បណ្ដុះភាពឯករាជ្យដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា

on Friday, 24 February 2017. Posted in Parenting Tips

គន្លឹះ​សម្រាប់​មើល​ថែ​កូន​ឱ្យ​ក្លាយ​ជា​ក្មេង​ដែល​មាន​ភាព​ឯករាជ្យ និង​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន 

946532

តើ​អ្វី​ជា​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង? ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ គឺ​ជា​ការ​ចេះឯករាជ្យ​លើ​ខ្លួន​ឯង។ អាកប្បកិរិយា​បែប​នេះ​ គឺ​ជា​ទស្សនៈ​មួយ​ដែល​ជួយ​ជម្រុញ​មនុស្ស​ម្នាក់​ឱ្យ​មាន​ភាព​ជឿ​ជាក់ អាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង និង​អាច​ធ្វើ​អ្វីៗ​បាន​ដោយ​ខ្លួន​ឯង។ ការ​យក​ពេល​វេលា​ក្នុង​ការ​បណ្ដុះ​នូវ​សមត្ថភាព និង​ចំណាប់​អារម្មណ៍​នៃ​ភាព​ឯករាជ្យ​ដល់​កុមារ​អាច​នឹង​ហួស​ហេតុ​ពេក ពិបាក និង​ហត់​នឿយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ពិត​ជា​ទំនួល​ខុស​ត្រូវ​ដ៏​មាន​សារ​សំខាន់​មួយ​របស់​មាតា​បិតា​គ្រប់​រូប។ កុមារ​វ័យ​តូចៗ​ត្រូវ​បាន​រំពឹង​ថាធ្វើ​កិច្ចការ​សាមញ្ញៗ​រាល់​ថ្ងៃ​ដូច​ជា ពាក់​ស្បែកជើង​ដោយ​ខ្លួន​ឯង ចេះ​ស្គាល់​លេខ និង​ស្គាល់​អក្សរ​។ល។ ជួន​កាល កិច្ចការ​សាមញ្ញៗ​ដូច​ជា រើស​កន្លែង​អង្គុយ​ក៏​អាច​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​សម្រាប់​កុមារ​បាន​ផង​ដែរ។ ក្នុង​នាម​យើង​ជា​មនុស្សធំ​/មាតា​បិតា ការ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន និង​ការ​ចេះ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​អាច​ធ្វើ​ឱ្យ​កិច្ចការ​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​គេអាច​ទទួល​យក​បាន។

ទន្ទឹម​នឹង​នេះ​ដែរ មាន​កិច្ចការ​ជា​ច្រើន​ដែល​មាតាបិតា​អាច​ធ្វើ​បាន​ដើម្បី​ជួយ​កូនៗ​ក្លាយ​ជា​មនុស្ស​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន។ ខាង​ក្រោម​នេះ​ គឺ​ជា​អ្វី​ដែល​លោក​អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ។ 

បង្កើត​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​កូន៖ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ​កិច្ចការ​សាមញ្ញៗ​ដោយ​ខ្លួន​គេ​ដូច​ជា ដុសធ្មេញ ញ៉ាំ​អាហារ ចង​ខ្សែ​ស្បែក​ជើង ស្លៀក​ពាក់​ខោ​អាវ ​ឬ​ដោះខោ​អាវ​ទុក​ភ្ជួរ​លើ​ទំពក់​ឱ្យ​មាន​របៀប​រៀប​រយ​ជា​ដើម។ អ្នក​អាច​បង្រៀន​ពួក​គេ​ពី​វិធី​ធ្វើ​កិច្ចការ​ទាំង​នោះ​ជាមុន បន្ទាប់​មក​ទៀត ឱ្យ​ពួក​គេ​ធ្វើ​ដោយ​ខ្លួន​ឯង។ 

