឹង​មុន​នូវ​ការ​ប្រើ​ប្រាស់​គណិតវិទ្យា​នា​ពេល​អនាគត​ដោយ​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ឱ្យ​អ្នក​ដឹង​មុន​នូវ​ការ​អាន​ដ៏​ជោគ​ជ័យ​នា​ពេល​អនាគត​ផង​ដែរ។”

តាម​ការ​ស្រាវជ្រាវ​របស់​លោក​ទៅ​លើ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (Preschool) បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារសំខាន់​ដ៏​ច្រើន​មហាសាល​របស់​ជំនាញ​គណិតវិទ្យា​ក្នុង​វ័យ​ក្មេងៗ​របស់​ពួក​គេ។ ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​បាន​​ឱ្យ​ដឹង​ថា សិស្ស​ដែល​បាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ​ដែល​មាន​ជំនាញ​គណិតវិទ្យា​ស្រាប់ និង​មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​លំហាត់​គណិត​បាន ភាគ​ច្រើន​តែង​ទទួល​ភាពជោគជ័យ​ក្នុង​ការ​សិក្សា និង​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​ផ្លូវ​អារម្មណ៍​នានា។

លោក ដុនខេន ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ក្រុម​ការងារ​របស់​លោក​បាន​ស្វែង​យល់​ពី​កត្តា​សំខាន់​បំផុត​នោះ​ គឺ​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​ដោយ​មាន​ការ​ចេះ​ស្ទាត់​នូវ​មុខ​វិជ្ជា​គណិត​សម្រាប់​វ័យ​ពួក​គេ និង​ការ​ចេះ​អក្សរ នឹង​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ”។

ជាមួយ​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ និង​គំនិត​របស់​អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​លោក ដុនខេន ដែរ។ ទោះ​បី​ជា​យុទ្ធសាស្ត្រ​នៃ​ការ​បង្រៀន​គណិតវិទ្យា​នៅ​ក្នុង​ថ្នាក់​រៀន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការ​ទទួល​ភាព​ជោគជ័យ​ជា​ច្រើន​សតវត្ស​មក​ហើយ ហើយ​ឪពុក​ម្ដាយ​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​កូនៗ​របស់​ពួក​គេ​នៅ​ផ្ទះ​ដោយ​ការ​លើក​និយាយ​ពី​លេខ និង​គណិតវិទ្យា​។

មាន​សកម្មភាព​គណិតវិទ្យា​សាមញ្ញៗ​ជា​ច្រើន​ដែល​ឪពុកម្ដាយ​អាច​ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​កូនៗ​របស់​ពួក​គេ និង​រៀប​ចំ​សម្រាប់​ការសិក្សា​គណិតវិទ្យា​ថ្នាក់​បឋម។ ឧទាហរណ៍ ឪពុក​ម្ដាយ​របស់​កូន​តូចៗ​អាច​ចង្អុរ​បង្ហាញ​លេខ​នៅ​លើ​សញ្ញា​ណា​មួយ​ពេល​កំពុង​បើកបរ ឬ​ដើរ​តាម​ផ្លូវ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ថែម “លេខ” ទៅ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ ដោយ​លោក​អ្នក​អាច​សួរ​កុមារ​ពី​ចំនួន​ប្រដាប់​លេង​ដែល​ពួក​គេ​គ្រោង​នឹង​លេង ឬ​ក៏​ចំនួន​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចណ៍​លើ​ផ្លូវ​មាន​ប៉ុន្មាន​ជា​ដើម។ 

ដោយ​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គ្រូ​បង្រៀន​អាច​បង្កើត​សមត្ថភាព​នៃ​ការ​ប្រើ​គណិតវិទ្យា​បាន​ដោយ​ណែនាំ​កុមារ​ពី​គន្លឹះ​នៃ​មេរៀន​គណិតវិទ្យា និង​ជំរុញ​ឱ្យ​មាន​ការ​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​សាលារៀន។ វីដេអូ​អប់រំ និង​កម្មវិធី​សិក្សា​បន្ថែម​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ស្វែង​យល់​ពី​គណិតវិទ្យា​របស់​សិស្ស​ដែល​ត្រៀម​ខ្លួន​អភិវឌ្ឍ​ជា​ពិភពលោក​ដ៏​ទំនើប​នេះ​បាន​ផង​ដែរ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ (NAEYC) កុមារ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដោយ​ធម្មជាតិ​ពី​គណិតវិទ្យា​នៅ​វ័យ​ក្មេង ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​អាច​ឆ្លៀត​ឱកាស​នេះ​រៀប​ចំ​ការ​សិក្សា​របស់​កុមារ​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ធ្វើ​ឱ្យ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ និង​ការ​ផ្សារភ្ជាប់​ពិភព​គណិតវិទ្យា​បន្ត​ទៅ​អនាគត។ 

ប្រសិន​បើ​ឪពុក​ម្ដាយ និង​គ្រូបង្រៀន​អាច​ពិភាក្សា​គ្នា​ពី​ការ​សិក្សា និង​ការ​ប្រើប្រាស់​គណិតវិទ្យា​ក្នុង​ជីវិត​របស់​កូន នោះ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ដ៏​ជោគជ័យ​ក្នុង​សតវត្សទី ២១ នេះ៕ 

English version: Learning Math Early on is important for Student Success

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.