ត្រៀមខ្លួនសម្រាប់ថ្នាក់មត្តេយ្យកម្រិតទាប៖ តើអាយុប៉ុន្មានទើបសមនឹងឱ្យកូនចូលរៀនបំផុត?

on Thursday, 15 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​រៀប​ចំ​ឱ្យ​កូន​តូចៗ​របស់​អ្នក​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប? នេះ គឺ​ជា​សំណួរ​មួយ​ដែល​អាច​ផ្ញើ​ទៅ​ដល់​បេះដូង​ឪពុក​ម្ដាយ​ថ្មី​ថ្មោង។ ហើយ​តើ​ឪពុក​ម្ដាយ​ណា​ចង់​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​កូន​តូច​ជា​ទី​ស្រឡាញ់​នោះ? ឪពុក​ម្ដាយ​ខ្លះ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រហែល ២ ឆ្នាំម្ល៉េះ ហើយ​ឪពុក​ម្ដាយ​ខ្លះ​ទៀត​បាន​បញ្ជូន​កូន​ទៅ​រៀន​រាង​យឺត​បន្តិច​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

preschool20boys20painting

តាម​ប្រសាសន៍​របស់​អ្នក​ស្រី ធីណា ហ្សាម៉ូរ៉ា នាយិកា​នៃ​សាលា​នេស​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​បាន​ឱ្យ​ដឹង​ថា “កុមារ​មិន​តម្រូវ​ឱ្យ​ទៅ​សាលា​មុន​ពួក​គេ​មាន​អាយុ ៥ ឆ្នាំ​ដាច់​ខាត​នោះ​ទេ។ ប៉ុន្តែ មាន​កម្មវិធី​សិក្សា​ល្អៗ​សម្រាប់​កុមារ​តូចៗ​ដែល​អ្នក​ចាប់​ផ្ដើម​ឱ្យ​កូន​រៀន​តាំង​ពី​អាយុ​ជាង ១ ឆ្នាំ។ កម្មវិធី​នេះ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​សង្គម និង​ការ​ប្រើ​ចលនា​សាច់​ដុំ។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ២ ដល់ ៤ ឆ្នាំ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប គឺ​មាន​ប្រយោជន៍​សម្រាប់​ជំនាញ​សង្គម និង​អារម្មណ៍ ព្រោះ​វា​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត ឬ​ក៏​បង​ប្អូន​របស់​គេ​ជា​ដើម។ ជំនាញ​អាន​អក្សរ​កម្រិត​មូលដ្ឋាន​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​អភិវឌ្ឍ។ អ្វី​ដែល​សំខាន់​នោះ គឺ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​ផ្ដល់​នូវ​បទពិសោធន៍​ដែល​សប្បាយ​រីករាយ​ដល់​កូន​របស់​អ្នក​ក្នុង​ការ​ជួប​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត ដោយ​ពួក​គេ​អាច​ស៊ាំ​នឹង​ទម្លាប់​ល្អៗ និង​អភិវឌ្ឍ​គ្រប់​ជំនាញ​ដែល​ពួក​គេ​កំពុង​ចាប់​ផ្ដើម​សិក្សា និង​ស្វែង​យល់។”

អ្នកស្រី​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កុមារ​នីមួយៗ​អាច​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ប៉ុន្តែ​ សាលា​មួយ​ចំនួន​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រៀន​ចូល​បន្ទប់​ទឹក​ជា​មុន​សិន ឬ​ក៏​អាច​នឹង​ចង់​ដឹង​ប្រសិន​បើ​មិន​មាន​តម្រូវ​ការ​ពិសេស​ខ្លះ​ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ពេទ្យ​កុមារ​ជាមុន​ដូច​ជា​ការ​ពន្យារ​ពេល​និយាយ (កុមារ​មិន​អាច​និយាយ​បាន​ដូច​ក្មេង​ដទៃ​ក្នុង​អាយុ​ប្រហាក់​ប្រហែល​គ្នា) ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដូច​ជា​អង្គុយ ឈរ ដើរ ចាប់​កាន់​របស់ ។ល។ ឬ​ក៏​មាន​បញ្ហា​នានា​ដែល​ត្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ក្មេង​ដទៃ​ជាដើម។ ប្រសិន​បើ​ពួក​គេ​មិន​មាន​បញ្ហា​ទាំង​អស់​នេះ​ទេ ពួក​គេ​អាច​ចូល​រៀន​ដោយ​រីក​រាយ។”

