7 វិធីក្នុងការបង្រៀនកូនឱ្យចេះគ្រប់គ្រងខ្លួនឯង

on Thursday, 15 September 2016.

self control child

កិច្ចការ​ចម្បង​ដែល​កុមារ​ត្រូវ​ចេះ គឺ​ការ​អភិវឌ្ឍ​វិន័យ​ផ្ទាល់​ខ្លួន។ ចំណែក​ឯ​កិច្ចការ​ចម្បង​ដែល​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​គឺ បង្រៀន​កូន​ឱ្យ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង។

កុមារ​ជា​ច្រើន ពិសេស​កុមារ​តូចៗ មាន​ចរិត​ឆេវឆាវ និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង។ ដំណោះ​ស្រាយ​សម្រាប់​កុមារ​ទាំង​នេះ គឺ​បណ្ដុះ​វិន័យ​ផ្ទាល់​ខ្លួន។ កុមារ​ត្រូវ​ដែល​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន និង​ចេះ​រៀប​ចំ​វិន័យ​ផ្ទាល់​ខ្លួន​បាន មាន​សមត្ថភាព​អាច​ជំនះ​រាល់​ឧបសគ្គ​ទាំង​ឡាយ​ក្នុង​ជីវិត​របស់​ពួក​គេ​បាន។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​អាច​គេច​ចេញ​ពី​បញ្ហា​ផ្សេងៗ និង​បញ្ហា​ផ្ទាល់​ខ្លូន​នៅ​ពេល​ដែល​ពួក​គេ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ទាំង 7 ក្នុង​ការ​បង្រៀន​កូនៗ​របស់​លោក​អ្នក​ឱ្យ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​។

1. បង្រៀនពួកគេឱ្យបង្ហាញខ្លួន នៅពេលដែលមានគេហៅឈ្មោះ

នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ហៅ​កូន កូន​មិន​ត្រូវ​ស្រែក​ឆ្លើយ​ពី​កន្លែង​ឆ្ងាយ​នោះ​ទេ។ ពួក​គេ​ត្រូវ​តែ​ដើរ​មក​កាន់​ឪពុក​ម្ដាយ​ដើម្បី​ដឹង​ថា​ពួក​គាត់​ចង់​បាន​អ្វី​ពី​ពួក​គេ។ វិធី​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ដឹង​ថា​ការ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​មាន​ន័យ​ថា មិន​អាច​បោះ​បង់​អ្វី​ចោល​ពាក់​កណ្ដាល​ទី​ឡើយ គឺ​ត្រូវ​ដឹង​ថា​គួរ​ធ្វើអ្វី​ដើម្បី​សម្រេច​បាន​គោល​បំណង​អ្វី​មួយ។

2. បង្រៀនកូនឱ្យចេះឆ្លើយតបដោយភាពវិជ្ជមានចំពោះការកែលម្អណាមួយពីអ្នកដទៃ

កុមារ​ជា​ច្រើន​មិន​ចូល​ចិត្ត​ឱ្យ​គេ​កែ​តម្រូវ​ឡើយ ហើយ​តែង​តែ​ព្យាយាម​ឆ្លើយ​តប​ទៅ​វិញ​ដោយ​ភាព​អវិជ្ជមាន ឬ​បង្ហាញ​លក្ខណៈ​ឆេវ​ឆាវ និង​អាកប្បកិរិយា​មិន​ល្អ​ជា​ដើម។ ទង្វើ​ទាំង​នេះ​ គឺ​ពិត​ជា​មិន​គួរ​ឱ្យ​ទទួល​យក​បាន​ទេ ហើយ​លោក​អ្នក​គួរ​តែ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​មាន​វិន័យ​ផ្ទាល់​ខ្លួន។ ភាព​ពិត​មួយ​នៃ​ជីវិត​ គឺ​ថា មនុស្ស​ភាគ​ច្រើន​តែ​ត្រូវ​ដើរ​តាម​គន្លង​ដែល​ខ្លួន​មិន​ចូល​ចិត្ត។ លោក​អ្នក​ត្រូវ​បង្រៀន​កូន​ឱ្យ​ចេះ​ឆ្លើយ​តប​ទៅ​អ្នក​ដទៃ​ប្រកប​ដោយ​អាកប្បកិរិយា​ថ្លៃ​ថ្នូរ និង​ទង្វើ​ត្រឹម​ត្រូវ។ ការ​បង្ហាត់​នេះ​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង និង​ការ​ជួយ​កុមារ​ឱ្យ​ចេះ​គ្រប់​គ្រង​ភាព​ចចេស​របស់​ពួក​គេ។ ការ​ឆ្លើយ​តប​ដ៏​ល្អ​ក្នុង​ការ​កែ​តម្រូវ​ពិត​ជា​ពិបាក​ក្នុង​ការ​រៀន ប៉ុន្តែ វា​នឹង​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​មួយ​ដែល​អាច​ជួយ​ពួកគេ​បាន​ជា​រៀង​រហូត។  

