Articles tagged with: Cambodia

ត្រៀមខ្លួនសម្រាប់ថ្នាក់មត្តេយ្យកម្រិតទាប៖ តើអាយុប៉ុន្មានទើបសមនឹងឱ្យកូនចូលរៀនបំផុត?

on Thursday, 15 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​រៀប​ចំ​ឱ្យ​កូន​តូចៗ​របស់​អ្នក​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប? នេះ គឺ​ជា​សំណួរ​មួយ​ដែល​អាច​ផ្ញើ​ទៅ​ដល់​បេះដូង​ឪពុក​ម្ដាយ​ថ្មី​ថ្មោង។ ហើយ​តើ​ឪពុក​ម្ដាយ​ណា​ចង់​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​កូន​តូច​ជា​ទី​ស្រឡាញ់​នោះ? ឪពុក​ម្ដាយ​ខ្លះ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រហែល ២ ឆ្នាំម្ល៉េះ ហើយ​ឪពុក​ម្ដាយ​ខ្លះ​ទៀត​បាន​បញ្ជូន​កូន​ទៅ​រៀន​រាង​យឺត​បន្តិច​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

preschool20boys20painting

តាម​ប្រសាសន៍​របស់​អ្នក​ស្រី ធីណា ហ្សាម៉ូរ៉ា នាយិកា​នៃ​សាលា​នេស​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​បាន​ឱ្យ​ដឹង​ថា “កុមារ​មិន​តម្រូវ​ឱ្យ​ទៅ​សាលា​មុន​ពួក​គេ​មាន​អាយុ ៥ ឆ្នាំ​ដាច់​ខាត​នោះ​ទេ។ ប៉ុន្តែ មាន​កម្មវិធី​សិក្សា​ល្អៗ​សម្រាប់​កុមារ​តូចៗ​ដែល​អ្នក​ចាប់​ផ្ដើម​ឱ្យ​កូន​រៀន​តាំង​ពី​អាយុ​ជាង ១ ឆ្នាំ។ កម្មវិធី​នេះ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​សង្គម និង​ការ​ប្រើ​ចលនា​សាច់​ដុំ។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ២ ដល់ ៤ ឆ្នាំ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប គឺ​មាន​ប្រយោជន៍​សម្រាប់​ជំនាញ​សង្គម និង​អារម្មណ៍ ព្រោះ​វា​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត ឬ​ក៏​បង​ប្អូន​របស់​គេ​ជា​ដើម។ ជំនាញ​អាន​អក្សរ​កម្រិត​មូលដ្ឋាន​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​អភិវឌ្ឍ។ អ្វី​ដែល​សំខាន់​នោះ គឺ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​ផ្ដល់​នូវ​បទពិសោធន៍​ដែល​សប្បាយ​រីករាយ​ដល់​កូន​របស់​អ្នក​ក្នុង​ការ​ជួប​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត ដោយ​ពួក​គេ​អាច​ស៊ាំ​នឹង​ទម្លាប់​ល្អៗ និង​អភិវឌ្ឍ​គ្រប់​ជំនាញ​ដែល​ពួក​គេ​កំពុង​ចាប់​ផ្ដើម​សិក្សា និង​ស្វែង​យល់។”

អ្នកស្រី​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កុមារ​នីមួយៗ​អាច​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ប៉ុន្តែ​ សាលា​មួយ​ចំនួន​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រៀន​ចូល​បន្ទប់​ទឹក​ជា​មុន​សិន ឬ​ក៏​អាច​នឹង​ចង់​ដឹង​ប្រសិន​បើ​មិន​មាន​តម្រូវ​ការ​ពិសេស​ខ្លះ​ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ពេទ្យ​កុមារ​ជាមុន​ដូច​ជា​ការ​ពន្យារ​ពេល​និយាយ (កុមារ​មិន​អាច​និយាយ​បាន​ដូច​ក្មេង​ដទៃ​ក្នុង​អាយុ​ប្រហាក់​ប្រហែល​គ្នា) ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដូច​ជា​អង្គុយ ឈរ ដើរ ចាប់​កាន់​របស់ ។ល។ ឬ​ក៏​មាន​បញ្ហា​នានា​ដែល​ត្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ក្មេង​ដទៃ​ជាដើម។ ប្រសិន​បើ​ពួក​គេ​មិន​មាន​បញ្ហា​ទាំង​អស់​នេះ​ទេ ពួក​គេ​អាច​ចូល​រៀន​ដោយ​រីក​រាយ។”

ទន្ទឹម​នឹង​នេះ​ដែរ មិន​មាន​ក្បួន​ច្បាប់​ពិបាក​ពេក ឬ​រហ័ស​ពេក​សម្រាប់​អាយុ​ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នោះ​ទេ។ ប៉ុន្តែ មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ពិចារណា​ក្នុង​ការ​កំណត់​ការ​ត្រៀម​ខ្លួន​ចូល​រៀន​ដើម្បី​ឱ្យ​ពួក​គេ​ទម្លាប់​នឹង​សាលា​រៀន​។ អ្នក​ត្រូវ​ចាំ​ថា កូន​របស់​អ្នក​អាច​នឹង​យល់​ថា​ទម្លាប់​នៃ​ការ​សិក្សា​នៅ​សាលា​ខុស​គ្នា​ពី​ទម្លាប់​ដែល​ពួកគេ​រស់​នៅ​ឯ​ផ្ទះ។

1- ឯករាជ្យ​ភាព៖ តើ​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ប៉ុន្មាន​រាល់​ថ្ងៃ? ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិត​ទាប​តម្រូវ​ឱ្យ​សិស្ស​យល់​ដឹង​ដោយ​ខ្លួន​ឯង ជា​ពិសេស គឺ​ការ​យល់​ដឹង​ពី​អនាម័យ និង​ការ​ថែ​រក្សា​ខ្លួន។ កូន​របស់​អ្នក​ត្រូវ​ចេះ​បន្ទោបង់​ដោយ​ខ្លួន​ឯង ចេះ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ដោយ​ខ្លួន​ឯង ចេះ​សម្អាត និង​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ចេះ​រៀបចំ​ទុក​ដាក់​របស់​លេង​រួច​ដោយ​ខ្លួន​ឯង និង​ចេះចូល​គេង​ដោយ​ខ្លួន​ឯង ដែល​ទាំង​នេះ គឺ​ជា​ជំនាញ​ខ្លះៗ​ដែល​ពួក​គេ​ត្រូវ​មាន​។

សមត្ថភាព​កូន​របស់​អ្នក​ត្រូវ​ផ្ដោត​សំខាន់ និង​គ្រប់គ្រង​ខ្លួន​ឯង​សម្រាប់​ពេល​ណា​មួយ​ដែល​ត្រូវ​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ខ្លះ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​ផ្ចង់​ស្មារតី​ដើម្បី​បញ្ចប់។

​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​បែកគ្នា​អាច​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​ជូន​គេ​ដល់​មុខ​សាលា ជា​ពិសេស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​នោះ។

ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​បញ្ហា​នេះ អ្នក​អាច​ជួយ​បាន​ដោយ​អនុញ្ញាត​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​ទំនុក​ចិត្ត និង​ការ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង។ អ្នក​ត្រូវ​តាម​ដាន​តើ​អ្វី​ដែល​អាច​ឱ្យ​ពួក​គេ​លេង​ដោយ​ខ្លួន​ឯង​។ អ្នក​អាច​បង្ហាញ​នូវ​សកម្មភាព​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ស័ក្ដិសម​សម្រាប់​អាយុ​របស់​ពួក​គេ​ឱ្យ​គេ​លេង​ពេល​ដែល​អ្នក​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​នោះ។ វិធី​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​សម្រាប់​ភាព​ឯករាជ្យ​បន្តិច​ម្ដងៗ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ឃ្លាត​គ្នា និង​បញ្ហា​ចម្លែកៗ អ្នក​ត្រូវ​ឱ្យគេ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចំណាយ​ពេល​ជាមួយ​នឹង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ក៏​អាច​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ដែរ។ កុមារ​ដែល​មាន​អ្នក​មើល​ថែ​ច្រើន​ជាង​ម្នាក់ ឬ​ទម្លាប់​រស់​នៅ​ជាមួយ​មនុស្ស​ឯ​ទៀត​ពេល​ដែល​អ្នក​មិន​នៅក្បែរ ច្រើន​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​នឹង​មនុស្ស​ថ្មីៗ និង​កន្លែង​ថ្មីៗ។

2- ស្មគ្រចិត្ត​ក្នុង​ការ​ចូល​រួម៖ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ច្រើន​តែ​មាន​ដូច​ជា​ការ​ច្រៀង​ជា​ក្រុម ការ​និទាន​រឿង ដែល​តម្រូវ​ឱ្យ​កុមារ​ត្រូវ​អង្គុយ​ស្ងៀម​ដើម្បី​ស្ដាប់ និង​រៀន​ជាមួយ​គ្នា។ កុមារ​ដែល​រពឹស​តាំង​ពី​កំណើត អាច​នឹង​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​នូវ​ការ​អភិវឌ្ឍ​ចំណុច​នេះ​ដែល​តម្រូវ​ឱ្យ​គេ​ត្រូវ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នោះ។

ការ​ណែនាំ​​កូន​របស់​អ្នក​បន្តិច​ម្ដងៗ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នានា​ក៏​អាច​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ។ ហើយ​ការ​លេង​ជា​ក្រុម​ជាមួយ​នឹង​បង​ប្អូន​ជីដូន​មួយ​របស់​ពួក​គេ ឬ​ក៏​កូន​មិត្ត​របស់​អ្នក​ក៏​អាច​ចូលរួម​ចំណែក​ឱ្យ​ពួកគេ​ងាយ​ក្នុងការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​សាលា​ផង​ដែរ។

3- ការ​ត្រៀម​ខ្លួន​សម្រាប់​ទម្លាប់​នានា៖ ភាព​តាន​តឹង​របស់​កុមារ​នឹង​ត្រូវ​កាត់​បន្ថយ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​មាន​ទំនុកចិត្ត។ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​អនុវត្ត​តាម​កាល​វិភាគ​ធម្មតា​ដែល​កុមារ​ដឹង​ថា​ត្រូវ​រំពឹង​អ្វីខ្លះ​ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង។ ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ទម្លាប់​បាន​ទេ​ អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​ក្នុង​ការ​ធ្វើកិច្ចការ​ដដែល​ក្នុង​ម៉ោង និង​ពេល​ដដែល​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​កំណត់ នោះ​អ្នក​កំពុង​ទទួល​បាន​ជោគជ័យ​ហើយ។

