ការសិក្សាគណិតវិទ្យាតាំងពីវ័យតូចៗចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់សិស្ស

on Wednesday, 22 March 2017. Posted in Activities

maths

ប្រែសម្រួលពី៖ DreamBox Learn

ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ចាំ​បាច់​ជា​ច្រើន​ទៀត​ដើម្បី​ទទួល​ភាព​ជោគជ័យ​ក្នុង​សតវត្ស​ទី ២១ នេះ គឺ​ជំនាញ​គណិតវិទ្យា ដែល​ជា​មុខ​វិជ្ជា​ដែល​កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​សិក្សា​អប់រំ​របស់​កុមារ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ ជំនាញ​គណិតវិទ្យា​ដែល​កុមារ​សិក្សា​ក្នុង​ខណៈ​ដែល​ពួក​គេ​មាន​វ័យ​ក្មេង គឺ​ជា​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ដើម្បី​សម្រេច​បំណង​នា​ពេល​អនាគត និង​អាច​ជា​មគ្គុទេសន៍​ត្រួស​ត្រាយ​ផ្លូវ ឬ​ក៏​ពួក​គេ​អាច​បង្កើត​មូលដ្ឋាន​គ្រឹះ​ដោយ​ខ្លួន​ឯង​ដើម្បី​ជួប និង​ជម្នះ​រាល់​ការ​ប្រកួត​ប្រជែង​ថ្មីៗ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ។

តាម​ការ​បក​ស្រាយ​របស់​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ ណតវេស្ទឺន លោក ហ្គ្រេក ដុនខេន បាន​ឱ្យ​ដឹង​ថា៖ “ភាព​ស្ទាត់​ជំនាញ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា​មិន​ត្រឹម​តែ​អាច​ដឹង​មុន​នូវ​ការ​ប្រើ​ប្រាស់​គណិតវិទ្យា​នា​ពេល​អនាគត​ដោយ​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ឱ្យ​អ្នក​ដឹង​មុន​នូវ​ការ​អាន​ដ៏​ជោគ​ជ័យ​នា​ពេល​អនាគត​ផង​ដែរ។”

តាម​ការ​ស្រាវជ្រាវ​របស់​លោក​ទៅ​លើ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (Preschool) បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារសំខាន់​ដ៏​ច្រើន​មហាសាល​របស់​ជំនាញ​គណិតវិទ្យា​ក្នុង​វ័យ​ក្មេងៗ​របស់​ពួក​គេ។ ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​បាន​​ឱ្យ​ដឹង​ថា សិស្ស​ដែល​បាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ​ដែល​មាន​ជំនាញ​គណិតវិទ្យា​ស្រាប់ និង​មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​លំហាត់​គណិត​បាន ភាគ​ច្រើន​តែង​ទទួល​ភាពជោគជ័យ​ក្នុង​ការ​សិក្សា និង​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​ផ្លូវ​អារម្មណ៍​នានា។

លោក ដុនខេន ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ក្រុម​ការងារ​របស់​លោក​បាន​ស្វែង​យល់​ពី​កត្តា​សំខាន់​បំផុត​នោះ​ គឺ​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​ដោយ​មាន​ការ​ចេះ​ស្ទាត់​នូវ​មុខ​វិជ្ជា​គណិត​សម្រាប់​វ័យ​ពួក​គេ និង​ការ​ចេះ​អក្សរ នឹង​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ”។

ជាមួយ​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ និង​គំនិត​របស់​អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​លោក ដុនខេន ដែរ។ ទោះ​បី​ជា​យុទ្ធសាស្ត្រ​នៃ​ការ​បង្រៀន​គណិតវិទ្យា​នៅ​ក្នុង​ថ្នាក់​រៀន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការ​ទទួល​ភាព​ជោគជ័យ​ជា​ច្រើន​សតវត្ស​មក​ហើយ ហើយ​ឪពុក​ម្ដាយ​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​កូនៗ​របស់​ពួក​គេ​នៅ​ផ្ទះ​ដោយ​ការ​លើក​និយាយ​ពី​លេខ និង​គណិតវិទ្យា​។

មាន​សកម្មភាព​គណិតវិទ្យា​សាមញ្ញៗ​ជា​ច្រើន​ដែល​ឪពុកម្ដាយ​អាច​ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​កូនៗ​របស់​ពួក​គេ និង​រៀប​ចំ​សម្រាប់​ការសិក្សា​គណិតវិទ្យា​ថ្នាក់​បឋម។ ឧទាហរណ៍ ឪពុក​ម្ដាយ​របស់​កូន​តូចៗ​អាច​ចង្អុរ​បង្ហាញ​លេខ​នៅ​លើ​សញ្ញា​ណា​មួយ​ពេល​កំពុង​បើកបរ ឬ​ដើរ​តាម​ផ្លូវ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ថែម “លេខ” ទៅ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ ដោយ​លោក​អ្នក​អាច​សួរ​កុមារ​ពី​ចំនួន​ប្រដាប់​លេង​ដែល​ពួក​គេ​គ្រោង​នឹង​លេង ឬ​ក៏​ចំនួន​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចណ៍​លើ​ផ្លូវ​មាន​ប៉ុន្មាន​ជា​ដើម។ 

ដោយ​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គ្រូ​បង្រៀន​អាច​បង្កើត​សមត្ថភាព​នៃ​ការ​ប្រើ​គណិតវិទ្យា​បាន​ដោយ​ណែនាំ​កុមារ​ពី​គន្លឹះ​នៃ​មេរៀន​គណិតវិទ្យា និង​ជំរុញ​ឱ្យ​មាន​ការ​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​សាលារៀន។ វីដេអូ​អប់រំ និង​កម្មវិធី​សិក្សា​បន្ថែម​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ស្វែង​យល់​ពី​គណិតវិទ្យា​របស់​សិស្ស​ដែល​ត្រៀម​ខ្លួន​អភិវឌ្ឍ​ជា​ពិភពលោក​ដ៏​ទំនើប​នេះ​បាន​ផង​ដែរ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ (NAEYC) កុមារ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដោយ​ធម្មជាតិ​ពី​គណិតវិទ្យា​នៅ​វ័យ​ក្មេង ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​អាច​ឆ្លៀត​ឱកាស​នេះ​រៀប​ចំ​ការ​សិក្សា​របស់​កុមារ​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ធ្វើ​ឱ្យ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ និង​ការ​ផ្សារភ្ជាប់​ពិភព​គណិតវិទ្យា​បន្ត​ទៅ​អនាគត។ 

ប្រសិន​បើ​ឪពុក​ម្ដាយ និង​គ្រូបង្រៀន​អាច​ពិភាក្សា​គ្នា​ពី​ការ​សិក្សា និង​ការ​ប្រើប្រាស់​គណិតវិទ្យា​ក្នុង​ជីវិត​របស់​កូន នោះ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ដ៏​ជោគជ័យ​ក្នុង​សតវត្សទី ២១ នេះ៕ 

English version: Learning Math Early on is important for Student Success

Leave a comment

Please login to leave a comment. Optional login below.