ចាំ​ឈរ​មើល​ពី​ក្រោយ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​អ្វី​មួយ អ្នក​អាច​ចាំ​ឈរ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ អ្នក​ត្រូវ​ចូល​ជួយ​គេ​ភ្លាមៗ​មុន​នឹង​មាន​បញ្ហា​អាក្រក់​កើត​ឡើង។ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ជិះ​កង់​ដោយ​មិន​បាន​រៀន​ជិះ​ជាមុន​ នេះ​ប្រហែល​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​មើល​ថា​តើ​គេ​ពិត​ជា​អាច​ជិះ​កង់​បាន​មែន​ដែរ​ឬ​អត់។ កុមារ​វ័យ​ក្មេងៗ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គ្រោះ​ថ្នាក់ និង​សិក្សា​ពី​អ្វី​ដែល​រាង​កាយ​របស់​ពួក​គេ​អាច​ធ្វើ​បាន និង​មិន​អាច​ធ្វើ​បាន។ ពេល​ដែល​អ្នក​អនុញ្ញាត​ឱ្យ​កូន​ស្វែង​រក​នូវ​សមត្ថភាព​របស់​ពួក​គេ​ដោយ​មិន​មាន​ការ​និយាយ​ថា “ទេ” នោះ​គេ​នឹង​រៀន​ពី​ការ​ជឿជាក់​របស់​អ្នក​លើ​ពួក​គេ និង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ 

ឃ្លាត​ឆ្ងាយ​ពី​គ្នា៖ វិធី​សាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​កូន​អាច​អភិវឌ្ឍ​ខ្លួន​បាន គឺ​ការ​ឃ្លាត​ឆ្ងាយ​ពី​ម្ដាយ មិន​មែន​ម្ដាយ​ឃ្លាត​ឆ្លាយ​ពី​កូន​ទេ។  ការ​ដាក់​វិន័យ​អាច​នឹង​កើត​ឡើង​តិច​តួច​នៅពេល​ដែលកូនៗ​មិន​នៅ​ជិត​ម្ដាយ​។​

ឈប់​សម្រាក​ឱ្យ​ត្រឹម​ត្រូវ៖ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ឱ្យ​កូន​ដឹង​ពី​ពេល​វេលា​ដែល​អ្នក​បម្រុង​នឹង​ទៅ​ណា​មក​ណា​សូម្បី​តែ​ទៅ​បន្ទប់​ជិត​នោះ​ក៏​ដោយ។ វា​ពិត​ជា​សំខាន់​ណាស់​បើ​អ្នក​និយាយ “លា​ហើយ​កូន! ម៉ាក់/ប៉ា​ទៅ​ធ្វើ​ការ។ តិច​ទៀត​ម៉ាក់/ប៉ា​នឹង​ត្រឡប់​មក​វិញ។” ព្រោះ​ថា​ពាក្យ​សម្ដី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​កូន​ជឿ​ជាក់​អ្នក ហើយ​គេ​នឹង​ដឹង​ថា​អ្នក​ប្រាកដ​ជា​ប្រាប់​គេ​ថា​នឹង​មាន​អ្វី​កើត​ឡើង និង​អ្នក​ធ្វើអ្វី​ដែល​អ្នក​បាន​និយាយ។

អនុញ្ញាត​កូន​ឱ្យ​មាន​ពេល​លេង​គ្រប់​គ្រាន់៖ អនុញ្ញាត​កូន​ឱ្យ​ស្វែង​រក​គំនិត​ផ្ទាល់​ខ្លួន និង​ការ​គិត​សម្រាប់​ខ្លួន​គេ។ អ្នក​មិន​ត្រូវ​ព្រួយ​បារម្ភ​ពី​ការ​ពង្រាយ​ដែល​គេ​អាច​នឹង​ធ្វើ​ឡើយ ព្រោះ​នេះ​ជា​អ្វី​ដែល​កុមារ​តូចៗ​តែង​តែ​ធ្វើ។ ក្នុង​នោះ លោក​អ្នក​គ្រាន់​តែ​បង្កើត​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ​ស្វែង​យល់​តែ​ប៉ុណ្ណោះ។ 

លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​តាម​លំដាប់​អាយុ៖ ពេល​ដែល​កូន​ចាប់​ផ្ដើម​ធំ​បន្តិច ពួក​គេ​អាច​ជួយ​កិច្ចការ​ស្រាលៗ​ដូច​ជា រៀប​ចំ​តុ ស្រោច​ផ្កា ឬ​ស្រោច​ដំណាំ លាង​សម្អាត​ប្រដាប់​លេង ឬ​បន្ទប់។ ពួក​គេ​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ និង​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច​ដែល​ពួក​គេ​គួរ​តែ​ធ្វើ។ ការ​ប្រគល់​ភាព​ទទួល​ខុស​ត្រូវ​នេះ​ដល់​ពួក​គេ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​បាន​ភាព​ជឿជាក់​ពី​ឪពុក​ម្ដាយ​ក្នុងការ​ធ្វើការងារ​របស់​ពួក​គេ។ 

អនុញ្ញាត​ឱ្យ​កូន​ធ្វើ​ការ​សម្រេច​ចិត្ត៖ នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ឱ្យ​កូន​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​នោះ​ទេ ប៉ុន្តែ​ អ្នក​លើក​ទឹក​ចិត្ត​គេ​ឱ្យ​ជ្រើសរើស​សម្លៀកបំពាក់​ដែល​គេ​ចង់​ស្លៀកពាក់​នៅ​ពេល​ព្រឹក ឬ​ក៏​ជ្រើស​រើស​អាហារ​ពេល​ល្ងាច​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ពេល​ដែល​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា​ការ​សម្រេច​ចិត្តរបស់​គេ​ត្រូវ​បាន​គោរព និង​ទទួល​យក នោះ​គេ​នឹង​កសាង​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដែល​អាច​ជម្រុញ​ដល់​ការ​បង្កើត​ភាព​ឯករាជ្យ​របស់​ពួក​គេ។ 

ធ្វើ​ជា​អ្នក​សម្រប​សម្រួល៖ កុមារ​នឹង​មាន​ភាព​ឯករាជ្យ​ដោយ​ឯក​ឯង។ នេះ​មិន​មែន​ជា​ការងារ​របស់​អ្នក​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ឯករាជ្យ​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ផ្ដល់​នូវ​បរិស្ថាន​ដែល​អនុញ្ញាត​ពួក​គេ​ឱ្យ​ក្លាយ​ជាមនុស្ស​ឯករាជ្យ​។  

ផ្ដល់​សំឡេង​ទាក់​ទង និង​ផ្ដល់​ជំនួយ​ពី​ចម្ងាយ៖ ប្រសិន​បើ​កូន​របស់​អ្នក​ស្ថិត​នៅ​ក្នុង​បន្ទប់​ឆ្ងាយ​ពី​អ្នក​អាច​មើល​ឃើញ ហើយ​កំពុង​ជួប​បញ្ហា អ្នក​ត្រូវ​ផ្ដល់​ដំណឹង​ប្រាប់​ពួក​គេ​ថា​អ្នក​ជិត​ទៅ​​ដល់​ទី​នោះ​ដើម្បី​ជួយ​គេ​ហើយ។ ការ​រក្សា​កិច្ចសន្ទនា​ជាមួយ​កូន​ក្រៅ​បន្ទប់​ងូត​ទឹក​ក៏​ជា​វិធី​ល្អ​ម្យ៉ាង​ដែរ​ដើម្បី​ទប់​ស្កាត់​កង្វល់​ពេល​បែក​គ្នា។ ប្រសិន​បើកូន​អ្នក​ត្រូវ​ការ​ជំនួយ​ពេល​ដែល​គាត់​កំពុង​ធ្វើអ្វី​មួយ អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ និង​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ប្រសើរ​ជាង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក។ 

