បង្រៀនកូនៗឱ្យក្លាយជាមិត្តភក្ដិល្អ

on Thursday, 06 October 2016. Posted in Parenting Tips

កុមារ​ចាប់​ផ្ដើម​បង្កើត​មិត្តភាព​ដ៏​មាន​ន័យ និង​ពេញ​លេញ​ក្នុង​ចន្លោះ​អាយុ​ពី 4 ទៅ 5 ឆ្នាំ។ ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា​ទំនាក់​ទំនង​រវាង​មិត្ត​រួម​ថ្នាក់ មិត្ត​ជិត​ខាង បង​ប្អូន​ជីដូន​មួយ និង​មិត្តភក្ដិ​របស់​ឪពុក​ម្ដាយ​ជា​ដើម។ មិត្ត​ភាព​ទាំង​នេះ​ត្រូវ​បាន​រីក​លូត​លាស់​ឡើង​តាម​រយៈ​ការ​ចូល​រួម​ពី​ឪពុក​ម្ដាយ និង​កូនៗ​ ហើយ​ពួក​គាត់​តែង​តែ​ជួយ​ពួក​គេ​ឱ្យ​ក្លាយ​ជា​មិត្តភក្ដិ​ល្អ។ មាន​ជំនាញ​សំខាន់ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​មិត្ត​ល្អ និង​ការ​ណែនាំ​ផ្នែក​សង្គម និង​ស្មារតី​ពី​ឪពុក​ម្ដាយ​នឹង​ជួយ​ឱ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​កាន់​តែ​មាន​ផ្លែ​ផ្កា។

good friend

នៅ​ពេល​ដែល​លោក​អ្នក​ជួយ​ណែនាំ​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​រួស​រាយ លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចេះធ្វើ​ការ​សម្រេច​ចិត្ត​ឆ្លាត​វៃ និង​ចេះ​ឆ្លើយ​តប​ទៅ​កាន់​មិត្តភក្ដិ​ដែល​កំពុង​មាន​សម្ពាធ នោះ​ពួក​គេ​នឹង​កាន់​តែ​មាន​ភាព​ជោគជ័យ​ក្នុង​មិត្តភាព​របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ណែនាំ​ទាំង​នេះ។

ភាពដូចគ្នា

នេះ​អាច​ថា​កុមារ​ដែល​នៅ​ក្នុង​ក្រុម​បាល់​ទាត់​ជាមួយ​គ្នា នៅ​ក្នុង​ថ្នាក់​ជាមួយ​គ្នា រស់​នៅ​ផ្ទះ​ក្បែរ​គ្នា ដែល​មាន​អាយុ​ខុស​គ្នា​តិច​តួច ឬ​អាយុ​ស្មើ​គ្នា។ ភាព​ដូច​គ្នា​នេះ​មាន​ចំពោះ​កូន​របស់​លោក​អ្នក និង​មិត្តភក្ដិ​របស់​ពួក​គេ​ដែល​មាន​ការ​ចែក​រំលែក​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា ដូច​ជា​គូរ​រូប តែងចម្រៀង លេង​បិទ​ពួន​ ឬ​ជិះ​កង់​ជា​ដើម ដែល​សុទ្ធ​តែ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ទាក់​ទង​គ្នា។ ដូច្នេះ សូម​លោក​អ្នក​ជួយ​កូនៗ និង​មិត្តភក្ដិ​របស់​ពួកគេ​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ និង​ស្វែង​រក​អ្វី​ដែល​ពួក​គេ​មាន​ដូច​គ្នា។

ចេះជួយគ្នា

មិត្តភក្ដិ​តែងតែ​ជួយ​គ្នា​ជានិច្ច​ពេល​ដែល​មិត្តភក្ដិ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត។ ពួកគេ​តែង​តែ​ឱ្យ​ស្មា​ផ្អែក​ លើក​ទឹក​ចិត្ត​គ្នា​ឱ្យ​រឹង​មាំ និង​ជួយ​យក​អាសារ​គ្នា​ពេល​លំបាក។ ពួក​គេ​ក៏​តែងតែ​អបអរ​សាទរ​ពេល​ដែល​ជោគ​ជ័យ ឬ​ឈ្នះ​លើ​កិច្ចការ​ណា​មួយ។