3. ជំនាញទំនាក់ទំនងក្នុងសង្គមជាច្រើនត្រូវការការចេះគ្រប់គ្រងខ្លួនឯង

លោកអ្នក​ត្រូវ​តែ​សរសើរ​កុមារ​នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​លោក​អ្នក​ពី​ទង្វើ​ត្រឹមត្រូវ​ដែល​ពួក​គេ​កំពុង​ធ្វើ​។ ការ​ស្ដាប់ និង​ដឹង​នៅ​ពេល​គួរ និង​វិធី​រំខាន គ្រប់គ្រង​កំហឹង និង​រាយការណ៍​ពី​អ្វី​ដែល​ពួក​គេ​បាន​បញ្ចប់​ គឺ​សុទ្ធ​តែ​ត្រូវ​ការ​វិន័យ​ផ្ទាល់​ខ្លួន។

4. លើកទឹកចិត្តកុមារឱ្យប្រព្រឹត្តទង្វើដែលជួយពួកគេក្នុងការបង្កើតវិន័យផ្ទាល់ខ្លួន

កិច្ចការ​ទាំង​នេះ​អាច​មាន កីឡា ការ​សិក្សា​តន្រ្តី អាន​កាសែត​ព័ត៌មាន ទទួល​ខុស​ត្រូវ​ជួយ​មើល​ថែ​សត្វ​ចិញ្ចឹម សម្អាត​បន្ទប់ ឬ​កិច្ចការ​ផ្សេង​ទៀត​ជាដើម។

5. នៅ​ពេល​ដែល​ពួក​គេ​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ដូច​ជា បាន​លុយ​កាក់​ពី​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ ផ្កាយ​រង្វាន់​ ឬ​អំណោយ​ផ្សេងៗ លោកអ្នក​ត្រូវ​តែ​និយាយ​ពី​វិន័យ​ផ្ទាល់​ខ្លួន​ជា​និច្ច។

រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​ពី​ខាង​ក្រៅ​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​និយាយ​ជាមួយ​កូនៗ​ពី​រង្វាន់​ផ្នែក​ខាង​ក្នុង​។ អត្ថប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន គឺ​មិន​ត្រឹម​តែ​ជា​រង្វាន់លុយ​កាក់​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បណ្ដុះ​វិន័យ​ផ្ទាល់​ខ្លួន។  

6. ប្រើពេលវេលាចូលគេងដើម្បីបង្រៀងពួកគេពីវិន័យផ្ទាល់ខ្លួន

កុមារ​មួយ​ចំនួន​មាន​ភាព​លំបាក​ក្នុង​ការ​ចូល​គេង ហើយ​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការ​បង្រៀន​ពួក​គេ​ពី​ទម្លាប់ និង​វិន័យ​ផ្ទាល់​ខ្លួន។ លោក​អ្នក​ត្រូវ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​ ដោយ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ពេល​ចូល​គេង​ខណៈ​ដែល​ឪពុក​ម្ដាយ​មិន​ទាន់​ចូល​គេង​នៅ​ឡើយ។ លោក​អ្នក​ត្រូវ​កំណត់​ពេល​វេលា​ចូល​គេង​ដើម្បី​អភិវឌ្ឍ​ទម្លាប់​មួយ​ដែល​អាច​គ្រប់គ្រង​ពេល​វេលា​គេង​របស់​ក្មេងៗ​ទោះ​បី​ជា​គ្មាន​ម្ដាយ​នៅ​ក្បែរ​ក៏​ដោយ។

