ធ្វើ​ម៉េច​ទើប​អាច​ដោះស្រាយ​បញ្ហា​សុបិន​អាក្រក់​របស់​កុមារ​បាន?

on Tuesday, 10 November 2015. Posted in Parenting Tips

ស្ទើរ​តែ​គ្រប់​កុមារ និង​មនុស្ស​ពេញ​វ័យ​ជួប​ប្រទះ​នឹង​ការ​គេង ហើយ​សុបិន​អាក្រក់។ សុបិន​អាក្រក់​នោះ​អាច​ធ្វើ​ឱ្យ​កុមារ​ភ្ញាក់​ពី​គេង​ភ្លាមៗ​ប្រកប​ដោយ​ភាព​តក់​ស្លុត​ និង​មើល​ទៅ​ដូច​ជា​មាន​ទុក្ខ​កង្វល់​ខ្លាំង​ណាស់ ដែល​បញ្ហា​ទាំង​នេះ​តម្រូវ​ឱ្យ​លោក​អ្នក​ផ្ដល់​ការ​ថ្នាក់​ថ្នម លួង និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ពួក​គេ​ឱ្យ​ពួក​គេ​ចូល​គេង​វិញ​តាម​ធម្មតា។

getty rm photo of little boy waking from nightmare

តើអ្វីជាសុបិនអាក្រក់?
សុបិន​អាក្រក់ គឺជា​រូបភាព ឬ​ព្រឹត្តិការណ៍​ណា​មួយ​ដែល​បាន​ផុស​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ពេល​ដែល​អ្នក​កំពុង​គេង​លក់ ហើយ​អាច​កើត​ឡើង​ពី 20 ទៅ 50 ភាគ​រយ​សម្រាប់​កុមារ​អាយុ​ពី 3 ទៅ 6 ឆ្នាំ។


មូលហេតុនាំឱ្យកើតមានសុបិនអាក្រក់៖

  • មកពីចាស់ៗអានសៀនភៅរឿងខ្មោចឱ្យពួកគេស្ដាប់មុនចូលគេង
  • មើល​រឿង ឬកម្មវិធី​ទូរទស្សន៍​បែប​រន្ធត់ៗ ដែល​ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​ខួរក្បាល​ក្មេងៗ និង​ធ្វើ​ឱ្យ​ពួក​គេ​យល់​សប្ត​អាក្រក់
  • មកពីគេហត់នឿយខ្លាំងពេក
  • មកពី​ពួកគេ​មាន​អារម្មណ៍​តប់​ប្រមល់​នៅ​ពេល​ថ្ងៃ ដូចជា​ទើប​ចាប់​ផ្ដើម​ចូលរៀន​ថ្ងៃ​ដំបូង វង្វេង​ផ្លូវ ត្រូវ​បាន​គេ​បំពាន ឬ​គំរាម​កំហែង
  • មានការស្រមើស្រមៃខ្ពស់ពេក
  • មាន​ភាពតាន​តឹង​ក្នុង​គ្រួសារ ដោយ​កុមារ​ខ្លះ​ចូល​ចិត្ត​ព្រួយ​បារម្ភ​ពី​ទំនាក់​ទំនង​របស់​ឪពុក​ម្ដាយ ក្នុង​ករណី​ដែល​គេ​ស្ថិត​ក្នុង​ជំលោះ​ណា​មួយ​ដែល​ឪពុក​ម្ដាយ​គេ​បង្ក​ជា​ដើម ឧទាហរណ៍ ជម្លោះ​ក្នុង​គ្រួសារ

វិធីដោះស្រាយ៖
ជាទូទៅ ការ​យល់​សប្ដ​អាក្រក់​មិនមែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ តែ​វា​អាច​បណ្ដាល​មក​ពីដំណើរការ​ខួរ​ក្បាល​ដែល​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​នៅ​ពេល​ថ្ងៃ។

  • ប្រសិន​បើ​កូនៗ​លោកអ្នក​យល់​សប្ត​អាក្រក់​ញឹក​ញាប់ នោះ​ប្រហែល​ជា​បណ្ដាល​មក​ពី​សម្ពាធ​ណា​មួយ​ប៉ះពាល់​លើ​រូប​គេ​ហើយ ដូច្នេះ លោក​អ្នក​គួរ​តែ​ព្យាយាម​ស្វែង​យល់ និង​ជីក​កកាយ​ឱ្យ​ដឹង​ពី​ប្រភព​នៃ​កង្វល់​របស់​ពួក​គេ រួច​សឹម​ព្យាយាម​ជួយ​ពួក​គេ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង​សតិ​អារម្មណ៍ សូម​ព្យាយាម​ពន្យល់​ពួក​គេ និង​ថ្នាក់​ថ្នម​ពួក​គេ​ឱ្យ​បាន​ធូរ​ស្រាល ​និង​ឱ្យ​ពួក​គេ​គេង​លក់​ស្កប់ស្កល់​វិញ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ស្រាប់តែ​ភ្ញាក់​ពី​គេង​ដោយ​សារ​យល់​សប្ដ​អាក្រក់ សូម​លួង​ពួក​គេ​ដោយ​ប្រាប់​ថា​នោះ​គ្រាន់​តែ​ជា​សុបិន​អាក្រក់​ប៉ុណ្ណោះ ហើយ​ប្រាប់​ពួក​គេ​ថា​ពួក​គេ​មិន​មាន​បញ្ហា​អ្វី​ទេ។ បន្ទាប់​មក​ទៀត សូម​ថើប និង​ឱប​ពួក​គេ​ឱ្យ​ចូល​គេង​វិញ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ចង់​ប្រាប់​លោក​អ្នក​ពី​សុបិន​អាក្រក់​របស់​ពួកគេ សូម​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រាប់​អ្នក ព្រោះ​នេះ​ជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្ងប់​ចិត្ត​បាន។
  • ប្រសិនបើ​កូនៗ​របស់​លោក​អ្នក​យល់​សប្ដ​អាក្រក់​ព្រោះ​តែ​ពួកគេ​មិន​មាន​អារម្មណ៍​សុវត្ថិភាព ត្រូវ​សួរ​ពួក​គេ​ថាតើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន ហើយ​ព្យាយាម​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​រៀបរាប់​របស់​ពួក​គេ ដោយ​ប្រាកដ​ថា​អាច​ធ្វើ​ឱ្យ​ពួក​គេ​គេង​លក់​ស្រួល និង​មិន​មាន​បញ្ហា​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ និង​ខួរក្បាល​របស់​ពួកគេ​ឡើយ​។

សូម​កុំ​យក​សុបិន​អាក្រក់​របស់​កុមារ​មក​លេង​សើច​ឱ្យ​សោះ។ វា​អាច​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ធំ តែ​ចំពោះ​ក្មេងៗ​វិញ វា​ជា​បញ្ហា​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត៕
ប្រភព៖ Kidspot

Leave a comment

Please login to leave a comment. Optional login below.