4- ថាមពល​ក្នុង​ម៉ោង​សិក្សា៖ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​នឹង​ត្រូវ​ឱ្យ​សិស្ស​សិក្សា​ពី៣ ទៅ ៤ ម៉ោង​ ដល់​ពេញ​មួយ​ថ្ងៃ។ ការ​កំណត់​នេះ​ត្រូវ​ប្រើ​សម្រាប់​កុមារ​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សិក្សា និង​កុមារ​ដែល​កំពុង​តែ​សម្រប​ខ្លួន​តាម​ទម្លាប់​ថ្មី មនុស្ស​ថ្មី និង​បរិយាកាស​ថ្មី។ សកម្មភាព​ដែល​បាន​រៀបចំ​ទាំងឡាយ​ត្រូវ​ប្រើ​ដើម្បី​ឱ្យ​សិស្ស​ប្រើ​កម្លាំង និង​ថាមពល​របស់​ពួកគេ​ឱ្យ​ដល់​ចប់​ម៉ោង​សិក្សា។ ត្រូវ​សង្កេត​មើល​ឱ្យ​ម៉ត់ចត់​ប្រសិន​បើ​កូនងាយ​នឹង​ហត់ ហើយ​ចង់​គេង​ច្រើន​ខុស​ពី​ធម្មតា។ អ្នក​អាច​ជួយ​កូន​ឱ្យ​គេង​ពេល​យប់​ឱ្យ​បាន​ទៀង​ទាត់ និង​គេង​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច។ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​រយៈ​ពេល​ខ្លី​ប្រាកដ​ជា​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង​ដែល​អាច​ឱ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​មាន​មេរៀន​ច្រើនៗ​នោះ។

5- ហេតុ​ផល​របស់​អ្នក៖ ចំណុច​បញ្ចប់ គឺ​អ្នក​ត្រូវ​គិត​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ឱ្យ​កូន​ចូល​រៀន។ តើ​នេះ​ព្រោះ​តែ​អ្នក​មាន​អារម្មណ៍​ថា​កូន​គួរ​តែ​ចូល​រៀន​ដើម្បី​ឱ្យ​ស៊ាំ​ជាមួយ​នឹង​បរិយាកាស​របស់​សាលា ឬ​ក៏​អ្នក​គ្រាន់តែ​ស្វែងរក​សេវាកម្ម​មើល​ថែ​កូន​ប៉ុណ្ណោះ? តើ​អ្នក​បារម្ភ​ថា​កូន​របស់​អ្នក​អាច​នឹង​ត្រូវ​ទុក​ចោល​ទេ?

អ្នក​ត្រូវ​ចាំ​ថា ក្ដី​ស្រឡាញ់ ផ្ទះ​ដ៏​កក់​ក្ដៅ គ្រួសារ និង​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ល្អ​សម្រាប់​កូន​របស់​អ្នក​នា​ពេល​អនាគត​។ ហើយ​ក៏​មាន​ជម្រើស​ច្រើន​ដើម្បី​ជ្រើសរើស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ដើម្បី​ឱ្យ​បាន​វត្តមាន​ពេញ​នោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ។

យ៉ាង​ណា​មិញ ប្រសិន​បើ​ហេតុ​ផល​សំខាន់​របស់​អ្នក គឺ​ជា​ហេតុផល​ដែល​អ្នក​ចង់​ឃើញ​គេ​ចង់​រៀន និង​ស្វែង​យល់​ពី​អ្វី​ថ្មីៗ​ដែល​កូន​មាន និង​ការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត នោះ​អាច​នឹង​ដល់ពេល​ត្រូវ​ឱ្យ​កូន​ចូល​រៀន​ហើយ៕

អត្ថបទដើម៖ Preschool Readiness: What's the Best Age to Get Your Child to School?

 

សាលា​អន្តរជាតិ លីបឺធី បាន​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​អប់រំ​កុមារ​តូច​ដែល​មាន​គុណភាព​ដ៏​ល្អ​ដោយ​មាន​ការ​សិក្សា​នូវ​កម្មវិធី​សិក្សា​ជា​លក្ខណៈ​អន្តរជាតិ។ ទទួល​ចុះ​ឈ្មោះ​ជា​រៀង​រាល់​ថ្ងៃ។ សូម​មក​កាន់​សាលា​ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​បន្ថែម។

Liberty has an established, mature Early Childhood Education program complete with an international preschool curriculum. Enrollment is ongoing, please drop by the school for more information.
______________________________
សាលា​អន្តរជាតិ លីបឺធី | Liberty International School
Tel: 023 631 2857 / 095 712 165
# 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh
Googly maps: https://goo.gl/maps/Jp2c2icBi8R2
www.libertycambodia.com
#internationalschool #phnompenh

ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?

on Thursday, 08 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

Child Care Picture 647x399

វគ្គ​សិក្សា​កម្រិត​មតេ្តយ្យ​ផ្ដល់​ជូន​នូវ​ការ​សិក្សា និង​ការ​ថែ​ទាំ​សម្រាប់​កុមារ​តូចៗ​នឹង​ជួយ​ឱ្យ​ពួក​គាត់​មាន​ការ​លូត​លាស់​ជំនាញ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ថ្នាក់​បឋម​សិក្សា។

ពេល​ដែល​អ្នក​គិត​ពី​ថ្នាក់​មតេ្តយ្យ តើ​អ្នក​ប្រមើល​គិត​ពី​អ្វី? តើ​អ្នក​ខ្លាច​ថា​កូន​របស់​អ្នក​នៅ​កូន​ពេក​ក្នុង​ការ​ចូល​រៀន​មែន​ទេ? តើ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​ថា​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​ការ​ឃ្លាត​ពី​អ្នក​ឬ? ប៉ុន្តែ អ្នក​មិន​គួរ​បារម្ភ​ពី​បញ្ហា​ទាំង​នោះ​ទេ ពី​ព្រោះ​ថ្នាក់​មតេ្ដយ្យ​មាន​តែ​ជួយ​ដល់​កូន​របស់​អ្នក​ប៉ុណ្ណោះ។

អត្ថ​ប្រយោជន៍​សម្រាប់​វគ្គ​សិក្សា​របស់​កុមារ​តូច

ក្មេងៗ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ចូល​រៀន​ថ្នាក់​មតេ្ដយ្យ ពីព្រោះ​​ពួក​គេ​នឹង​ចាប់​ផ្ដើម​រៀន​ស្គាល់​លេខ អក្សរ និង​រូប​រាង​នៃ​រូបភាព​ដែល​មាន​នៅ​ទី​នោះ។ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត ពួក​គេ​នឹង​អភិវឌ្ឍ​ជំនាញ​សង្គម និង​អារម្មណ៍​របស់​ពួក​គេ។ ពួកគេ​នឹង​រៀន​ពី​ការ​ចុះ​សម្រុង​ជាមួយ​ក្មេង​ដទៃ​ទៀត និង​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។

ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ឱ្យ​កុមារ​គ្រប់​រូប​នូវ​ឱកាស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្មេង​ដទៃ រៀន​អំពី​ខ្លួន​របស់​ពួក​គេ​ផ្ទាល់ រៀន​ពី​ការ​ដោះ​ស្រាយ​បញ្ហា បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

  • ថ្នាក់​មតេ្ដយ្យ​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ និង​ការ​ប្រាស្រ័យ​ទាក់​ទង
  • ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ឱកាស​ឱ្យ​ក្មេងៗ​ទម្លាប់​នឹង​បរិយាកាស​សិក្សា​ដែល​មាន​ការ​រៀប​ចំ​តាម​គ្រូ​បង្រៀន​ជា​អ្នក​កំណត់
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​ក្មេងៗ​ក្នុង​ការ​រៀប​ចំ​សម្រាប់​ថ្នាក់​បឋម​សិក្សា​ដែល​ជា​កន្លែង​ប្រជុំ​ដោយ​មេរៀន​កាន់​តែ​ច្រើន​
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ជំនាញទំនាក់​ទំនង និង​អារម្មណ៍​របស់​ពួក​គេ
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​ដល់​ក្មេងៗ​ឱ្យ​រៀន​ស្វែង​រក​ចម្លើយ​ទៅ​នឹង​សំនួរ​ជា​ច្រើន​របស់​ដែល​ពួក​គេមាន

ពួក​គេ​នឹង​រៀន​ពី ABC និង​លេខ​ 123

ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ជូន​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​រៀន​ពី​ការ​ទំនាក់​ទំនង និង​ការ​សិក្សា​ដែល​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​ទទួល​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា។​

លោកគ្រូ​អ្នកគ្រូ​ប្រើប្រាស់​វិធី​ផ្សេងៗ​ជា​ច្រើន​ក្នុង​ការ​ជួយ​ឱ្យ​ក្មេង​ទាំង​ការ​គិត និង​ការ​រៀន​ពី​ទ្រឹស្ដី។ កុមារ​ពង្រឹង​ជំនាញ​ក្នុង​ការ​គិត និង​ការ​រៀន​ពី​សង្គម និង​ជំនាញ​នៃ​ការ​ធ្វើ​ចលនា​របស់​ពួក​គេ​តាម​រយៈ​ការ​លេង​។​ ឧទាហរណ៍ ការ​គូរ​រូប​ជាមួយ​ខ្មៅ​ដៃ​ពណ៍ ឬ​ខ្មៅ​ដៃ អាច​ធ្វើ​ឱ្យ​ពួក​គេ​ពង្រឹង​ការ​ធ្វើ​ចលនា។ ការ​លោត​ និង​ការ​រត់​ធ្វើ​ឱ្យ​សាច់​ដុំ​របស់​ពួក​គេ​រឹង​​មាំ និង​មាន​តុល្យ​ភាព។ ការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​ជួយ​ឱ្យ​ពួក​គេ​រីក​ចម្រើន​ផ្នែក​ភាសា និង​ទំនាក់​ទំនង​របស់​ពួក​គេ។ ការ​លេង​អាច​ជួយ​កុមារ​ក្នុង​ការ​ទំនាក់​ទំនង​ខាង​ផ្នែក​អារម្មណ៍ និង​ការ​អនុវត្ត​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ៕

អត្ថបទដើម៖ Why Early Childhood Education Matters?

