គន្លឹះក្នុងការបង្កើតទម្លាប់ល្អក្នុងការសិក្សាដល់កុមារ

on Friday, 04 November 2016. Posted in Parenting Tips, Activities

student boy

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ជួយ​កុមារ​ឱ្យ​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា និង​ធ្វើ​កិច្ចការ​សាលា​ដោយ​ខ្លួន​ឯង៖

  1. ស្គាល់​គ្រូ​របស់​ពួក​គេ និង​ដឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន៖ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​របស់​សាលា​ដូច​ជា សិក្ខា​សាលា​ជួប​ជុំ​មាតា​បិតា និង​គ្រូ​បង្រៀន លោក​អ្នក​អាច​សាក​សួរ​ពួក​គេ​ពី​គោលការណ៍​នៃ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ និង​តួនាទី​ដែល​លោក​អ្នក​ត្រូវ​ចូល​រួម​ជាមួយ​កូនៗ។
  2. រៀប​ចំ​ទី​កន្លែង​ដែល​ធ្វើ​ឱ្យ​កូនៗ​​ចូល​ចិត្ត​ធ្វើ​លំហាត់ ឬ​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​នៅផ្ទះ៖ លោកអ្នក​ត្រូវ​រៀប​ចំ​ទី​តាំង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់ ស្ងាត់ និង​មាន​ផាសុកភាព​សម្រាប់​កូនៗ​ងាយ​ក្នុង​ការ​សិក្សា។ បន្ថែម​ពី​នេះ ត្រូវ​រៀប​ចំ​សម្ភារ​សិក្សា​ដូច​ជា​ក្រដាស ខ្មៅ​ដៃ កាវ​ស្អិត ឬ​កន្ត្រៃ​ជា​ដើម​ដែល​កូនៗ​អាច​យក​មក​ប្រើ​ដោយ​ខ្លួន​ឯង​បាន​។
  3. កំណត់​កាល​វិភាគ​សិក្សា​ឱ្យ​បាន​ទៀង​ទាត់៖ កុមារ​មួយ​ចំនួន​ចូល​ចិត្ត​រៀន​នៅ​ពេល​រសៀល កុមារ​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​រៀន​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច។ លោក​អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ដែល​កូន​របស់​លោក​អ្នក​អាច​រៀន​បាន​ដោយ​ប្រសិទ្ធភាព​បំផុត ហើយ​លោក​អ្នក​ត្រូវ​កំណត់​ពេល​វេលា និង​កាល​វិភាគ​រៀន​របស់​ពួកគេ​ឱ្យ​បាន​ទៀង​ទាត់។
  4. ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ផែន​ការ៖ លើក​ទឹក​ចិត្ត​កូន​របស់​លោក​អ្នក​ឱ្យ​ចេះ​រៀបចំ​ពេល​រៀន​ដែល​ពួកគេ​អាច​ធ្វើ​បាន។ បង្ហាត់​ពួក​គេ​ឱ្យ​ចេះ​បង្កើត​កាលវិភាគ​ប្រសិន​បើ​ចាំ​បាច់ ព្រោះ​ជំនាញ​នៃ​ការ​រៀបចំ​កាលវិភាគ​នេះ​នឹង​ជួយ​កូនៗ​របស់​លោក​អ្នក​ឱ្យ​ចេះ​គ្រប់​គ្រង​ពេល​វេលា និង​កិច្ចការ​ ហើយ​ពួកគេ​ក៏​អាច​កំណត់​ថ្ងៃ​ត្រូវ​បញ្ចប់​កិច្ចការ​របស់​ពួក​គេ​ផង​ដែរ។
  5. កាត់​បន្ថយ​ការ​រំខាន៖ លោកអ្នក​មិន​ត្រូវ​ឱ្យ​កូនៗ​រៀន​នៅ​ទី​កន្លែង​ដែល​មាន​សំឡេង​រំខាន​ដូច​ជា​ ទូរទស្សន៍ សំឡេង​តន្ត្រី​ឮៗ ឬ​សំឡេង​និយាយ​ទូរស័ព្ទ។ ប្រសិន​បើ​មាន​កុមារ​ដទៃ​ទៀត​នៅ​ក្នុង​ផ្ទះ​ជាមួយ ត្រូវ​ប្រាប់​ពួកគេ​ឱ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ឬ​លេង​នៅ​កន្លែង​ផ្សេង​ពី​ទីតាំង​ដែល​មាន​កូន​កំពុង​រៀន។