ទន្ទឹម​នឹង​នេះ​ដែរ មិន​មាន​ក្បួន​ច្បាប់​ពិបាក​ពេក ឬ​រហ័ស​ពេក​សម្រាប់​អាយុ​ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នោះ​ទេ។ ប៉ុន្តែ មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ពិចារណា​ក្នុង​ការ​កំណត់​ការ​ត្រៀម​ខ្លួន​ចូល​រៀន​ដើម្បី​ឱ្យ​ពួក​គេ​ទម្លាប់​នឹង​សាលា​រៀន​។ អ្នក​ត្រូវ​ចាំ​ថា កូន​របស់​អ្នក​អាច​នឹង​យល់​ថា​ទម្លាប់​នៃ​ការ​សិក្សា​នៅ​សាលា​ខុស​គ្នា​ពី​ទម្លាប់​ដែល​ពួកគេ​រស់​នៅ​ឯ​ផ្ទះ។

1- ឯករាជ្យ​ភាព៖ តើ​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ប៉ុន្មាន​រាល់​ថ្ងៃ? ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិត​ទាប​តម្រូវ​ឱ្យ​សិស្ស​យល់​ដឹង​ដោយ​ខ្លួន​ឯង ជា​ពិសេស គឺ​ការ​យល់​ដឹង​ពី​អនាម័យ និង​ការ​ថែ​រក្សា​ខ្លួន។ កូន​របស់​អ្នក​ត្រូវ​ចេះ​បន្ទោបង់​ដោយ​ខ្លួន​ឯង ចេះ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ដោយ​ខ្លួន​ឯង ចេះ​សម្អាត និង​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ចេះ​រៀបចំ​ទុក​ដាក់​របស់​លេង​រួច​ដោយ​ខ្លួន​ឯង និង​ចេះចូល​គេង​ដោយ​ខ្លួន​ឯង ដែល​ទាំង​នេះ គឺ​ជា​ជំនាញ​ខ្លះៗ​ដែល​ពួក​គេ​ត្រូវ​មាន​។

សមត្ថភាព​កូន​របស់​អ្នក​ត្រូវ​ផ្ដោត​សំខាន់ និង​គ្រប់គ្រង​ខ្លួន​ឯង​សម្រាប់​ពេល​ណា​មួយ​ដែល​ត្រូវ​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ខ្លះ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​ផ្ចង់​ស្មារតី​ដើម្បី​បញ្ចប់។

​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​បែកគ្នា​អាច​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​ជូន​គេ​ដល់​មុខ​សាលា ជា​ពិសេស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​នោះ។

ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​បញ្ហា​នេះ អ្នក​អាច​ជួយ​បាន​ដោយ​អនុញ្ញាត​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​ទំនុក​ចិត្ត និង​ការ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង។ អ្នក​ត្រូវ​តាម​ដាន​តើ​អ្វី​ដែល​អាច​ឱ្យ​ពួក​គេ​លេង​ដោយ​ខ្លួន​ឯង​។ អ្នក​អាច​បង្ហាញ​នូវ​សកម្មភាព​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ស័ក្ដិសម​សម្រាប់​អាយុ​របស់​ពួក​គេ​ឱ្យ​គេ​លេង​ពេល​ដែល​អ្នក​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​នោះ។ វិធី​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​សម្រាប់​ភាព​ឯករាជ្យ​បន្តិច​ម្ដងៗ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ឃ្លាត​គ្នា និង​បញ្ហា​ចម្លែកៗ អ្នក​ត្រូវ​ឱ្យគេ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចំណាយ​ពេល​ជាមួយ​នឹង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ក៏​អាច​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ដែរ។ កុមារ​ដែល​មាន​អ្នក​មើល​ថែ​ច្រើន​ជាង​ម្នាក់ ឬ​ទម្លាប់​រស់​នៅ​ជាមួយ​មនុស្ស​ឯ​ទៀត​ពេល​ដែល​អ្នក​មិន​នៅក្បែរ ច្រើន​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​នឹង​មនុស្ស​ថ្មីៗ និង​កន្លែង​ថ្មីៗ។

2- ស្មគ្រចិត្ត​ក្នុង​ការ​ចូល​រួម៖ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ច្រើន​តែ​មាន​ដូច​ជា​ការ​ច្រៀង​ជា​ក្រុម ការ​និទាន​រឿង ដែល​តម្រូវ​ឱ្យ​កុមារ​ត្រូវ​អង្គុយ​ស្ងៀម​ដើម្បី​ស្ដាប់ និង​រៀន​ជាមួយ​គ្នា។ កុមារ​ដែល​រពឹស​តាំង​ពី​កំណើត អាច​នឹង​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​នូវ​ការ​អភិវឌ្ឍ​ចំណុច​នេះ​ដែល​តម្រូវ​ឱ្យ​គេ​ត្រូវ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នោះ។

ការ​ណែនាំ​​កូន​របស់​អ្នក​បន្តិច​ម្ដងៗ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នានា​ក៏​អាច​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ។ ហើយ​ការ​លេង​ជា​ក្រុម​ជាមួយ​នឹង​បង​ប្អូន​ជីដូន​មួយ​របស់​ពួក​គេ ឬ​ក៏​កូន​មិត្ត​របស់​អ្នក​ក៏​អាច​ចូលរួម​ចំណែក​ឱ្យ​ពួកគេ​ងាយ​ក្នុងការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​សាលា​ផង​ដែរ។

3- ការ​ត្រៀម​ខ្លួន​សម្រាប់​ទម្លាប់​នានា៖ ភាព​តាន​តឹង​របស់​កុមារ​នឹង​ត្រូវ​កាត់​បន្ថយ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​មាន​ទំនុកចិត្ត។ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​អនុវត្ត​តាម​កាល​វិភាគ​ធម្មតា​ដែល​កុមារ​ដឹង​ថា​ត្រូវ​រំពឹង​អ្វីខ្លះ​ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង។ ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ទម្លាប់​បាន​ទេ​ អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​ក្នុង​ការ​ធ្វើកិច្ចការ​ដដែល​ក្នុង​ម៉ោង និង​ពេល​ដដែល​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​កំណត់ នោះ​អ្នក​កំពុង​ទទួល​បាន​ជោគជ័យ​ហើយ។

4- ថាមពល​ក្នុង​ម៉ោង​សិក្សា៖ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​នឹង​ត្រូវ​ឱ្យ​សិស្ស​សិក្សា​ពី៣ ទៅ ៤ ម៉ោង​ ដល់​ពេញ​មួយ​ថ្ងៃ។ ការ​កំណត់​នេះ​ត្រូវ​ប្រើ​សម្រាប់​កុមារ​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សិក្សា និង​កុមារ​ដែល​កំពុង​តែ​សម្រប​ខ្លួន​តាម​ទម្លាប់​ថ្មី មនុស្ស​ថ្មី និង​បរិយាកាស​ថ្មី។ សកម្មភាព​ដែល​បាន​រៀបចំ​ទាំងឡាយ​ត្រូវ​ប្រើ​ដើម្បី​ឱ្យ​សិស្ស​ប្រើ​កម្លាំង និង​ថាមពល​របស់​ពួកគេ​ឱ្យ​ដល់​ចប់​ម៉ោង​សិក្សា។ ត្រូវ​សង្កេត​មើល​ឱ្យ​ម៉ត់ចត់​ប្រសិន​បើ​កូនងាយ​នឹង​ហត់ ហើយ​ចង់​គេង​ច្រើន​ខុស​ពី​ធម្មតា។ អ្នក​អាច​ជួយ​កូន​ឱ្យ​គេង​ពេល​យប់​ឱ្យ​បាន​ទៀង​ទាត់ និង​គេង​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច។ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​រយៈ​ពេល​ខ្លី​ប្រាកដ​ជា​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង​ដែល​អាច​ឱ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​មាន​មេរៀន​ច្រើនៗ​នោះ។