វិធីបង្រៀនកូនឱ្យចេះទទួលខុសត្រូវលើទង្វើរបស់ខ្លួន

on Tuesday, 25 September 2018. Posted in Parenting Tips, Activities

កុមារ​ទាំង​អស់​អាច​នឹង​ចេះ​បង្កើត​នូវ​លេស​សម្រាប់​ទង្វើ​របស់​ខ្លួន​ក្នុង​ពេល​ណា​មួយ ឧទាហរណ៍​ដូចជា “វា​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​ទេ។” ដែល​ជា​ឃ្លា​ដែល​កុមារ​ចូល​ចិត្ត​ប្រើ​ពេល​ដែល​គេ​ធ្វើ​ខុស​ ឬ​ខូច​របស់​អ្វី​មួយ។ ប៉ុន្តែ សម្រាប់​កុមារ​មួយ​ចំនួន ការ​កុហក​ដែល​ជា​ទម្លាប់​មិន​ដែល​ដាច់​នោះ​អាច​ក្លាយ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

bigstock Happy group of kids smiling at 50861390

ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ថា “ខ្ញុំ​បាន​វាយ​នាង ព្រោះ​នាង​បាន​ទាត់​ខ្ញុំ​មុន។” ឬ “មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ដែល​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ផ្ទះ ព្រោះ​អ្នក​គ្រូរបស់​ខ្ញុំ​មិន​បាន​ផ្ដល់​ពេល​ឱ្យ​ខ្ញុំ​ធ្វើ​គ្រប់គ្រាន់​ក្នុង​ការ​យក​សៀវភៅ​ពេល​ចេញ​ពី​រៀន។” ដែល​ឃ្លានេះ​ពិត​ជា​សំខាន់ និង​បង្ហាញ​នូវមូលហេតុ​ច្បាស់​លាស់។ បើមិន​អ៊ីចឹង​នោះ​​ទេ កូន​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ដែល​ចូលចិត្ត​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ដែល​គេ​បាន​ធ្វើ។

រក្សាភាពស្ងប់

ជៀស​វាង​ការ​ឈ្លោះ​ជាមួយ​នឹង​កូន​របស់​អ្នក​ពេល​ដែល​គេ​សួរ​ពី​អ្វី​ដែល​មិន​មែន​ជា​កំហុស​របស់​អ្នក។ មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប្រើ​កម្លាំង​បាយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ឆ្លើយ​តប​នូវ​ទង្វើ​ទាំង​នោះ​ដោយ​ស្ងប់។ ត្រូវ​បញ្ជាក់​ឱ្យច្បាស់​ពី​លេស​របស់​ពួកគេ​ចំពោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​នោះ​មិនមែន​មាន​ន័យ​ថា​គេ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ឡើយ។

បង្ហាញ​ប្រាប់​គេ​ថា គេ​កំពុង​ប្រើ​លេស ហើយ​រំលឹក​គេ​ពី​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។ អ្នក​ត្រូវ​និយាយ​ថា “កូន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កូន​បាន​ធ្វើ។” ឬ “កូន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​រក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។”

ជំរុញភាពទទួលខុសត្រូវផ្ទាល់ខ្លួន

បង្រៀន​​កូន​អ្នក​ពី​ភាព​ខុសគ្នា​រវាង​ការ​ពន្យល់​បក​ស្រាយ និង​លេស។ ឧទាហរណ៍ ការ​ប្រាប់​គ្រូ​បង្រៀន​របស់​គេ​ថា​គេ​អវត្ត​មាន មិន​បាន​មក​រៀន​ ព្រោះ​តែ​គេ​ឈឺ គឺ​ជា​ការ​ពន្យល់ រី​ឯ​ការ​ប្រាប់​គ្រូ​របស់​គេ​ថា​ឆ្កែ​របស់​គេ​បាន​ខាំ​ដាច់​សៀវភៅ​​កិច្ចការ​ផ្ទះ​នោះ គឺ​ជា​លេស។

ការ​ពន្យល់​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន ខណៈ​លេស គឺ​ជា​ការ​ដាក់​បន្ទុក​ដល់​ការ​ស្ដី​បន្ទោស​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។ ការ​ពន្យល់​ត្រូវ​ប្រើ​សម្រាប់​អ្នក​ដទៃ​ឱ្យ​យល់​ពី​ស្ថានភាព ខណៈ​លេស​ត្រូវ​ប្រើ​ដើម្បី​លាក់​បាំង​កំហុស។

កុមារ​ខ្លះ (ក៏​ដូច​ជា​មនុស្ស​ធំ​ពេញ​វ័យ​ដែរ) មាន​ភាព​ពិបាក​ក្នុង​​ការ​សម្គាល់​ភាព​ខុស​គ្នា។ ប៉ុន្តែ វា​ពិត​ជា​ស័ក្ដិសម​នឹង​ព្យាយាម​ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​យល់​ពី​ភាព​ខុស​គ្នា​ដ៏​ធំ​រវាង​ការ​ដាក់​កំហុស​ទៅ​អ្នក​ដទៃ និង​ការ​ទទួល​ស្គាល់​នូវ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។

បង្កើត​សាច់​រឿង​ខ្លះៗ និង​ឱ្យ​កូន​សម្គាល់​ថា​ពេល​ណា​អ្នក​កំពុង​បង្កើត​លេស និង​ពេល​ណា​អ្នកកំពុងផ្ដល់នូវការពន្យល់។ ការអនុវត្តនេះអាចជួយកូនរបស់អ្នកឱ្យចេះសម្គាល់ភាពខុសគ្នារបស់សាច់រឿងទាំងពីរនេះ។

ជំរុញពួកគេឱ្យបង្ហាញនូវការពន្យល់ និងលេសពេលដែលអ្នកឱ្យពួកគេមើលរឿង ឬអានសៀវភៅរឿង។ ពេលដែលការយល់ដឹងរបស់ពួកគេរីកចម្រើន នោះគេនឹងពួកគេក្នុងការសម្គាល់ថាពេលណានរណាម្នាក់កំពុងព្យាយាមគេចវេសពីទំនួលខុសត្រូវរបស់ខ្លួន។

បង្រៀនពីជំនាញដោះស្រាយបញ្ហា

ពេល​ដែល​កូន​របស់​អ្នក​ព្យាយាម​បន្ទោស​អ្នក​ដទៃ​សម្រាប់​កំហុស ឬ​បញ្ហា​របស់​ខ្លួន​ឯង​នោះ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​គេ​ឱ្យ​ងាក​ត្រឡប់​មើល​ពី​ជម្រើស​ដែល​គេ​ត្រូវ​រើស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លើ​បញ្ហា​នោះ។ ឧទាហរណ៍ ប្រសិន​បើ​គេ​និយាយ​ថា “ខ្ញុំ​ប្រឡង​មិន​សូវ​បាន​ពិន្ទុ​ល្អ ព្រោះ​តែ​គ្រូ​របស់​ខ្ញុំ​មិន​បាន​ពន្យល់​ខ្ញុំ​ពី​របៀប​ធ្វើ​លំហាត់​នោះ។” ហើយ​ត្រូវ​សួរ​គេ​វិញ​ថា “តើ​កូន​គួរ​តែ​ធ្វើអ្វី​ខ្លះ​ពី​ការ​ប្រឡង​នោះ?”។ អ្នក​ត្រូវ​និយាយ​ពី​អ្វី​ដែល​គេ​អាច​សួរ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់ ឬ​ក៏​ស្វែង​រក​ជំនួយ ជា​ជាង​ទម្លាក់​កំហុស​ទៅ​គ្រូ​បង្រៀន​សម្រាប់​ការ​ទទួល​បាន​ពិន្ទុ​តិច​របស់​គេ។

វា​ក៏​មាន​សារសំខាន់​ផង​ដែរ​ដែល​កូន​របស់​អ្នក​អាច​សម្គាល់​នូវ​ជម្រើស​ដែល​គេ​គួរ​ជ្រើសរើស និង​ឆ្លើយ​តប។ ប្រសិន​បើ​បង​ស្រី​របស់​គេ​វាយ​គេ គេ​មិន​ត្រូវ​វាយ​នាង​វិញ​ទេ។ ប៉ុន្តែ គេ​ត្រូវ​សុំ​ឱ្យ​អ្នក​ដទៃ​ជួយ ប្រាប់​នាង​ឱ្យ​ឈប់​វាយ​គេ ឬ​ក៏​ចាក​ចេញ​ពី​កន្លែង​នោះ។ អ្នក​ត្រូវ​បង្រៀន​គេ​ថា​មិន​ថា​មាន​អ្វី​កើត​ឡើង​ជុំវិញ​គេ​ឡើយ គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ជម្រើស​របស់​គេ។

បង្ហាញ​ពី​ការ​មេរៀន​ដែល​បាន​មក​ពី​កំហុស

អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​ថា​រាល់​កំហុស​ដែល​កើត​មាន​ឡើង គឺ​ជា​ឱកាស​ក្នុង​រៀន​សូត្រ។ ពេល​ដែល​កុមារ​យល់​ពី​កំហុស នោះ​ពួក​គេ​នឹង​រៀន​ពី​កំហុស​នោះ ហើយ​ពួក​គេ​នឹង​កាត់​បន្ថយ​ការ​បិទ​បាំង​កំហុស ឬ​ក៏​ទម្លាក់​កំហុស​ទៅ​ឱ្យ​អ្នក​ដទៃ។ អ្នក​ត្រូវ​បង្ហាញ​គេ​ថា ការ​បង្កើត​កំហុស​មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​រៀន​សូត្រ​ពី​កំហុស​នោះ ហើយ​ពួកគេ​នឹង​មិន​ប្រព្រឹត្ត​កំហុស​ដដែលៗ​ទៀត​ឡើយ។

សរសើរ​កូនៗ​ពេល​ដែល​គេ​និយាយ​ប្រាប់​ការ​ពិត ឬ​ក៏​ទទួល​ខុសត្រូវ​លើ​ទង្វើ​ដែល​គេ​បាន​ធ្វើ។ ពេល​ដែល​គេ​និយាយ​ថា “ខ្ញុំ​មិន​គួរ​វាយ​នាង​ទេ​បើ​សិន​ជា​នាង​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​។” នោះ​អ្នក​ត្រូវ​រំលឹក​គេ​ជា​រឿយៗ​ថាមិនមាន​អ្នកណា​ម្នាក់​បង្ខំ​គេ​ឱ្យ​ធ្វើអ្វី​ដែល​គេ​កំពុង​ជ្រើសរើស​ធ្វើ​នោះ​ទេ ហើយ​ពេល​ដែល​គេ​និយាយ​តាម​សម្រួល​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ខុស​ពី​ការ​វាយ​មនុស្ស​នៅ​ពេល​ក្រោយ៕

អត្ថបទដើម៖ How to Teach Your Child to Take Responsibility for His Behavior

គន្លឹះមានប្រយោជន៍ក្នុងការអភិវឌ្ឍភាសាសម្រាប់កុមារ

on Friday, 06 July 2018. Posted in Parenting Tips

children with chidlren at school

ក្នុង​រយៈ​ពេល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​កុមារ អ្នក​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត និង​ប្ដេជ្ញា​ក្នុង​អំឡុង​ពេល​ដែល​អ្នក​កំពុង​ជួយ​កូន​ក្នុង​ការ​រៀន​ជំនាញ​ថ្មីៗ។ ជាទូទៅ គេ​ជឿ​ថា ទារក​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​រយៈ​ពេល ១២ ខែ​ដំបូង និង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍ​ភាសា​នេះ​ត្រូវ​បន្ត​រហូត​ដល់​ពួក​គេ​មាន​អាយុ​ខ្ទង់ ៣ ឆ្នាំ ជា​ពេល​ដែល​កុមារ​ចាប់​ផ្ដើម​យល់ និង​និយាយ។

ភាសា​ គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សមត្ថភាព​កុមារ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ បញ្ចេញ​អារម្មណ៍​របស់​គាត់ ហើយ​គាំទ្រ​នូវ​ការ​ដោះស្រាយ​បញ្ហា និង​ការ​គិត​របស់​គាត់។ អ្នក​ត្រូវ​ប្រាកដ​ថា គ្រប់​យ៉ាង​ដែល​អ្នក​ដឹង​ពី​ជំហាន​នៃ​ការ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​កូន​ក្នុង​រយៈ​ពេល​ដំបូង។

