អត្ថប្រយោជន៍នៃតន្រ្តីសម្រាប់កុមារវ័យតូចៗ

on Thursday, 11 January 2018. Posted in Classes, Parenting Tips, Activities

Ly Lang and drum

ទស្សនវិទូ ប្លាតូ បាននិយាយថា “តន្ត្រីគឺជាច្បាប់នៃសីលធម៌។ វាផ្ដល់នូវព្រលឹងដល់ភពផែនដី ស្លាបដល់ចិត្ត ការហោះហើរដល់ការស្រមើមៃ និងមន្ដស្នេហ៍ និងភាពរីករាយដល់ជីវិត និងអ្វីៗគ្រប់យ៉ាង។” ការផ្ដល់ឱកាសដល់កូនៗក្នុងការរៀនលេងឧបករណ៍តន្រ្តី ឬរៀនចម្រៀង អាចផ្ដល់នូវអត្ថប្រយោជន៍ដល់ពួកគេយ៉ាងច្រើន។

  • ការអភិវឌ្ឍខួរក្បាល
    តន្រ្តីមិនត្រឹមតែធ្វើឱ្យយើងរីករាយប៉ុណ្ណោះទេ តែវាថែមទាំងជួយអភិវឌ្ឍខួរក្បាលទៀតផង។ ចាប់ផ្ដើមចាក់ចម្រៀងឱ្យកូនស្ដាប់ពេលដែលពួកគេនៅតូចៗអាចបង្កើនភាពវៃឆ្លាតរបស់ពួកគេ។ ការសិក្សាបានបង្ហាញថា កុមារដែលលេងឧបករណ៍តន្រ្តីច្រើនតែរៀនពូកែជាងអ្នកដែលមិនលេងឧបករណ៍តន្រ្តីសោះ។ ការលេងឧបករណ៍តន្រ្តីជួយឱ្យខួរក្បាលបង្កើតនូវជំហានថ្មីៗ។ តន្រ្តី និងចម្រៀងក៏អាចជួយកូនៗរបស់លោកអ្នកមានការចងចាំល្អ។ តន្រ្តីមិនត្រឹមតែជួយពួកគេក្នុងពេលបច្ចុប្បន្ននោះទេ តែក៏អាចជួយពួកគេពេលដែលពួកគេរីកលូតលាស់ពេញវ័យផងដែរ។
  • វិន័យ និងទំនួលខុសត្រូវ
    ការលេងឧបករណ៍តន្រ្តី និងការរៀនច្រៀងអាចបង្រៀនកូនរបស់អ្នកពីវិន័យ និងទំនួលខុសត្រូវ ដែលនេះគឺជាចរិតលក្ខណៈដែលពួកគេនឹងត្រូវការពេលដែលពួកគេពេញវ័យ។ កូនរបស់អ្នកនឹងរៀនពីវិធីចំណាយពេលវេលាឱ្យឆ្លាតវៃពេលដែលពួកគេអនុវត្ត និងរៀនថាតើត្រូវចំណាយការខំប្រឹងប៉ុន្មាន បើខំប្រឹងកាន់តែច្រើន កាន់តែល្អ។ កូនៗរបស់អ្នកមិនត្រឹមតែរៀនពីការគោរពវិន័យ និងការទទួលខុសត្រូវប៉ុណ្ណោះទេ តែពួកគេក៏អាចរៀនពីការស្ដាប់យ៉ាងប្រុងប្រយ័ត្ន និងផ្ចង់ស្មារតីលើអ្វីដែលពួកគេកំពុងធ្វើទៀតផង។
  • ភាពអំណត់
    គុណប្រយោជន៍មួយទៀតដែលតន្រ្តីមានឥទ្ធិពលលើកុមារនោះគឺ វាបង្រៀនពួកគេឱ្យមានភាពអត់ធ្មត់ខ្ពស់។ ការរៀនច្រើនតាមបច្ចេកទេសត្រឹមត្រូវ ឬរៀនលេងឧបករណ៍តន្រ្តីណាមួយចាំបាច់ត្រូវចំណាយពេលរៀន។ ភាពល្អឥតខ្ចោះមិនមែនកើតឡើងត្រឹមតែមួយថ្ងៃនោះទេ។ កូនៗរបស់អ្នកនឹងរៀនពីការខំធ្វើការងារ និងអត់ធ្មត់ពេលដែលពួកគេរៀនអ្វីថ្មី។
  • កាត់បន្ថយភាពតានតឹង និងបង្ហាញពីខ្លួនឯង
    មនុស្សយើងកាន់តែចាស់ កាន់តែមានភាពតានតឹង។ ពួកគេត្រូវបែងចែកគ្នាឱ្យដាច់រវាងកន្លែងធ្វើការ សាលារៀន និងការរីករាយក្នុងសង្គម ហើយវាពិតជាពិបាកក្នុងការស្វែងរកសេចក្ដីសុខ​ឱ្យខ្លួនឯង។ ការចាក់តន្រ្តីស្ដាប់ ឬច្រៀងអាចជួយកូនៗរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹងពេលដែលពួកគេធំឡើង។ តន្រ្តីអាចជួយមនុស្សឱ្យគ្រប់គ្រងអារម្មណ៍ពេលដែលពួកគេមានអារម្មណ៍ពិបាកចិត្ត។ កូនៗរបស់អ្នកអាចប្រើសំឡេង ឬសមត្ថភាពរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍ដែលពិបាកចិត្ត។ ដូចដែលតន្រ្តីអាចជួយមនុស្សឱ្យឆ្លងកាត់ពេលវេលាមិនល្អ តន្រ្តីក៏ជួយឱ្យពួកគេបង្ហាញភាពវិជ្ជមានរបស់ខ្លួនឯងផងដែរ។
  • ជំនាញសង្គម
    តន្រ្តីគឺជាសិល្បៈមួយដែលពិតជាអាចឱ្យមនុស្សអាចរាប់អានគ្នា។ វាគឺជាភាសាមួយដែលមនុស្សអាចយល់។ ការផ្ដល់ឱកាសឱ្យកូនៗច្រៀងចម្រៀង ឬលេងឧបករណ៍តន្រ្តីអាចជួយពួកគេរាប់អានមិត្តភក្ដិ និងបង្រៀនពួកគេពីវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ ការចូលក្នុងក្រុមដែលចូលចិត្តតន្រ្តីអាចបង្រៀនកូនៗរបស់អ្នកឱ្យចេះធ្វើការជាមួយកុមារដែលមានវ័យប្រហាក់ប្រហែលនឹងពួកគេ។

សូមផ្ដល់ឱកាសដល់កូនៗឱ្យទទួលយកនូវអត្ថប្រយោជន៍ពីការច្រៀង និងលេងឧបករណ៍តន្រ្តី។ ផ្ដល់ឱកាសឱ្យពួកគេក្នុងការរៀនអ្វីដែលថ្មីនៅថ្ងៃនេះ។ លោកអ្នកអាចចុះឈ្មោះពួកគេឱ្យរៀនជាមួយនឹងគ្រូភ្លេង ឬគ្រូបង្រៀនច្រៀង៕

អត្ថបទដើម៖ Benefits of Music at a Young Age

Leave a comment

Please login to leave a comment. Optional login below.