កសាង​ទំនាក់​ទំនង៖ ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​គេ​ប៉ុណ្ណា។ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ គឺ​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជាមួយ​គេ​ដោយ​ផ្ដល់​នូវ​ការ​អោប​ និង​ថើប ការ​ថែរក្សា និង​យោគ​យល់។ ជាមួយគ្នា​នេះ​ដែរ អ្នក​ក៏​គួរ​ជំរុញ​ឱ្យ​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មនុស្ស​ធំៗ​ដូច​ជា​លោកតា​លោកយាយ ឬ​មិត្តភក្ដិ​របស់​គ្រួសារ​ជា​ដើម។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បង្កើត​បរិស្ថាន​ដែល​ធ្វើឱ្យ​កូន​មាន​ផាសុកភាព និង​ជិតស្និទ្ធ​ជាមួយ​សមាជិក​នានា​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រួសារ​នោះ​ទេ ព្រោះ​ការ​ជិតស្និទ្ធ​ទៅ​នឹង​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រូសារ​មាន​ន័យថា​មនុស្ស​ម្នាក់​នោះ​កំពុង​ធ្វើ​ឱ្យ​គាត់​ខូច។ អ្នក​ត្រូវ​ណែនាំ​កូន​របស់​អ្នក​ឱ្យ​ស្គាល់​កុមារ​ដទៃ​ទៀត​ដើម្បី​បង្កើន​មិត្តភាព​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​រីក​ចម្រើន​ផ្នែក​អារម្មណ៍ និង​មនោសញ្ចេតនា។ 

ធ្វើ​ជា​គំរូ៖ ក្នុង​នាម​យើង​ជា​ឪពុកម្ដាយ យើង​គួរ​តែ​មាន​ភាព​ជឿជាក់ និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​មួយ។ ថ្ងៃ​ដំបូង​នៃ​ការ​ចូល​រៀន​អាច​នឹង​ពិបា​កសម្រាប់​ឪពុក​ម្ដាយ និង​កូន តែ​អ្នក​ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា​កង្វល់​នោះ។ ក្នុងនាម​យើង​ជា​មនុស្ស​ចាស់ យើង​ត្រូវ​តែ​រក្សា​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​សម្រាប់​កូនៗ​។ ទង្វើ​ទាំង​នេះ​អាច​ជួយ​ជំរុញ​កូន​ឱ្យ​ធ្វើ​តាម​អ្នក។ អ្នក​អាច​និយាយ​ទៅ​កាន់​កូន​ពី​អ្វីដែល​គេ​កំពុង​ខ្វល់ អ្វី​ដែល​គេ​គិត អ្វី​ដែល​គេ​ព្រួយ​បារម្ភ និង​អ្វី​ដែល​គេ​សួរ។ ការ​ធ្វើបែប​នេះ គេ​នឹង​យល់​ដឹង​ថា​គំនិត​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​យក គោរព និង​ឮ ដូច្នេះ អ្នក​ត្រូវ​អនុញ្ញាត​គេ​ឱ្យ​បង្កើត​នូវ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​យល់​ដឹង​ដោយ​ខ្លួន​ឯង។ 

ជឿទុក​ចិត្ត​អ្នក​ដទៃ៖ អ្នក​ត្រូវ​ចាំ​ថា គ្រូ​បង្រៀន​រង់​ចាំ​ជានិច្ច។ អ្នក​ត្រូវ​លើក​ទឹកចិត្ត​កូន​ឱ្យ​ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​គេ​ជាមួយ​នឹង​សហគមន៍ និង​តួនាទី​របស់​គេ​ក្នុង​សហគមន៍​នោះ។ ពេល​ដែល​គេ​ឃើញ​មនុស្ស​ធំ​ចែក​រំលែក និង​ទាក់​ទង​គ្នា គេ​ក៏​ចាប់​ផ្ដើម​យល់​ថា​តើ​គេ​គួរ​ធ្វើ​អ្វី​ផង​ដែរ។ ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​គេ​បង្កើត​សមត្ថភាព​ក្នុង​ការ​រាប់​អាន​មិត្តភក្ដិ បន្ត​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​កសាង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ពេញ​មួយ​ជីវិត៕

English Version: Nurturing Independence in Children in Cambodia

Leave a comment

Please login to leave a comment. Optional login below.