ជំហាន​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កុមារ៖

ពេល​ដែល​កូន​របស់​អ្នក​ចាប់​ផ្ដើម​ចូល​ដល់​អាយុ ៣ ខែ អ្នក​នឹង​ចាប់​ផ្ដើម​សម្គាល់​សញ្ញា​នៃ​ការ​ទាក់​ទង​ពី​ខាង​កូន​របស់​អ្នក ដែល​ជា​សញ្ញា​ដំបូង​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កូន​អ្នក។

ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​ភាសា​ក្នុង​វ័យ​តូចៗ។

អាយុ ៣ ទៅ ១២ ខែ៖

ក្នុង​អំឡុង​ពេល​នេះ កូន​របស់​អ្នក​ចូល​ចិត្ត​សើច ថ្ងូរ និង​ព្យាយាម​ធ្វើ​ទំនាក់​ទំនង​ដោយ​ប្រើ​កាយ​វិការ។ អ្នក​ត្រូវ​ចង​ចាំ​ថា ការ​និយាយ​ដែល​មាន​ភាព​មិន​ច្បាស់​ដែល​កូន​និយាយ​នោះ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​គេ ហើយ​អ្នក​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​គេ​និយាយ​តទៀត។ បើ​សិន​ជា​អ្នក​អាច​ដឹង​ថា​ការ​និយាយ​ដែល​មិន​ច្បាស់​របស់​កូន​តំណាង​ឱ្យ​ពាក្យ​អ្វី​ប្រាកដ​នោះ អ្នក​ត្រូវ​ជំរុញ​ពួក​គេ​ឱ្យ​និយាយ​ពាក្យ​ដែល​ច្បាស់​នោះ​ម្ដង​បន្តិចៗ​កាន់​តែ​ច្រើន​ឡើងៗ​ដើម្បី​ឱ្យ​ពួក​គេ​អាច​និយាយ​បាន។

អាយុ ១២ ទៅ ១៨ ខែ៖

ក្នុង​អំឡុង​ពេល​នេះ កូន​របស់​អ្នក​ចាប់​ផ្ដើម​ព្យាយាម​និយាយ​ពាក្យ​មួយៗ ដាច់ៗ។ នេះ គឺ​ជា​អំឡុង​ពេល​ដែល​អ្នក​នឹង​ស្វែង​រក​វិធី​ដែល​ធ្វើ​ឱ្យ​កូន​និយាយ និង​ធ្វើ​ទំនាក់ទំនង​ច្រើន ហើយ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​ថា​កូន​របស់​អ្នក​មាន​ភាព​ស្ងាត់​ចម្លែក អ្នក​ត្រូវ​នាំ​គេ​ទៅ​ពិនិត្យ​ជាមួយ​នឹង​គ្រូ​ពេទ្យ​កុមារ។

អាយុ ១៨ ខែ ដល់ ២ ឆ្នាំ៖

ពេល​ដែល​កូន​របស់​អ្នក​ចូល​ដល់​អាយុ ២ ឆ្នាំ ពាក្យ​របស់​ពួកគេ​នឹង​រីក​ចម្រើន ហើយ​គាត់​ប្រហែល​ជា​អាច​និយាយ​ដល់​ទៅ ៣០០ ពាក្យ និង​ព្យាយាម​និយាយ​ប្រយោគ​ខ្លីៗ។ ការ​អភិវឌ្ឍ​ភាសា​ក្នុង​ដំណាក់​កាល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​កុមារ ដូច្នេះ ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ច្រើន​ជាង​អ្នក​រំពឹង​ទុក សូម​កុំ​មាន​ការ​បារម្ភ​អ្វី ហើយ​គ្រាន់​តែ​ផ្ដល់​ឱកាស​ឱ្យ​គេ​និយាយ។

អាយុពី ២ ដល់ ៣ ឆ្នាំ៖

ក្នុង​ដំណាក់កាល​នេះ កូន​របស់​អ្នក​នឹង​អាច​និយាយ​បាន​យូរ​ជាង​មុន ប្រើ​ឃ្លា​ច្រើន​ជាង​មុន និង​អាច​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​របស់​អ្នក​ដោយ​ងាយ។ អ្នក​ដទៃ​នឹង​យល់​ពី​អ្វី​ដែល​កូន​របស់​អ្នក​និយាយ​ក្នុង​ចន្លោះ​អាយុ​នេះ ហើយ​គេ​ក៏​អាច​លេង និង​និយាយ​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។

អាយុ ៣ ទៅ ៥ ឆ្នាំ៖

កូន​របស់​អ្នក​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (Preschool) ហើយ​អ្នក​អាច​នឹង​រំពឹង​ឱ្យ​ពួក​គេ​និយាយ​បាន​កាន់​តែ​ច្រើន​ដោយ​ប្រើ​ឃ្លា​ពិបាកៗ និង​វែងៗ​ជាង​មុន។ គេ​នឹង​ចាប់​ផ្ដើម​ចេះ​ឆ្ងល់ ហើយ​នឹង​សួរ​អ្នក​នូវ​សំណួរ​ជា​ច្រើន​ពី​វត្ថុ​ផ្សេងៗ​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ។ នេះ​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ជួយ​បង្កើន​វេយ្យាករណ៍ និង​ពាក្យ​ពេចន៍​របស់​គេ​ដោយ​ការ​ជំរុញ​គេ​ឱ្យ​អាន​នូវ​ឃ្លា​សាមញ្ញៗ ឬ​ពាក្យ​នៅ​ក្នុង​សៀវភៅ​រូបភាព។

អាយុ ៥ ទៅ ៦ ឆ្នាំ៖

នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា​សម្រាប់​កូន​អ្នក ហើយ​កូន​របស់​អ្នក​នឹង​យល់​កាន់​តែ​ច្រើន​ពី​ពាក្យ​មួយ​ចំនួន និង​វិធី​ផ្សំ​ពាក្យ​ទាំង​នោះ​ក្នុង​ការ​ប្រើ​ជាមួយ​គ្នា។ គេ​នឹង​ចាប់​ផ្ដើម​បង្កើត​ឃ្លា​សម្រាប់​និយាយ​កាន់​តែ​ល្អ​ជាង​មុន។

គន្លឹះ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​កុមារ៖

ពេល​នេះ អ្នក​ចាប់​ផ្ដើម​យល់​ពី​គំនិត​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កុមារ ហើយ​យើង​ខ្ញុំ​ក៏​សូម​ផ្ដល់​នូវ​គំនិត​ខ្លះៗ​ដើម្បី​ជា​ជំនួយ​សម្រាប់​លោក​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ខ្លះៗ​នៃ​វិធី​ដ៏​ល្អ​បំផុត​ដែល​លោក​អ្នក​អាច​លើក​ទឹក​ចិត្ត​កូនៗ​ក្នុង​ការ​អភិវឌ្ឍ​ភាសា​របស់​ពួក​គេ។

1. ចាត់ទុកថាកូនអាចនិយាយ៖

បើ​ទោះ​បី​ជា​កូន​របស់​អ្នក​គ្រាន់​តែ​បញ្ចេញ​សំឡេង​ប៉ប៉ាច់​ប៉ប៉ោច ឬ​បង្កើត​សំឡេង​ប្លែកៗ នេះ​មាន​ន័យ​ថាពួក​គេ​កំពុង​ព្យាយាម​និយាយ ហើយ​វា​ គឺ​ជា​សញ្ញាណ​ល្អ​មួយ។

 2. តាមការដឹកនាំរបស់កូនអ្នកនៅក្នុងកិច្ចសន្ទនា៖

ប្រសិន​បើ​គេ​ចាប់​ផ្ដើម​សន្ទនា​ជាមួយ​អ្នក អ្នក​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​និយាយ និង​ពន្យល់ ហើយ​ឆ្លើយ​តប​ទៅ​កាន់​គេ​វិញ​ដោយ​ការ​អង្អែល​ខ្នង​តិចៗ។ ការ​លើក​​ទឹក​ចិត្ត​តិច​តួច តែ​មាន​ឥទ្ធិពល​ល្អ​ដល់​កូន​របស់​អ្នក។

 3. និយាយពាក្យ៖

ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ពាក្យ ឬ​បញ្ចេញ​សំឡេង​ដោយ​ជោគជ័យ អ្នក​ត្រូវ​និយាយ​ពាក្យ​នោះ​ឡើង​វិញ​ជា​ច្រើន​ដង​ដើម្បី​ជួយ​គេ​ឱ្យ​យល់​កាន់​តែ​ច្រើន។

4. លើក​ទឹក​ចិត្ត​ក្នុង​ការ​និទាន​រឿង​មុនចូល​គេង៖

ការ​និទាន​រឿង​មុន​ចូល​គេង​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ពី​វត្ថុ​នានា និង​អាច​បង្កើត​ចំណង់​ក្នុង​ការ​និយាយ​ពាក្យ។

 5. ប្រើសៀវភៅរូបភាព៖

នេះ​ជា​ពេល​ដ៏​ល្អ​មួយ​ក្នុង​ការ​យក​សៀវភៅ​ដែល​មាន​រូបភាព​ធម្មតាៗ​សម្រាប់​កូន​របស់​អ្នក ហើយ​ជួយ​គេ​ក្នុង​ការ​អាន​ពាក្យ​ទាំង​នោះ ដូចជា ball, tree, បាល់ ឬ​ដើម​ឈើ​ជា​ដើម។

 6. ណែនាំ​ពាក្យ​ថ្មីៗ​ឱ្យ​គេ​ស្គាល់៖

បើ​ទោះ​បី​ជា​កូន​របស់​អ្នក​មិន​ទាន់​យល់​អ្វី​នោះ ក៏​មិនមាន​បញ្ហា​អ្វីដែរ។ ពេល​ខ្លះ គេ​នឹង​រៀន​នូវ​ការ​ប្រើ​ប្រាស់​ពាក្យ​ត្រឹម​ត្រូវ​ពេល​ដែល​អ្នក​ព្យាយាម​បង្រៀន​ពួកគេ។

7. និយាយ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង៖

ប្រសិន​បើ​អ្នក​កំពុង​នាំ​ពួកគេ​ទៅ​លេង​នៅ​សួន​ធម្មជាតិ ហើយ​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​ណាមួយ​ដែល​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ក្ដី​រំភើប សូម​ពណ៌នា​ពី​ព្រឹត្តិការណ៍​នោះ​ទៅ​កាន់​ពួក​គេ។

 8. ពន្យល់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ៖

អ្នក​ត្រូវ​បង្រៀន​គេ​ពី​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ​ដូចជា​នៅ​ក្នុង​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃ​ត្រង់ អាហារ​ពេល​ល្ងាច និង​ពេល​គេង។

សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ពេល​ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​របស់​កុមារ៖

ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា​មាន​សញ្ញា និង​រោគ​សញ្ញា​ដែល​កូន​របស់​អ្នក​មាន​ការ​អភិវឌ្ឍ នោះ​ពិត​ជា​អស្ចារ្យ។ ផ្ទុយ​ទៅ​វិញ តើ​អ្នក​គួរ​​ធ្វើអ្វី​ប្រសិន​បើ​កូន​របស់​​អ្នក​មិន​មាន​ការ​អភិវឌ្ឍ​នោះ? ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ដែល​លោកអ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​កត់​សម្គាល់​ពី​បញ្ហា​ដែល​កូន​របស់​អ្នក​ជួប​ប្រទះ​ក្នុង​ការ​អភិវឌ្ឍ៖

1. កូន​របស់​អ្នក​មិន​និយាយ​ពាក្យ​ដូចជា ម៉ាក់ៗ ឬក៏ ប៉ាៗ។

2. កូន​របស់​អ្នក​មិន​ព្យាយាម​និយាយ។

3. កូន​របស់​អ្នក​ហាក់​ដូច​ជា​មិន​បញ្ចេញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​គេ​ចូល​ចិត្ត ឬ​ចាប់​អារម្មណ៍។

4. កូន​របស់​អ្នក​មិន​និយាយ​សូម្បី​តែ​មួយ​ពាក្យ។

5. កូន​របស់​អ្នក​មិន​ប្រើ​ដៃ​ធ្វើ​កាយ​វិការ​ដូចជា ការ​បក់ដៃ ការ​ចាប់​ដៃ ឬ​ការ​ចង្អុរ។

6. កូន​របស់​អ្នក​មិន​មានការ​ទាក់ទង​អ្វី​ទាំង​អស់​ពេល​ដែល​គេ​ចង់​ឱ្យ​អ្នកជួយ​គេ។

7. កូន​របស់​អ្នក​មិន​ធ្វើ​ត្រាប់​កាយ​វិការ​អ្វី​ទាំង​អស់។

8. កូន​របស់​អ្នក​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ណែនាំ​ដែល​ងាយៗ​។

9. កូន​របស់​អ្នក​មិន​និយាយ​ពាក្យ​ផ្សេងៗ​នៅ​ក្នុង​ប្រយោគ​ខ្លីៗ។

10. របស់​អ្នក​មាន​ភាព​លំបាក​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ ឬ​មនុស្ស​នានា។

11. កូន​របស់​អ្នក​និយាយ​ត្រដិត​ជាប់​គ្នា​ជា​ប្រចាំ។

12. កូន​របស់​អ្នក​បញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ​មិន​ច្បាស់ និង​មិន​ត្រឹម​ត្រូវ។

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការ​ប៉ះពាល់​ដោយ​ការ​យឺត​យ៉ាវ​នៃ​ការអភិវឌ្ឍ សូម​កុំ​អស់​សង្ឃឹម។ លោក​អ្នក​អាច​ជួយ​ពួក​គេ​ក្នុង​ការ​ព្យាបាល​ភាព​លូតលាស់​នៃ​ការ​ប្រើ​ភាសាដែល​មាន​ការ​យឺតយ៉ាវ​ដោយ​រក​អ្នក​ជំនាញ​ឱ្យ​ជួយ។

យើង​ខ្ញុំ​សង្ឃឹមថា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ។ សូម​ចូល​រួមក្នុង​ការ​អភិវឌ្ឍ​ការ​អភិវឌ្ឍ​ភាសា​របស់​កូនៗ​ដូច​ជា​ការ​បន្ថែម​នូវ​គុណ​តម្លៃ​នេះ​សមត្ថភាព​សិក្សា​របស់​ពួក​គេ​ផង​ដែរ។ លើស​ពី​នេះ​ទៀត វា​ក៏​អាច​ជួយ​បង្កើន​នូវ​ទំនាក់​ទំនង​រវាង​អ្នក និង​កូនៗ​ផង​ដែរ៕

អត្ថបទដើម៖ 8 Helpful Language Development Tips for Children

សារសំខាន់នៃការសិក្សា STEAM

on Tuesday, 12 June 2018. Posted in Activities, Curriculum

ប្រសិន​បើ​អ្នក​មាន​ភាព​ធ្នឹក​នឹង​បច្ចេក​វិទ្យា ឬ​ស្ថិត​ក្នុង​គ្រឹះស្ថាន​អប់​រំ អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពី STEM ហើយ ដែល​ពាក្យ​នេះ​គឺ​ជា​ការ​ផ្ដោត​លើ​មុខវិជ្ជា និង​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង​គណិតវិទ្យា (Math) ហើយ​ក៏​ត្រូវ​បាន​ប្ដូរ​ទៅ​ជា STEAM កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បន្ថែម​នូវ​មុខ​វិជ្ជា​​សិល្បៈ (arts) ចូល។ នេះ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ពី​វិទ្យាស្ថាន កិច្ច​សហ​ប្រតិបត្តិការ និង​គ្រឹះស្ថាន​អប់រំ និង​ជំនាញ​វិទ្យាសាស្ត្រ​នានា ហើយ​សាលា​អន្តរជាតិ លីបឺធី ក៏​បាន​បញ្ចូល​ជំនាញ​ទាំង​នេះ​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​របស់​ខ្លួន​ផង​ដែរ។

ការ​សិក្សា​ពី STEAM គឺ​ជា​ប្រធានបទ​ដ៏​រសើប​មួយ ហើយ​ការងារ​ដែល​ទាក់ទង​នឹង STEM/STEAM នេះ​ដែរ ក៏​កំពុង​មាន​ទីផ្សារ និង​តម្រូវ​ការ​ខ្ពស់​ផង​ដែរ​ពី​ក្រុមហ៊ុន​ឯកជន​ក្នុង និង​ក្រៅ​ប្រទេស និង​ស្ថាប័ន​រដ្ឋ​នានា​ផង​ដែរ។

7 small

ហេតុ​អ្វី​បាន​ជា STEAM មាន​សារ​សំខាន់​ក្នុង​ការ​បង្រៀន​ដល់​កុមារ​នា​ពេល​បច្ចុប្បន្ន​នេះ?

បើ​តាម​មន្ទីរ​អប់រំ​របស់​សហរដ្ឋ​អាមេរិក​វិញ បាន​ធ្វើ​របាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ STEM/STEAM នឹង​កើន​ឡើង ១៤% ពីឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០។

ជំនាញ​កុំព្យូទ័រ និង​ការងារ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​វិទ្យា បាន​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​ដែល​ពិបាក​រក​មនុស្សធ្វើ​ការ នេះ​បើ​យោង​​តាម​ការ​សិក្សា​ពី Mckinsey។ ផ្ទុយ​ទៅ​វិញ មុខ​វិជ្ជា​ដែល​មាន​សិស្ស​ចូល​រៀន​ភាគ​ច្រើន គឺ​មិន​ទាក់​ទង​នឹង​មុខ​វិជ្ជា​ STEAM ទាល់​តែ​សោះ។
ក្នុង​ការ​សិក្សា​ដោយ Mckinsey ដដែល​បាន​ឱ្យ​ដឹង​ថា ចំនួន​នៃ​អ្នក​បញ្ចប់​ការ​សិក្សា​ដែល​មាន​មុខ​វិជ្ជា STEM នោះ បាន​កើន​ឡើង​តែ ០.៨% តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ តើ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​កូនៗ​កាន់​តែ​ចូល​ចិត្ត​រៀន​មុខ​វិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង STEM ហើយ​បង្កើត​សមត្ថភាព​អាច​ធ្វើការ​នៅ​កន្លែង​ដ៏​ខ្លាំង​បាន​នោះ?

ជា​ការ​ពិត​ណាស់ គឺ​ត្រូវ​បង្រៀន STEAM ដល់​ពួក​គេ។

មុខ​វិជ្ជា​សិល្បៈ (arts) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា STEM ដើម្បី​ឱ្យ​សិស្ស​កាន់​តែ​មាន​ភាព​រីករាយ​ក្នុង​ការ​សិក្សា​ និង​ធ្វើ​ឱ្យ​ពួក​គេ​រៀន​កាន់​តែ​ចេះ។ កុមារ​ដែល​មិន​ធ្លាប់​បាន​ឃើញ​ភាសា​កូដ ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ទាល់​តែ​សោះ​នឹង​មាន​អារម្មណ៍​មិន​សូវ​ស៊ាំ​ជាមួយ​នឹង​ការ​រៀន​នោះ​ទេ តែ​ពេល​ដែល​គេ​បាន​ដាក់​មុខ​វិជ្ជា​សិល្បៈ​ចូល​ក្នុង​ការ​បង្រៀន​នោះ មុខ​វិជ្ជា​ដែល​ត្រូវ​រៀន​នឹង​មាន​លក្ខណៈ​រស់​រវើក និង​ច្នៃ​ប្រឌិដ្ឋ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កុមារ​កាន់​តែ​ចង់​រៀន​ជាង​មុន បើ​ទោះ​ជា​គេ​ត្រូវ​រៀន​មុខ​វិជ្ជា​អ្វី​ក៏​ដោយ។

កុមារ​ត្រូវ​ការ​ការ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា និង​រៀន​ពី​វិធី​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ដូច​អ្វី​ដែល​បណ្ដាញ​សង្គម​បាន​ធ្វើ និង​គេហទំព័រ​ផ្សេងៗ​ដូច​ជា YouTube ជា​ដើម​នោះ។ វិធី​ដែល​ងាយ​ស្រួល​បំផុត​នោះ គឺ​ធ្វើ​ឱ្យ​វា​មាន​ភាព​សប្បាយ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍។ មុខ​វិជ្ជា​សិល្បៈ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​កុមារ​ទូទៅ ដូច​ជា​ការ​ធ្វើ​វីដេអូ​កូដ​ដោយ​មាន​លាយ​សិល្បៈ​ភ្ជាប់​ជាមួយ​នឹង​កូដ ដែល​ធ្វើ​ឱ្យ​សិស្ស​មាន​ភាព​រីករាយ​ក្នុង​ការ​សិក្សា ហើយ​សិស្ស​អាច​ដោះស្រាយ​បញ្ហា​ណា​មួយ និង​បង្កើត​នូវ​គម្រោង​ណាមួយ​ដែល​គេ​ស្រឡាញ់។

ការ​អប់រំ​ផ្នែក​សិល្បៈ​អនុញ្ញាត​ឱ្យ​សិស្ស​រៀន​យ៉ាង​ទូលំ​ទូលាយ និង​ធ្វើ​ឱ្យ​ចេញ​ជា​រូបរាង​ពិតៗ។ សិល្បៈ និង​ភាព​ច្នៃ​ប្រឌិដ្ឋ​ គឺ​ជា​មុខវិជ្ជា​សំខាន់​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ វា គឺ​ជា​វិធី​ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ក្លាយ​ទៅ​ជា​របស់​ពិតៗ។ សិល្បៈ​ត្រូវ​បាន​ប្រើ​ក្នុង​គេហទំព័រ និង​ការ​រចនា​នានា ពាណិជ្ជកម្ម ការ​រចនា​ផលិតផល​ជា​ដើម ដែល​ទាំង​នេះ​ជា​អ្វី​ដែល​សំខាន់​ក្នុង​ការ​សិក្សា STEM និង​មុខ​របរ​ដែល​ពាក់​ព័ន្ធ​នឹង STEM។