5- ហេតុ​ផល​របស់​អ្នក៖ ចំណុច​បញ្ចប់ គឺ​អ្នក​ត្រូវ​គិត​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ឱ្យ​កូន​ចូល​រៀន។ តើ​នេះ​ព្រោះ​តែ​អ្នក​មាន​អារម្មណ៍​ថា​កូន​គួរ​តែ​ចូល​រៀន​ដើម្បី​ឱ្យ​ស៊ាំ​ជាមួយ​នឹង​បរិយាកាស​របស់​សាលា ឬ​ក៏​អ្នក​គ្រាន់តែ​ស្វែងរក​សេវាកម្ម​មើល​ថែ​កូន​ប៉ុណ្ណោះ? តើ​អ្នក​បារម្ភ​ថា​កូន​របស់​អ្នក​អាច​នឹង​ត្រូវ​ទុក​ចោល​ទេ?

អ្នក​ត្រូវ​ចាំ​ថា ក្ដី​ស្រឡាញ់ ផ្ទះ​ដ៏​កក់​ក្ដៅ គ្រួសារ និង​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ល្អ​សម្រាប់​កូន​របស់​អ្នក​នា​ពេល​អនាគត​។ ហើយ​ក៏​មាន​ជម្រើស​ច្រើន​ដើម្បី​ជ្រើសរើស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ដើម្បី​ឱ្យ​បាន​វត្តមាន​ពេញ​នោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ។

យ៉ាង​ណា​មិញ ប្រសិន​បើ​ហេតុ​ផល​សំខាន់​របស់​អ្នក គឺ​ជា​ហេតុផល​ដែល​អ្នក​ចង់​ឃើញ​គេ​ចង់​រៀន និង​ស្វែង​យល់​ពី​អ្វី​ថ្មីៗ​ដែល​កូន​មាន និង​ការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត នោះ​អាច​នឹង​ដល់ពេល​ត្រូវ​ឱ្យ​កូន​ចូល​រៀន​ហើយ៕

អត្ថបទដើម៖ Preschool Readiness: What's the Best Age to Get Your Child to School?

 

សាលា​អន្តរជាតិ លីបឺធី បាន​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​អប់រំ​កុមារ​តូច​ដែល​មាន​គុណភាព​ដ៏​ល្អ​ដោយ​មាន​ការ​សិក្សា​នូវ​កម្មវិធី​សិក្សា​ជា​លក្ខណៈ​អន្តរជាតិ។ ទទួល​ចុះ​ឈ្មោះ​ជា​រៀង​រាល់​ថ្ងៃ។ សូម​មក​កាន់​សាលា​ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​បន្ថែម។

Liberty has an established, mature Early Childhood Education program complete with an international preschool curriculum. Enrollment is ongoing, please drop by the school for more information.
______________________________
សាលា​អន្តរជាតិ លីបឺធី | Liberty International School
Tel: 023 631 2857 / 095 712 165
# 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh
Googly maps: https://goo.gl/maps/Jp2c2icBi8R2
www.libertycambodia.com
#internationalschool #phnompenh

Leave a comment

Please login to leave a comment. Optional login below.

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.