7. ទម្លាប់​នៅ​ពេល​ព្រឹក ទម្លាប់​ធ្វើ​កិច្ចការ​ផ្ទះ និង​កាលវិភាគ​សម្រាប់​គ្រួសារ​បង្កើត​ឱកាស​សម្រាប់​កុមារ​ក្នុង​ការ​សិក្សា​ពី​ទំនួល​ខុស​ត្រូវ និង​វិន័យ​ផ្ទាល់​ខ្លួន។

ទំនួល​ខុស​ត្រូវ​ គឺ​ជាការ​ធ្វើអ្វី​ដែល​ត្រូវ បើ​ទោះ​បី​ជា​គ្មាន​អ្នក​ណា​កំពុង​មើល​ក៏ដោយ។ រង្វាន់​សម្រាប់​ការ​ចេះ​ទទួល​ខុស​ត្រូវ​ គឺ​ជា​សិទ្ធិ​ពិសេស។ កុមារ​ដែល​អាច​រៀប​ចំ​ខ្លួន និង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​បាន​មុន​ម៉ោង​ត្រូវ​ទៅ​រៀន គឺ​ជា​កុមារ​ម្នាក់​ដែល​អាច​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ទទួល​រង្វាន់​ពី​ឪពុក​ម្ដាយ។

ឪពុក​ម្ដាយ​មួយ​ចំនួន​ព្យាយាម​ផ្ដល់​ជីវិត​ដ៏​ប្រសើរ​សម្រាប់​កូន​របស់​ពួក​គេ​ដើម្បី​ឱ្យ​កូនៗ​របស់​ពួក​គេ​មាន​អារម្មណ៍​ល្អ​ចំពោះ​ការ​បង្ហាញ​អាកប្ប​កិរិយា​ល្អ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ​នេះ​ក៏​អាច​ជា​ការ​បើក​សិទ្ធិ​សេរី​ភាព​ច្រើន​ពេក ដែល​ធ្វើ​ឱ្យ​កូនៗ​បាត់​បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង។ ឪពុកម្ដាយ​ដែល​ឆ្លាត នឹង​ប្រើ​ភាព​ជា​កុមារ​ដើម្បី​រៀប​ចំ​អនាគត​របស់​កូន​ពួក​គេ​ឱ្យ​ជោគ​ជ័យ។ វិន័យ​ផ្ទាល់​ខ្លួន គឺ​ជា​គុណភាព​នៃ​អាកប្បកិរិយា​ដ៏​សំខាន់​បំផុត​ដែល​កុមារ​អាច​អភិវឌ្ឍ​បាន​ដោយ​ខ្លួន​ឯង។ និយាយ​រួម កុមារ​ដែល​ទម្រើស គឺ​ជាកុមារ​ដែល​មិន​សប្បាយ​ចិត្ត ហើយ​កុមារ​ដែល​មាន​វិន័យ​ផ្ទាល់​ខ្លួន គឺ​ជា​កុមារ​ដែល​តែង​តែ​សប្បាយ​ចិត្ត។

វិន័យ​ផ្ទាល់​ខ្លួន គឺ​ជា​គុណភាព​ដ៏​ចម្បង​មួយ​ដែល​ជួយ​កុមារ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត។

តើ​លោក​អ្នក​មាន​គំនិត​អ្វី​ពិសេសៗ​ក្នុង​ការ​បង្រៀន​កូនៗ​របស់​លោក​អ្នក​ឱ្យ​មាន​វិន័យ​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ?

ប្រែសម្រួលពីអត្ថបទរបស់លោក Scott Turansky

Leave a comment

Please login to leave a comment. Optional login below.