ដូច​នេះ​ហើយ ការ​សិក្សា STEAM គឺ​ជា​ការ​សិក្សា​ដ៏​សំខាន់ និង​អាច​រៀប​ចំ​អនាគត​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​បង្កើត​ការងារ និង​បង្កើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​រីក​ចម្រើន៕

អត្ថបទដើម៖ The Importance of STEAM Learning

វិធីសាស្ត្រក្នុងការជួយកូនៗនៅរដូវកាលប្រឡង

on Friday, 08 June 2018. Posted in Parenting Tips

ជំនួយក្នុងការរំឭកមេរៀន

អាថ៌កំបាំង​ក្នុង​ការ​ប្រឡង​បាន​ពិន្ទុ​ល្អ​នៅ​ក្នុង​ការ​ប្រឡង គឺ​ការ​ចេះ​រៀប​ចំ​ផែន​ការ។ អ្នក​អាច​ជួយ​កូនៗ​ដើម្បី​បង្កើត​ផែន​ការ​រំឭក​មេរៀន និង​វិធីសាស្ត្រ​រៀន​ដែល​អាច​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ចង់​រៀន។

parent help kids homework H

គន្លឹះក្នុងការរៀបចំការរំឭកមេរៀន៖

  • រៀប​ចំ​កាល​វិភាគ​រំឭក​មេរៀន​សម្រាប់​មុខ​វិជ្ជា​នីមួយៗ
  • បំបែក​ពេល​រំឭក​មេរៀន​ជា​ផ្នែកៗ ដោយ​មាន​ពេល​សម្រាក​បន្តិច​នៅ​ចុង​ម៉ោង​នៃ​មុខ​វិជ្ជា​នីមួយៗ
  • ត្រូវ​ប្រាកដ​ថា​កូន​របស់​​អ្នក​​មាន​​សៀវភៅ និង​​សម្ភារ​​សិក្សា​​គ្រប់គ្រាន់​​សម្រាប់​​រំឭក​​មេរៀន​​
  • សរសេរ​​កំណត់​ត្រា​​ផ្សេងៗ​នៅ​លើ​ក្រដាស​សម្គាល់​តូចៗ​ដើម្បី​ទុក​ជា​សញ្ញាណ​រំឭក​
  • ទិញ​សម្ភារ​សិក្សា​ថ្មី​ដូច​ជា​ប៊ិក​គូស​ចំណាំ និង​ប៊ិក​សរសេរ​ដើម្បី​ឱ្យ​ការ​រំឭក​មេរៀន​កាន់​តែ​គួរ​ឱ្យចាប់​អារម្មណ៍
  • ពិនិត្យ​មើល​កំណត់​ត្រា​ដែល​បាន​មក​ពី​រៀន​នៅ​សាលា​ជាមួយ​កូន​ខណៈ​ពេល​ដែល​ពួក​គេ​រំឭក​មេរៀន​នៃ​ប្រធាន​បទ​ណា​មួយ
  • បង្កើត​ពេល​ឱ្យ​កូន​អនុវត្ត​លើ​ក្រដាស​កិច្ចការ
  • ផ្ដល់​ការ​គាំទ្រ​គ្រប់​ពេល

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​គាំទ្រ​ដល់​កូនៗ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​ពេល​កំពុង​រំលឹក​មេរៀន ឬ​ដំណាក់​កាល​ប្រឡង អ្នក​ត្រូវ​ធ្វើ​ឱ្យ​ជីវិត​នៅ​ផ្ទះ​របស់​ពួកគេ​មាន​សភាព​ស្ងប់ និង​រីករាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​សមាជិក​ក្នុង​គ្រួសារ​ប្រយ័ត្ន​ពី​ការ​ដាក់​សម្ពាធ​ទៅ​ដល់​ពួក​គេ។

ប្រសិន​បើ​កូន​របស់​អ្នក​កំពុង​រៀន​សម្រាប់​ការ​ប្រឡង​ចុង​ក្រោយ សូម​ព្យាយាម​នៅ​ផ្ទះ​ជាមួយ​ពួក​គេ​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​គេ និង​អ្នក​អាច​ពិភាក្សា​គ្នា​បាន។

ត្រូវ​ប្រាកដ​ថា​មាន​អាហារ​សម្រន់​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ​គ្រប់​គ្រាន់​នៅ​ក្នុង​ទូ​ទឹកក ឬ​ទូ​អាហារ ហើយ​ព្យាយាម​ផ្ដល់​នូវ​អាហារ​ដែល​ល្អ មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ក្នុង​ពេល​ដ៏​ទៀង​ទាត់។ លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចូល​ញ៉ាំ​អាហារ​ជាមួយ​នឹង​គ្រួសារ បើ​ទោះបី​ជា​ពួក​គេ​រវល់​រំលឹក​មេរៀន​ក៏​ដោយ ហើយ​វា​ក៏​ពិត​ជា​មាន​សារ​សំខាន់​ផង​ដែរ​ក្នុង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ពី​ការ​ប្រើ​សៀវភៅ ឬ​កុំព្យូទ័រ​មួយ​រយៈ។ ជាង​នេះ​ទៅ​ទៀត អ្នក​គួរ​លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​ហាត់​ប្រាណ​ឱ្យ​ទៀង​ទាត់ ឬ​ក៏​ដើរ​លេង​ជុំវិញ​ផ្ទះ​ដើម្បី​ឱ្យ​រំសាយ​អារម្មណ៍​តាន​តឹង​ខ្លះ​មុន​នឹង​ចាប់​ផ្ដើម​ចូល​មេរៀន​ថ្មី។

 មិន​ត្រូវ​ដាក់​តម្រូវ​ការ​ច្រើន​ពេក​ក្នុង​ពេល​កូន​កំពុង​ប្រឡង​ឡើយ។ ការ​ដាក់​សម្ពាធ​ទាំង​នេះ​កាន់​តែ​ធ្វើ​ឱ្យ​កូន​កាន់​តែ​មាន​ភាព​តាន​តឹង និង​ពិបាក​ក្នុង​ការ​រំលឹក​មេរៀន និង​ប្រឡង។

វា​ពិត​ជា​សំខាន់​ក្នុង​ការ​គេង​បាន​គ្រប់គ្រាន់​នៅ​យប់​មុន​ថ្ងៃ​ប្រឡង ដូច្នេះ អ្នក​ត្រូវ​ដាស់​តឿន​ពួក​គេ​ឱ្យ​ចូល​គេង​ពី​ព្រលប់ និង​ត្រូវ​ប្រាកដ​ថា​គេ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ត្រឹម​ត្រូវ​នៅ​ថ្ងៃ​ប្រឡង។

សំណូក ការប៉ាវ និងរង្វាន់

ក្មេងៗ​ខ្លះ​ត្រូវ​បាន​សូក​ប៉ាន់​ដើម្បី​ឱ្យ​ប្រឡង​បាន​លទ្ធផល​ល្អ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ផ្ដល់​ជា​លុយ ឬ​រង្វាន់​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ។ ប៉ុន្តែ ការ​ផ្ដល់​សំណូក​បែប​នេះ​មិន​មែន​ជា​គំនិត​ល្អ​ឡើយ បើ​ការ​ប្រឹង​ប្រែង​ទាំង​នោះ គឺ​ដោយសារ​តែ​លុយ ឬ​រង្វាន់​នោះ ហើយ​វា​ក៏​ជា​សញ្ញាណ​អវិជ្ជមាន​មួយ​ដែល​មាន​ផល​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កូន។

អ្នក​ត្រូវ​ជំរុញ​ឱ្យ​ពួក​គេ​ខិត​ខំរៀន និង​ខំ​ប្រឡង​ដើម្បី​អនាគត​របស់​ពួក​គេ​ផ្ទាល់ មិនមែន​ដើម្បី​លុយ​ ឬ​រង្វាន់ ឬ​ក៏​ដើម្បី​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ទេ។ ត្រូវ​ពន្យល់​ពួក​គេ​ថា​ការ​ប្រឡង​មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ពួក​គេ​ទេ តែ​វា​ជា​ផ្លូវ​មួយ​សម្រាប់​ឈាន​ទៅ​រក​អនាគត ដូច​ជា​ការ​ឈាន​ទៅ​កាន់​វិទ្យាល័យ​ មហាវិទ្យាល័យ ឬ​ធ្វើ​ការ។ លទ្ធផល​ប្រឡង​ល្អ គឺ​ជា​ភាព​ជោគជ័យ​មួយ​ដែល​គេ​អាច​ទទួល​បាន​ប្រកប​ដោយ​មោទនភាព។

អ្នក​ត្រូវ​ប្រាកដ​ថា​កូន​អ្នក​ដឹង​ថា​អ្នក​ចង់​ឱ្យ​គេ​ធ្វើ​ការ​ងារ​អ្វី ហើយ​អ្នក​នឹង​មាន​មោទនភាព​ប្រសិន​បើ​គេ​អាច​ធ្វើ​បាន​ល្អ។ ទន្ទឹម​នឹង​នេះ​ដែរ សំណូក​មិន​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​នោះ​ឡើយ តែ​វា​នឹង​មិន​មាន​បញ្ហា​ទេ​បើ​សិន​ជា​អ្នក​ចង់​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ខ្លះ ដូច​ជា​ការ​ទិញ​នំខេក​ឱ្យ ឬ​ទិញ​នំ​ឱ្យ​ញ៉ាំ​បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការ​រំលឹក​មេរៀន ឬ​ការ​ប្រឡង។ មួយ​វិញ​ទៀត ពេល​ពួក​គេ​ប្រឡង​ចប់ អ្នក​ក៏​អាច​នាំ​គេ​ទៅ​ញ៉ាំអាហារ​ដ៏​ឆ្ងាញ់​មួយ ឬ​ក៏​នាំ​ពួក​គេទៅ​មើល​ភាពយន្ត​ជា​ដើម៕

អត្ថបទដើម៖ Helping Your Child Through Exams

តើកូនអ្នកអាចចូលរៀនបានហើយឬនៅ?

on Tuesday, 05 June 2018. Posted in Classes, Parenting Tips

Is Your Child Ready for School?

in year school place 0

តាម​ច្បាប់ កុមារ​ត្រូវ​តែ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា ឬ​ក្នុង​កម្មវិធីសិក្សា​ដែល​សម​ស្រប​ទៅ​តាម​អាយុ​របស់​ពួកគេ។ ក្នុង​ប្រទេស​ខ្លះ កុមារ​តម្រូវ​ឱ្យ​មាន​អាយុ ៥ ឆ្នាំ​សម្រាប់​ថ្នាក់​មត្តេយ្យ​សិក្សា និង ៦ ឆ្នាំ​សម្រាប់​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី ១។ ហើយ​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុ​មិន​ទាន់​គ្រប់​ ទោះបី​ជា​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​ដោយ ក៏​តម្រូវ​ឱ្យ​រង់​ចាំ​ឆ្នាំ​ក្រោយ​ទើប​អាច​ចូល​រៀន​បាន​។