  6. ត្រូវ​ប្រាកដ​ថា​កូនៗ​របស់​លោក​អ្នក​ធ្វើ​កិច្ច​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ៖ ពួកគេ​នឹង​មិន​អាច​រៀន​ចេះ​ឡើយ​បើ​សិន​ជា​ពួក​គេ​រៀន​គិត​ដោយ​ខ្លួន​ឯង​នោះ។ ឪពុក​ម្ដាយ​អាច​ផ្ដល់​យោបល់ និង​ជួយ​ណែនាំ ប៉ុន្តែ​វា​គឺ​ជា​ការងារ​របស់​កូនៗ​ក្នុង​ការ​រៀន​សូត្រ។
  7. ត្រូវ​ធ្វើ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ៖ ត្រួត​ពិនិត្យ​បើ​សិន​ជា​មាន​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ។ បង្កើត​ទម្លាប់​ការ​សិក្សា​រាល់​ថ្ងៃ លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​អាន និង​រំឭក​មេរៀន​ជា​រៀង​រាល់ថ្ងៃ។
  8. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន៖ កុមារ​តែងតែ​ធ្វើ​តាម​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ បើកូន​របស់​លោក​អ្នក​ឃើញ​រៀបចំ​ពេល​វេលា​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​ដោយ ដូច​ជា​ពេលវេលា​អាន​សៀវភៅ ឬ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ពួក​គេ​ប្រាកដ​ជា​ធ្វើ​តាម​លោក​អ្នក​ជាង​ការ​ទទួល​យក​នូវ​ការ​ប្រដៅ។
  9. សរសើរ​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ៖ លោក​អ្នក​ត្រូវ​ប្រាប់​ឱ្យ​ពួក​គេ​ដឹង​ពី​ការ​ខិត​ខំ​ព្យាយាម​របស់​ពួកគេ​នៅ​សាលារៀន ដោយ​មាន​ការ​លើក​ទឹក​ចិត្ត និង​សរសើរ​ពួក​គេ។ លោក​អ្នក​អាច​ធ្វើ​តារាង​អំពើ​ល្អ និង​សមិទ្ធិផល​ណា​មួយ ដោយ​បិទ​ជា​រូបភាព​ផ្កាយ​ជា​ដើម ចំពោះ​ទង្វើ ឬ​ការ​ខិត​ខំ​ល្អ​មួយ​។ ឬ​ក៏លោក​អ្នក​អាច​និយាយ​សរសើរ​ពីពួក​គេ​ដល់​ញាតិ​មិត្ត​ជា​ដើម។
  10. ប្រសិន​បើ​មាន​​បញ្ហា​​កើត​ឡើង​ជា​បន្ត​បន្ទាប់​លើ​កិច្ចការ​សាលា ត្រូវ​រក​ជំនួយ៖ និយាយ​ពី​បញ្ហា​នោះ​ជាមួយ​នឹង​គ្រូបង្រៀន​របស់​កូន​អ្នក។ កុមារ​ខ្លះ​មាន​បញ្ហា​មើល​ក្ដារ​ខៀន ហើយ​ត្រូវ​ការ​ពាក់​វែនតា​ ហើយ​កុមារ​ខ្លះ​ទៀត​ត្រូវ​ការ​តាម​ដាន​បញ្ហា​សិក្សា ឬ​ត្រូវ​ការ​ការ​ណែនាំ​ផ្នែក​អាកប្បកិរិយា។

សម្រាប់​កុមារ​តូចៗ​ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប និង​មត្តេយ្យ កិច្ចការ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​គ្រាន់​តែ​ជា​ការ​បង្កើត​ទម្លាប់​សិក្សា​ល្អ​ដល់​កុមារ​តែ​ប៉ុណ្ណោះ។ ដូច្នេះ លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​គ្រាន់តែ​តាម​ដាន ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ​កូនៗ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​កូនៗ​ឱ្យ​ធ្វើ​កិច្ចការ​ល្អ​ឥត​ខ្ចោះ​ពេក​នោះ​ទេ៕

English version: FORMING GOOD STUDY HABITS WITH CHILDREN

Leave a comment

Please login to leave a comment. Optional login below.