មិននិយាយដើមគ្នា

មិត្តភក្ដិ​ល្អ គឺ​ជា​មិត្តភក្ដិ​ស្មោះ​ត្រង់ ហើយ​មិន​ដែល​ចេះ​និយាយ​អាក្រក់​ពី​គ្នា​ទោះ​ក្នុង​លក្ខណៈ ឬ​ស្ថាន​ភាព​ណា​ក៏​ដោយ។ បង្រៀន​កូន​លោក​អ្នក​កុំ​ឱ្យ​និយាយ​ពាក្យ​អសុរស​ពី​មិត្ត​របស់​ពួក​គេ ហើយ​សួរ​ពួក​គេ​ថា​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិន​បើ​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ពួក​គេ​និយាយ​អាក្រក់​ពី​គេ​នៅ​ពី​ក្រោយ​ខ្នង ឬ​ក៏​ធ្វើ​អាក្រក់​ដាក់​ពួក​គេ។ នោះ​ពួក​គេ​នឹង​យល់​ពី​អារម្មណ៍​មួយ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិន​បើ​កូន​របស់​លោក​អ្នក​ស្ដាប់​ឮ​នរណា​ម្នាក់​និយាយ​អាក្រក់​ពី​មិត្ត​របស់​គេ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ការពារ​សម្ដី​ឱ្យ​មិត្ត​ភក្ដិ។ មិត្តភក្ដិ​ល្អ គឺ​ជា​មិត្តភក្ដិ​ដែល​ស្មោះ​ត្រង់។

ចែករំលែក

មិត្តភក្ដិ​ល្អ​តែង​តែ​ចែក​រំលែក​របស់ បទ​ពិសោធន៍ ផ្ទះ និង​ជីវិត​ជាមួយ​នឹង​មិត្តភក្ដិ។ ប្រសិន​បើ​កូន​លោក​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការ​ចែក​រំលែក​ជាមួយ​មិត្តភក្ដិ សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចែក​អ្វី​ដែល​គេ​មាន ដូចជា​របស់​លេង ឬ​ចំណី​ជាដើម។

ចេះ​និយាយពាក្យសុំទោស

ជា​មិត្តភក្ដិ​នឹង​គ្នា​តែងតែ​មាន​គំនិត​ខ្វែង​គ្នា​ខ្លះ ឬ​ធ្វើ​ទង្វើ​មិន​គប្បី​ដាក់​មិត្តភក្ដិ ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​ពួក​គេ​ក្នុង​ការ​ទទួល​ស្គាល់​កំហុស និង​សុំទោស​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ​ លោក​អ្នក​ចាំ​បាច់​ត្រូវ​ជួយ​សម្រប​សម្រួល​ពួក​គេ​ក្នុង​កិច្ចសន្ទនា​ណា​ដែល​អាច​ឈាន​ទៅ​រក​ការ​ខ្វែង​គំនិត​គ្នា និង​ជួយ​ពួក​គេ​ក្នុង​ការ​ប្រើ​សំឡេង ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​តម្លើង​សរសៃ​ក​ដាក់​គ្នា។

ត្រូវថែរក្សាមិត្តចាស់ និងមិត្តថ្មីឱ្យគង់វង្ស

ការ​មាន​មិត្តភក្ដិ​ថ្មី​គឺ​ជា​រឿង​ល្អ​មួយ តែ​លោក​អ្នក​ត្រូវ​បង្រៀន​កូនៗ​ឱ្យ​ចេះ​ថែ​រក្សា​មិត្ត​ភក្ដិ​ចាស់ៗ​របស់​ពួក​គេ​ឱ្យ​គង់​វង្ស។ មិត្ត​ល្អ មិន​មែន​ស្ថិត​លើ​មិត្ត​ចាស់ ឬ​មិត្ត​ថ្មី​នោះ​ឡើយ។ ពេល​ដែល​ក្មេងៗ​មាន​មិត្តភក្ដិ​ថ្មី​ ត្រូវ​ឱ្យ​ពួក​គេ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​គេ​មិន​បោះបង់​មិត្តភក្ដិ​ចាស់ ឬ​ក៏​ធ្វើ​ឱ្យ​មិត្តភក្ដិ​ចាស់​មាន​អារម្មណ៍​ខ្វះ​ភាព​ជិត​ស្និទ្ធ​ឡើយ។ លោក​អ្នក​អាច​ណែនាំ​ពួក​គេ​ឱ្យ​នាំ​មិត្ត​ចាស់ និង​មិត្ត​ថ្មី​ស្គាល់​គ្នា៕

ប្រភព៖ Living and Life Designed

Leave a comment

Please login to leave a comment. Optional login below.