គំនិត​នេះ​កើត​ឡើង​ព្រោះ​តែ​ថ្ងៃ​កំណើត​របស់​ពួក​គេ​ គឺ​សម្រាប់​តម្រូវ​ឱ្យ​ពួក​គេ​អាច​ចូល​រៀន​បាន ហើយ​សម្រាប់​កុមារ​ដទៃ​ទៀត​វិញ​ដែល​មិន​ទាន់​គ្រប់​អាយុ គឺ​ត្រូវ​បាន​បដិសេធ​មិន​អាច​ចូល​រៀន​បាន។ គ្រាន់​តែ​កុមារ​ចាប់​ផ្ដើម​ធ្វើ​ការ ឬ​និយាយ​នៅ​ក្នុង​អាយុ​ណា​មួយ ពួកគេ​ក៏​អាច​ចាប់​ផ្ដើម​អភិវឌ្ឍ​សមត្ថភាព​ផ្លូវ​ចិត្ត​ និង​សង្គម​ជា​ចាំបាច់​សម្រាប់​ចូល​រៀន​នៅ​អាយុ​ខុសៗ​គ្នា។

បន្ថែម​ពី​នេះ​ទៀត ឪពុក​ម្ដាយ និង​អ្នក​អប់រំ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា សាលា​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​សិស្ស​ផង​ដែរ។ ការ​បង្ហាញ​ថ្មី​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា កម្មវិធី​សិក្សា​របស់​សាលា​អាច​បង្កើត​ឡើង​ដើម្បី​ឱ្យ​កុមារ​ទាំង​អស់​គ្រប់​វ័យ​ចូល​រៀន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កម្មវិធី​សិក្សា​ទាំង​នោះ។ ជា​ការ​ពិត​ណាស់ ភាព​ជាក់ស្ដែង​ដែល​ត្រូវ​គ្នា​នឹង​ការ​អភិវឌ្ឍ​របស់​កូនៗ និង​ធនធាន​របស់​សាលា​ និង​ភាព​សម្រប​ខ្លួន​ប្រហែល​ជា​មិន​អាច​កើត​មាន​ឡើង​ឡើយ។

ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សម្រេច​ចិត្ត​ថា​គួរ​ឱ្យ​កូន​ចូល​រៀន​ពេល​ណា អ្នក​ត្រូវ​គិត​ពី​សមត្ថភាព​ពិសេស​របស់​កូន និង​ស្ថានភាព​ក្នុង​តំបន់។ អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​ត្រឹម​ត្រូវ​ពី​ការ​អភិវឌ្ឍ​របស់​កូន ជា​ពិសេស​ ជំនាញ​ទំនាក់​ទំនង រួម​ទាំង​ការ​អភិវឌ្ឍ​ភាសា និង​សមត្ថភាព​ស្ដាប់ ជំនាញ​សង្គម និង​ជំនាញ​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​ក្មេង​ដទៃ និង​មនុស្ស​ធំ និង​ជំនាញ​ចលនា ដូច​ជា​ការ​រត់ និង​ការ​លេង​ដោយ​ប្រើ​ខ្មៅ​ដៃ​ពណ៌ ឬ​គូល័រ​ទៀន។ អ្នក​អាច​និយាយ​ជាមួយ​នឹង​ពេទ្យ​កុមារ គ្រូ​មត្តេយ្យ​កម្រិត​ទាប និង​អ្នក​ជំនាញ​ផ្នែក​ថែទាំ​កុមារ​ដែល​អាច​ផ្ដល់​នូវ​យោបល់​មាន​ប្រយោជន៍ ការ​សង្កេត​មើល និង​ព័ត៌មាន​ផ្សេងៗ។

សាលា​ខ្លះ​ប្រហែល​ជា​តម្រូវ​ឱ្យ​សិស្ស​មាន​ការ​ធ្វើតេស្ត​មុន​ចូល​រៀន​ដើម្បី​វាយ​តម្លៃ​ពី​សមត្ថភាព​របស់​សិស្ស។ ការ​ធ្វើ​តេស្ដ​ដើម្បី​ត្រៀម​ចូល​រៀន​នេះ​ច្រើន​តែ​ផ្ដោត​សំខាន់​លើ​ជំនាញ​អប់រំ ប៉ុន្តែ ភាគ​ច្រើន​ត្រូវ​វាយ​តម្លៃ​លើ​ផ្នែក​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​របស់​ពួក​គេ។ បើ​ទោះបី​ជា​មាន​កុមារ​ខ្លះ​ធ្វើតេស្ត​បាន​លទ្ធផល​មិន​ល្អ ក៏​ពួក​គេ​អាច​ទទួល​ភាព​ជោគជ័យ​ក្នុងការ​សិក្សា​នៅ​សាលា​បាន​ដូចគេ​ដែរ។ យ៉ាង​ណា​មិញ អ្នក​ក៏​អាច​តាម​ដាន​ការ​លូត​លាស់ និង​អភិវឌ្ឍន៍​របស់​កូន​ប្រៀប​ជាមួយ​ក្មេង​ដទៃ​ដែល​មាន​អាយុ​ដូច​គ្នា​ដើម្បី​ឱ្យ​ដឹង​ថា​គេ​មាន​ភាព​វិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ។ ទូទៅ អ្នក​អាច​ប៉ាន់​ស្មាន​ខ្លួន​ឯង​បាន​ហើយ​ថា​ពួក​គេ​ត្រៀម​ខ្លួន​អាច​ចូល​រៀន​បាន​ហើយ​ឬ​នៅ។

ពេល​ដែល​អ្នក ឬ​សាលា​កត់​សម្គាល់​ឃើញ​នូវ​កន្លែង​ណាមួយ​ដែល​លាក់បាំង​នូវ​ភាព​អភិវឌ្ឍ​របស់​កូន​ សូម​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ជួយ​អ្នក និង​សាលា​សម្រាប់​រៀប​ចំ​គម្រោង​ក្នុង​ការ​ផ្ដល់​នូវ​អ្វី​ដែល​សិស្ស​ត្រូវ​ការ​។ តាម​រយៈ​​ការ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​គ្រូ​បង្រៀន​របស់​កូន និង​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​សាលា​របស់​គេ អ្នក​អាច​ជួយ​សាលា​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​កូន​អ្នក​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​កំពុង​តែ​បង្កើត​នូវ​ទំនាក់​ទំនង​ជា​ដៃ​គូ​ជាមួយ​នឹង​អ្នក​អប់រំ​បង្រៀន​កូនៗ​ក្នុង​រយៈ​ពេល​សិក្សា​របស់​ពួក​គេ។

ឪពុក​ម្ដាយ​អាច​លើក​ទឹក​ចិត្ត​កូនៗ​មាន​ការ​អភិវឌ្ឍ​ភាព​យល់​ដឹង ផ្នែក​រាង​កាយ និង​អារម្មណ៍​មុន​នឹង​ពួក​គេ​ចូល​រៀន។ ភាគ​ច្រើន​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​ចង់​បាន​សិស្ស​ដែល​ចូល​ចិត្ត​ចង់​ដឹង និង​ឆ្ងល់​គ្រប់​សកម្មភាព​ថ្មីៗ អាច​ធ្វើ​តាម​ការ​ណែនាំ ចេះ​យល់​អារម្មណ៍​អ្នក​ដទៃ និង​អាច​ចាំ​វេន និង​ចែក​រំលែក។ ជំនាញ​ជាក់លាក់​ខ្លះ​ដែល​នឹង​ធ្វើ​ឱ្យ​ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​របស់​កូនៗ​រលូន​ទៅ​មុខ​ត្រូវ​បាន​រួម​បញ្ចូល​សមត្ថភាព​របស់​ពួក​គេ​ដូច​ជា៖

  • លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​ដោយ​មាន​ការ​ឈ្លោះ​គ្នា ឬ​យំ​តិច​បំផុត​
  • រក្សា​ភាព​ប្រុង​ប្រយ័ត្ន និង​ស្ងប់​ស្ងាត់​ពេល​កំពុង​អាន​រឿង​
  • ចូល​បន្ទប់​ទឹក​ដោយ​ខ្លួន​ឯង​
  • ចេះ​រូត​ខោ ឬ​បិទ​ឡេវ​អាវ​ដោយ​ជោគ​ជ័យ
  • អាច​និយាយ​ឈ្មោះ​ខ្លួន​ឯង អាសយដ្ឋាន​រស់​នៅ និង​លេខ​ទូរស័ព្ទ

ក្នុងនោះ​ដែរ ការ​អាន​រឿង​ឱ្យ​កូន​ស្ដាប់​ក្នុង​ពេល​ពួក​គេ​នៅ​តូចៗ​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​ ដោយ​វា​អាច​ជួយ​ពួក​គេ​ក្នុង​ការ​សម្គាល់​នូវ​លេខ អក្សរ និង​ពណ៌​ជា​ដើម។ លោក​អ្នក​អាច​នាំ​ពួក​គេ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ ឬ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ ឬ​វិទ្យាសាស្ត្រ​នានា​ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ។ លើស​ពី​នេះ ដើម្បី​បណ្ដុះ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​សង្គម អ្នក​អាច​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចូល​រួម​ក្នុង​ការ​រៀប​ចំ​សកម្មភាព​សង្គម។

ឪពុក​ម្ដាយ​មួយ​ចំនួន​គិត​ពី​ការ​ពន្យារ​ពេល​កូន​ចូល​រៀន​ថ្នាក់​មត្តេយ្យ។ ពួក​គេ​ជឿ​ថា​កូន​របស់​ពួកគេ​អាច​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​បន្ថែម និង​អាច​នឹង​ជោគជ័យ​ក្នុង​ការ​សិក្សា អត្ត​ពលកម្ម ឬ​បរិបថ​សង្គម​នានា​ប្រសិន​បើ​គេ​មាន​អាយុ​ច្រើន​ថ្នាក់​ដែល​ពួក​គេ​សិក្សា។ ការ​ពន្យារ​ពេល​ចូល​រៀន​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍ គឺ​វា​មិន​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​ឈ្នះ​នេះ​ឡើយ។ បើ​ទោះ​បី​ជា​មាន​សម្អាង​ថា​ការ​ស្ថិត​ក្នុង​អាយុ​តិច​ជាង​គេ​ក្នុង​ថ្នាក់​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​សិក្សា តែ​បញ្ហា​ទាំង​នេះ​ប្រហែល​ជា​មិន​មាន​ទៀត​ទេ​ពេល​ដែល​ពួក​គេ​រៀន​ដល់​ថ្នាក់​ទី ៣ ឬទី ៤។ ផ្ទុយ​ទៅ​វិញ វា​ភស្ដុតាង​ថា​កុមារ​ដែល​មាន​អាយុ​ច្រើន​សម្រាប់​ថ្នាក់​ដែល​ពួក​គេ​កំពុង​រៀន​អាច​ប្រឈម​នឹង​បញ្ហា​ឫកពារ​ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ៕

អត្ថបទដើម៖ Is Your Child Ready for School?

អត្ថបទផ្សេងទៀត៖

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

សារសំខាន់នៃការសិក្សាពីរភាសា

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

on Monday, 07 May 2018. Posted in Classes, Parenting Tips, Activities

Brain Development (Preschool, 3 - 5 years old)

ការ​អភិវឌ្ឍ​ខួរ​ក្បាល​បង្ហាញ​ថា​កុមារ​សមត្ថភាព​កើន​ឡើង​ក្នុង​ការ​យល់​ដឹង​ពី​បរិស្ថាន​ជុំវិញ​របស់​ពួក​គេ​។ ខណៈពេល​ដែល​កុមារ​លូតលាស់ និង​អភិវឌ្ឍ ពួកគេ​នឹង​រៀន​ពី​វត្ថុ​ថ្មីៗ និង​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​រាល់​ថ្ងៃ។

Lyda and block math n letter
សម្រាប់​កុមារ​ដែល​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (អាយុ ៣ ទៅ ៤ ឆ្នាំ) ជំនាញ​ខាង​ក្រោម​នឹង​ចាប់​ផ្ដើមអភិវឌ្ឍ៖

  1. កុមារ​ចាប់​ផ្ដើម​រាប់​វត្ថុ​ជុំវិញ​ខ្លួន​ពួកគេ​ដោយ​ប្រើ​លេខ​សម្គាល់​លើ​វត្ថុ​នីមួយៗ។
  2. កុមារ​ចាប់​ផ្ដើម​សម្គាល់​ពី​លក្ខណៈ​របស់​វត្ថុ (វែង ខ្លី ក្រហម ខៀវ ។ល។) និង​ចាប់​ផ្ដើម​ចេះ​បែង​ចែង និង​ពណ៌នា​ពី​ពួក​វា។
  3. កុមារ​ចាប់​ផ្ដើម​ប្រើ​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពេល​ធ្វើ​សកម្មភាព​នានា ដូច​ជា​កំពុង​រៀបចំ និង​សាងសង់​របស់​លេង​ជាដើម។ល។
  4. កុមារ​ចាប់​អារម្មណ៍​លើ​ការ​សិក្សាពី​រាងកាយ​របស់​ពួកគេ និង​ធាតុ​មាន​ជីវិត​នានា​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ដូច​ជា​សត្វ​ចិញ្ចឹម និង​រុក្ខជាតិ។
  5. កុមារ​​ចាប់​​ផ្ដើម​​យល់​​ពី​​​លំដាប់​​ព្រឹត្តិការណ៍​​សម្រាប់​​ថ្ងៃ​​នីមួយៗ។
  6. កុមារ​ចាប់​ផ្ដើម​រីករាយ​នឹង​ដក ឬ​បំបែក​វត្ថុ​អ្វី​មួយ និង​ព្យាយាម​ដាក់ ឬ​ផ្គុំ​វត្ថុ​នោះ​រួម​បញ្ចូល​គ្នា​វិញ​ជា​ដើម។


តើ​អ្នក​អាចធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​កូន​តូច​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ​បាន?

  1. អនុញ្ញាត​ឱ្យ​ពួកគេ​ជួយ​រៀ​ប​ចំ​តុ​អាហារ រៀប​ចាន​លើ​តុ​សម្រាប់​សមាជិក​នីមួយៗ​នៅ​ក្នុង​គ្រួសារ បន្ទាប់​មក​រៀប​កែវ​ជា​ដើម។ រួច​ត្រូវ​រាប់​មើល​ចំនួន​ចាន និង​កែវ​ឡើង​វិញ​ថា​គ្រប់​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ហើយ​ឬ​នៅ។
  2. និយាយ​ប្រាប់​ពួក​គេ​ពី​ទម្លាប់​ប្រចាំថ្ងៃ និង​ប្រើ​ពាក្យ​បរិយាយ​ដូចជា ដើម​ឈើ​ខ្ពស់ កូន​ឆ្កែ​រោម​ស្រម៉ូវ ជាដើម។
  3. ឱ្យ​កូន​ជួយ​ធ្វើ​កិច្ចការ​ស្រាលៗ​ពេល​កំពុង​ធ្វើ​ម្ហូប និង​សួរ​សំណួរ​ងាយៗ​ដូច​ជា “តើ​កូន​គិត​ថា​នឹង​មាន​អ្វីកើត​ឡើង​នៅ​ពេល​យើង​ដាក់​អង្ករ​ដាំ​ក្នុង​ឆ្នាំង​ដោយ​ប្រើ​ភ្លើង?” ពួកគេ​អាច​នឹង​ស្គាល់​ថា​វា គឺ​ជា​បាយ។
  4. ឱ្យ​ពួកគេ​ជួយ​កិច្ចការ​ផ្ទះស្រាលៗ​ដូច​ជា​ចាក់​ទឹក​ចូល​ក្នុង​ចាន​សម្រាប់​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ ​ឬ​ស្រោច​ផ្កា​ជា​ដើម។ រួច​ហើយ​ត្រូវ​ពន្យល់​ពួកគេ​ពី​មូល​ហេតុ​ដូច​ជា៖ ស្រោច​ទឹក​ឱ្យ​រុក្ខជាតិ និង​រក្សា​វា​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ ដូច្នេះ វា​នឹង​លូត​លាស់។
  5. ព្យាយាម​តាម​ដាន​ពី​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​នឹង​កូន ហើយ​រំលឹក​ពួកគេ​ពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង​នា​ពេល​បន្ទាប់៖ “បន្ទាប់​ពី​កូន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ កូន​នឹង​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​នា​ពេល​បន្ទាប់។”។
  6. ឱ្យ​ពួក​គេ​លេង​ដុំ​សង់ ដោយ​ត្រូវដក​ចេញ ឬ​ផ្គុំឡើង​វិញ។


សម្រាប់​កុមារ​ដែល​មាន​វ័យ ៤ ទៅ ៥ ឆ្នាំ​វិញ នឹង​អភិវឌ្ឍ​នូវ​ជំនាញ​ដូច​ខាង​ក្រោម៖

  1. ពួកគេ​ចាប់​ផ្ដើម​រាប់លេខ​ច្រើន​ជាង​មុន និង​អាច​ឆ្លើយ​សំនួរ “ប៉ុន្មាន” នៅ​ពេល​ដែល​មាន​របស់​របរ​មួយ​ចំនួន​ដែល​ពួកគេ​កំពុង​ឃើញ។
  2. ពួកគេ​អាច​បែងចែង​វត្ថុ​ជា​ក្រុម ដូច​ជា ពែង និង​ចាន។ល។
  3. ពួកគេ​ចាប់ផ្ដើម​វាស់វត្ថុ​ដែល​ពួកគេ​កំពុង​ប្រើ ដូចជា​ខ្សែ​ស្បែក​ជើង ឬ​ប្រវែង​ជើង​របស់​គេ​ជា​ដើម​។
  4. ពួកគេ​យល់​នូវ​ពាក្យ​បង្ហាញ​ទិស (លើ ក្រោម ឆ្វេង ស្ដាំ មុខ ក្រោយ) និង​ពាក្យ​បង្ហាញ​រូប​រាង​ (មូល ត្រីកោណ)។
  5. ពួកគេ​ចាប់​ផ្ដើម​ដឹង​​​ថា​យើង​ប្រើ​ញាណ​ទាំង​អស់​របស់​យើង​ដើម្បី​សិក្សា​ពី​បរិស្ថាន​ជុំ​វិញ​ដូច​ជា​ ការ​សម្គាល់​សត្វ ឬ​ការ​ស្ដាប់​ឮ​សំឡេង​ខ្យល់​បក់​ថា​វា​មាន​ប្រភព​មក​ពី​ណា​ជាដើម។
  6. ពួកគេ​ប្រើ​វត្ថុ​សិល្បៈ​ដើម្បី​បង្កើត​វត្ថុ​អ្វី​មួយ​ដែល​ជំនួស​ឱ្យ​ការ​លេង​វត្ថុ​ទាំង​នោះ។


តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ?

  1. សួរ​សំណួរ​បង្ហាញ​ពី​បរិមាណ​ដូចជា “តើ​មាន​មើម​ការ៉ុត​ប៉ុន្មាន​នៅ​ក្នុង​ចាន?” ឬ “តើ​កូន​ត្រូវ​ដើម​ប៉ុន្មាន​ជំហាន​ពី​ឡាន​ទៅ​ដល់​មាត់​ទ្វារ​ថ្នាក់​រៀន?”
  2. ឱ្យ​កូនៗ​ជួយ​រៀប​ចំ​ស្រោម​ជើង​ដែល​មាន​គូ និង​បែង​ចែង​សម្លៀក​បំពាក់​តាម​ប្រភេទ​សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ​ដើម្បី​បោក​សម្អាត។
  3. ប្រើ​សំណួរ​សួរ​ចោទ “អ្នកណា​មាន​ដៃ​ធំ​ជាង​គេ?” ឬ “អ្នកណា​មាន​កម្ពស់​ទាប​ជាង​គេ?” ជា​ដើម​។
  4. លេង​ហ្គេម​ស្វែង​រក​កំណប់ ហើយ​ឱ្យ​ផែន​ទី​បង្ហាញ​ទិស​ដល់​ពួក​គេ​ក្នុង​ការ​ស្វែង​រក ដោយ​ប្រើ​ពាក្យ​បង្ហាញ​ទិស​ដូច​ជា នៅ​ខាង​ក្នុង នៅ​ខាង​ក្រោយ ឬ​នៅ​ខាង​ក្រោម​ជា​ដើម។ល។
  5. ចាក់​បំពេញ​ដប​ប្លាស្ទិច​ដោយ​ប្រើ​ដី​ខ្សាច់ អង្ករ គ្រាប់​ក្រួស ស្លាប​បក្សី និង​វត្ថុ​ផ្សេងៗ​ទៀត ហើយ​ក្រឡុក​ដប​នោះ​ដើម្បី​ប្រៀប​ធៀប​សំឡេង។
  6. ធ្វើ​កិច្ចការ​ជាមួយ​កូនៗ​ដោយ​បង្កើត​នូវ​រូប​ភាព​ជា​ផ្ទាំង គូរ​គំនូរ ឬ​ស្មូន​ក្អម​ឆ្នាំង​ជា​ដើម៕

អត្ថបទដើម៖ Brain Development (Preschool, 3 - 5 Years)

សាលា​អន្តរជាតិ លីបឺធី ទទួល​បង្រៀន​សិស្ស​ចាប់​ពី​អាយុ ១ ឆ្នាំ​កន្លះ​ឡើង​ទៅ និង​មាន​ថ្នាក់​សិក្សា​ចាប់​ពី​ថ្នាក់​ថែទាំ​កុមារ​តូច (Nursery) ដល់​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសា​អង់គ្លេស និង​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ដល់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសាខ្មែរ។ ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 095712165។

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.